បេឡារុស

ប្រទេសបេឡារុស (អាចសរសេរបានថា បេឡារុស្ស, ជាភាសាបេឡារុស និងភាសារុស្ស៊ី៖ Беларусь) មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបេឡារុស គឺជាប្រទេសមួយស្ថិតនៅភូមិភាគអឺរ៉ុបខាងកើត។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងកើតនិងឥសាន្ត ប្រទេសអ៊ុយក្រែននៅភាគខាងត្បូង ប្រទេសប៉ូឡូញនៅភាគខាងលិច ហើយនិងប្រទេសលីទុយអានីនិងឡេតូនីនៅភាគពាយព្យ។ ប្រទេសបេឡារុសមានក្រឡាផ្ទៃសរុប ២០៧,៦០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៩.៤ លាននាក់ដែលធ្វើឱ្យបេឡារុសក្លាយជាប្រទេសធំបំផុតទីដប់បីនិងមានប្រជាជនច្រើនបំផុតទីម្ភៃនៅទ្វីបអឺរ៉ុប។ ប្រទេសនេះត្រូវបានបែងចែកជាតំបន់រដ្ឋបាលចំនួន ៧ តំបន់។ មីនស្កឹគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។

សាធារណរដ្ឋបេឡារុស
Рэспубліка Беларусь (ភាសាបេឡារុស)
Республика Беларусь (ភាសារុស្ស៊ី)
ទង់ជាតិ បេឡារុស
ទង់ជាតិ
វរលញ្ឆករបេឡារុស
វរលញ្ឆករ
ភ្លេងជាតិ

Дзяржаўны Гімн Рэспублікі Беларусь
Dziaržaŭny Himn Respubliki Bielaruś
(ភាសាខ្មែរ៖ "ចម្រៀងជាតិបេឡារុស")
ទីតាំងប្រទេសបេឡារុស (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសបេឡារុស (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
មីនស្កឹ
53°55′N 27°33′E / 53.917°N 27.550°E / 53.917; 27.550
ភាសាផ្លូវការភាសាបេឡារុស និង ភាសារុស្ស៊ីa
ភាសាភាគតិចដែលបានទទួលស្គាល់
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)
  • ៨៤.៩% ជនជាតិបេឡារុស
  • ៧.៥% ជនជាតិរុស្ស៊ី
  • ៣.១% ជនជាតិប៉ូឡូញ
  • ១.៧% ជនជាតិអ៊ុយក្រែន
  • ២.៨% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០១១)
  • ៥៥.៤% គ្រិស្តសាសនា
    —៤៨.៣% និកាយអូស្សូដក់
    —៧.១% និកាយគ្រិស្តដទៃទៀត
  • ៤១.១% គ្មានជំនឿសាសនា
  • ២.៤% សាសនាផ្សេងៗទៀត
  • ១.១% មិនបានបញ្ជាក់
រដ្ឋាភិបាលសាធារណរដ្ឋប្រកាន់ប្រព័ន្ធប្រធានាធិបតីនិយម អាស្រ័យសភាឯកភូត
- ប្រធានាធិបតី
អាឡិចសាន់ដឺ លូកាសិនកូ (កំពុងមានជម្លោះ)
- នាយករដ្ឋមន្ត្រី
រ៉ូម៉ាំង ហ្កូលូវឆិនកូ
នីតិបញ្ញត្តិរដ្ឋសភា
ក្រុមប្រឹក្សានៃសាធារណរដ្ឋ
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យ 
- ប្រកាសបង្កើតឡើង
២៥ មីនា ១៩១៨
ទទួលឯករាជ្យពីសហភាពសូវៀត
១០ ធ្នូ ១៩៩១
- ទទួលស្គាល់
២៦ ធ្នូ ១៩៩១
ប្រកាសរដ្ឋធម្មនុញ្ញ
១៥ មីនា ១៩៩៤
- កំណែប្រែចុងក្រោយបង្អស់
១៧ តុលា ២០០៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២០៧,៥៩៥ គ.ម   (ទី៨៤)
- ផ្ទៃទឹក (%)
១.៤%
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral decrease ៩,៤០៨,៤០០ (ទី៩៣)
- ជំរឿន (ឆ្នាំ ២០១៩)
Neutral decrease ៩,៤១៣,៤៤៦
- ដង់ស៊ីតេ
៤៥.៨ នាក់/គ.ម   (ទី១៤២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
decrease ១៨៥.៨៨៩ ពាន់លានដុល្លារ (ទី៦៩)
- ក្នុងម្នាក់
decrease ១៩,៧៥៨ ដុល្លារ (ទី៦៦)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
decrease ៥៧.៧០៨ ពាន់លានដុល្លារ (ទី៧៥)
- ក្នុងម្នាក់
decrease ៦,១៣៣ ដុល្លារ (ទី៨៤)
ជីនី (២០១៨)positive decrease 25.2
ទាប
HDI (២០១៩)increase 0.823
ខ្ពស់ណាស់ · ទី ៥៣
រូបិយវត្ថុរូបបេឡារុស (BYN)
ល្វែងម៉ោងUTC+៣ (MSK)
ទម្រង់កាលបរិច្ឆេទdd.mm.yyyy
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៣៧៥
ដែនកម្រិតខ្ពស់
  • .by
  • .бел
គេហទំព័រ
belarus.by
  1. ^ "រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋបេឡារុសនៃឆ្នាំ១៩៩៤". Archived from the original on 2020-03-04. Retrieved 2021-05-25. ផ្នែកទី ១, មាត្រា ១៧

មុនសតវត្សទី២០ ទឹកដីបេឡារុសសព្វថ្ងៃត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនិងចក្រភពខុសៗគ្នារួមមាន៖ រូសកៀវ ក្សត្របុរីប៉ូឡូស្កឹ មហាពញារដ្ឋលីទុយអានី សហធនរដ្ឋប៉ូឡូញ–លីទុយអានី ហើយនិងចក្រភពរុស្ស៊ី។ បន្ទាប់ពីបដិវត្តន៍រុស្ស៊ីនៅក្នុងឆ្នាំ១៩១៧ មានរដ្ឋមួយចំនួនបានចាប់ផ្តើមប្រជែងគ្នានៅក្នុងសង្គ្រាមស៊ីវិលដើម្បីដណ្តើមឥទ្ធិពលនិងទឹកដីហើយទីបំផុត សសស បេឡារុសក៏ត្រូវបង្កើតឡើង ហើយបានបញ្ចូលជាផ្នែកនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩២២។ បន្ទាប់ពីសង្គ្រាមប៉ូឡូញ–សូវៀតបានបញ្ចប់ ទឹកដីបេឡារុសជិតពាក់កណ្តាលត្រូវបានកាត់ទៅឱ្យប្រទេសប៉ូឡូញ។ ទឹកដីបេឡសរុសសព្វថ្ងៃបានលេចចេញជារូបរាងឡើងដំបូងនៅអំឡុងឆ្នាំ១៩៣៩ បន្ទាប់ពីសូវៀតបានចូលឈ្លានពានប្រទេសប៉ូឡូញនាអំឡុងសង្គ្រាមលោកលើកទី២។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រតិបត្តិការយោធាជាច្រើនត្រូវបានប្រព្រឹត្តិទៅនៅលើទឹកដីបេឡារុសដែលជាហេតុបណ្តាលឱ្យបេឡារុសទទួលរងការខូតខាតនិងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយក្នុងនោះមានជនស៊ីវិលបេឡារុសប្រមាណ ១ ភាគ ៤ ត្រូវបាត់បង់ជីវិតហើយធនធានសេដ្ឋកិច្ចខ្លួនជាងពាក់កណ្តាលត្រូវរលាយរលុត។ សាធារណរដ្ឋមួយនេះត្រូវបានរដ្ឋាភិបាលសូវៀតជួយអភិវឌ្ឍឡើងវិញបន្ទាប់ពីមហាសង្គ្រាមដ៏ប្រល័យបានបញ្ចប់។ នៅឆ្នាំ១៩៤៥ សសស បេឡារុសបានក្លាយជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិរួមជាមួយសហភាពសូវៀត។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩០ សភានៃសាធារណរដ្ឋបានប្រកាសពីអធិបតេយ្យភាពរបស់ប្រទេសបេឡារុសហើយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩១ បេឡារុសក៏បានប្រកាសឯករាជ្យខណៈដែលសូវៀតកំពុងតែជួបវិបត្តិផ្ទៃក្នុងដ៏ធ្ងន់។ បន្ទាប់ពីបានអនុម័តរដ្ឋធម្មនុញ្ញថ្មីនៅក្នុងឆ្នាំ១៩៩៤ លោកអាឡិចសាន់ដឺ លូកាសិនកូក៏ជាប់ឆ្នោតក្លាយជាប្រធានាធិបតីដំបូងរបស់ប្រទេសបេឡារុសហើយលោកបានកាន់តំណែងនេះចាប់តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន។ គេបានចាត់ទុករដ្ឋាភិបាលលូកាសិនកូថាជារដ្ឋាភិបាលផ្តាច់ការហើយមិនតែប៉ុណ្ណោះ ក្រុមសិទ្ធិមនុស្សក៏បានអះអាងដែរថាសិទ្ធិមនុស្សនៅក្នុងប្រទេសបេឡារុសគឺមានកម្រិតទាបបំផុត។ បេឡារុសគឺជាប្រទេសអឺរ៉ុបតែមួយគត់ដែលនូវអនុវត្តការកាត់ទោសប្រហារជីវិត។ លោកលូកាសិនកូគឺនូវតែប្រកាន់ខ្ជាប់នូវគោលនយោបាយមួយចំនួនខ្លះៗពីសម័យសូវៀតមានដូចជា កម្មសិទ្ធិរបស់រដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ច...ជាដើម។ នៅក្នុងឆ្នាំ២០០០ ប្រទេសបេឡារុសនិងប្រទេសរុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរហើយជាលទ្ធផល រដ្ឋសហភាពក៏បានបង្កើតឡើង។

ប្រទេសបេឡារុសគឺជាប្រទេសកំពុងអភិវឌ្ឍហើយជាប្រទេសដែលជាប់លំដាប់ថ្នាក់កំពូលមួយនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសបេឡារុសគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ និងជាសមាជិកនៃសហគមន៍នៃរដ្ឋឯករាជ្យ អង្គការសន្ធិសញ្ញាសន្តិសុខរួម សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី និងចលនាមិនចូលបក្សសម្ព័ន្ធ។ ប្រទេសនេះបានបញ្ជាក់ថាខ្លួនគ្មានបំណងចូលរួមជាសមាជិកសហភាពអឺរ៉ុបនោះឡើយតែបានរក្សាទំនាក់ទំនងទ្វេភាគីជាមួយ ហើយធ្លាប់បានចូលរួមនៅក្នុងគម្រោងអឺរ៉ុបចំនួនពីរ៖ ភាពជាដៃគូទិសបូព៌ា និងកិច្ចផ្តួចផ្តើមទីក្រុងបាគូ។

ឈ្មោះ

ឈ្មោះថា បេឡារុស គឺមានលក្ខណៈស្រដៀងនឹងពាក្យ បេឡាយ៉ា រុស ពោលគឺរុស'ស។ គេបានលើកឡើងនូវអំណះអំណាងមួយចំនួនចំពោះប្រភពដើមនៃឈ្មោះថា រុស'ស។ ទ្រឹស្តីសាសនាពន្ធុសាស្ត្របានបង្ហាញថា ឈ្មោះរុស'សគឺជាឈ្មោះសម្តៅលើទឹកដីរូសតេនីបុរាណដែលកាលនុះត្រូវជាផ្នែកមួយនៃមហាពញារដ្ឋលីទុយអានីហើយមានប្រជាជនភាគច្រើនជាជនជាតិស្លាវ កាន់សាសនាគ្រិស្ត។ ទឹកដីរុស'សគឺផ្ទុយពីរុស'ខ្មៅដែលជាទឹកដីកាន់កាប់ដោយពួកបាល់ត៍ដែលគ្មានជំនឿលើសាសនាអ្វីនោះទេ។ ទ្រឹស្តីមួយទៀតបានពន្យល់ថាឈ្មោះនោះគឺសម្តៅទៅលើជនជាតិស្លាវនៅក្នុងតំបន់ដែលតែងស្លៀកបំពាក់ពណ៌ស។ ទ្រឹស្តីទីបីបានប្រាប់ថា ប្រជាជនដែលរស់នៅលើទឹកដីរុសបុរាណដែលមិនធ្លាប់បានកាន់កាប់ដោយពួកតាតារ ត្រូវបានគេច្រើនសម្តៅថារុស'ស។ ទ្រឹស្តីទីបួនបានបង្ហាញថា ពណ៌សគឺមានទំនាក់ទំនងជិតដិតជាមួយទិសខាងលិចហើយទឹកដីបេឡារុសគឺជាទឹកដីផ្នែកខាងលិចនៃចក្រភពរូសកៀវនៅរវាងសតវត្សទី៩–១៣។

