ប្រទេសអេស្ប៉ាញ ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអេស្ប៉ាញ គឺជាប្រទេសមួយស្ថិតនៅប៉ែកអឺរ៉ុបនិរតី និងមានទឹកដីមួយចំនួនតូចស្ថិតនៅមហាសមុទ្រអាត្លង់ទិក សមុទ្រមេឌីទែរ៉ាណេ និងទ្វីបអាហ្វ្រិក។ អេស្ប៉ាញជាប្រទេសដែលមានទំហំធំបំផុតនៅតំបន់អឺរ៉ុបខាងត្បូង និងជារដ្ឋសមាជិកសហភាពអឺរ៉ុបធំបំផុតទីបួន។ អេស្ប៉ាញមានទឹកដីមួយភាគធំលាតសន្ធឹងតាមឧបទ្វីបអ៊ីបេរី ខណៈទឹកដីតូចៗមួយចំនួនទៀតដូចជាប្រជុំកោះកាណារីនៅមហាសមុទ្រអាត្លង់ទិក ប្រជុំកោះប៉ាឡេអារ៍នៅសមុទ្រមេឌីទែរ៉ាណេ និងរួមទាំងទីប្រជុំជនស្វយ័តសេអ៊ូតា និងមេលីយ៉ាក្នុងទ្វីបអាហ្វ្រិក។ អេស្ប៉ាញដីគោក ឬឧបទ្វីបអេស្ប៉ាញមានព្រំប្រទល់ជាប់នឹងរដ្ឋគីប្រាល់តានៅចុងភាគខាងត្បូង សមុទ្រមេឌីទែរ៉ាណេនៅភាគខាងត្បូងនិងកើត ប្រទេសបារាំងនិងអង់ដូរ៉ានៅភាគខាងជើង និងប្រទេសព័រទុយហ្កាល់និងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច។ រាជធានី និងទីក្រុងធំជាងគេក្នុងប្រទេសអេស្ប៉ាញគឺ ម៉ាឌ្រីដ ហើយតំបន់ក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ បារសេឡូណា វ៉ាលែនស៊ីយ៉ា ហ្សារ៉ាហ្កូហ្សា សេវីយ៉ា ម៉ាឡាហ្កា មួរស៊ីយ៉ា ប៉ាល់ម៉ាដេម៉ាយ៉ូរកា ឡាសប៉ាល់ម៉ាស និងប៊ីលបាវ។
Reino de España (ភាសាអេស្ប៉ាញ) | |
---|---|
បាវចនា "Plus Ultra" "ចម្រើនទៅបរលោក" | |
ភ្លេងជាតិ Marcha Real "ចម្រៀងចលនាទ័ពភូមិន្ទ" | |
ទីតាំងប្រទេសអេស្ប៉ាញ (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | ម៉ាឌ្រីដ 40°26′N 3°42′W / 40.433°N 3.700°W |
ភាសាផ្លូវការ | ភាសាអេស្ប៉ាញ |
ក្រុមជនជាតិ (ឆ្នាំ ២០២០) |
|
សាសនា (ឆ្នាំ ២០២២) |
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អាស្រ័យសភាឯកភូត |
- ព្រះមហាក្សត្រ | ហ្វេលីពទី៦ |
- នាយករដ្ឋមន្ត្រី | ប៉េដ្រូ សានឆេស |
នីតិបញ្ញត្តិ | រដ្ឋសភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
និម្មិតកម្ម | |
- រដ្ឋបង្រួបបង្រួម | ២០ មករា ១៤៧៩ |
- អធិបតេយ្យភាពឯក | ១៤ មីនា ១៥១៦ |
- រាជវង្សបច្ចុប្បន្ន | ៩ មិថុនា ១៧១៥ |
- រដ្ឋធម្មនុញ្ញដំបូង | ១៩ មីនា ១៨១២ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ២៩ ធ្នូ ១៩៧៨ |
- ចូលជាសមាជិកនៃសហភាពអឺរុប | ១ មករា ១៩៨៦ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៥០៥,៩៩៤ គ.ម២ (ទី៥១) |
- ផ្ទៃទឹក (%) | ០.៨៩ |
ប្រជាជន | |
- ជំរឿន (ឆ្នាំ ២០២០) | ៤៧,៤៥០,៧៩៥ (ទី៣០) |
- ដង់ស៊ីតេ | ៩៤ នាក់/គ.ម២ (ទី១២០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២.២០ ទ្រីលានដុល្លារ (ទី១៦) |
- ក្នុងម្នាក់ | ៤៦,៤១៣ ដុល្លារ (ទី៤០) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១.៤៣៥ ទ្រីលានដុល្លារ (ទី១៥) |
- ក្នុងម្នាក់ | ៣០,១៥៧ ដុល្លារ (ទី៣៨) |
ជីនី (២០១៩) | ៣៣.០ មធ្យម |
HDI (២០១៩) | ០.៩០៤ ខ្ពស់ណាស់ · ទី២៥ |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
ល្វែងម៉ោង | UTC±០ ទៅ +១ (CET និងWET) |
- រដូវក្តៅ (DST) | UTC+១ ទៅ +២ (CEST និងWEST) |
សម្គាល់៖ អេស្ប៉ាញកំណត់យក CET/CEST លើកលែងតែកោះកាណារីដែលកំណត់យក WET/WEST | |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy (CE) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៣៤ |
កូដ ISO 3166 | ES |
ដែនកម្រិតខ្ពស់ | .es .eu |
