ដោយសារតែការអាក់ខាននៃការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិរបស់ប្រទេសកម្ពុជាទើបមិនមានអ្នកណាម្នាក់បាន ដឹងអោយប្រាកដថា តើប្រជាជនខ្មែរបានរស់នៅលើទឹកដីរបស់ខ្លួនតាំងពីពេលណាមក។ បើតាមផ្ទាំងសិលាស្ថិតក្នុង រូងភ្នំនៅភាគខាងជើងនៃប្រទេសកម្ពុជាបានអោយដឹងថាមនុស្សដែលបានប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៍បានរស់នៅ ក្នុងរូងភ្នំតាំងពីដើមសតវត្សទី៤០០០មុនគ.សហើយដំណាំស្រូវត្រូវបានដាំដុះនៅលើទឹកដីកម្ពុជាតាំងតែពីមុនសតវត្ស ទី១នៃព.សមកម្លេះ។ប្រជាជនកម្ពុជាដំបូងហាក់ជាបានមករស់នៅទីនេះមុនកាលបរិច្ឆេទខាងលើទៅទៀត ហើយប្រហែលជានិរទេសខ្លួនមកពីភាគខាងជើង ទោះបីជាពុំបានដឹងពីភាសានិយាយ និងជីវិតរស់នៅរបស់ពួកគេក៏ដោយ។ នៅដើមសតវត្សទី១នៃព.ស.
ពួកអ្នកជំនាញជនជាតិចិនក៏បានចាប់ផ្តើមសរសេរអំពីវវត្តមានកម្មុយនីស្តចក្រមួយក្នុង ប្រទេសកម្ពុជាដែលស្ថិតលើឆ្នេរ និងនៅឆ្ងាយពីមាត់សមុទ្រ។ អាណាចក្រនេះមានលក្ខណៈពាក់ព័ន្ធរួចទៅហើយ ជាមួយនឹងវប្បធម៌ឥណ្ឌា ដែលបានផ្តល់នូវអក្ខរក្រម ទំរង់សិល្បៈ រចនាបទនៃស្ថាបត្យកម្ម សាសនា(ហិណ្ឌូ និងព្រះពុទ្ធ) និងប្រព័ន្ធនែការបែងចែកថ្នាក់។ បើតាមជំនឿអ្នកស្រុកវិញថា លក្ខណៈសំខាន់នៃព្រលឹងវិញ្ញាណក្ខ័ន បុព្វបុរសគឺវាមានការពាក់ព័ន្ធ ឬលាយទ្បំជាមួយនឹងសាសនាឥណ្ឌា ហើយវាពិតជាបានបន្សល់ទុកនូវទ្ធិពលរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ វប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះ មានឬសគល់តាំងពីសតវត្សទី១រហូតដល់សតវត្ស ទី៦មកម្លេះ ដែលពេលនោះត្រូវបានគេហៅថាសម័យហ្វូណន ជាសម័យមួយដែលមានភាពចំណាស់ជាងគេក្នុងអាស៊ី អាគ្នេយិ៍យើងនេះ។ ចាប់ពីពេលនោះហើយ គឺជាពេលនៃការវិវត្តន៍ភាសាខ្មែរ ដែលជាផ្នែកមួយនៃអំបូរមនខ្មែរ ហើយ មានលាយជាមួយនឹងភាសាបាលីសំស្ក្រឹត។ ជាឧទាហរណ៍ ពួកប្រវត្តិវិទូបានកត់សំគាល់ថាប្រជាជនកម្ពុជាមាន លក្ខណៈខុសប្លែកពីប្រទេសជិតខាងដោយសារសំលៀកបំពាក់ ដូចជាការប្រើប្រាស់ក្រមា យកមកជួតក្បាលជំនួស អោយការពាក់មួកជាដើម។ សម័យហ្វូណនបានត្រួសត្រាយផ្លូវខ្មែរអោយបានឈានឆ្ពោះទៅរកអាណាចក្រអង្គរ ជាមួយនឹងការកាន់កាប់អំណាច ដោយព្រះបាទជ័យវរ្ម័នទី២ក្នុងឆ្នាំ៨០២។ ៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែលពេលនោះមានផ្ទៃដីលាតសន្ធឹងយ៉ាងធំធេងក្នុងភូមិភាគអាស៊ីអាគ្នេយិ៍ ដោយមានព្រំដែនជាប់នឹងប្រទេសភូមា ភាគខាងកើតជាប់នឹងសមុទ្រចិនខាងត្បូង រីឯភាគខាងជើងជាប់នឹងប្រទេសលាវ។ ព្រះមហាក្សត្រនាអំទ្បុងពេល នោះបានសាងសង់ប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុទី៧នៅលើពិភពលោក។ ព្រះមហាក្សត្រដែលបានសម្រេចបាននូវជោគជ័យដ៏ធំធេងអស្ចារ្យនេះ រួមមានព្រះបាទជ័យវរ្ម័នទី២ ព្រះបាទន្ទ្រវរ្ម័នទី១ ព្រះបាទសូរយ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ រួមទាំងការបង្កើតនូវស្នាដៃឯកវិស្វកម្មបែបបុរាណ ដូចជា ប្រព័ន្ធធារាសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុត ដែលក្នុងនោះមានបារាយិ៍(បឹងដ៏ធំមួយដែលបង្កើតទ្បើងដោយមនុស្ស) និងព្រែកជីកដែលអាចផ្តល់ដល់ប្រជាជននូវលទ្ធភាពធ្វើស្រែបាន៣ដងក្នុងមួយឆ្នាំ ហើយជាងនេះទៀតសោត ផ្នែកខ្លះ នៃប្រព័ន្ធនេះត្រូវបានយកមកប្រើមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃទៀតង។
នៅដើមគ្រឹស្តសករាជមានរដ្ឋមួយដែលសំខាន់ជាងគេបានកើតឡើងនៅអាស៊ីអាគ្នេយ៍ មានឈ្មោះថាអាណាចក្រភ្នំ។ តាម ឯកសារអ្នកការទូតកាំងថៃ បឋមក្សត្រនៃអាណាចក្រភ្នំឈ្មោះហ៊ុនទៀន នៅឧបទ្វីបណ្ឌូចិនក្នុងកំឡុង៥សតវត្ស អាណាចក្រ ភ្នំជាមហាអំណាចមួយដែលមានរដ្ឋចំណុះមួយចំនួន។ ឆ្លៀតឱកាសនៃការធ្លាក់ចុះខ្សោយនៃអាណាចក្រភ្នំ ព្រះរាជានគរ ចេនឡានាមភវវរ្ម័ន បានលើកទ័ពមកវាយនិងដាក់អាណាចក្រភ្នំជាចំនុះ។ ក្រោយមកចេនឡាក៏បានទទួលឋានៈជារដ្ឋ អធិតេយ្យរហូតដល់ពាក់កណ្តាលទី២នៃសតវត្សទី៨។ នៅសតវត្សទី៨ ចេនឡាស្ថិតក្នុងសម័យកាលខ្មៅងងឹត គ្មានស្ថេរភាព នយោបាយដោយការបែកបាក់ផ្ទៃក្នុង។ នេះជាមូលហេតុដែលនាំអោយជ្វាហ៊ានលូកដៃមកកកូរកិច្ចការផ្ទៃក្នុងរបស់ ប្រទេសជាតិ។
ពីឆ្នាំ ៨០២ ដល់ឆ្នាំ ៩៤៤ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ។ តែរហូតដល់ពាក់កណ្តាលទី១នៃសតវត្សទី៩ ការបង្កើតក្រុងអង្គរគឺជាការបង្កើតរបបគ្រប់គ្រងថ្មីមួយដោយព្រះបាទជ័យវរ្ម័នទី២។ ទ្រង់បានរៀបចំសន្តិវង្សអង្គរមុនគេបង្អស់ព្រមទាំងបានគ្រងរាជ្យយូរជាងក្សត្រមុនៗទៀតផង (៨០២-៨៥០)។ ក្នុងដំនាក់កាលនោះមានព្រឹត្តិការណ៍ជា ច្រើនដូចជាការរំដោះជាតិចេញពីការត្រួតត្រារបស់ជ្វា ការបង្រួបបង្រួមជាតិ ការកសាងរាជធានី សោធបុរៈការខិតខំ ពង្រីកនយោបាយដើម្បីពង្រីកវិស័យកសិកម្ម និងសេដ្ឋកិច្ចនៅសម័យនោះ។ ពីឆ្នាំ ៩៤៤ ដល់ ១១៧៧ ជាដំណាក់រុងរឿងនិងរីកចម្រើនរបស់ចក្រភពអង្គរ។ ពីឆ្នាំ ១១៧៧ ដល់ ១២១៨ ជាដំនាក់កាលរុងរឿងបំផុតរបស់ប្រវត្តិសាស្ត្រកម្ពុជាដែលពុំធ្លាប់មានមកក្នុង ប្រវត្តិសាស្ត្រជាតិ ហើយដែលផ្តើមឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ ព្រះអង្គជាវីរបុរសរំដោះជាតិអោយផុត ចេញពីចាមឈ្លានពាន ហើយបានដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់យុគមួយនៃប្រវត្តិសាស្ត្រជាតិដែលគេហៅ ថា យុគមាស។
ឆ្នាំ ១៤៣១ ព្រះបាទពញាយ៉ាតបានសម្រេចព្រះទ័យលើករាជធានីចេញពីអង្គរមកតាំងនៅទួលបាសាន បន្ទាប់មកក៏ លើកពីទួលបាសានទៅតាំងនៅភ្នំដូនពេញ(ចតុមុខ) វិញ។ លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមនគរ ថា ក្រុងចតុមុខមង្គលមហានគរឆ្នាំ១៤៣៧ ព្រះអង្គបានសម្ពោធរាជធានី។ ក្រោយពីព្រះបាទពញាយ៉ាតសុគតទៅ សង្គមខ្មែរត្រូវបែកខ្ញែកជាបក្សពួកឈ្លោះប្រកែកគ្នាឥតឈប់ឈរ រាស្ត្ររងទុក្ខ វេទនារហូតដល់ប្រទេសត្រូវបានបែកចែកជាបីអាណាចក្រ៖
ការបែកបាក់ និងចំបាំងរាំងជល់ឥតឈប់ឈររវាងបក្សពួកខ្មែរទាំងបីនេះបានផ្តល់ផលវិបាកដល់សង្គមខ្មែរ ដូចជា ចោរកម្ម ការកាប់សម្លាប់ គ្រោះទុរ្ភិក្ស។ ខ្មែររស់នៅក្នុងភាពខ្លោចផ្សាបែបនេះអស់រយៈពេល១០ឆ្នាំគឺពី ១៤៧៥ ដល់ ១៤៨៥ ទើបព្រះបាទធម្មរាជាខិតខំបញ្ចប់សង្គ្រាមគ្នាឯងនេះដោយពឹងសៀមអោយមកជួយ។ នៅក្នុងឆ្នាំ១៥២៩ ព្រះមហាក្សត្រខ្មែរយាងទៅគង់នៅក្នុងបន្ទាយលង្វែក។ ព្រះបាទអង្គចន្ទរាជាបានស្តារប្រទេសជាតិឡើងវិញលើគ្រប់ វិស័យ។ ក្នុងវិស័យយោធាកងទ័ពខ្មែរបានចូលវាយលុកនៅប្រទេសសៀមរហូតដល់ក្រុងអយុធ្យា។ ក៏ប៉ុន្តែនៅចុង សតវត្សទី១៦ រឹទ្ធានុភាពអាណាចក្រកម្ពុជាត្រូវថយចុះ ជាហេតុនាំអោយសៀមលើកទ័ពចូលមកវាយក្រុងលង្វែកបាន ក្នុងឆ្នាំ ១៥៩៣។ ការបែកបន្ទាយលង្វែកជាឱកាសមួយដែលនាំអោយសៀមពង្រីកទ្ធិពលកាន់តែខ្លាំឡើងៗមកលើ ប្រទេសកម្ពុជា។ ម្យ៉ាងទៀតធ្វើអោយខ្មែរបាត់បង់ទ្រព្យសម្បត្តិក្បួនច្បាប់អ្ន់កប្រាជ្ញបណ្ឌិត ហើយវប្បធម៍ខ្មែរក៏ត្រូវ ហូរចូលក្នុងប្រទេសសៀមអស់។ ភាពបរាជ័យក្នុងសម័យលង្វែកបានធ្វើអោយកម្ពុជាធ្លាក់ចំនុះសៀម។ នៅឆ្នាំ១៦១៣ ព្រះបាទស្រីសុរិយោពណ៌បានដាក់រាជ្យអោយបុត្រានាម ជ័យជេដ្ឋាទី២(១៦១៨ - ១៦២៨) ព្រះអង្គបាន លើករាជធានីមកតាំងនៅឧត្តុង្គ។ នៅន្លោះឆ្នាំ(១៦២០-១៨៦៣) មានព្រឹត្តិការណ៍ជាច្រើនកើតឡើង ដូចជា ទំនាក់ទំនង ខ្មែរ-ថៃ និង ខ្មែរ-យួន ព្រមទាំងព្រឹត្តិការណ៍ចំបងពីរទៀតគឺសម្ព័ន្ធភាពរវាងខ្មែរនឹងយួន និងការ ដណ្តើមអំនាចគ្នា រវាងយួន និងសៀមលើប្រទេសកម្ពុជា។