ពាក្យថា បេឡារុស្ស៊ីយ៉ា គឺតែងនិយមប្រើប្រាស់ដោយជនជាតិរុស្ស៊ីតាំងពីសម័យចក្រភពរុស្ស៊ីរហូតមកដល់អំឡុងឆ្នាំ១៩៩១។ ឈ្មោះផ្លូវការរបស់ប្រទេសនេះគឺ សាធារណរដ្ឋបេឡារុស (ភាសាបេឡសរុស៖ Рэспубліка Беларусь, ភាសារុស្ស៊ី៖ Республика Беларусь)។ នៅឯប្រទេសរុស្ស៊ីវិញ ពាក្យថាបេឡារុស្ស៊ីយ៉ាគឺនូវតែមានអ្នកប្រើប្រាស់ជារឿយៗ។

ប្រវត្តិសាស្ត្រ

ប្រវត្តិសាស្ត្របុរាណ

នៅរវាងឆ្នាំ៥០០០ ដល់ឆ្នាំ២០០០ មុនគ.ស វប្បធម៌បន្ទាត់កុម្ភភ័ណបានលេចចេញជារូបរាងឡើងនៅលើទ្វីបអឺរ៉ុប។ ក្រៅពីនេះ សំណល់និងមរតកនៃវប្បធម៌ឌីណេព័រ–ដូណេតត្រូវបានគេរកឃើញថាមានវត្តមាននៅលើទឹកដីបេឡារុសនិងផ្នែកខ្លះទៀតនៃប្រទេសអ៊ុយក្រែន។ ទឹកដីរបស់ប្រទេសបេឡារុសសព្វថ្ងៃគឺត្រូវបានក្រុមកុលសម្ព័ន្ធបាលទិកចូលមកតាំងទីលំនៅនៅអំឡុងសតវត្សទី៣។ នៅជុំវិញសតវត្សទី៥ តំបន់មួយនេះក៏ត្រូវបានកាន់កាប់ដោយពួកស្លាវ។ ជាលទ្ធផល វប្បធម៌ស្លាវបានហូរចូលមកក្នុងតំបន់នេះដូច្នេះប្រទេសបេឡារុសសព្វថ្ងៃគឺត្រូវជាប្រទេសស្លាវ។

រូសកៀវ

បេឡារុស 
ទឹកដីនៃក្សត្របុរីរូសមុនការចូលឈ្លានពានរបស់ពួកម៉ុងកូលនិងលីទុយអានី

នៅសតវត្សទី៩ ទឹកដីបេឡារុសបានក្លាយជាផ្នែកមួយនៃអាណាចក្ររូសកៀវដែលជារដ្ឋស្លាវខាងកើតដ៏មានអំណាចមួយក្រោមរាជវង្សរូរីគ។ បន្ទាប់ពីព្រះអង្គយ៉ារ៉ូស្លាវទី១ បានសោយទិវង្គត មហារដ្ឋមួយនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីឯករាជ្យតូចៗ។ ក្សត្របុរីសំខាន់ៗជាច្រើនត្រូវបានទទួលរងនូវការឈ្លានពាននិងបំផ្លិចបំផ្លាញដោយពួកម៉ុងកូលនៅអំឡុងសតវត្សទី១៣ ប៉ុន្តែទឹកដីបេឡារុសបានចៀសផុតពីការឈ្លានពានទាំងនោះហើយមិនយូរប៉ុន្មានក៏ព្រមចុះចូលជាផ្នែកនៃមហាពញារដ្ឋលីទុយអានី។ យោងតាមទិន្នន័យប្រវត្តិសាស្ត្រក្នុងតំបន់បានបង្ហាញថា បេឡារុសបានចងសម្ព័ន្ធភាពនិងព្រមឯកភាពនឹងគោលនយោបាយការបរទេសរបស់ប៉ូឡូតស្កឹនិងលីទុយអានីអស់រយៈពេលជាច្រើនទស្សវត្ត។ បន្ទាប់ពីដឹងឮថាពួកម៉ុងកូលនូវតែបន្តប្រតិបត្តិការពង្រីកទឹកដីឆ្ពោះមកទិសខាងលិច ក្សត្របុរីមីនស្កឹបានសូមជ្រកកោនក្រោមអាណាព្យាបាលភាពរបស់លីទុយអានីហើយនៅឆ្នាំ១២៤២ មីនស្កឹក៏បានក្លាយជាផ្នែកនៃមហាពញារដ្ឋលីទុយអានីតែម្តង។

ការចុះចូលជាមួយមហាពញារដ្ឋលីទុយអានីបានបង្កឱ្យមានការបង្រួបបង្រួមសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាតិនៃទឹកដីបេឡារុសឡើងវិញ។ ក្នុងចំណោមក្សត្របុរីទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លីទុយអានី ក្នុងនោះមានក្សត្របុរីចំនួន ៩ ដែលមានប្រជាជនជាជនជាតិបេឡារុស។ នាសម័យនោះ មហាពញារដ្ឋលីទុយអានីបានចូលរួមក្នុងយុទ្ធនាការយោធាមួយចំនួនដូចជាការប្រយុទ្ធតតាំងនឹងអស្សឫទ្ធិតួតូនិចនៅក្នុងឆ្នាំ១៤១០ និងការទទួលជ័យជម្នះនៅក្នុងសង្គ្រាមមួយចំនួនដែលអនុញ្ញាតឱ្យពញារដ្ឋនោះចូលកាន់កាប់តំបន់ព្រំដែនទិសពាយព្យនៃអឺរ៉ុបខាងកើត។

ក្នុងពេលដំណើរគ្នានេះដែរ មហាពញារដ្ឋម៉ូស្គូក៏ចាប់និម្មិតឡើងហើយនៅឆ្នាំ១៤៨៦ នៅក្រោមរជ្ជកាលរបស់ព្រះបាទអ៊ីវ៉ានទី៣ ម៉ូស្គូបានផ្តើមយុទ្ធនាការយោធាដ៏ធំមួយដោយមានគោលដៅចង់ដណ្តើមយកអតីតទឹកដីនៃរូសកៀវមកវិញ ជាពិសេសគឺទឹកដីបេឡារុសនិងអ៊ុយក្រែន។

សហធនរដ្ឋប៉ូឡូញ–លីទុយអានី

បេឡារុស 
វិសាលភាពទឹកដីមហាពញារដ្ឋលីទុយអានីនៅក្នុងសតវត្សទី១៥។ ទឹកដីប្រទេសបេឡារុសទាំងអស់គឺស្ថិតនៅក្នុងមហារដ្ឋមួយនេះ។

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៣៨៦ មហាពញារដ្ឋលីទុយអានីនិងរាជាណាចក្រប៉ូឡូញបានបង្រួមចូលគ្នាជាសហភាពបុគ្គលតាមរយៈការរៀបអភិសេយរវាងមេដឹកនាំរដ្ឋទាំងពីរ។ ទីបំផុតនៅឆ្នាំ១៥៦៩ រដ្ឋទាំងពីរក៏យល់ព្រមចុះហត្ថលេខាលើសហភាពលូព្លីនដែលបង្កើតបានជាសហធនរដ្ឋប៉ូឡូញ–លីទុយអានី។

នៅក្នុងវប្បធម៌និងជីវិតសង្គមក្នុងរដ្ឋសហភាពនេះ ភាសាប៉ូឡូញគឺជាភាសាដែលគេប្រើប្រាស់ច្រើនជាងគេរីឯសាសនាកាតូលិកវិញគឺជាសាសនាដ៏និយមជាងគេ។ នៅឆ្នាំ១៦៩៦ ភាសារូសតេនីត្រូវបានជំនួសដោយភាសាប៉ូឡូញជាភាសាផ្លូវការ។ តែទោះជាយ៉ាងណាក្តី ប្រជាជនរូសតេនីនូវតែបន្តនិយាយភាសារបស់ខ្លួននិងនូវតែគោរពព្រះសហគមន៍កាតូលិកក្រិកបេឡារុស។ ពីដំបូង ច្បាប់លក្ខន្តិកៈត្រូវបានប្រកាសចេញជាភាសារូសតេនីហើយយូរទៅក៏ផ្លាស់ប្តូរចេញជាភាសាប៉ូឡូញវិញ។ អំឡុងឆ្នាំ១៨៦០ ច្បាប់លក្ខន្តិកៈទាំងនោះត្រូវបានលុបបំបាត់ចោលដោយស្តេចត្សាររុស្ស៊ីដែលជាលទ្ធផលនៃព្រឹត្តិការណ៍បះបោរខែវិច្ឆិកា។

ចក្រភពរុស្ស៊ី

បេឡារុស 
កងទ័ពបារាំងណាប៉ូលេអុងកំពុងដកថយពីកងកម្លាំងរុស្ស៊ីនៅលើទឹកដីបេឡារុស

សហភាពរវាងប៉ូឡូញនិងលីទុយអានីបានបញ្ចប់ជាផ្លូវការនៅក្នុងឆ្នាំ១៧៩៥ បន្ទាប់ពីទឹកដីរបស់រដ្ឋសហភាពមួយនេះត្រូវបានបំបែកបែងចែកគ្នាដោយចក្រភពរុស្ស៊ី ព្រុស និងអូទ្រីស។ ទឹកដីបេឡារុសបានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ីនៅអំឡុងរជ្ជកាលព្រះអធិរាជានីកាតឺរីនទី២ ដោយវាបានក្លាយជាតំបន់រដ្ឋបាលមួយរបស់រុស្ស៊ីរហូតដល់សម័យសង្គ្រាមលោកលើកទី១ គឺនៅពេលដែលអាល្លឺម៉ង់បានចូលឈ្លានពាន។

នៅក្រោមរជ្ជកាលព្រះចៅនីកូឡាសទី១ និងព្រះចៅអាឡិចសាន់ដឺទី៣, វប្បធម៌ជាតិបេឡារុសត្រូវបានហាមឃាត់លែងមិនឱ្យអនុវត្តនិងអភិរក្សទៀតឡើយ។ ប៉ូឡូញវូបនីយកម្មពីមុនត្រូវបានលុបបំបាត់ចោលហើយត្រូវជំនួសមកវិញនូវរុស្ស៊ីវូបនីយកម្មវិញដូចជា ការប្រែពីកាន់សាសនាកាតូលិកមកអូស្សូដក់វិញជាដើម...។ ភាសាបេឡារុសត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅតាមសាលារៀននិងស្ថាប័នអប់រំផ្សេងៗហើយនិស្សិតនិងយុវវ័យបេឡារុសត្រូវបានបង្គាប់ឱ្យនិយាយនិងប្រើប្រាស់ភាសារុស្ស៊ីជានិច្ច។

ដោយសារតែសម្ពាធសេដ្ឋកិច្ចនិងវប្បធម៌នេះហើយបានជាមានការបះបោរមួយផ្ទុះឡើងនៅអំឡុងឆ្នាំ១៨៦៣។ បន្ទាប់ពីការបះបោរបានប្រព្រឹត្តិទៅដោយបរាជ័យ រាជរដ្ឋាភិបាលរុស្ស៊ីបានណែនាំនូវតួអក្សរស៊ីលីរីកមកប្រជាជនបេឡារុសនៅឆ្នាំ១៨៦៤ ហើយឯកសារមួយណាដែលសរសេរចេញជាភាសាបេឡារុសនឹងមិនត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលរុស្ស៊ីឡើយរហូតដល់ឆ្នាំ១៩០៥។

នៅអំឡុងពេលចរចាក្នុងសន្ធិសញ្ញាប្រេស្ត-លីតូវស្ក ប្រទេសបេឡារុសបានប្រកាសឯករាជ្យខណៈដែលកំពុងនូវក្រោមការត្រួតត្រារបស់អាល្លឺម៉ង់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩១៨ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតបេឡារុស។ បន្ទាប់ពីប្រកាសបង្កើតរួច សង្គ្រាមប៉ូឡូញ–សូវៀតក៏បានផ្ទុះឡើងភ្លាមៗហើយជាលទ្ធផល ទឹកដីបេឡារុសត្រូវបានបែងចែកជាពីរផ្នែកដោយមួយផ្នែកស្ថិតនៅក្រោមប៉ូឡូញនិងមួយផ្នែកទៀតស្ថិតនៅក្រោមសហភាពសូវៀត។