នៅដើមសម័យបុរាណ កុលសម្ព័ន្ធស៊ែលត៍ និងអ៊ីបេរីបានមកតាំងទីលំនៅលើឧបទ្វីបអ៊ីបេរី និងព្រមទាំងជនជាតិបុរេសម័យរ៉ូម៉ាំងមួយចំនួនទៀតផង។ បន្ទាប់ពីពួករ៉ូម៉ាំងបានចូលកាន់កាប់ឧបទ្វីបនេះ ពួកគេក៏បានបង្កើតខេត្តអ៊ីស្ប៉ានីឡើង។ ក្រោមការត្រួតត្រារបស់រ៉ូម៉ាំង ពួកគេបានធ្វើរ៉ូម៉ាំងនីយកម្ម និងគ្រិស្តវូបនីយកម្មលើប្រជាជនក្នុងខេត្តអ៊ីស្ប៉ានី។ ការដួលរលំនៃចក្រភពរ៉ូមខាងលិចបានបង្កឱ្យមានចលនាចំណាកស្រុកនៃកុលសម្ព័ន្ធខ្លះៗពីតំបន់អឺរ៉ុបកណ្តាលមកកាន់ឧបទ្វីបអ៊ីបេរី ពិសេសគឺជនជាតិវីស៊ីហ្គោត៍ ដែលពួកគេក្រោយមកបានបង្កើតអាណាចក្រផ្ទាល់ខ្លួនដោយមានមូលដ្ឋាននៅក្រុងតូលេដូ។ នៅដើមសតវត្សទីប្រាំបី ឧបទ្វីបអ៊ីបេរីមួយភាគធំត្រូវបានកាន់កាប់ដោយកាលីផ្វចក្រអូមេយ៉ាដ ហើយបានប្តូរឈ្មោះមក អាល់អង់ដាលូស រួចក៏បានក្លាយជាតំបន់ដ៏សំខាន់បំផុតមួយនៃចក្រភពឥស្លាមអូមេយ៉ាដ។ នគរគ្រិស្តសាសនាជាច្រើនបានលេចរូបរាងឡើងនៅភាគខាងជើងតំបន់អ៊ីបេរី ដោយក្នុងនោះមានដូចជា៖ អាស្ទូរី ឡេអូន កាស្ទីល អារ៉ាហ្កន ណាវ៉ារ៍ និងព័រទុយហ្កាល់។ ព្រះនគរទាំងប៉ុន្មាននេះបានរួមគ្នាពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈកម្លាំងយោធាសម្ដៅទៅប៉ែកខាងត្បូងក្នុងគោលបំណងប្រឆាំងនឹងរដ្ឋអំណាចឥស្លាមនៅអ៊ីបេរី ហើយទីបំផុតបានត្រួតត្រាឧបទ្វីបទាំងមូលនៅក្នុងឆ្នាំ១៤៩២។ ការចងសម្ព័ន្ធភាពគ្នារវាងរាជវង្សកាស្ទីយ៉ា និងអារ៉ាហ្កននៅក្នុងឆ្នាំ១៤៧៩ ឱ្យស្ថិតនៅក្រោមរាជអំណាចកាតូលិកតែមួយ ជារឿយៗត្រូវបានគេចាត់ទុកថាជានិម្មាបនកម្មនៃរដ្ឋប្រជាជាតិអេស្ប៉ាញបច្ចុប្បន្ន។
នៅក្នុងអំឡុងសម័យរុករក ប្រទេសអេស្ប៉ាញបាននាំមុខគេក្នុងចលនារុករកពិភពថ្មី និងជាប្រទេសដំបូងដែលអាចធ្វើបរិនាវាចរណ៍ជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ អេស្ប៉ាញបានបង្កើតនូវអាណាចក្រដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ តាមរយៈអាណានិគមកិច្ច។ ចក្រភពអេស្ប៉ាញបានគ្រប់គ្រងទឹកដីស្ទើរតែគ្រប់ទ្វីបទាំងអស់លើសកលលោក ហើយបានពង្រីកប្រព័ន្ធពាណិជ្ជកម្មសកលដើម្បីដោះដូរធាតុលោហៈដ៏មានតម្លៃផ្សេងៗ។ មកដល់សតវត្សរ៍ទី១៨ កំណែទម្រង់ជាច្រើនត្រូវបានគេចេញអនុវត្តនៅលើទឹកដីអេស្ប៉ាញដើម ពិសេសគឺ កំណែទម្រង់បួរបន។ នៅក្នុងសតវត្សរ៍ទី១៩ បន្ទាប់ពីធ្លាក់ក្រោមការកាន់កាប់របស់ណាប៉ូលេអុង និងប្រយុទ្ធក្នុងសង្រ្គាមដើម្បីឯករាជ្យ របបនយោបាយនៅក្នុងប្រទេសត្រូវបានបែកបាក់និងបែងចែកជាបក្សពួកសេរីនិយម និងពួកផ្តាច់ការនិយម ហើយជាលទ្ធផល អំណាចអាណានិគមរបស់អេស្ប៉ាញនៅទ្វីបអាមេរិកក៏ធ្លាក់ចុះខ្សោយរហូតបាត់បង់។ ការបែកបាក់នយោបាយនេះបានឆ្លងបន្តរហូតទៅក្នុងសតវត្សរ៍ទី២០ និងបញ្ចប់ទៅវិញនៅក្នុងសង្រ្គាមស៊ីវិលអេស្ប៉ាញ និងបានបើកផ្លូវឱ្យកើតចេញរបបផ្ដាច់ការហ្វ្រង់កូដែលមានអត្ថិភាពរហូតដល់ឆ្នាំ១៩៧៥។ ក្រោយពីបានស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ បូករួមជាមួយនឹងការចូលជាសមាជិកនៃសហភាពអឺរ៉ុប សេដ្ឋកិច្ចប្រទេសអេស្ប៉ាញក៏បានរីកលូតលាស់ចម្រើនឡើង និងបានវិវត្តចូលទៅក្នុងសង្គម និងនយោបាយអេស្ប៉ាញយ៉ាងស៊ីជម្រៅ។ ចាប់តាំងពីយុគសម័យមាសមក (ចុងសតវត្សរ៍ទី១៥) សិល្បៈ ស្ថាបត្យកម្ម តន្ត្រី កំណាព្យ គំនូរ អក្សរសិល្ប៍ និងម្ហូបអាហារអេស្ប៉ាញបានជះឥទ្ធិពលទៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុបខាងលិច និងអាមេរិក។ អេស្ប៉ាញជាប្រទេសចម្បងមួយនៃអឺរ៉ុបឡាទីន និងជាមហាអំណាចវប្បធម៌មួយ។ ដោយសារតែធនធានសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន អេស្ប៉ាញបានជាប់ឈ្មោះជាប្រទេសដែលមានអ្នកចូលទស្សនាច្រើនជាងគេទីពីរនៅលើពិភពលោក ជាប្រទេសមានទីកន្លែងបេតិកភណ្ឌពិភពលោកច្រើនជាងគេបំផុត ហើយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់និស្សិតអឺរ៉ុប។ ឥទ្ធិពលវប្បធម៌អេស្ប៉ាញត្រូវបានទទួលដោយមនុស្សជាង ៦០០ លាននាក់ ដែលធ្វើឱ្យភាសាអេស្ប៉ាញក្លាយជាភាសាកំណើតដ៏ប្រជាប្រិយបំផុតទីពីរ និងជាភាសារ៉ូម៉ាំងដែលគេប្រើប្រាស់ទូលំទូលាយបំផុតលើពិភពលោកផងដែរ។