សន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជាត្រូវបានសៀមដែលជាគូរប្រជែង នឹងបារាំងប្រឆាំងយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះបារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅ អោយសៀម។ រហូតដល់ ១៨៦៧ ទើបសៀមទទួលស្គាល់សិទ្ធិត្រួតត្រារបស់បារាំងលើកម្ពុជា។ ក្នុងការត្រួតត្រា ដំបូង បារាំងធ្វើវិធីត្រជាក់។ បន្ទាប់មកនៅថ្ងៃទី ១៧ មិថុនា ១៨៨៤ បារាំងបានឡោមព័ទ្ធរាជវាំង ហើយគំរាមគំហែង ព្រះបាទ នរោត្តមបង្ខំអោយព្រះអង្គចុះព្រះហស្តលេខាលើអនុសញ្ញាមួយ ដែលបានដកហូតអំណាចទាំងឡាយរបស់ ព្រះអង្គ។ ដំណាក់កាលចុងក្រោយ បារាំងបានធ្វើអោយកម្ពុជាក្លាយជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្មអោយបារាំង ដោយបញ្ចូល កម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ ដោយសារការកេងប្រវ័ញ្ច និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេក ប្រជារាស្ត្រ ខ្មែរបានងើបបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ ដូចជាចលនា តស៊ូរបស់ក្រឡាហោមគង់ (១៨៨៥- ១៨៨៦) ចលនាតស៊ូរបស់ពិស្ណុលោកឈូក(១៨៨៥-១៨៨៦)។ ទោះបីចាលនាតស៊ូទាំងនេះត្រូវបានបង្ក្រាបយ៉ាង ឃោរឃៅពីសំណាក់ កងទ័ពបារាំងក៏ដោយ តែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (១៩២៧ -១៩៤១) និងបន្តមកដល់រជ្ជកាលព្រះបាទនរោត្តមសីហនុវរ្ម័នក្នុងរាជ្យទី១ (១៩៤១ - ១៩៥៥)។
ព្រះបាទនរោត្តមសីហនុវរ្ម័ន បានសោយរាជ្យក្នុងអំលុងពេលនៃសង្គ្រាមលោកលើកទី២។ ពេលនោះដោយជប៉ុនមាន ជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បានធ្លាក់ក្រោមការត្រួតត្រាពីរជាន់គឺ បារាំង និងជប៉ុន។ ក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់។ ក្រុមដែលលំអៀងទៅខាងជប៉ុន មានសឺងង៉ុកថាញ់ជាមេដឹកនាំ។ នៅដើមឆ្នាំ ១៩៥២ សឺងង៉ុកថាញ់បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀតលំអៀងទៅកាន់កុំម្មុយនីស បានក្លាយ ជារណសិរ្ស អ្នកស្នេហាមាតិភូមិខ្មែរ ហៅកាត់ថាខ្មែរឥស្សរៈមានទូសាមុតជាប្រធាន។
នៅឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើរដ្ឋប្រហារបណ្តេញបារាំងចេញពីកម្ពុជា។ ពេលនោះជប៉ុន បានលើកសឺងង៉ុកថាញ់ ធ្វើការប្រយុទ្ធប្រឆាំងកងទ័ពបារាំង ដោយសហការជាមួយចលនាតស៊ូនៃជនជាតិលាវ និងវៀតណាម។ ព្រះបាទនរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាពដើម្បីរំដោះប្រទេសជាតិពីអាណានិគមបារាំងជានិច្ច។ ចំណែកបារាំងបានបន្ថែមទ័ព មកកម្ពុជាយ៉ាងច្រើនដើម្បីទប់ទល់ការបះបោរ។ អសន្តិសុខកើតមានទូទាំងផ្ទៃប្រទេស ធ្វើអោយប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាម ។ ដោយយល់ថាការទាមទារឯករាជ្យដោយអាវុធបណ្តាលអោយប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រចាប់ផ្តើមធ្វើការតស៊ូតាមផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។ ពីឆ្នាំ១៩៥១-១៩៥៣ ដោយសារមានការគាបសង្កត់ពីមតិសកលលោក និងដោយសារស្ថានភាពរបស់ខ្លួនចុះខ្សោយទាំងផ្នែកនយោបាយ និង យោធានៅឥណ្ឌូចិន។ ទីបំផុតបារាំងក៏បានយល់ព្រមប្រគល់ឯករាជ្យពេញលេញដល់ប្រទេសកម្ពុជានៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។
ក្រោយពីបារាំងបានប្រគល់ឯករាជ្យពេញបរិបូរណ៍មក នៅខែមិនា ឆ្នាំ១៩៥៥ ព្រះបាទនរោត្តមសីហនុបាន ចាកចេញពីរាជ្យបល្ល័ង្ក ហើយយាងព្រះបាទនរោត្តមសុរាម្រិត ជាព្រះបិតាឡើងសោយរាជ្យ។ ប្រទេសកម្ពុជាបាន ស្គាល់ពន្លឺអស់រយៈពេល១៧ឆ្នាំគឺពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០ ក្នុងរាជសង្គមរាស្ត្រនិយម ដែលមានសម្តេច ព្រះនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ។ ក្រោយពីប្រទេសកម្ពុជាមានវិបត្តសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធរ យោងតាមសមាជជាតិនាខែសីហា ឆ្នាំ១៩៦៩ ព្រះបាទសម្តេចនរោត្តម សីហនុ បានប្រគល់ភារកិច្ចអោយ លោក ឧត្តមសេនីយ លន់ ណុល និងទ្រង់សិរិមតៈ ជាអ្នករៀបចំបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ។ លុះដល់ ថ្ងៃ១៨ មិនា ឆ្នាំ១៩៧០ ក្រុមប្រឹក្សាព្រះរាជាណាចក្រ និងរដ្ឋសភាបានប្រកាសទម្លាក់នរោត្តមសីហនុចេញពីឋានៈព្រះ ប្រមុខរដ្ឋ។