រដ្ឋដំបូងនិងសម័យចន្លោះសង្គ្រាម

បេឡារុស 
សមាជិករដ្ឋាភិបាលដំបូងនៃសាធារណរដ្ឋប្រជាមានិតបេឡារុស

សាធារណរដ្ឋប្រជាមានិតបេឡារុសគឺជារដ្ឋឯករាជ្យដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់បេឡារុស។ វាមានអត្ថិភាពពីឆ្នាំ១៩១៨ រហូតដល់ឆ្នាំ១៩១៩។ ទោះជាជាមានការខិតខំប្រឹងប្រែងយ៉ាងណា វត្តមាននៃប្រទេសបេឡារុសគឺនូវមិនទាន់មាននៅឡើយទេព្រោះថាទឹកដីរបស់ខ្លួនត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់កងទ័ពរាជាធិរាជអាល្លឺម៉ង់និងកងទ័ពរាជាធិរាជរុស្ស៊ីមុននិងនៅអំឡុងសង្គ្រាមលោកលើកទី១ ហើយក្រោយចប់សង្គ្រាម ទឹកដីរបស់ពួកគេក៏បានធ្លាក់ក្រោមការត្រួតត្រារបស់កងទ័ពក្រហមបុលសេវិកវិញ។

នៅឆ្នាំ១៩១៩ ទឹកដីបេឡារុសមួយផ្នែកនៅក្នុងប្រទេសរុស្ស៊ីបានលេចឡើងចេញជា សាធារណរដ្ឋសង្គមនិយមសូវៀតបេឡារុស (សសសប)។ ក្រោយបន្តិចមក វាក៏ត្រូវបានរួមបញ្ចូលជាមួយទឹកដីលីទុយអានីដោយបង្កើតបាន សាធារណរដ្ឋសង្គមនិយមសូវៀតលីទុយអានីនិងបេឡារុស។ ប៉ុន្តែរដ្ឋរណបមួយនេះត្រូវបានបំបែកចែកគ្នារវាងប្រទេសប៉ូឡូញនិងសហភាពសូវៀតនៅក្នុងឆ្នាំ១៩២១ ហើយ សសសប ក៏ត្រូវបានបង្កើតឡើងវិញរួចវាបានក្លាយជារដ្ឋសមាជិកស្ថាបនិកនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩២២។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩២០ និងឆ្នាំ១៩៣០ គោលនយោបាយសេដ្ឋកិច្ចនិងកសិកម្មសូវៀតបានបង្កឱ្យមានគ្រោះទុរ្ភិក្សនិងវិបត្តិនយោបាយនៅស្ទើរទូទាំងសហភាព។

ងាកមកទឹកដីផ្នែកខាងលិចដែលស្ថិតនៅក្រោមប្រទេសប៉ូឡូញវិញ, ក្រោយពីសង្គ្រាមជាមួយសូវៀតបានបញ្ចប់ ជម្លោះរវាងរដ្ឋាភិបាលប៉ូឡូញនិងសមាគមជនជាតិភាគតិចបានផ្ទុះឡើងហើយក្នុងនោះក៏មានជនជាតិបេឡារុសផងដែរ។ ប៉ូឡូញវូបនីយកម្មដែលកំពុងតែប្រព្រឹត្តិទៅគឺត្រូវបានផ្តួចផ្តើមឡើងដោយចលនាប្រជាធិតេយ្យជាតិប៉ូឡូញដោយចលនាមួយនេះបានហាមឃាត់នូវការអនុវត្តនិងការអភិរក្សវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិអ៊ុយក្រែននិងបេឡារុស។ អង្គការនយោបាយបេឡារុសមួយឈ្មោះថា សហភាពកម្មករនិងកសិករបេឡារុសត្រូវបានរំលាយចោលនៅក្នុងឆ្នាំ១៩២៧ បន្ទាប់ពីទទួលបានការគំរាមកំហែងធ្ងន់ធ្ងរពីរដ្ឋាភិបាលប៉ូឡូញហើយបើនរណាហ៊ានប្រឆាំងនោះនឹងត្រូវទទួលបានការគាបសង្កត់គ្រប់បែបយ៉ាង។ ដោយសារតែជនជាតិបេឡារុសរស់នៅលើទឹកដីប៉ូឡូញមានចំនួនតិចដូច្នេះ កុបកម្មបះបោរបេឡារុសគឺមិនសូវជាបញ្ហាធំសម្រាប់រដ្ឋាភិបាលប៉ូឡូញនោះទេ។ រដ្ឋាភិបាលប៉ូឡូញច្រើនតែផ្តោតទៅលើការបង្ក្រាបកុបកម្មរបស់ជនជាតិភាគតិចអ៊ុយក្រែនដែលមានចំនួនលើសលប់ពីជនជាតិបេឡារុសឆ្ងាយហើយម្យ៉ាងវិញទៀតគឺជនជាតិអ៊ុយក្រែនរាងសកម្មខាងផ្នែកនយោបាយជាងប្រជាជនបេឡារុស។ បន្ទាប់ពីមរណភាពរបស់លោកហ្សូសែហ្វ ភីលស៊ូតស្គី (ប្រធានាធិបតីប៉ូឡូញ) នៅឆ្នាំ១៩៣៥ រលកនៃការគាបសង្កត់ថ្មីត្រូវបានបញ្ចេញមកលើជនជាតិភាគតិតដូចជា៖ ការបិទព្រះវិហារអូស្សូដក់និងសាលារៀន លែងឱ្យប្រើប្រាស់ភាសាជាតិ ហើយមេដឹកនាំចលនានិងអង្គការគ្រប់ប្រភេទរបស់បេឡារុសត្រូវបានចាប់ដាក់ពន្ធនាគារ។ល។

សង្គ្រាមលោកលើកទី២

បេឡារុស 
បុរស​ម្នាក់កំពុងអង្គុយលើកាណុងកាំភ្លើង​រថក្រោះ KV-2 របស់​សូវៀត​នៅ​ទីក្រុងវីទិបស្កិ៍ក្នុង​ឆ្នាំ១៩៤១។

នៅឆ្នាំ១៩៣៩ អាល្លឺម៉ង់ណាស៊ីនិងសហភាពសូវៀតបានព្រួតគ្នាវាយចូលឈ្លានពាននិងត្រួតត្រាប្រទេសប៉ូឡូញហើយឆាកសង្គ្រាមនៅអឺរ៉ុបក៏បានផ្ទុះឡើង។ សូវៀតបានកាត់យកទឹកដីប៉ូឡូញខាងលិចស្ទើរទាំងអស់ដោយមានរួមទាំងទឹកដីបេឡារុសផងដែរ ហើយជាលទ្ធផល សសសប ក៏បានបង្រួបបង្រួមគ្នាឡើងសារជាថ្មី។ ក្រុមប្រឹក្សាប្រជាជនបេឡារុសត្រូវបានតាងឡើងជារដ្ឋបាលក្នុងតំបន់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៣៩។ នៅឆ្នាំ១៩៤២ អាល្លឺម៉ង់ក៏សម្រេចចិត្តចូលឈ្លានពានសហភាពសូវៀតដោយគេបានសម្តៅលើប្រតិបត្តិការឈ្លានពាននេះថា ប្រតិបត្តិការបាបារ៉ូសា។

យោងតាមស្ថិតិ បេឡារុសគឺជារដ្ឋមួយក្នុងចំណោមសាធារណរដ្ឋសូវៀតទាំងអស់ដែលបានទទួលរងនូវផលប៉ះពាល់ច្រើនជាងគេនៅក្នុងសង្គ្រាមលោកលើកទី២ ហើយបានធ្លាក់ក្រោមការត្រួតត្រារបស់អាល្លឺម៉ង់រហូតដល់ឆ្នាំ១៩៤៤។ នៅខណៈពេលកំពុងត្រួតត្រា អាល្លឺម៉ង់បានបំផ្លិចបំផ្លាញទីក្រុងចំនួន ២០៩ ក្នុងចំណោមទីក្រុងសរុបចំនួន ២៩០, ៨៥% នៃឧស្សាហកម្មបេឡារុសត្រូវបានបាត់បង់ និងរួមជាមួយអគារជាងមួយលានខ្នង។ ផែនការជេនណេរ៉ូលផ្លង់អូស្តរបស់អាល្លឺម៉ង់បានបង្កឱ្យមានសកម្មភាពប្រល័យពូជសាសន៍នៅតាមតំបន់អឺរ៉ុបកណ្តាលនិងខាងលិច ពិសេសគឺរដ្ឋបេឡារុសនោះឯង។ ទឹកដីបេឡារុសខាងលិចបានក្លាយជាផ្នែកនៃរ៉ៃស៍ស្កូមីស្សារីអាតអូស្តឡង់នៅក្នុងឆ្នាំ១៩៤១ ប៉ុន្តែនៅឆ្នាំ១៩៤៣ អាជ្ញាធរអាល្លឺម៉ង់ក្នុងស្រុកបានសម្រេចបង្កើតរដ្ឋរណបមួយឈ្មោះថារ៉ាដាកណ្តាលបេឡារុស។

សង្គ្រាមរវាងអាល្លឺម៉ង់នឹងសូវៀត (១៩៤១–៤៤) បានផ្តល់វិបត្តិនិងបញ្ហាជាច្រើនដល់ប្រជាជាតិបេឡារុស។ ប្រជាជនបេឡារុសជាង ១,៦ លាននាក់ និងទាហានបេឡារុសប្រមាណ ៦២០,០០០ នាក់ត្រូវបានបាត់បង់ជីវិតហើយបើគិតជាភាគរយគឺស្មើនឹង ២៥% នៃចំនួនប្រជាជនសរុប។ ប្រជាជនបេឡារុសដែលមានដើមកំណើតជ្វីហ្វត្រូវបានទាហានអាល្លឺម៉ង់ចាប់ធ្វើទារុណកម្មនិងបង្អត់ចំណីអាហារនៅក្នុងជំរុំឃុំឃាំងហើយនេះគឺជាមូលហេតុចម្បងមួយដែលបង្ហាញពីវត្តមានតិចតួចនៃជនជាតិជ្វីហ្វនៅលើទឹកដីប្រទេសបេឡារុសសព្វថ្ងៃ។ ចំនួនប្រជាជនសរុបនៅបេឡារុសមិនបានទទួលកំណើនអ្វីឡើយក្រោយពីសង្គ្រាមបានបញ្ចប់ លុះដល់ឆ្នាំ១៩៧១ ទើបកំណើនបានកើនឡើងវិញ។

សម័យក្រោយសង្គ្រាម

នៅក្រោយសង្គ្រាម បេឡារុសបានក្លាយជារដ្ឋសមាជិកស្ថាបនិកទាំង ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយដូចនេះទើបបេឡារុសមានសិទ្ធិបោះឆ្នោតលើអ្វីៗនៅលើឆាកអង្គការសហប្រជាជាតិ។ ព្រំដែនរវាងប្រទេសប៉ូឡូញនិងបេឡារុសត្រូវបានរៀបចំសារជាថ្មីដោយផ្អែកលើខ្សែបន្ទាត់កាហ្សុនដែលបានស្នើកាលពីឆ្នាំ១៩១៩។

មេដឹកនាំសូវៀតលោកហ្សូសែហ្វ ស្តាលីនបានអនុវត្តសូវៀតវូបនីយកម្មដើម្បីផ្តាច់បេឡារុសចេញពីឥទ្ធិពលលោកខាងលិច។ គោលនយោបាយនេះបានប្រព្រឹត្តិទៅតាមរយៈការបញ្ជូនអ្នកនយោបាយរុស្ស៊ីពីគ្រប់ផ្នែកនៃសហភាពសូវៀតទៅកាន់កាប់តំណែងសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលបេឡារុស។ បន្ទាប់ពីមរណភាពរបស់ស្តាលីននៅឆ្នាំ១៩៥៣ លោកនីគីតា គ្រូឆេវបានឡើងកាន់តំណែងជាមេដឹកនាំបន្តដោយលោកបានអនុវត្តនូវគោលនយោបាយរបស់ស្តាលីនដដែរ។