អេស្ប៉ាញជាប្រទេសប្រជាធិបតេយ្យនិយមសភា និងជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានព្រះរាជាហ្វេលីពទី៦ ជាព្រះប្រមុខរដ្ឋ។ ចំពោះសេដ្ឋកិច្ច អេស្ប៉ាញគឺជាប្រទេសសេដ្ឋកិច្ចមូលធនជឿនលឿនដ៏សំខាន់មួយ ដោយមានផលិតផលក្នុងស្រុកសរុបមធ្យមធំបំផុតទីដប់ប្រាំ (ទីបួនប្រចាំសហភាពអឺរ៉ុប) និងទីដប់ប្រាំដូចគ្នាបើគិតជា យអទ។ ក្រៅពីនេះ ប្រទេសអេស្ប៉ាញជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ហ្សូនអឺរ៉ូ, អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងជាភ្ញៀវអចិន្ត្រៃយ៍នៃហ្សេម្ភៃ ហើយមិនតែប៉ុណ្ណោះ អេស្ប៉ាញក៏មានឈ្មោះជាសមាជិកនៃអង្គការអន្តរជាតិជាច្រើនដូចជា ក្រុមប្រឹក្សាអឺរ៉ុប, អង្គការរដ្ឋអ៊ីបេរ៉ូ-អាមេរិកាំង, សហភាពដើម្បីមេឌីទែរ៉ាណេ, អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច, អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និងអង្គការពាណិជ្ជកម្មពិភពលោក។
ឈ្មោះនៃប្រទេសអេស្ប៉ាញ (España) ត្រូវបានគេចាត់ទុកថាមានដើមកំណើតចេញពីពាក្យអ៊ីស្ប៉ានី (Hispania) ដែលពួករ៉ូម៉ាំងដាក់ឱ្យដើម្បីសម្ដៅលើឧបទ្វីបអ៊ីបេរី និងខេត្តពួកគេនៅក្នុងអំឡុងសម័យចក្រភពរ៉ូម។ គេមិនទាន់ដឹងពីប្រភពដើមច្បាស់លាស់នៃពាក្យ អ៊ីស្ប៉ានី នេះនៅឡើយទេ តែបើតាមទ្រឹស្តីសម្មតិកម្ម គេបានសន្មតថា វាមានប្រភពចេញពីជនជាតិភេនីស៊ីដែលពួកនេះបានប្រើពាក្យ Spania ដើម្បីសម្ដៅលើតំបន់អ៊ីបេរី (ដែលមានន័យថា "ទឹកដីសត្វទន្សាយ")។
គេបានលើកអំណះអំណាងមួយទៀតឡើងថា "អ៊ីស្ប៉ានី" កើតចេញមកពីពាក្យក្នុងភាសាបាសគឺ Ezpanna មានន័យថា "គែម" ឬ "ព្រំដែន" ដែលចង់សម្ដៅទៅលើឧបទ្វីបអ៊ីបេរីដែលមានទីតាំងនៅកែងនិរតីនៃទ្វីបអឺរ៉ុប។
ដំណើរស្រាវជ្រាវផ្នែកបុរាណវត្ថុនៅភ្នំអាតាពូអ៊ឺកាបានបង្ហាញថា ពូជអូមីនីដេបានឡើងមករស់នៅលើឧបទ្វីបអ៊ីបេរីតាំងពី ១.៣ លានឆ្នាំមុន។ មនុស្សសម័យបានឈានជើងចូលមកដល់តំបន់អ៊ីបេរីដំបូងនៅប្រហែល ៣៥,០០០ ឆ្នាំមុនពីភាគខាងជើង។ ភស្តុតាងបុរាណវិទ្យាដែលបញ្ជាក់ពីការតាំងទីលំនៅដោយមនុស្សបុរេប្រវត្តិគឺ រូបគំនូរលើផ្ទាំងថ្មីនៅក្នុងរូងភ្នំអាល់តាមីរ៉ានៅភាគខាងជើងតំបន់អ៊ីបេរីនៅប្រមាណពី ៣៥,៦០០ ទៅ ១៣,៥០០ ឆ្នាំមុន គ.ស.។
ក្រុមជនជាតិធំៗពីរដែលរស់នៅលើឧបទ្វីបអ៊ីបេរីមុនពេលពួករ៉ូម៉ាំងចូលមកដល់គឺ អ៊ីបេរី និងស៊ែលត៍។ ជនជាតិអ៊ីបេរីនិយមរស់នៅក្នុងតំបន់ជាប់សមុទ្រមេឌីទែរ៉ាណេ ចំណែកឯជនជាតិស៊ែលត៍វិញច្រើនរស់នៅជាប់ខាងមហាសមុទ្រអាត្លង់ទិក។ ជនជាតិផ្សេងៗដូចជា បាស បានតាំងទីលំនៅក្នុងតំបន់ភាគខាងលិចនៃជួរភ្នំភីរីនីស៍ និងតំបន់ជុំវិញ។ រីឯពួកតាតេសូសដែលទទួលឥទ្ធិពលពីភេនីស៊ី មានវត្តមាននៅភាគនិរតី ខណៈពួកលូស៊ីតាញ៉ង់ និងវេថុងស៍ច្រើនរស់នៅតំបន់កណ្តាលឈៀងខាងលិច។
នៅអំឡុងសង្គ្រាមភ្យូនីកលើកទី២ ប្រហែលជាចន្លោះឆ្នាំ២១០ និងឆ្នាំ២០៥ មុន គ.ស. សាធារណរដ្ឋរ៉ូមបានកាន់កាប់ដែនដីពាណិជ្ជកម្មការតាជីណ័សនៅតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ថ្វីបើរ៉ូមបានចំណាយពេលជិតពីរសតវត្សរ៍ដើម្បីកាន់កាប់ឧបទ្វីបអ៊ីបេរីមែន ប៉ុន្តែរ៉ូមបានរក្សាអំណាចគ្រប់គ្រងរបស់ខ្លួនលើអ៊ីបេរីអស់រយៈពេលជាងប្រាំមួយសតវត្សរ៍បន្ទាប់។ អំណាចគ្រប់គ្រងរបស់រ៉ូមត្រូវបានចងភ្ជាប់គ្នាដោយច្បាប់ ភាសា និងវិថីរ៉ូម៉ាំង។ វប្បធម៌របស់ប្រជាជនមុនសម័យរ៉ូម៉ាំងត្រូវបានរ៉ូមធ្វើរ៉ូម៉ាំងនីយកម្មបន្តិចម្តងៗ ពោលគឺរ៉ូមបានយកវប្បធម៌ខ្លួនមកផ្សព្វផ្សាយរួចបន្សាបចូលទៅក្នុងសង្គមវប្បធម៌អ៊ីបេរីដើម្បីប្រែក្លាយតំបន់នេះជាទឹកដីរ៉ូមផ្លូវការ។
តំបន់ ឬខេត្តហ៊ីស្ប៉ានីត្រូវបានចាត់ទុកជាឃ្លាំងសម្រាប់បម្រើទីផ្សាររ៉ូម៉ាំង ហើយកំពង់ផែរបស់វាបាននាំចេញវត្ថុមានតម្លៃជាច្រើនដូចជា មាស រោមចៀម ប្រេងអូលីវ និងស្រាជាដើម។ ផលិតកម្មផ្នែកកសិកម្មនៅក្នុងតំបន់បានកើនឡើងជាលំដាប់ក្រោយពីប្រព័ន្ធធារាសាស្រ្តថ្មីត្រូវបានសាងសង់ ហើយប្រព័ន្ធមួយចំនួននៅតែគេបន្តប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។ ព្រះចៅអធិរាជរ៉ូមដូចជា អាឌ្រីយ៉ង់ ត្រាហ្សាន ធីអូដូសទី១ និងទស្សនវិទូសេនេកាសុទ្ធតែបានចាប់កំណើតនៅក្នុងទឹកដីហ៊ីស្ប៉ានី។ គ្រិស្តសាសនាត្រូវបាននាំមកផ្សព្វផ្សាយនៅខេត្តហ៊ីស្ប៉ានីដំបូងក្នុងសតវត្សរ៍ទី១ នៃ គ.ស. ហើយបានទទួលប្រជាប្រិយភាពនៅតាមទីក្រុងនានាក្នុងសតវត្សរ៍ទី២។ ភាសា និងសាសនារបស់អេស្ប៉ាញបច្ចុប្បន្នភាគច្រើន ក៏ដូចជាមូលដ្ឋាននៃច្បាប់សុទ្ធតែមានប្រភពចេញពីសម័យកាលនេះ។