ថ្ងៃទី ៩ ឧសភា ១៩៧០ ព្រះរាជាណាចក្រកម្ពុជា ត្រូវប្តូរឈ្មោះជាសាធារណរដ្ឋខ្មែរនៅក្រោយរដ្ឋប្រហារយោធាក្រោមការដឹកនាំរបស់ លន់ណុល និងទ្រង់សិរិមតៈ។ សម្តេចព្រះនរោត្តមសីហនុបានថ្លែងប្រកាសមិន ទទួលស្គាល់របបភ្នំពេញហើយប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា និងបង្កើតកំលាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា។ ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា ១៩៧០ កងទ័ពរណសិរ្សរួបរួមជាតិកម្ពុជាបានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាលើកងទ័ពលន់ ណុល និងបរទេស។ ប្រទេសកម្ពុជារងភាពខ្ទេចខ្ទាំដោយសារតែសង្គ្រាមក្នុងស្រុករហូតមកដល់ថ្ងៃទី ១៧ ខែ មេសា ១៩៧៥ ទើបកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា បានផ្តួលរំលំរបបសាធារណរដ្ឋ ខ្មែររបស់លន់ណុល។
ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៧៥ ក្រុមខ្មែរក្រហមបានធ្វើមហាសន្និបាតវិសាមញ្ញោដីម្បីរៀបចំរដ្ឋធម្មនុញ្ញ ថ្មីហើយបានដាក់ឈ្មោះប្រទេសថា កម្ពុជាប្រជាធិបតេយ្យ។ រដ្ឋាភិបាលរបស់កម្ពុជាប្រជាធិបតេយ្យត្រូវបាន បង្កើតឡើងដោយមាន ប៉ុលពត ជាអ្នកដឹកនាំរបបនោះ។ ប្រជារាស្ត្រខ្មែរស្លូតត្រង់ត្រូវទទួលការកាប់សម្លាប់ យ៉ាងរង្គាល។
ក្រោយពីផ្តួលរំលំរបប ប៉ុលពត នៅថ្ងៃ ៧ មករា ១៩៧៩ រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលកើតឡើង នៅថ្ងៃទី ២ ខែ ធ្នូ ១៩៧៨ បានប្រកាសប្រទេសកម្ពុជាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់មកដូរជា រដ្ឋកម្ពុជា ដែលមានបក្សប្រជាជនបដិវត្តន៍កម្ពុជាជាអ្នកដឹកនាំ។ មានរដ្ឋកម្ពុជានេះហើយទើបមានព្រះរាជាណាចក្រកម្ពុជាសាជាថ្មីនៅក្នុងស្រុកខ្មែរម្ដងទៀត ។
នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្ធិសញ្ញាក្រុងបារីស ស្តីពីការរួបរួមជាតិបានផ្តល់លទ្ធភាពដល់ការយាងនិវត្ត មាតុភូមិវិញរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ។ ព្រះអង្គឡើងគ្រងរាជ្យសាជាថ្មីនៅថ្ងៃ ទី ២៤ កញ្ញា ១៩៩៣ ព្រមទាំងប្តូរឈ្មោះប្រទេសជាព្រះរាជាណាចក្រកម្ពុជាវិញ។ រាជរដ្ឋាភិបាលក្នុងអណត្តិនោះ ដឹកនាំដោយសហនាយក រដ្ឋមន្ត្រីពីររូបគឺ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជានាយកមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយកមន្ត្រីទី២ ។
(ប្រភពអត្ថបទ៖ www.cambodia.gov.kh)
This article uses material from the Wikipedia ភាសាខ្មែរ article សង្ខេបប្រវត្តិសាស្ត្រកម្ពុជា, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.