អ្នកនយោបាយកុម្មុយនីស្តសូវៀតបេឡារុសម្នាក់ឈ្មោះអានឌ្រី ក្រូម៉ៃកាបានចូលបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេសសូវៀត (១៩៥៧–៨៥) និងជាប្រធាននៃគណៈប្រធានសូវៀតកំពូល (១៩៨៥–៨៨) ដោយលោកជាអ្នកនយោបាយសញ្ជាតិបេឡារុសដ៏សំខាន់បំផុតនាសម័យនោះនិងជាអ្នកទទួលខុសត្រូវលើគោលនយោបាយការបរទេសសូវៀតស្ទើរទាំងស្រុង។ នៅឆ្នាំ១៩៨៦ បរិយាកាសនៃរដ្ឋបេឡារុសបានទទួលនូវការធ្លាក់វិទ្យុសកម្មនុយក្លេអ៊ែរច្រើនបំផុត (៧០%) ពីបន្ទុះរោងចក្រថាមពលនៅឈើណូប៊ីលដែលមានចម្ងាយ ១៦ គីឡូម៉ែត្រពីទឹកដីអ៊ុយក្រែន។

នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ សេរីភាវូបនីយកម្មនយោបាយបាននាំឱ្យឥទ្ធិពលជាតិនិយមងើបឡើងវិញ ដោយមានរណសិរ្សប្រជាជនបេឡារុសជាកម្លាំងគាំទ្រឯករាជ្យដ៏សំខាន់មួយ។

ឯករាជ្យភាព

បេឡារុស 
មេដឹកនាំរុស្ស៊ី អ៊ុយក្រែន និងបេឡារុសកំពុងអង្គុយចុះហត្ថលេខាលើកិច្ចព្រមព្រៀងបេឡាវេហ្សាដែលនឹងរំលាយសហភាពសូវៀតជាផ្លូវការ, ៨ ធ្នូ ១៩៩១

នៅខែមីនា ឆ្នាំ១៩៩០ ការបោះឆ្នោតដើម្បីអាសនៈនៅក្នុងសភាកំពូលសូវៀតនៃ សសស បេឡារុសត្រូវបានប្រព្រឹត្តិធ្វើឡើង។ ទោះបីជារណសិរ្សប្រជាជនបេឡារុសបានដណ្តើមអាសនៈបានតែ ១០% ក៏ដោយតែប្រជាជនភាគច្រើនបានចូលរួមគាំទ្រដល់ចលនាមួយនេះ ជាពិសេសគឺសមាជិកដែលបានជ្រើសតាំងនៅក្នុងសភា។ រដ្ឋបេឡារុសបានប្រកាសពីអធិបតេយ្យភាពរបស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៣ តាមរយៈការចេញប្រកាសនូវសេចក្តីប្រកាសស្តីពីអធិបតេយ្យភាពរដ្ឋនៃសាធារណរដ្ឋសង្គមនិយមសូវៀតបេឡារុស។

ដោយមានការគាំទ្រពីបក្សកុម្មុយនិស្ត ឈ្មោះផ្លូវការរបស់ប្រទេសនេះត្រូវបានប្តូរមក សាធារណរដ្ឋបេឡារុស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩១។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩១ ប្រធាននៃសភាកំពូលសូវៀតបេឡារុសលោកស្តានីស្លាវ ស៊ូសកេវិចបានជួបជាមួយនឹងមេដឹកនាំរុស្ស៊ីលោកបូរីស យែលស៊ីននិងមេដឹកនាំអ៊ុយក្រែនលោកឡេអូនីត ក្រាវឈូកដណ្តើមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរំលាយសហភាពសូវៀតចោលជាផ្លូវការនិងការបង្កើតសហគមន៍នៃរដ្ឋឯករាជ្យឡើង។

រដ្ឋធម្មនុញ្ញជាតិមួយត្រូវបានអនុម័តនៅខែមីនា ឆ្នាំ១៩៩៤ ដោយមុខងារនាយករដ្ឋមន្ត្រីពីមុនត្រូវបានប្រគល់មកឱ្យប្រធានាធិបតីបេឡារុស ការបោះឆ្នោតប្រធានាធិបតីបានប្រព្រឹត្តិទៅចំនួនពីរលើក (២៤ មិថុនា ១៩៩៤ និង ១០ កក្កដា ១៩៩៤) ហើយជាលទ្ធផល លោកអាឡិចសាន់ដឺ លូកាសិនកូក៏បានជាប់ឆ្នោតក្លាយជាមេដឹកនាំនៃប្រជាជាតិថ្មីមួយនេះដោយលោកបានទទួលសម្លេងឆ្នោត ៤៥% ក្នុងដំណើរបោះឆ្នោតលើកទីមួយរួចទទួលបាន ៨០% ក្នុងដំណើរបោះឆ្នោតលើកទីពីរ។ លូកាសិនកូបានជាប់ឆ្នោតម្តងហើយម្តងទៀតជាបន្តបន្ទាប់គ្នានៅក្នុងការបោះឆ្នោតឆ្នាំ២០០១, ២០០៦, ២០១០ និងឆ្នាំ២០១៥។ ជាយូរណាស់មកហើយ រដ្ឋាភិបាលលោកខាងលិចមួយចំនួនរួមជាមួយអង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានរិះគន់រដ្ឋាភិបាលលោកលូកាសិនកូយ៉ាងខ្លាំងដោយចោតប្រកាន់ថាជារដ្ឋាភិបាលផ្តាច់ការ។

បេឡារុស 
លោកអាឡិចសាន់ដឺ លូកាសិនកូបានគ្រប់គ្រងប្រទេសបេឡារុសចាប់តាំងពីឆ្នាំ១៩៩៤។

ចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីបានទទួលឥទ្ធិពលពីប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំមកទីបំផុតលោកលូកាសិនកូក៏បានសម្រេចចិត្តជំរុញនិងគាំទ្រនូវអត្តសញ្ញាណជាតិបេឡារុស។ ជាលើកដំបូង លោកលូកាសិនកូបានថ្លែងសុន្ទរកថាជាភាសាបេឡារុស (ជាជាងភាសារុស្ស៊ីដែលប្រជាជនបេឡារុសមួយចំនួនធំបាននិយាយប្រើប្រាស់ដូចភាសាចម្បងរបស់ពួកគេអញ្ចឹង)។ ក្នុងសុន្ទរកថានោះផងដែរ លោកលូកាសិនកូបានមានប្រសាសន៍ថា "យើងមិនមែនជាប្រជាជនរុស្ស៊ីទេ—តែយើងជាជនជាតិបេឡារុស" ហើយបន្ទាប់មកលោកបានលើកទឹកចិត្តប្រជាជនទាំងឡាយឱ្យប្រើប្រាស់ភាសាបេឡារុសឱ្យកាន់តែច្រើន។ ជម្លោះពាណិជ្ជកម្ម វិវាទព្រំដែន និងឥរិយាបថថ្មីរបស់ពួកមន្ត្រីដែលចាប់ផ្តើមស្តាប់និងយល់ព្រមនឹងសំលេងប្រឆាំងគឺសុទ្ធតែជាផ្នែកមួយនៃទំនាក់ទំនងដែលកំពុងធ្លាក់ចុះដុនដាបជាមួយរុស្ស៊ីនាពេលនោះ។

នៅឆ្នាំ២០១៩ លោកលូកាសិនកូបានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីននៅឯទីក្រុងសូឈី ប្រទេសរុស្ស៊ីហើយបានប្រកាសថាប្រទេសទាំងពីរ"អាចបង្រួបបង្រួមនៅថ្ងៃស្អែកដោយគ្មានបញ្ហា"។ វាគឺជាគំនិតមួយដែលពូទីនតែងតែគាំទ្រកន្លងមក អ្នកសង្កេតការណ៍បានចាត់ទុកផែនការនេះថាជាបំណងប្រាថ្នារបស់ពូទីនដោយវាអាចជួយឱ្យលោកបន្តកាន់អំណាចលើសពីឆ្នាំ២០២៤ ទៅទៀត។ ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រនយោបាយមួយរូបឈ្មោះមីខាអ៊ីល វីណូក្រាដូវបានពន្យល់ថា"លូកាសិនកូនឹងសម្តែងជាអ្នកមាំមួនក្លាហាននៅមុខសាធារណជនខ្លួនតែបែរជាព្យាយាមធ្វើខ្លួនខ្សោយនៅមុខពូទីន" លោកអាតយូម ស្ត្រៃម៉ាន់ដែលមកពីមជ្ឈមណ្ឌលម៉ូស្គូកាណេជីបានលើកឡើងថា"ម៉ូស្គូអាចទំនងជាបរាជ័យនៅក្នុងការរកមូលដ្ឋានរបស់ខ្លួននៅក្នុងចំណោមប្រជាជនបេឡារុស"។

បាតុកម្មដ៏ធំមួយបានផ្ទុះឡើងនៅពាសពេញផ្ទៃប្រទេសបន្ទាប់ពីការចេញនូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីបេឡារុសឆ្នាំ២០២០ ដោយគេឃើញថាលោកលូកាសិនកូនឹងកាន់អំណាចមួយអាណត្តិបន្តទៀត។ មេដឹកនាំរុស្ស៊ីនិងសហភាពអឺរ៉ុបបានព្រមានថាអាចនឹងមានការចូលធ្វើអន្តរាគមន៍ពីសំណាក់អន្តរជាតិនៅក្នុងកិច្ចការផ្ទៃក្នុងរបស់បេឡារុស។ រដ្ឋាភិបាលលីទុយអានីបានយល់ព្រមផ្តល់នូវទីកន្លែងជ្រកកោនដល់បេក្ខជនបក្សប្រឆាំងបេឡារុសសំខាន់ៗដូចលោកស្រីស្វីតឡាណា ទីកាណូវស្កាយ៉ា និងសមាជិកក្រុមប្រឆាំងដទៃទៀត។ ប្រទេសប៉ូឡូញក៏បានគាំទ្រក្រុមបក្សប្រឆាំងទាំងនោះផងដែរ។ ក្រោយពីការបោះឆ្នោត លូកាសិនកូមិនត្រូវបានសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកទទួលស្គាល់ថាជាប្រធានាធិបតីស្របច្បាប់របស់បេឡារុសតទៅទៀតឡើយ។ មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបនិងអាមេរិកបានរួមគ្នាដាក់ទណ្ឌកម្មនយោបាយលើមន្ត្រីជាន់ខ្ពស់បេឡារុសមួយចំនួនដោយចោតប្រកាន់មន្ត្រីទាំងនោះថាបានលួចបន្លំសន្លឹកឆ្នោតនិងគាបសង្កត់មកលើបាតុករ។

ភូមិសាស្ត្រ

ប្រទេសបេឡារុសគឺស្ថិតនៅរយៈទទឹង ជ ៥១° និង ៥៧° និងរយៈបណ្តោយ ក ២៣° និង ៣៣°។ ទឹកដីបេឡារុសពីជើងទៅត្បូងគឺមានចម្ងាយ ៥៦០ គម រីឯពីលិចទៅកើតគឺមានចម្ងាយ ៦៥០ គម។ ប្រទេសនេះមិនមានព្រំដែនជាប់នឹងសមុទ្រអ្វីនោះទេហើយសណ្ឋានដីគឺមានលក្ខណៈជាខ្ពង់រាបដែលសម្បូរទៅដោយដីភក់ច្រើន។ ផ្ទៃដីបេឡារុសប្រមាណ ៤០% គឺគ្របដណ្តប់ទៅដោយព្រៃឈើ។ ប្រទេសបេឡារុសគឺស្ថិតនៅក្នុងតំបន់អេកូឡូស៊ីចំនួន ២ គឺ៖ ព្រៃចម្រុះសាម៉ាទិចនិងព្រៃចម្រុះអឺរ៉ុបកណ្តាល។

បឹងធំតូចចំនួន ១១,០០០ និងអូរជាច្រើនត្រូវបានរកឃើញក្នុងប្រទេសបេឡារុស។ ទន្លេធំៗចំនួនបីបានហូរឆ្លងកាត់ប្រទេសនេះមាន៖ ទន្លេណេម៉ាន់ ព្រីបយ៉ាត់ និងទន្លេឌីណេព័រ។ ទន្លេណាម៉ាន់គឺហូរទៅកាន់ទិសខាងលិចឆ្ពោះទៅសមុទ្របាល់ទិករីឯទន្លេព្រីបយ៉ាត់គឺហូរសម្តៅទៅឌីណេព័រហើយទន្លេឌីណេព័របន្តហូរឆ្ពោះទៅទិសខាងត្បូងចូលទៅក្នុងសមុទ្រខ្មៅ។