ជនជាតិជែរម៉ាំងពីរក្រុមគឺស៊ូវេស៍ និងវ៉ាន់ដាល រួមជាមួយជនជាតិអាឡង់ បានចូលមករស់នៅក្នុងឧបទ្វីបអ៊ីបេរីក្រោយឆ្នាំ៤០៩ ដោយក្រុមទាំងអស់នេះបានរំលាយអំណាចគ្រប់គ្រងរបស់ចក្រភពរ៉ូមខាងលិចនៅអ៊ីបេរី។ ជនជាតិស៊ូវេស៍បានបង្កើតព្រះនគរមួយនៅភាគពាយ័ព្យនៃអ៊ីបេរី ចំណែកឯជនជាតិវ៉ាន់ដាលវិញបានបង្កើតអាណាចក្រផ្ទាល់ខ្លួននៅភាគខាងត្បូងនៃឧបទ្វីប មុនពេលឆ្លងចូលតំបន់អាហ្វ្រិកខាងជើងនៅក្នុងឆ្នាំ៤២៩។ នៅពេលដែលអំណាចលោកខាងលិចកំពុងចុះខ្សោយនិងបែកបាក់ មូលដ្ឋានសង្គម និងសេដ្ឋកិច្ចនៅអ៊ីបេរីវិញក៏បានជួបវិបត្តិខ្លះៗ និងមានលក្ខណៈសាមញ្ញជាងមុន។ របបគ្រប់គ្រងជាបន្តបន្ទាប់នៅតែរក្សាស្ថាប័ន និងច្បាប់ជាច្រើននៃចក្រភពរ៉ូម រួមទាំងគ្រិស្តសាសនា និងការផ្សព្វផ្សាយវប្បធម៌រ៉ូមទៅក្នុងតំបន់។
អាណាចក្រប៊ីហ្សង់ទីនបានបង្កើតខេត្តមួយនៅភាគខាងត្បូងនៃឧបទ្វីបហៅថា អេស្ប៉ាញ ក្នុងគោលបំណងស្តារអំណាចគ្រប់គ្រងរបស់រ៉ូមឡើងវិញ។ តែទោះជាយ៉ាងណា ប្រជាជននៅក្នុងតំបន់ហ៊ីស្ប៉ានីបានចេញប្រឆាំង ហើយក៏រួមគ្នាបង្កើតនគរវីស៊ីហ្គោត៍ឡើង។
ពីឆ្នាំ៧១១ ដល់ឆ្នាំ៧១៨ កាលីផ្វចក្រអូមេយ៉ាដបានវាយត្រួតត្រាតំបន់អាហ្រ្វិកខាងជើងពីចក្រភពប៊ីហ្សង់ទីន ហើយជាលទ្ធផល ឧបទ្វីបអ៊ីបេរីស្ទើរទាំងមូលត្រូវបានមហាអំណាចឥស្លាមមួយនេះកាន់កាប់ ខណៈរាជាណាចក្រវីស៊ីហ្គោត៍បានដួលរលំ។ មានតែទឹកដីតូចមួយនៅតំបន់ភ្នំភាគខាងជើងនៃឧបទ្វីបប៉ុណ្ណោះដែលបានរួចផុតពីការឈ្លានពានរបស់ឥស្លាម។ នគរគ្រិស្តនៅភាគខាងជើងឧបទ្វីបដូចជា អាស្ទូរីយ៉ាស-លេអូន ណាវ៉ារ៉ា និងអារ៉ាហ្កនបានរួបរួមគ្នាបញ្ឈប់យុទ្ធនាការពង្រីកទឹកដីរបស់អូមេយ៉ាដពីទ្វីបអឺរ៉ុប។ ជាលទ្ធផល ព្រំដែនរវាងទឹកដីឥស្លាម និងនគរគ្រិស្តនៃឧបទ្វីបត្រូវបានបង្កើតឡើងតាមបណ្តោយជ្រលងអ៊ីប្រេ និងឌូរ៉ូ។
ក្រោមការកាន់កាប់របស់អាណាចក្រអូមេយ៉ាដ ប្រជាជនក្នុងតំបន់ជាច្រើនត្រូវបានរដ្ឋអំណាចបញ្ចុះបញ្ចូល និងបង្ខំឱ្យប្តូរទៅប្រកាន់សាសនាឥស្លាម។ គេជឿថា មកត្រឹមចុងសតវត្សរ៍ទី១០ ប្រជាជនភាគច្រើននៃអាល់-អង់ដាលូសបានប្រតិបត្តិគោរពសាសនាឥស្លាមជាសាសនាគោលរបស់គេ។ នៅសតវត្សរ៍ទី១១ រដ្ឋអំណាចឥស្លាមនៅអ៊ីបេរីបានដួលរលំបែកបាក់ទៅជានគរឥស្លាមតូចៗ (គេនិយមហោថា តៃហ្វា)។ នគរតៃហ្វាទាំងនេះជាទូទៅត្រូវប្រគល់ទ្រព្យសម្បត្តិដែលខ្លួនមានឱ្យទៅដល់បណ្ដានគរគ្រិស្តនៅប៉ែកខាងជើងឧបទ្វីប ជាថ្នូរនឹងការការពារទឹកដី ក៏ប៉ុន្តែបើបង់មិនទៀងទាត់ ឬគ្មានលទ្ធភាពទេ នុះពួកគេនឹងត្រូវរងការឈ្លានពាន។ ទីបំផុត អំណាចគ្រប់គ្រងនៅក្នុងឧបទ្វីបក៏ត្រូវបង្វែរទៅរកព្រះនគរគ្រិស្តវិញបន្ទាប់ពីពួកគេបានវាយដណ្ដើមទីក្រុងតូលេដូនៅក្នុងឆ្នាំ១០៨៥ ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់តៃហ្វា។
នៅក្នុងសតវត្សរ៍ទី១២ ព្រះរាជាណាចក្រកាស្ទីយ៉ាបានលេចឡើងជានគរគ្រិស្តដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់។ មកដល់ត្រឹមសតវត្សរ៍ទី១៣ កាស្ទីយ៉ាបានវាយដណ្ដើមបន្ទាយឥស្លាមសំខាន់ៗបន្ថែមដូចជា គ័រដូបា (១២៣៦) និងសេវីយ៉ា (១២៤៨)។ ទន្ទឹមនឹងនេះ ស្រុកបាសេឡូណា និងព្រះរាជាណាចក្រអារ៉ាហ្កនបានចងសម្ព័ន្ធរាជវង្សជាមួយនឹងកាស្ទីយ៉ា ហើយទទួលបានអំណាចគ្រប់គ្រងទឹកដីនៅប៉ែកសមុទ្រមេឌីទែរ៉ាណេ។ រដ្ឋអំណាចឥស្លាមចុងក្រោយគេបង្អស់នៅឧបទ្វីបអ៊ីបេរីគឺ អេមីរ៉ាតក្រាណាដា បានប្រកាសទម្លាក់អាវុធចុះចាញ់ចំពោះកងកម្លាំងយោធានៃរាជាធិបតេយ្យកាតូលិកនៅក្នុងឆ្នាំ១៤៩២ ដោយបិទបញ្ចប់សង្គ្រាមក្រាណាដាដែលបានអូសបន្លាយអស់រយៈពេលជាងដប់ឆ្នាំកន្លងមក។