បេឡារុស 
បឹងស៊្រូស្តានៅក្នុងតំបន់វីតិបស្ក៍

ចំណុចខ្ពស់បំផុតក្នុងប្រទេសនេះគឺភ្នំឌីស៊ែរជីនស្គី (៣៤៥ ម៉ែត្រ) រីឯចំណុចទាបបំផុតគឺស្ថិតនៅលើទន្លេណេម៉ាន់ (៩០ ម៉ែត្រ)។ កម្ពស់មធ្យមរបស់បេឡារុសគឺ ១៦០ ម៉ែត្រលើនីវ៉ូទឹក។ អាកាសធាតុក្នុងប្រទេសនេះមានលក្ខណៈជាអាកាសធាតុត្រជាក់មធ្យមនិងត្រជាក់ខ្លាំងដោយនៅខែមករាមានសីតុណ្ហភាពអប្បបរមាចាប់ពី -៤°C នៅតំបន់និរតីទៅ -៨°C នៅតំបន់ពាយព្យ។ ប្រទេសនេះក៏មានរដូវក្តៅសើមផងដែរដោយមានសីតុណ្ហភាពជាមធ្យម ១៨°C។ ប្រទេសបេឡារុសទទួលទឹកភ្លៀងជាមធ្យមពី ៥៥០ ទៅ ៧០០ មីល្លីម៉ែត្រ (mm) ជារៀងរាល់ឆ្នាំ។

ធនធានធម្មជាតិនៅក្នុងប្រទេសនេះមានដូចជា៖ រុក្ខជាតិពុក ចំនួនបរិមាណតិចតួចនៃប្រេងនិងឧស្ម័នធម្មជាតិ ថ្មក្រានីត ថ្មកំបោរ ដីស ដីខ្សាច់ ដីក្រួស និងដីឥដ្ឋ។ល។ ឥទ្ធិពលវិទ្យុសកម្មប្រហែល ៧០% ពីបទ្ទវហេតុនុយក្លេអ៊ែរទីក្រុងឈើណូប៊ីលនៅប្រទេសអ៊ុយក្រែនបានរសាត់ចូលមកក្នុងប្រទេសបេឡារុសដែលជាហេតុនាំឱ្យផ្ទៃដីបេឡារុសមួយភាគប្រាំ (ដីស្រែចម្ការនិងព្រៃឈើនៅតំបន់ភាគអាគ្នេយ៍) ទទួលរងផលប៉ះពាល់ខ្លាំង។ អង្គការសហប្រជាជាតិនិងទីភ្ញាក់ងារផ្សេងៗទៀតបានចាត់វិធានការកាត់បន្ថយកម្រិតវិទ្យុសកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ជាពិសេសគឺតាមរយៈការប្រើប្រាស់ធាតុសេស្យូមនិងការដាំដុះគ្រាប់កាណូឡាដើម្បីកាត់បន្ថយកម្រិតសេស្យូម-១៣៧ នៅក្នុងផ្ទៃដី។

បេឡារុសមានព្រំដែនជាប់នឹងប្រទេសឡេតូនីនៅភាគខាងជើង ប្រទេសលីទុយអានីនៅភាគពាយព្យ ប្រទេសប៉ូឡូញនៅភាគខាងលិច ប្រទេសរុស្ស៊ីនៅភាគខាងជើងនិងកើត និងប្រទេសអ៊ុយក្រែននៅភាគខាងត្បូង។ សន្ធិសញ្ញាឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៦ បានកំណត់ព្រំដែនបេឡារុសជាមួយនឹងប្រទេសឡេតូនីនិងលីទុយអានី ហើយបន្ទាប់មក បេឡារុសបានធ្វើសច្ចាប័នលើសន្ធិសញ្ញាឆ្នាំ១៩៩៧ ដោយបង្កើតបានព្រំដែនបេឡារុស–អ៊ុយក្រែននៅឆ្នាំ២០០៩។ បេឡារុសនិងលីទុយអានីបានធ្វើសច្ចាប័នជាលើកចុងក្រោយលើឯកសារកំណត់ព្រំដែននៅខែកុម្ភៈ ឆ្នាំ២០០៧។

រដ្ឋាភិបាល

អាឡិចសាន់ដឺ លូកាសិនកូ
ប្រធានាធិបតី
រ៉ូម៉ាំង ហ្គូលូវឆិនកូ
នាយករដ្ឋមន្ត្រី
បេឡារុស 
វិមានរដ្ឋាភិបាល, រដ្ឋធានីមីនស្កឹ

បេឡារុសគឺជាសាធារណរដ្ឋប្រធានាធិបតីនិយមដែលដឹកនាំដោយប្រធានាធិបតីនិងរដ្ឋសភា។ ប្រធានាធិបតីនីមួយៗអាចបម្រើការបានរយៈពេលប្រាំឆ្នាំក្នុងមួយអាណត្តិ។ នៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៤ ប្រធានាធិបតីអាចបម្រើការបានតែពីរឆ្នាំប៉ុណ្ណោះប៉ុន្តែកំណែប្រែរដ្ឋធម្មនុញ្ញនៅឆ្នាំ២០០៤ បានលុបចោលនូវការកំណត់អាណត្តិនោះ។ លោកអាឡិចសាន់ដឺ លូកាសិនកូបានបម្រើការជាប្រធានាធិបតីបេឡារុសចាប់តាំងពីឆ្នាំ១៩៩៤ មកម្លេះ។ នៅឆ្នាំ ១៩៩៦ លោកលូកាសិនកូបានអំពាវនាវឱ្យមានការបោះឆ្នោតចម្រូងចម្រាសមួយដើម្បីពន្យាររយៈពេលនៃអាណត្តិប្រធានាធិបតីពី ៥ ឆ្នាំទៅ ៧ ឆ្នាំហើយជាលទ្ធផលការបោះឆ្នោតប្រធានាធិបតីដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តិទៅនៅក្នុងឆ្នាំ១៩៩៩ ត្រូវបានរុញច្រានមកនៅឆ្នាំ២០០១ ទៅវិញ។ ប្រជាមតិក្នុងការពន្យាអាណត្តិនោះត្រូវបានប្រធានការិយាល័យបោះឆ្នោតលោកវិចទ័រ ហាន់ឆាប្រកាសថាមានការក្លែងបន្លំដ៏"អស្ចារ្យ" ដោយឮដូច្នេះ មន្ត្រីរដ្ឋាភិបាលបានដកលោកចេញពីតំណែងភ្លាមៗ។ រដ្ឋសភាជាតិគឺជាសភាពីរថ្នាក់ដែលមានសមាជិកសភាតំណាងរាស្ត្រចំនួន ១១០ រូប (សភាជាន់ទាប) និងសមាជិកក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋចំនួន ៦៤ រូប (សភាជាន់ខ្ពស់)។

បេឡារុស 
ទីជ័យជម្នះនៅទីក្រុងមីនស្ក៍

សភាតំណាងរាស្រ្តមានអំណាចក្នុងការតែងតាំងនាយករដ្ឋមន្រ្តី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អំពាវនាវឱ្យមានការបោះឆ្នោតទុកចិត្តលើនាយករដ្ឋមន្រ្តី និងផ្តល់យោបល់លើគោលនយោបាយការបរទេសនិងក្នុងស្រុក។ ក្រុមប្រឹក្សានៃសាធារណរដ្ឋគឺមានអំណាចក្នុងការជ្រើសរើសមន្រ្តីរដ្ឋាភិបាលផ្សេងៗ ធ្វើការប្តឹងប្តលប្រធានាធិបតី និងទទួលយកឬបដិសេធវិក័យប័ត្រដែលអនុម័តដោយសភាតំណាងរាស្រ្ត។ អង្គជំនុំជម្រះនីមួយៗមានសមត្ថភាពក្នុងការបដិសេធនូវច្បាប់ណាមួយដែលបានអនុម័តដោយមន្រ្តីមូលដ្ឋានប្រសិនបើវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

ទីស្តីការគណៈរដ្ឋមន្ត្រីគឺជារដ្ឋាភិបាលនៃប្រទេសបេឡារុសដែលដឹកនាំដោយនាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីចំនួន ៥ រូប។ សមាជិកគណៈរដ្ឋមន្ត្រីគឺត្រូវតែងតាំងដោយប្រធានាធិបតីហើយពួកគេមិនចាំបាច់ជាសមាជិកសភានោះឡើយ។ ស្ថាប័នតុលាការមានតុលាការកំពូលនិងតុលាការសំខាន់ៗមួយចំនួនដូចតុលាការធម្មនុញ្ញជាដើមដែលមានតួនាទីដោះស្រាយបញ្ហាទាក់ទងនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ធុរកិច្ចផ្សេងៗ។ ចៅក្រមនៃតុលាការជាតិគឺត្រូវបានតែងតាំងដោយប្រធានាធិបតីនិងត្រូវទទួលយល់ព្រមពីក្រុមប្រឹក្សានៃសាធារណរដ្ឋ។ តុលាការដែលទទួលខុសត្រូវលើករណីព្រហ្មទណ្ឌគឺតុលាការកំពូល។ រដ្ឋធម្មនុញ្ញបេឡារុសបានហាមឃាត់មិនឱ្យមានវត្តមានតុលាការក្រៅប្រព័ន្ធពិសេសនោះទេ។

ការបោះឆ្នោត

បេឡារុស 
អតីតទង់ជាតិបេឡារុស (ធ្លាប់បានប្រើនៅក្នុងឆ្នាំ១៩១៨, ១៩៤៣–៤៤ និង ១៩៩១–១៩៩៥) សព្វថ្ងៃវាគឺជានិមិត្តសញ្ញានៃការប្រឆាំងនឹងរដ្ឋាភិបាលលោកលូកាសិនកូ។

ប្រព័ន្ធផ្សព្វផ្សាយខ្លះៗនិងរួមទាំងអ្នកនយោបាយមួយចំនួនបានចាត់ទុកប្រទេសបេឡារុសថាជា"ប្រទេសផ្តាច់ការចុងក្រោយបង្អស់នៃទ្វីបអឺរ៉ុប" ចំណែកឯលូកាសិនកូវិញបានអះអាងនិងចាត់ទុករដ្ឋាភិបាលលោកថាជារដ្ឋាភិបាលប្រជាធិបតេយ្យដែលមាន"របៀបដឹកនាំបែបផ្តាច់ការ"។ ក្រុមប្រឹក្សាអឺរ៉ុបបានដកប្រទេសបេឡារុសចេញពីថ្នាក់រដ្ឋសង្កតការណ៍របស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៧ មកម្លេះបន្ទាប់ពីយល់ឃើញថាការបោះឆ្នោតឆ្នាំ១៩៩៦ មានភាពមិនប្រក្រតី។ ដើម្បីក្លាយជាសមាជិកពេញលេញ ក្រុមប្រឹក្សាអឺរ៉ុបបានតម្រូវឱ្យរដ្ឋាភិបាលបេឡារុសចូលគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។

នៅក្នុងការបោះឆ្នោតសភាឆ្នាំ២០០៤ គ្មានគណបក្សប្រឆាំងនិងគណបក្សគាំទ្រលូកាសិនកូណាដណ្តើមបានអាសនៈសម្បីតែមួយ។ អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្ដិការអឺរ៉ុប (OSCE) បានសម្រេចថាការបោះឆ្នោតនោះមិនមានភាពយុត្តិធម៌នោះទេពីព្រោះបេក្ខជនខាងបក្សប្រឆាំងត្រូវបានរដ្ឋាភិបាលបដិសេដមិនឱ្យចូលរួមហើយដំណើរនៃការបោះឆ្នោតត្រូវបានរៀបចំឡើងដើម្បីតែគាំទ្រអ្នកកាន់អំណាចប៉ុណ្ណោះ។

នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៦ លូកាសិនកូត្រូវបានតវ៉ាប្រឆាំងដោយលោកអាឡិចសាន់ដឺ មីលីនកេវិចដែលជាអ្នកតំណាងក្រុមសម្ព័ន្ធនៃបក្សប្រឆាំង និងលោកអាឡិចសាន់ដឺ កាស៊ូលីននៃបក្សសង្គមប្រជាធិបតេយ្យ។ លោកកាស៊ូលីនត្រូវបានកងកម្លាំងនគរបាលវាយដំនិងចាប់ខ្លួននៅអំឡុងព្រឹត្តិការណ៍បាតុកម្មនៅជុំវិញសភាប្រជាជនបេឡារុសរួម។ លោកលូកាសិនកូក៏បានជាប់ឆ្នោតនាឆ្នាំនោះដែរដោយទទួលបានសម្លេងគាំទ្រប្រមាណ ៨០%, សហព័ន្ធរុស្ស៊ីនិងបណ្តាប្រទេស ស.រ.ឯ បានចាត់ទុកការបោះឆ្នោតនោះជាការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌ ខណៈដែល OSCE និងអង្គការមួយចំនួនទៀតបានគិតផ្ទុយទៅវិញដោយរួមគ្នាហៅការបោះឆ្នោតនោះថាអយុត្តិធម៌និងមិនស្មើភាព។

លោកលូកាសិនកូបានទទួលសម្លេងគាំទ្រប្រមាណ ៨០% ម្តងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលជាហេតុនាំឱ្យលោកបន្តកាន់អំណាចក្នុងនាមជាប្រធានាធិបតី។ បេក្ខជនខាងបក្សប្រឆាំងគឺលោកអានឌ្រី សាននីកូវបានទទួលសម្លេងគាំទ្របានតែ ៣% ប៉ុណ្ណោះខណៈដែលអ្នកសង្កេតការណ៍ឯករាជ្យនិងអ្នកតំណាងប្រទេសផ្សេងៗបាននិយាយរិះគុណការបោះឆ្នោតនេះថាមានការបន្លំសន្លឹកឆ្នោតធ្ងន់ធ្ងរ។ ជាការឆ្លើយតបទៅនឹងលទ្ធផល ប្រជាជនបេឡារុសរាប់ពាន់នាក់បាននាំគ្នាចេញទៅធ្វើបាតុកម្មនៅឯទីក្រុងមីនស្កឹ។ បាតុករនិងបេក្ខជនបក្សប្រឆាំងជាច្រើនរូបត្រូវបានកម្លាំងកងជីវពលរដ្ឋបង្ក្រាបនិងចាប់ដាក់ពន្ធនាគារហើយខ្លះត្រូវបានចាប់ដាក់ឃុំឃាំងនៅតាមគេហដ្ឋានរៀងៗខ្លួន។

ទំនាក់ទំនងបរទេស

បេឡារុស 
ប្រធានាធិបតីបេឡារុសលោកអាឡិចសាន់ដឺ លូកាសិនកូជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោកវ្លាឌឺមៀរ ពូទីន, ២០១៥

សាធារណរដ្ឋសង្គមនិយមសូវៀតបេឡារុសគឺជារដ្ឋមួយក្នុងចំណោមសាធារណរដ្ឋសូវៀតចំនួនពីរ (រួមជាមួយអ៊ុយក្រែន) ដែលបានចុះចូលជាសមាជិកអង្គការសហប្រជាជាតិដំបូងនៅក្នុងឆ្នាំ១៩៤៥។ ចាប់តាំងពីពេលបែកបាក់ពីសហភាពសូវៀតមក បេឡារុសនិងប្រទេសរុស្ស៊ីបានរក្សាទំនាក់ទំនងជាដៃគូពាណិជ្ជកម្មនិងជាសម្ព័ន្ធមិត្តការទូតដ៏ជិតស្និទ្ធ។ បេឡារុសច្រើនពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ការនាំចូលវត្ថុធាតុដើមនិងសម្រាប់ទីផ្សារនាំចេញរបស់ខ្លួន។

សម្ព័ន្ធភាពរុស្ស៊ីនិងបេឡារុសគឺជាសម្ព័ន្ធភាពកំពូលមួយដែលបានបង្កើតឡើងនៅរវាងឆ្នាំ១៩៩៦–៩៩ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញាមួយចំនួនដែលអំពាវនាវឱ្យមានសហភាពរូបិយវត្ថុ សិទ្ធិស្មើភាពគ្នា សញ្ជាតិតែមួយ គោលនយោបាយការបរទេសនិងការការពារជាតិរួម។ ទោះយ៉ាងណា អនាគតនៃសម្ព័ន្ធភាពនេះត្រូវបានគេកើតការសង្ស័យថានឹងអាចដួលរលំដោយសារតែការពន្យារពេលម្តងហើយម្តងទៀតនៃសហភាពរូបិយវត្ថុពីខាងបេឡារុស កង្វះកាលបរិច្ឆេទនៃការធ្វើប្រជាមតិសម្រាប់សេចក្តីព្រាងរដ្ឋធម្មនុញ្ញ និងជម្លោះស្តីពីពាណិជ្ជកម្មប្រេងកាត។ បេឡារុសក៏ជាសមាជិកស្ថាបនិកនៃសហគមន៍នៃរដ្ឋឯករាជ្យ (ស.រ.ឯ) មួយដែរ។ បេឡារុសគឺនូវតែរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (ទោះជាជម្លោះរវាងមេដឹកនាំបេឡារុសនិងមេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុបខ្លះកំពុងតែកើនឡើងក្តៅគគុកក្តី) មានដូចជា ឡេតូនី លីទុយអានី និងប៉ូឡូញ។ល។ សហភាពអឺរ៉ុបបានលើកការហាមឃាត់នៃការធ្វើដំណើរលើរដ្ឋាភិបាលលោកលូកាសិនកូចេញវិញដើម្បីឱ្យលោកលូកាសិនកូអាចចូលរួមក្នុងកិច្ចប្រជុំការទូតឬក្នុងកិច្ចពិភាក្សាផ្សេងៗរវាងរដ្ឋាភិបាលលោកនិងបក្សពួកប្រឆាំង។

បេឡារុស 
មេដឹកនាំនៃប្រទេសបេឡារុស រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងមីនស្កឹ, ១១–១២ កុម្ភៈ ២០១៥

ទំនាក់ទំនងទ្វេភាគីរបស់បេឡារុសជាមួយសហរដ្ឋអាមេរិកសព្វថ្ងៃគឺមានភាពតានតឹងណាស់។ ចាប់តាំងពីឆ្នាំ២០០៧ មក សហរដ្ឋអាមេរិកគឺមិនដែលមានឯកអគ្គរដ្ឋទូតនៅទីក្រុងមីនស្កឹទេហើយបេឡារុសវិញក៏មិនដែលមានឯកអគ្គរដ្ឋទូតនៅទីក្រុងវ៉ាស៊ីនតោនដែរចាប់តាំងពីឆ្នាំ២០០៨ មក។ នៅក្នុងឆ្នាំ២០០៤ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ប្រជាធិបតេយ្យបេឡារុសដែលនឹងផ្តល់មូលនិធិទៅកាន់អង្គការក្រៅរដ្ឋាភិបាលដើម្បីប្រឆាំងនឹងរដ្ឋាភិបាលបេឡារុសហើយហាមឃាត់ប្រាក់កម្ចីទៅឱ្យរដ្ឋាភិបាលបេឡារុសលើកលែងតែក្នុងករណីមនុស្សធម៌។ ទំនាក់ទំនងចិន–បេឡារុសបានទទួលការលូតលាស់ចាប់តាំងពីឆ្នាំ២០០៥ មកម្លេះពោលគឺនៅពេលដែលលោកលូកាសិនកូបានទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសបេឡារុសក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសស៊ីរីផងដែរដោយបានចាត់ទុកស៊ីរីជាដៃគូដ៏សំខាន់មួយនៅតំបន់បជ្ឈឹមបូព៌ា។ ក្រៅពីសមាជិក ស.រ.ឯ ប្រទេសនេះក៏ជាសមាជិកនៃអង្គការសំខាន់ៗមួយចំនួនផងដែរដូចជា៖ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (អឺរ៉ាស៊ី) អង្គការសន្ធិសញ្ញាសន្តិសុខរួម ចលនាមិនចូលបក្សសម្ព័ន្ធ (ចាប់តាំងពីឆ្នាំ១៩៩៨) និងអង្គការដើម្បីសន្តិសុខ​និងសហ​ប្រតិបត្តិការ​នៅអឺរ៉ុប។ល។ ប្រទេសបេឡារុសត្រូវបានបញ្ចូលក្នុងគោលនយោបាយសង្កាត់អឺរ៉ុប (European Neighbourhood Policy–ENP) របស់សហភាពអឺរ៉ុបដោយគោលដៅនៃគោលនយោបាយនេះគឺបង្រួមប្រជាជាតិអឺរ៉ុបទាំងឡាយឱ្យកាន់តែជិតស្និទ្ធលើវិស័យសេដ្ឋកិច្ចនិងភូមិសាស្រ្តនយោបាយ។

យោធា

បេឡារុស 
ទាហានល្បាតនៅរវាងព្រំដែនបេឡារុស–ប៉ូឡូញ។

បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯកវីចទ័រ ក្រេនីនគឺជារដ្ឋមន្ត្រីក្រសួងការពារជាតិខណៈដែលលោកអាឡិចសាន់ដឺ លូកាសិនកូ (ប្រធានាធិបតី) មានងារជាអង្គមេបញ្ជាការ។ កងកម្លាំងជាតិបេឡារុសត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ បន្ទាប់ពីផ្តាច់ខ្លួនចេញពីកងកម្លាំងប្រដាប់អាវុធសូវៀត។ នៅឆ្នាំ១៩៩៧ កងកម្លាំងនេះបានឆ្លងកាត់កំណែទម្រង់រចនាសម្ព័ន្ធជាច្រើនដោយមានទាហានសរុបចំនួន ៣០,០០០ នាក់។

សមាជិកបម្រើសេវាយោធាភាគច្រើនជាមនុស្សដែលកេណ្ឌ (មិនស្ម័គ្រចិត្ត) អ្នកដែលមានការអប់រំថ្នាក់ខ្ពស់អាចបម្រើការបានរយៈពេល ១២ ខែ (ពេញ ១ ឆ្នាំ) ចំណែកអ្នកដែលមានការអប់រំថ្នាក់ទាបត្រូវចូលបម្រើការរយៈពេល ១៨ ខែ។ ដោយសារតែចំនួនប្រជាជនធ្លាក់ចុះទើបបានបង្កឱ្យមានការកេណ្ឌយុទ្ធជនមិនគ្រប់គ្រាន់ ដូច្នេះ សារៈសំខាន់នៃទាហានជាប់កិច្ចសន្យាបានកើនឡើងដោយមានកម្លាំងចំនួន ១២,០០០ នាក់នៅក្នុងឆ្នាំ២០០១។ នៅឆ្នាំ២០០៥ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបេឡារុសប្រមាណ ១.៤% ត្រូវបានចំណាយទៅលើផ្នែកយោធា។

ប្រទេសបេឡារុសមិនដែលបង្ហាញពីបំណងចង់ចូលអង្គការណាតូនោះទេប៉ុន្តែធ្លាប់បានចូលរួមក្នុងកម្មវិធីភាពជាដៃគូឯកត្តលក្ខណៈចាប់តាំងពីឆ្នាំ១៩៩៧។ បេឡារុសបានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការដំបូងជាមួយអង្គការណាតូបន្ទាប់ពីបានចុះហត្ថលេខាលើឯកសារដើម្បីចូលរួមក្នុងភាពជាដៃគូសម្រាប់កម្មវិធីសន្តិភាពក្នុងឆ្នាំ១៩៩៥។ បេឡារុសអាចចូលជាសមាជិកណាតូបានលុះត្រាតែខ្លួនត្រូវចុះចេញពីអង្គការសន្ធិសញ្ញាសន្តិសុខរួមជាមុនសិន។ ភាពតានតឹងរវាងណាតូនិងប្រទេសបេឡារុសបានឈានចូលដល់កម្រិតកំពូលនៅអំឡុងឆ្នាំ២០០៦ ដែលជាលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនាឆ្នាំនោះ។