នៅក្នុងឆ្នាំ១៤៦៩ ព្រះនគរគ្រិស្តនៃកាស្ទីយ៉ា និងអារ៉ាហ្កនត្រូវបានបង្រួបបង្រួមចូលគ្នាក្រោយពីមានព្រះរាជអភិសេករវាងព្រះរាជានៃនគរទាំងពីរគឺ អ៊ីសាប៊ែលទី១ (ព្រះមហាក្សត្រិយានីនៃកាស្ទីយ៉ា) និងហ៊្វែឌីណង់ទី២ (ព្រះមហាក្សត្រអារ៉ាហ្កន)។ នៅក្នុងឆ្នាំ១៤៩២ ជនជាតិជ្វីហ្វ ឬយូដាត្រូវបានអាជ្ញាធរបង្ខំឱ្យប្ដូរទៅប្រតិបត្តិសាសនាកាតូលិក ហើយបើមិនអញ្ចឹងទេនឹងត្រូវបណ្តេញចេញពីព្រះនគរ។ ជាលទ្ធផល ជនជាតិជ្វីហ្វរហូតដល់ទៅ ២០០,០០០ នាក់ត្រូវបានបណ្តេញចេញពីដែននគរកាស្ទីយ៉ា និងអារ៉ាហ្កន។ នៅឆ្នាំដដែរ លោកគ្រីស្តុប កូឡុំដែលត្រូវគាំទ្រដោយអ៊ីសាប៊ែល បានឈានជើងចូលពិភពថ្មី (ទ្វីបអាមេរិក) បន្ទាប់ពីចំណាយពេលអស់ជាច្រើនសប្តាហ៍ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ សមិទ្ធផលរបស់កូឡុំបានជំរុញឱ្យមានការចាប់អារម្មណ៍ពីមហាអំណាចអឺរ៉ុប និងនាំឱ្យមានការប្រកួតប្រជែងដណ្ដើមចែកទ្វីបអាមេរិកដោយមហាអំណាចទាំងនោះ រួមទាំងអេស្ប៉ាញផងដែរ។ សន្ធិសញ្ញាក្រាណាដានៅក្នុងឆ្នាំ១៤៩១ បានធានានូវការអត់ឱនខាងសាសនាពីរដ្ឋាភិបាលចំពោះឥស្លាមសាសនិកនៅក្នុងនគរ ប៉ុន្តែវាបានចូលជាធរមានបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះមុនពេលត្រូវលុបចោល និងចាត់ទុកការគោរពសាសនាឥស្លាមជាអំពើខុសច្បាប់នៅក្នុងកាស្ទីយ៉ា (១៥០២) និងអារ៉ាហ្កន (១៥២៧)។ នៅប្រហែលបួនទសវត្សរ៍ក្រោយបញ្ចប់សង្រ្គាមអាល់ពូហារ៉ាស (១៥៦៨–១៥៧១) អតីតឥស្លាមសាសនិកជាង ៣០០,០០០ នាក់ត្រូវបានបណ្តេញចេញពីអ៊ីបេរី និងបាននាំគ្នាតាំងទីលំនៅជាចម្បងនៅតាមតំបន់អាហ្វ្រិកខាងជើង។
ការបង្រួបបង្រួមនិងចងរាជអភិសេកនៃព្រះរាជារវាងអារ៉ាហ្កន និងកាស្ទីយ៉ាត្រូវបានគេចាត់ទុកថាជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលនាំឱ្យកើតមានប្រទេសអេស្ប៉ាញបច្ចុប្បន្ន និងចក្រភពអេស្ប៉ាញជារួម ក៏ប៉ុន្តែព្រះរាជបល្ល័ង្ក និងនគរផ្សេងៗនៅក្នុងព្រះរាជាណាចក្រអេស្ប៉ាញគឺមានលក្ខណៈខុសដាច់ដោយឡែកពីគ្នាទាំងសង្គម នយោបាយ ភាពស្របច្បាប់ រូបិយប័ណ្ណ និងភាសា។
ហាបស្បួកនិយមអេស្ប៉ាញគឺជាមហាអំណាចមួយក្នុងចំណោមមហាអំណាចឈានមុខគេបង្អស់នៅលើពិភពលោកក្នុងសតវត្សរ៍ទី១៦ និងសតវត្សរ៍ទី១៧ ហើយអំណាចដ៏មហិមានេះបានកើតចេញពីការធ្វើពាណិជ្ជកម្ម និងការជួញដូរធនធានទ្រព្យសម្បត្តិផ្សេងៗពីទឹកដីអាណានិគមរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះ អេស្ប៉ាញក៏បានក្លាយជាមហាអំណាចផ្លូវសមុទ្រឈានមុខគេថែមទៀតផង។ អាណាចក្រមួយនេះបានឈានដល់ចំណុចកំពូលនៅក្នុងអំឡុងរជ្ជកាលនៃព្រះរាជារបស់រាជវង្សហាបស្បួកពីរអង្គដំបូងគឺ ឆាលស៍ទី៥/ទី១ (១៥១៦–១៥៥៦) និងហ្វីលីពទី២ (១៥៥៦–១៥៩៨)។ នៅក្នុងសម័យកាលនេះ អេស្ប៉ាញបានជួបប្រទះ និងត្រូវប្រឈមនឹងសង្គ្រាមអ៊ីតាលី សង្គ្រាមស្មាល់កាល់ដ៍ ការបះបោរនៅហុល្លង់ សង្រ្គាមស្នងរាជបល្ល័ង្កព័រទុយហ្កាល់ ជម្លោះប៉ះទង្គិចជាមួយចក្រភពអូតូម៉ង់ អន្តរាគមន៍នៅក្នុងសង្គ្រាមសាសនាបារាំង និងសង្រ្គាមអង់គ្លេស-អេស្ប៉ាញ។
តាមរយៈយុទ្ធនាការរុករក និងកាន់កាប់ទឹកដីថ្មីៗ បូករួមទាំងសម្ព័ន្ធភាពរាជវង្ស និងកេរ្តិ៍មរតកផ្សេងៗ ចក្រភពអេស្ប៉ាញបានពង្រីកឥទ្ធិពល និងព្រមទាំងទឹកដីមួយភាគធំនៅទ្វីបអាមេរិក ឥណ្ឌូប៉ាស៊ីហ្វិក ទ្វីបអាហ្វ្រិក និងក៏ដូចជាតំបន់មួយចំនួននៅក្នុងទ្វីបអឺរ៉ុបផងដែរ។ នៅក្នុងសម័យនេះ អេស្ប៉ាញបានពង្រីកការរុករកតាមផ្លូវសមុទ្រនិងផ្លូវគោក បើកផ្លូវពាណិជ្ជកម្មថ្មីឆ្លងកាត់តាមមហាសមុទ្រ ការកាន់កាប់ និងចាប់ផ្តើមអាណានិគមកិច្ចក្រៅប្រទេស។ លោហធាតុដ៏មានតម្លៃ គ្រឿងទេស វត្ថុច្នៃប្រណិត និងរុក្ខជាតិនានាដែលមិនទាន់ស្គាល់អត្តសញ្ញាណពីមុនមកត្រូវបានគេនាំយកមកតំបន់ទីក្រុងធំៗនៅទ្វីបអឺរ៉ុប ដែលជាហេតុបណ្ដុះការយល់ដឹងរបស់ប្រជាជនអឺរ៉ុបអំពីសកលលោក។ ការរីកភាយសាយនៃវប្បធម៌អេស្ប៉ាញនៅក្នុងអំឡុងសម័យកាលនេះត្រូវបានគេច្រើននិយមសម្ដៅថា យុគសម័យមាសនៃប្រជាជាតិអេស្ប៉ាញ។ ផ្ទុយពីនេះ ភាពរីកចម្រើននៃចក្រភពអេស្ប៉ាញក៏បានបង្កឱ្យមានភាពចលាចលនៅក្នុងទ្វីបអាមេរិកផងដែរ ដូចជានាំឱ្យដួលរលំនូវសង្គម និងអាណាចក្រក្នុងស្រុក ខណៈជនជាតិដើមអាមេរិកត្រូវបានបំពុលដោយជំងឺអាសន្នរោគថ្មីៗពីភាគីអឺរ៉ុប។ កំណើននៃគំនិតមនុស្សជាតិ ចលនាកំណែទម្រង់សាសនា ការរកឃើញ និងកាន់កាប់ភូមិសាស្ត្រថ្មីៗបានក្លាយជាបញ្ហាដ៏ស្មុគស្មាញសម្រាប់បញ្ញវន្តអេស្ប៉ាញ ដូច្នេះដើម្បីដោះស្រាយវា ពួកគេក៏បានបង្កើតចលនាសាឡាម៉ាន់កាឡើង ហើយបន្ទាប់មកក៏បានលេចចេញនូវទ្រឹស្តីសម័យដំបូងដែលគេជឿថាជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស។