សិទ្ធិមនុស្សនិងអំពើពុករលួយ

ចំណាត់ថ្នាក់សន្ទស្សន៍ប្រជាធិបតេយ្យរបស់ប្រទេសបេឡារុសគឺទាបបំផុតនៅក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុបនិងត្រូវបានអង្គការ Free House សម្តៅលើថា"គ្មានសេរីភាព"។ មិនត្រឹមតែប៉ុណ្ណោះ សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចក៏បានដាក់ប្រទេសបេឡារុសនៅក្នុងចំណាត់ថ្នាក់"គាបសង្កត់"ផងដែរហើយម្យ៉ាងវិញទៀត បេឡារុសត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានសេរីភាពសារព័ត៌មានទាបបំផុតប្រចាំទ្វីបអឺរ៉ុបនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៣–១៤ បោះផ្សាយដោយ Reporters Without Borders ដោយឈរនៅលេខរៀងទី ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៨០។ រដ្ឋាភិបាលបេឡារុសតែងតែត្រូវទទួលរងការរិះគន់ជារឿយៗចំពោះការរំលោភសិទ្ធិមនុស្សនិងការធ្វើទុក្ខបុកម្នេញលើអង្គការក្រៅរដ្ឋាភិបាល អ្នកសារព័ត៌មានឯករាជ្យ ជនជាតិភាគតិច និងអ្នកនយោបាយប្រឆាំង។ល។ បេឡារុសគឺជាប្រទេសអឺរ៉ុបតែមួយប៉ុណ្ណោះដែលនូវប្រកាន់ខ្ជាប់ច្បាប់កាត់ទោសប្រហារជីវិតដោយបានអនុវត្តទោសប្រហារជីវិតចុងក្រោយគេបង្អស់នៅក្នុងឆ្នាំ២០១១។

ប្រព័ន្ធតុលាការនៅប្រទេសនេះគឺនូវមានកង្វះឯករាជ្យភាពហើយច្រើនទាក់ទងទៅនឹងរឿងនយោបាយ។ អំពើពុករលួយមានដូចជាការសូកប៉ាន់ជាដើមដែលច្រើនប្រព្រឹត្តិធ្វើឡើងនៅអំឡុងពេលដំណើរការដេញថ្លៃ ការការពារអ្នកស៊ើបអង្កេតជាតិ និងកង្វះមន្ត្រីស៊ើបការណ៍នៅក្នុងប្រព័ន្ធប្រឆាំងអំពើពុករលួយរបស់ប្រទេស។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រកាសថាអ្នកជំនាញរបស់ខ្លួនបានទទួលរបាយការណ៍ចំនួន ៤៥០ ករណីនៃការធ្វើទារុណកម្មនិងការធ្វើទុក្ខទោសដល់មនុស្សដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលការបោះឆ្នោតប្រធានាធិបតី។ ក្នុងរបាយការណ៍របស់អ្នកជំនាញទាំងនោះក៏មានករណីហិង្សាច្រើនគួរសមដែលត្រូវបានប្រព្រឹត្តិមកលើស្ត្រីនិងកុមាររួមទាំងការរំលោភបំពានផ្លូវភេទនិងការរំលោភសេពសន្ថវៈផងដែរ។

បំណែកចែករដ្ឋបាល

បេឡារុស 
ផែនទីបំណែកចែករដ្ឋបាលនៃប្រទេសបេឡារុស

ប្រទេសបេឡារុសត្រូវបានបែងចែកទៅជា ៦ តំបន់ (ភាសាបេឡារុស៖ вобласць) ហើយតំបន់នីមួយៗគឺមានឈ្មោះតាមទីក្រុងនានាដែលបម្រើការជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់នោះមានដូចជា៖ ប្រេស្ត កូមែល ហ្គ្រតណូ ម៉ូហ្គីលេវ មីនស្កឹ (ឬអាចសរសេរបានថា"មីនស្ក៍") និងវីទិបស្ក៍។ តំបន់នីមួយៗមានអាជ្ញាធរនីតិប្បញ្ញត្តិថ្នាក់ខេត្តដែលហៅថា"ក្រុមប្រឹក្សាតំបន់" (ភាសាបេឡារុស៖ абласны Савет Дэпутатаў) ហើយសមាជិកក្រុមប្រឹក្សាម្នាក់ៗត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនរស់នៅតាមតំបន់នីមួយៗនិងរួមទាំងអាជ្ញាធរប្រតិបត្តិខេត្តហៅថា"រដ្ឋបាលតំបន់" (ភាសាបេឡារុស៖ абласны выканаўчы камітэт), ប្រធាននៃរដ្ឋបាលតំបន់គឺត្រូវជ្រើសតាំងដោយប្រធានាធិបតីផ្ទាល់។ ក្នុងតំបន់នីមួយៗត្រូវបានបែងចែកទៅជា"ភូមិភាគ" (ស្រុក) តូចៗជាច្រើនទៀត (ភាសាបេឡារុស៖ раён)។ ភូមិភាគនីមួយៗគឺមានអាជ្ញាធរនីតិប្បញ្ញត្តិរៀងៗខ្លួនឬត្រូវបានហៅថា"ក្រុមប្រឹក្សាភូមិភាគ" (ភាសាបេឡារុស៖ раённы Савет Дэпутатаў), សមាជិកម្នាក់ៗគឺត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនរស់នៅតាមភូមិភាគចំណែកឯអាជ្ញាធរប្រតិបត្តិឬរដ្ឋបាលភូមិភាគត្រូវបានតែងតាំងដោយអំណាចប្រតិបត្តិជាន់ខ្ពស់។ តំបន់ទាំងប្រាំមួយមានភូមិភាគសរុបចំនួន ១១៨។ ទីក្រុងមីនស្កឹត្រូវបានគេបែងចែកបន្តទៅជា ៩ សង្កាត់និងជាតំបន់ដ៏ពិសេសមួយក្នុងនាមជារដ្ឋធានីនៃប្រទេស។ ទីក្រុងនេះត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការប្រតិបត្តិហើយគេបានផ្តល់សិទ្ធិឱ្យដឹកនាំដោយផ្ទាល់។

សេដ្ឋកិច្ច

ប្រទេសបេឡារុសមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាង ១៨០ នៅទូទាំងពិភពលោក។ ដៃគូពាណិជ្ជកម្មចម្បងរបស់បេឡារុសគឺប្រទេសរុស្ស៊ីដោយការនាំចេញនិងការនាំចូលភាគច្រើនគឺប្រព្រឹត្តិទៅរវាងប្រទេសទាំងពីរនេះខណៈពេលដែលសហភាពអឺរ៉ុបទទួលបានការនាំចេញ ២៥% និងការនាំចូល ២០%។

នៅឆ្នាំ២០១៩ ចំណែកនៃផលិតកម្មនៅក្នុងផលិតផលក្នុងស្រុកសរុបមាន ៣១% ដោយជាងពីរភាគបីនៃចំនួននេះគឺស្ថិតនៅក្នុងផលិតកម្មឧស្សាហកម្ម។ ក្នុងចំណោមប្រជាជនធ្វើការទាំងអស់ មាន ៣៧.៤% ជាអ្នកធ្វើការក្នុងវិស័យឧស្សាហកម្ម។ អត្រាកំណើនគឺទាបជាងសេដ្ឋកិច្ចទាំងមូលប្រហែល ២.២% ក្នុងឆ្នាំ២០២១។ បន្ទាប់បានបែកបាក់ពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ បេឡារុសគឺធ្លាប់ជារដ្ឋមួយក្នុងចំណោមរដ្ឋដែលមានការអភិវឌ្ឍឧស្សាហកម្មខ្ពស់បំផុតនៅលើពិភពលោកដោយគិតជាភាគរយនៃ ផសស ហើយក៏ត្រូវជារដ្ឋសមាជិក ស.រ.ឯ ដែលមានបំផុតផងដែរ។ នៅក្នុងឆ្នាំ២០១៥ ប្រជាជនបេឡារុសប្រមាណ ៣៩.៣% គឺធ្វើការនៅក្នុងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋខណៈដែល ៥៧.២% ធ្វើការឱ្យក្រុមហ៊ុនឯកជន (ក្នុងនេះ រដ្ឋាភិបាលមានភាគហ៊ុន ២១.១%) និង ៣.៥% ធ្វើការនៅក្នុងក្រុមហ៊ុនបរទេស។ ប្រទេសនេះគឺច្រើនពឹងផ្អែកលើប្រទេសរុស្ស៊ីក្នុងការនាំចូលផលិតផលមួយចំនួនដូចជាប្រេងកាត។ ផលិតផលកសិកម្មសំខាន់ៗរួមមាន៖ ដំឡូង និងអនុផលគោក្របីមានសាច់ជាដើម។ នៅឆ្នាំ១៩៩៤ ផលិតផលនាំចេញសំខាន់ៗរបស់បេឡារុសរួមមាន គ្រឿងម៉ាស៊ីនធុនធ្ងន់ (ពិសេសគឺត្រាក់ទ័រ) ផលិតផលកសិកម្ម និងផលិតផលថាមពល។ និយាយជារួម នៅខាងផ្នែកសេដ្ឋកិច្ចប្រទេសនេះច្រើនទាក់ទងជាមួយ ស.រ.ឯ សហគមន៍សេដ្ឋកិច្ចអឺរ៉ុបអាស៊ី និងសម្ព័ន្ធមិត្តរុស្ស៊ី។ល។

នៅដើមទស្សវត្តឆ្នាំ១៩៩០ ផលិតកម្មឧស្សាហកម្មបានថយចុះដោយសារតែការធ្លាក់ចុះការនាំចូលការ ការវិនិយោគ និងតម្រូវការផលិតផលបេឡារុសពីដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ផសស បានចាប់ផ្តើមមានកំណើនឡើងវិញនៅក្នុងឆ្នាំ១៩៩៦ ដែលធ្វើឱ្យបេឡារុសក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅក្នុងចំណោមអតីតសាធារណរដ្ឋសូវៀតទាំងអស់។ នៅឆ្នាំ២០០៦ ផសស បានកើនឡើងដល់ ៨៣.១ ពាន់លានដុល្លារក្នុងយុគភាពនៃអំណាចទិញ (PPP) ឬប្រហែល ៨,១០០ ដុល្លារក្នុងមនុស្សម្នាក់ៗ។ នៅឆ្នាំ២០០៥ ផសស បានកើនឡើង ៩.៩% ខណៈដែលអត្រាអតិផរណាជាមធ្យមស្មើនឹង ៩.៥%។

ចាប់តាំងពីសហភាពសូវៀតបានដួលរលំមក ប្រទេសបេឡារុសដែលស្ថិតនៅក្រោមការដឹកនាំរបស់លូកាសិនកូបានរក្សាការគ្រប់គ្រងរបស់រដ្ឋាភិបាលលើឧស្សាហកម្មសំខាន់ៗនិងបានត្រួតត្រាឯកជនភាវូបនីយកម្មខ្នាតធំ។ រឿងស្រដៀងៗគ្នាត្រូវបានគេមើលឃើញកើតមាននៅក្នុងអតីតសាធារណរដ្ឋសូវៀតមួយចំនួនទៀតផងដែរ។

ដោយសារតែការបរាជ័យក្នុងការការពារសិទ្ធិការងារនិងរួមទាំងការអនុម័តច្បាប់ហាមឃាត់ការគ្មានការងារធ្វើឬការធ្វើការងារនៅក្រៅវិស័យគ្រប់គ្រងដោយរដ្ឋ ប្រទេសបេឡារុសបានបាត់បង់ឋានៈប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់][សហភាពអឺរ៉ុប]]នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ដែលជាហេតុនាំឱ្យបេឡារុសតម្លើងអត្រាពន្ធលើប្រទេសដែលខ្លួនពេញចិត្តជាងគេ។ បេឡារុសបានដាក់ពាក្យចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ១៩៩៣។

កម្លាំងពលកម្មរបស់ប្រទេសមានចំនួនជាង ៤ លាននាក់ដែលក្នុងនោះស្ត្រីមានការងារធ្វើច្រើនជាងបុរសបន្តិច។ នៅឆ្នាំ២០០៥ ប្រជាជនជិតមួយភាគបួនត្រូវបានជួលឱ្យធ្វើការនៅក្នុងរោងចក្រឧស្សាហកម្ម។ អត្រាចំនួនអ្នកធ្វើការនៅក្នុងវិស័យកសិកម្ម ផលិតកម្ម ជំនួញទំនិញ និងការអប់រំគឺមានកម្រិតខ្ពស់នៅក្នុងប្រទេសនេះ។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលបានឱ្យដឹងថា អត្រាអ្នកឥតការងារធ្វើមានប្រមាណ ១,៥% ត្រឹមក្នុងឆ្នាំ២០០៥។ អ្នកគ្មានការងារធ្វើចំនួន ៦៧៩,០០០ នាក់ដែលពីរភាគបីជាស្ត្រី។ អត្រាគ្មានការងារធ្វើបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០០៣ មកហើយអត្រាការងារសរុបគឺមានកម្រិតខ្ពស់បំផុតចាប់តាំងពីស្ថិតិត្រូវបានចងក្រងដំបូងនៅក្នុងឆ្នាំ១៩៩៥។