រដ្ឋធម្មនុញ្ញនៃប្រទេសអេស្ប៉ាញដំបូងបានអនុម័ត និងចូលជាធរមាននៅក្នុងឆ្នាំ១៨១២។ នៅក្នុងខែមិថុនា ឆ្នាំ១៩៧៦ ព្រះមហាក្សត្រថ្មីនៃអេស្ប៉ាញ ព្រះបាទហ័ន កាឡូសទី១ បានដកលោកកាឡូស អារីយ៉ាស ណាវ៉ារ៉ូចេញពីតំណែងនាយករដ្ឋមន្ត្រី និងបានតែងតាំងលោកអាដុលហ្វូ ស្វ័ររ៉េសជំនួស។ ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៧៧ រដ្ឋាភិបាលអេស្ប៉ាញថ្មីថ្មោងបានកោះប្រជុំសភាធម្មនុញ្ញ (ដែលសភាអេស្ប៉ាញកាលនុះត្រូវបានជ្រើសរើសដើរតួនាទីជាសភាធម្មនុញ្ញ) ក្នុងគោលបំណងធ្វើសេចក្តីព្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មី។ ការបោះឆ្នោតប្រជាមតិជាតិមួយត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៧៨ ហើយប្រជាជនអេស្ប៉ាញ ៨៨% បានយល់ព្រមទទួលស្គាល់សេចក្ដីអនុម័តរដ្ឋធម្មនុញ្ញថ្មី។ ជាលទ្ធផល អេស្ប៉ាញត្រូវបានបែងចែកជាសហគមន៍ស្វយ័តចំនួន ១៧ និងទីក្រុងស្វយ័តចំនួនពីរ ដោយមានកម្រិតស្វ័យភាពខុសៗគ្នា តែទោះជាយ៉ាងណា រដ្ឋធម្មនុញ្ញក៏បានបញ្ជាក់រួចហើយថាប្រជាជាតិអេស្ប៉ាញគឺនៅតែរួបរួមស្អិតរមួតមិនអាចបំបែកបាននោះឡើយ។
រដ្ឋបាលអេស្ប៉ាញបានអនុម័តច្បាប់សមភាពយេនឌ័រនៅក្នុងឆ្នាំ២០០៧ ក្នុងគោលបំណងបង្កើនសមភាពរវាងយេនឌ័រនៅក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស។ យោងតាមទិន្នន័យរបស់សហភាពអន្តរសភាគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា សមាជិកសភាចំនួន ១៣៧ រូបក្នុងចំណោមសមាជិកសរុប ៣៥០ រូបគឺជានារី (៣៩.១%) ខណៈនៅក្នុងព្រឹទ្ធសភាមានស្ត្រីចំនួន ១០១ នាក់ក្នុងចំណោមសមាជិកសរុប ២៦៦ រូប (៣៩.៩%) ដែលនាំឱ្យប្រទេសអេស្ប៉ាញជាប់លេខរៀងទី ១៦ នៅក្នុងបញ្ជីប្រទេសដែលមានចំនួនសមាមាត្រនៃស្ត្រីនៅក្នុងសភាជាន់ទាប (ឬឯកសភា)។ វិធានការពង្រឹងយេនឌ័រនៃប្រទេសអេស្ប៉ាញដែលបានចុះក្នុងរបាយការណ៍អភិវឌ្ឍន៍មនុស្សរបស់អង្គការសហប្រជាជាតិមានពិន្ទុ ០.៧៩៤ ដោយជាប់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោក។
អេស្ប៉ាញជារាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ ដែលមានព្រះមហាក្សត្រសោយរាជ្យ ខណៈពេលដែលរដ្ឋាភិបាលគ្រប់គ្រងលើអំណាចរដ្ឋ ដរាបណារដ្ឋាភិបាលនោះអាចរក្សាទំនុកចិត្តនៅក្នុងសភាទាំងពីរនៅក្នុងប្រទេសបាន។ រដ្ឋធម្មនុញ្ញអេស្ប៉ាញបានចែងថារាជរដ្ឋាភិបាលមានបីស្ថានប័នផ្សេងៗគ្នា ដែលគេសម្ដៅថា "ស្ថាប័នរដ្ឋមូលដ្ឋាន"។ ស្ថាប័នសំខាន់ជាងគេក្នុងចំណោមស្ថាប័នទាំងបីនោះគឺ រដ្ឋសភា (បកប្រែឱ្យចំថា អគ្គសភា) ដែលអនុវត្តសិទ្ធិអំណាចនីតិបញ្ញត្តិ ហើយជាស្ថាប័នតំណាងដ៏ខ្ពស់បំផុតនៃប្រជាជនអេស្ប៉ាញ។ រដ្ឋសភាបានបែងចែកបន្តទៅជា សភាតំណាងរាស្រ្ដ (Congreso de los Diputados) ដែលជាសភាជាន់ទាបមានសមាជិកសរុបចំនួន ៣៥០ រូប និងព្រឹទ្ធសភា (Senado) ដែលជាសភាជាន់ខ្ពស់មានសមាជិកសរុបចំនួន ២៥៩ រូប។ សមាជិកសភាតំណាងរាស្ត្រត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយប្រជាជនផ្ទាល់តាមប្រព័ន្ធសមាមាត្រដើម្បីបម្រើអាណត្តិរយៈពេល ៤ ឆ្នាំ។ សម្រាប់ព្រឹទ្ធសភាវិញ សមាជិកចំនួន ២០៨ រូបត្រូវជ្រើសរើសដោយផ្ទាល់តាមរយៈការបោះឆ្នោតដោយប្រជាជនតាមប្រព័ន្ធបោះឆ្នោតកំណត់ ខណៈសមាជិកចំនួន ៥១ រូបទៀតត្រូវតែងតាំងដោយសមាជិកនៃស្ថាប័ននីតិប្បញ្ញត្តិតំបន់ដើម្បីបម្រើការរយៈពេលបួនឆ្នាំដូចគ្នា។
អំណាចប្រតិបត្តិគឺស្ថិតនៅក្នុងដៃរដ្ឋាភិបាល (Gobierno de España) ដែលមានទំនួលខុសត្រូវរួមចំពោះសភាតំណាងរាស្រ្ត។ ស្ថាប័ននេះមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីម្នាក់ ឬច្រើននាក់ និងរដ្ឋមន្ត្រីផ្សេងៗរបស់រដ្ឋ។ ក្រុមនេះរួមគ្នាបង្កើតចេញជាគណៈរដ្ឋមន្ត្រី ដែលដើរតួនាទីជាអាជ្ញាធរប្រតិបត្តិកណ្តាលនៃប្រទេសអេស្ប៉ាញ ធ្វើកិច្ចការងារផ្សេងៗរបស់រដ្ឋាភិបាល និងគ្រប់គ្រងមុខងារស៊ីវិល។ ក្នុងនាមជាប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្រ្តីមានអំណាចលើរដ្ឋមន្ត្រីផ្សេងៗនៅក្នុងជួររដ្ឋាភិបាល ពិសេសលោក/លោកស្រីមានសមត្ថភាពផ្ដល់យោបល់ដល់ព្រះមហាក្សត្រអំពីការតែងតាំង និងដកតំណែងសមាជិករដ្ឋាភិបាលណាមួយ។ នាយករដ្ឋមន្ត្រីមានសិទ្ធិអំណាចពេញអង្គ ដូចដែលបានចែងដោយរដ្ឋធម្មនុញ្ញអេស្ប៉ាញ ដើម្បីដឹកនាំ និងសម្របសម្រួលគោលនយោបាយ និងសកម្មភាពរដ្ឋបាលផ្សេងៗ។ លោក/លោកស្រីត្រូវតែងតាំងដោយព្រះមហាក្សត្រ បន្ទាប់ពីបានពិគ្រោះជាមួយតំណាងមកពីបក្សសម្ព័ន្ធផ្សេងៗនៅក្នុងសភា ហើយក្រោយមកត្រូវបានតែងតាំងជាផ្លូវការតាមរយៈដំណើរបោះឆ្នោតក្នុងពិធីតែងតាំងនៃសភាតំណាងរាស្រ្ត។
រចនាសម្ព័ន្ធនយោបាយអេស្ប៉ាញត្រូវបានគេរៀបចំជា Estado de las Autonomías ("រដ្ឋស្វយ័តភាព") ពោលគឺជាប្រទេសមួយដែលមានកម្រិតវិមជ្ឈការខ្ពស់បំផុតបើប្រៀបនឹងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបដូចជា ស្វីស អាល្លឺម៉ង់ និងបែលហ្ស៊ិកជាដើម។ ឧទាហរណ៍ សហគមន៍ស្វយ័តទាំងអស់មានសភា រដ្ឋាភិបាល រដ្ឋបាលសាធារណៈ ថវិកា និងធនធានរៀងៗខ្លួន។ ប្រព័ន្ធសុខាភិបាល និងអប់រំត្រូវបានគ្រប់គ្រងដោយសហគមន៍អេស្ប៉ាញនីមួយៗ ហើយលើសពីនេះ ប្រទេសបាស និងណាវ៉ារ៍ក៏មានសិទ្ធិគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ពួកគេផ្ទាល់ផងដែរ។
បន្ទាប់ពីបានស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ អាទិភាពគោលនយោបាយការបរទេសចម្បងថ្មីរបស់អេស្ប៉ាញនាពេលនោះគឺបំបែកខ្លួនចេញពីនយោបាយការទូតឯកោដែលបន្សល់ពីរបបហ្វ្រង់កូ និងព្រមទាំងពង្រីកទំនាក់ទំនងការទូតចូលទៅក្នុងសហគមន៍អឺរ៉ុប និងកំណត់ទំនាក់ទំនងសន្តិសុខជាមួយលោកខាងលិច។
ក្នុងនាមជារដ្ឋសមាជិកមួយនៃអង្គការណាតូចាប់តាំងពីឆ្នាំ១៩៨២ ប្រទេសអេស្ប៉ាញបានចូលរួមក្នុងសកម្មភាពសន្តិសុខអន្តរជាតិពហុភាគីជាច្រើន។ គោលនយោបាយការបរទេសរបស់អេស្ប៉ាញបច្ចុប្បន្នអាចសម្គាល់បានតាមរយៈសមាជិកភាពរបស់ខ្លួននៅក្នុងសហភាពអឺរ៉ុប។ ឧទាហរណ៍ អេស្ប៉ាញច្រើនចាប់ដៃគូជាមួយសហភាពអឺរ៉ុបដើម្បីសម្របសម្រួលបញ្ហាអន្តរជាតិណាមួយដែលហួសពីដែនអឺរ៉ុបខាងលិច តាមរយៈយន្តការសហប្រតិបត្តិការនយោបាយអឺរ៉ុប។
លើសពីនេះ អេស្ប៉ាញបានរក្សាទំនាក់ទំនងពិសេសជាមួយបណ្ដារដ្ឋអាមេរិកអ៊ីស្ប៉ានិក និងប្រទេសហ្វីលីពីន។ គោលនយោបាយការបរទេសនេះច្រើនសង្កត់ធ្ងន់លើគោលគំនិតនៃសហគមន៍អ៊ីបេរ៉ូ-អាមេរិកាំង ពិសេសគឺការស្តារនូវគំនិត "អ៊ីស្ប៉ានីតេ" ឬ "អ៊ីស្ប៉ានីវិទ្យា" ដែលជាដំណើរភ្ជាប់ឧបទ្វីបអ៊ីបេរីជាមួយអាមេរិកអ៊ីស្ប៉ានិកតាមរយៈ ភាសា ពាណិជ្ជកម្ម ប្រវត្តិសាស្ត្រ និងវប្បធម៌ ដោយ"ផ្អែកលើតម្លៃរួម និងការស្តារលទ្ធិប្រជាធិបតេយ្យ"។
បច្ចុប្បន្ននេះ អេស្ប៉ាញក៏មានជាប់ពាក់ព័ន្ធនឹងជម្លោះទឹកដីមួយចំនួនផងដែរ។ ប្រទេសអេស្ប៉ាញអះអាងទាមទារទឹកដីជីប្រាល់តាស្ថិតនៅប៉ែកខាងត្បូងបំផុតនៃឧបទ្វីបអ៊ីបេរី ដែលសព្វថ្ងៃជាទឹកដីក្រៅប្រទេសរបស់ចក្រភពអង់គ្លេស។ ជម្លោះគួរឱ្យកត់សម្គាល់មួយទៀតគឺទាក់ទងនឹងប្រជុំកោះស៊ែលវ៉ាជែនស៍ ដែលអេស្ប៉ាញអះអាងថាបណ្ដុំកោះទាំងនោះគ្រាន់តែជាថ្មប៉ុណ្ណោះ ដោយបដិសេដមិនទទួលស្គាល់ការដាក់កោះនោះជាតំបន់សេដ្ឋកិច្ចផ្តាច់មុខដោយព័រទុយហ្កាល់នោះឡើយ។ មិនតែប៉ុណ្ណោះ អេស្ប៉ាញក៏បានទាមទារអធិបតេយ្យភាពលើកោះប៉េរ៉េហ៊ីលផងដែរ ដែលត្រូវជាកោះថ្មតូចគ្មានមនុស្សរស់នៅមួយ ស្ថិតនៅភាគខាងត្បូងនៃច្រកសមុទ្រជីប្រាល់តា ហើយវាធ្លាប់ជាដើមហេតុនៃឧប្បត្តិហេតុប្រដាប់អាវុធរវាងអេស្ប៉ាញ និងម៉ារ៉ុកកាលពីឆ្នាំ២០០២។ ផ្ទុយទៅវិញ ប្រទេសម៉ារ៉ុកបានទាមទារទីក្រុងស្វយ័តទាំងពីររបស់អេស្ប៉ាញគឺ សេអ៊ូតា និងមេលីយ៉ា និងព្រមទាំងបណ្ដុំកូនកោះតូចៗនៅតាមឆ្នេរភាគខាងជើងនៃទ្វីបអាហ្វ្រិក។ រីឯព័រទុយហ្កាល់វិញប្រកាសមិនព្រមទទួលស្គាល់អធិបតេយ្យភាពរបស់អេស្ប៉ាញលើក្រុងអូលីវេនហ្សាក្បែរព្រំដែនខ្លួនឡើយ។
កងកម្លាំងប្រដាប់អាវុធអេស្ប៉ាញត្រូវចែកចេញជាបីសាខា៖ កងទ័ពជើងគោក (Ejército de Tierra), កងទ័ពជើងទឹក (Navy), និងកងទ័ពជើងអាកាស និងអវកាស (Ejército del Aire y del Espacio)។
ព្រះមហាក្សត្រអេស្ប៉ាញ ព្រះបាទហ្វេលីពទី៦ គឺជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអេស្ប៉ាញ (Fuerzas Armadas Españolas)។ បុគ្គលកាន់អំណាចយោធាបន្ទាប់ពីព្រះអង្គគឺនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក្រៅពីបុគ្គលទាំងបីគឺនៅមានប្រធានសេនាធិការដ្ឋានការពារជាតិជាបញ្ជាការទីបួន។
គិតត្រឹមឆ្នាំ២០១៧ កងកម្លាំងប្រដាប់អាវុធអេស្ប៉ាញមានទាហានសកម្មចំនួន ១២១,៩០០ នាក់ និងទាហានបម្រុងចំនួន ៤,៧៧០ នាក់។ មិនតែប៉ុណ្ណោះ ប្រទេសអេស្ប៉ាញក៏មានកងឆ្មាំស៊ីវិលចំនួន ៧៧,០០០ នាក់បន្ថែមដែរ ដែលស្ថិតនៅក្រោមបញ្ជាការរបស់ក្រសួងការពារជាតិក្នុងពេលមានភាពអាសន្នជាតិ។ ថវិកាការពារជាតិអេស្ប៉ាញមានចំនួន ៥.៧១ ពាន់លានអឺរ៉ូ (៧.២ ពាន់លានដុល្លារ) ដែលកើនឡើង ១% សម្រាប់ឆ្នាំ២០១៥។ ច្បាប់កំណែនយោធានៅអេស្ប៉ាញត្រូវបានលុបចោលតាំងពីឆ្នាំ២០០១ មកម៉្លេះ។
សហគមន៍ស្វយ័តនៅអេស្ប៉ាញគឺជាកម្រិតរដ្ឋបាលដំបូងរបស់ប្រទេស។ សហគមន៍ទាំងនេះត្រូវបានបង្កើតឡើងក្រោយពីរដ្ឋធម្មនុញ្ញបច្ចុប្បន្នបានចូលជាធរមាន (ក្នុងឆ្នាំ១៩៧៨) ដើម្បីទទួលស្គាល់សិទ្ធិគ្រប់គ្រងដោយខ្លួនឯងរបស់បណ្ដា "សញ្ជាតិ និងតំបន់នៃប្រទេសអេស្ប៉ាញ"។ សហគមន៍ស្វយ័តបានបង្កើតឡើងតាមរយៈការរួមបញ្ចូលអតីតខេត្តនីមួយៗដែលមានលក្ខណៈប្រវត្តិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចដូចៗគ្នា។ មិនតែប៉ុណ្ណោះ ការរៀបចំទឹកដីនេះគឺផ្អែកលើប្រព័ន្ធបន្ទេរអំណាច ដែលប្រជាជននៅក្នុងប្រទេសអេស្ប៉ាញតែងនិយមហៅថា "រដ្ឋស្វ័យភាព"។ ច្បាប់ស្ថាប័នជាមូលដ្ឋាននៃសហគមន៍ស្វយ័តនីមួយៗត្រូវបានគេស្គាល់ថាលក្ខន្តិកៈនៃស្វ័យភាព។ លក្ខន្តិកៈនៃស្វ័យភាពបានកំណត់សហគមន៍នីមួយៗអាស្រ័យតាមអត្តសញ្ញាណប្រវត្តិសាស្ត្រ និងសហសម័យ ដែនកំណត់នៃទឹកដីខ្លួន ឈ្មោះ និងការរៀបចំរបស់ស្ថាប័នរដ្ឋាភិបាល និងសិទ្ធិដែលពួកគេទទួលដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
សហគមន៍ស្វយ័តត្រូវបានបែងចែកទៅជាខេត្ត ហើយខេត្តនីមួយៗត្រូវបន្តបែងចែកទៅជាទីប្រជុំជន ឬក្រុង។ អត្ថិភាពនៃខេត្ត និងក្រុងត្រូវបានធានា និងការពារដោយរដ្ឋធម្មនុញ្ញ និងមិនចាំបាច់ដោយលក្ខន្តិកៈនៃស្វ័យភាពខ្លួនឯងនោះទេ។ ទីក្រុងនីមួយៗមានស្វ័យភាពក្នុងការគ្រប់គ្រងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយខេត្តគឺជាបំណែងចែកដែនដីដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យងាយស្រួលក្នុងការអនុវត្តសកម្មភាពរបស់រដ្ឋ។ រចនាសម្ព័ន្ធនៃខេត្តបច្ចុប្បន្នគឺផ្អែកលើបំណែងចែកទឹកដីកាលពីឆ្នាំ១៨៣៣ ហើយសរុបមក ទឹកដីអេស្ប៉ាញត្រូវបានបែងចែកទៅជា ៥០ ខេត្ត។ មានតែសហគមន៍អាស្ទូរីយ៉ាស កាន់តាប៊្រីយ៉ា ឡារីអូហា ប្រជុំកោះបាឡេអារ៍ ម៉ាឌ្រីដ មួរស៊ីយ៉ា និងណាវ៉ារ៉ាប៉ុណ្ណោះដែលមានខេត្តតែមួយនៅក្នុងសហគមន៍ខ្លួន ពោលសហគមន៍មានលក្ខណៈសហត្ថិភាពជាមួយខេត្ត។ នៅក្នុងករណីនេះ ស្ថាប័នរដ្ឋបាលនៃខេត្តត្រូវបានជំនួសដោយស្ថាប័នរដ្ឋាភិបាលនៃសហគមន៍។
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ស្វែងយល់បន្ថែមអំពីអេស្ប៉ាញលើ គម្រោងបងប្អូនរបស់វិគីភីឌា: | |
និយមន័យនិងបំណកប្រែពីវិគីនានុក្រម | |
រូបភាពនិងមីឌាពី Wiki Commons | |
ប្រភពរៀនសូត្រពីវិគីសាកលវិទ្យាល័យ | |
រឿងរ៉ាវព័ត៌មានពីវិគីព័ត៌មាន | |
សម្រង់ពាក្យសម្ដីពីវិគីសម្រង់ពាក្យ | |
អត្ថបទប្រភពដើមពីវិគីប្រភព |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: Spain |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
This article uses material from the Wikipedia ភាសាខ្មែរ article អេស្ប៉ាញ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.