រូបិយប័ណ្ណប្រទេសបេឡារុសគឺរូបបេឡារុស។ រូបិយប័ណ្ណនេះត្រូវបានគេណែនាំឱ្យប្រើប្រាស់នៅខែឧសភា ឆ្នាំ១៩៩២ ដើម្បីជំនួសលុយរូបរបស់សូវៀត។ កាក់ដំបូងនៃសាធារណរដ្ឋបេឡារុសត្រូវបានចេញឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៦។ ប្រាក់រូបត្រូវបានណែនាំឡើងវិញជាមួយតម្លៃថ្មីក្នុងឆ្នាំ២០០០ ហើយត្រូវបានប្រើប្រាស់ជាសកម្មចាប់តាំងពីពេលនោះមក។ ក្នុងនាមជាសមាជិកសហភាពជាមួយរុស្ស៊ី រដ្ឋទាំងពីរធ្លាប់បានពិភាក្សាគ្នាអំពីការប្រើប្រាស់រូបិយវត្ថុតែមួយដូចគ្នានឹងប្រាក់អឺរ៉ូដែរ។ ទាំងនេះបាននាំឱ្យមានសំណើស្នើឱ្យជំនួសលុយរូបបេឡារុសជាមួយលុយរូបរបស់រុស្ស៊ីវិញ (RUB) ដោយចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៨។ ធនាគារជាតិបេឡារុសបានទម្លាក់ចោលផែនការប្តូរប្រាក់រូបបេឡារុសទៅជាប្រាក់រូបរបស់រុស្ស៊ីនៅអំឡុងខែសីហានៃឆ្នាំ២០០៧។

រូបិយប័ណ្ណថ្មីត្រូវបានណែនាំនៅខែកក្កដា ឆ្នាំ២០១៦ ជំនួសលុយបេឡារុសចាស់ក្នុងអត្រា ១:១០,០០០ (១០,០០០ រូបចាស់ = ១ រូបថ្មី)។ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រូបិយប័ណ្ណចាស់និងថ្មីកំពុងចរាចរស្របគ្នានិងស៊េរីក្រដាសប្រាក់និងកាក់ឆ្នាំ២០០០ អាចប្តូរបានសម្រាប់លុយស៊េរីឆ្នាំ២០០៩ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ទង្វើបែបនេះអាចចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណាខ្ពស់ដែលខ្លួនកំពុងជួបប្រទះ។

ប្រព័ន្ធធនាគារបេឡារុសមានពីរកម្រិតគឺ៖ ធនាគារកណ្តាល (ធនាគារជាតិនៃសាធារណរដ្ឋបេឡារុស) និងធនាគារពាណិជ្ជចំនួន ២៥។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ តម្លៃប្រាក់បេឡារុសបានធ្លាក់ចុះ ៥៦% បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ តំហយតម្លៃនៅលើទីផ្សារងងឹតគឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងហើយការដួលរលំផ្នែកហិរញ្ញវត្ថុហាក់ដូចជាខិតជិតមកដល់ខណៈដែលប្រជាពលរដ្ឋនីមួយៗបានប្រញាប់ប្រញាល់ចេញដូរប្រាក់រូបរបស់ខ្លួនទៅជាប្រាក់ដុល្លារ អឺរ៉ូ ឬទំនិញប្រើប្រាស់និងផលិតផលកំប៉ុងផ្សេងៗ។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១ បេឡារុសបានស្នើសុំកញ្ចប់ជំនួយសេដ្ឋកិច្ចពីមូលនិធិរូបិយវត្ថុអន្តរជាតិ

ប្រជាសាស្ត្រ

យោងទៅតាមជំរឿនប្រជាជនឆ្នាំ២០១៩ ប្រទេសបេឡារុសមានប្រជាជនចំនួន ៩,៤១ លាននាក់ ដោយក្នុងនោះមានជនជាតិបេឡារុសប្រមាណ ៨៤,៩%។ ក្រុមជនជាតិភាគតិចនៅក្នុងប្រទេសនេះរួមមាន៖ រុស្ស៊ី (៧.៥%), ប៉ូឡូញ (៣.១%) និងអ៊ុយក្រែន (១.៧%)។ បេឡារុសមានដង់ស៊ីតេប្រជាជនប្រហែល ៥០ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េដោយ ៧០% នៃប្រជាជនសរុបរស់នៅតំបន់ទីប្រជុំជន។ ទីក្រុងមីនស្កឹគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតហើយមានប្រជាជនរស់នៅចំនួន ១,៩៣៧,៩០០ នាក់បើគិតត្រឹមឆ្នាំ២០១៥។ ទីក្រុងធំៗបន្ទាប់មានដូចជា៖ កូមែល (៤៨១,០០០), ម៉ូគីលេវ (៣៦៥,១០០), វីទិបស្ក៍ (៣៤២,៤០០), រ្ហូដណា (៣១៤,៨០០) និងប្រេសត៍ (២៩៨,៣០០)។

បេឡារុសមានអត្រាកំណើនប្រជាជនអវិជ្ជមាននិងអត្រាកំណើនធម្មជាតិអវិជ្ជមានដូចនឹងបណ្តាប្រទេសអឺរ៉ុបខាងកើតដទៃទៀតដែរដោយនៅក្នុងឆ្នាំ២០០៧ ចំនួនប្រជាជនបេឡារុសបានធ្លាក់ចុះប្រមាណ ០,៤១% ហើយអត្រាលទ្ធភាពមានកូនរបស់ប្រទេសនេះគឺស្មើនឹង ១,២២ ដែលជាចំនួនទាបជាងអត្រាលទ្ធភាពកូនជំនួសទៅទៀត។ អត្រាធ្វើចំណាកស្រុកអសទិសភាពបេឡារុសគឺស្មើនឹង +០.៣៨ ក្នុងមនុស្សចំនួន ១,០០០ នាក់ នេះបានបង្ហាញថាបេឡារុសមានជនអន្តោប្រវេសន៍ចូលស្រុកច្រើនជាងអ្នកធ្វើចំណាកស្រុកបន្តិច។ គិតត្រឹមឆ្នាំ២០១៥ ប្រជាជនបេឡារុសដែលមានអាយុពី ១៤ ទៅ ៦៤ ឆ្នាំមានចំនួនស្មើនឹង ៦៩,៩% នៃប្រជាជនសរុប, អ្នកអាយុក្រោម ១៤ ឆ្នាំមាន ១៥.៥% និងអ្នកដែលមានអាយុ ៦៥ ឆ្នាំឬលើសពីនេះមាន ១៤.៦%។ ភាពរំពឹងនៃអាយុក្នុងប្រទេសនេះគឺ ៧២.១៥ ឆ្នាំ (៦៦.៥៣ ឆ្នាំចំពោះបុរស និង ៧៨.១ ឆ្នាំចំពោះស្ត្រី)។ ប្រជាជនបេឡារុសជាង ៩៩% ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅគឺសុទ្ធតែចេះអាននិងសរសេរអក្សរ។

សាសនា និងភាសា

បេឡារុស 
ព្រះវិហារសាំងសូហ្វីយ៉ាគឺជាវិហារគ្រិស្តដ៏ចំណាស់ជាងគេនៅក្នុងប្រទេសបេឡារុស

យោងតាមជំរឿនឆ្នាំ២០១១ បានបង្ហាញថា៖ ៥៨.៩% នៃប្រជាជនបេឡារុសទាំងអស់បានប្រកាន់ខ្ជាប់នូវជំនឿសាសនាអ្វីមួយ។ នៅក្នុងចំណោមនោះ អ្នកកាន់គ្រិស្តសាសនានិកាយអូស្សូដក់ខាងកើត មានប្រមាណ ៨២%។ និកាយរ៉ូម៉ាំងកាតូលិកត្រូវបានអនុវត្តភាគច្រើននៅក្នុងតំបន់ភាគខាងលិច ហើយប្រទេសនេះក៏មានវត្តមាននៃប្រភេទនិកាយប្រូតេស្តង់ខុសៗពីគ្នាផងដែរ។ ប្រជាជនភាគតិចបានអនុវត្តលទ្ធិកាតូលិកក្រិក លទ្ធិយូដា ឥស្លាមសាសនា និងនិកាយប៉ាកានីសសម័យជាដើម។ សរុបមក ប្រជាជនប្រមាណ ៤៨.៣% នៃប្រជាជនសរុបគឺប្រកាន់គ្រិស្តសាសនាអូស្សូដក់, ៤១.១% មិនមានជំនឿសាសនា, ៧.១% ជាអ្នកកាន់និកាយកាតូលិក និង ៣.៣% ជាអ្នកកាន់សាសនាក្រៅផ្សេងទៀត។

ប្រជាជនកាតូលិកនៃប្រទេសបេឡារុសច្រើនប្រមូលផ្តុំគ្នារស់នៅក្នុងទឹកដីភាគខាងលិចនៃប្រទេស ជាពិសេសនៅជុំវិញទីក្រុងហ្រូដណា ហើយពួកគេនីមួយៗអាចជាជនជាតិបេឡារុស ឬជនជាតិភាគតិចប៉ូឡូញ និងលីទុយអានីជាដើម។

បេឡារុសធ្លាប់ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ជនជាតិយូដានៅទ្វីបអឺរ៉ុបដោយវាបានដើរតួជាជម្រកដល់ជនជាតិជ្វីហ្វប្រមាណ ១០% នៅទូទាំងពិភពលោកកាលនុះ។ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលសតវត្សទី២០ ចំនួនជនជាតិយូដាឬជ្វីហ្វត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ដែលបណ្តាលមកពីមូលហេតុចម្បងៗដូចជា ការសម្លាប់រង្គាល ការនិរទេស និងការធ្វើចំណាកស្រុកដោយបង្ខំ។ សព្វថ្ងៃនេះ បេឡារុសមានជនជាតិជ្វីហ្វក្រោមមួយភាគរយប៉ុណ្ណោះ។ ជនជាតិភាគតិចតាតារតំបន់បាល់ទិកដែលមានចំនួនជាង ១៥,០០០ នាក់គឺជាក្រុមប្រកាន់សាសនាឥស្លាម។ យោងតាមមាត្រា ១៦ នៃរដ្ឋធម្មនុញ្ញបេឡារុសបានបញ្ជាក់ថា ប្រទេសបេឡារុសគឺមិនមានសាសនាផ្លូវការនោះទេ។ ខណៈពេលដែលសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានកត់ត្រានៅក្នុងក្រមមាត្រាជាមួយគ្នា រីឯអង្គការសាសនាណាដែលចាត់ទុកថាមានគ្រោះថ្នាក់ដល់រដ្ឋាភិបាល ឬសណ្តាប់ធ្នាប់សង្គមអាចត្រូវបានហាមឃាត់។

ភាសាពីរផ្លូវការរបស់ប្រទេសបេឡារុសគឺ ភាសារុស្ស៊ី និងភាសាបេឡារុស ដោយភាសារុស្សីជាភាសាសាមញ្ញបំផុតដែលច្រើនប្រើនៅតាមគេហដ្ឋាន ៧០% ខណៈភាសាបេឡារុសវិញដែលត្រូវជាភាសាផ្លូវការទីមួយ ត្រូវបានគេអនុវត្តនិយាយនៅតាមគេហដ្ឋានតែ ២៣% ប៉ុណ្ណោះ។ ជនជាតិភាគតិចបេឡារុសក៏អាចនិយាយភាសាប៉ូឡូញ អ៊ុយក្រែន និងយីឌីសខាងកើតបានដែរ។ ភាសាបេឡារុស ថ្វីត្បិតតែមិនត្រូវបានប្រើប្រាស់ទូលំទូលាយដូចភាសារុស្សីក្តីប៉ុន្តែវាជាភាសាកំណើតរបស់ប្រជាជនប្រមាណ ៥៣.២% ចំណែកឯភាសារុស្សីមានត្រឹមតែ ៤១.៥% ប៉ុណ្ណោះ។

វប្បធម៌

បេឡារុស 
រោងល្ខោនអូប៉េរ៉ានិងរបាំបាឡេនៅទីក្រុងមីនស្កិ៍

ចាប់តាំងពីទទួលឯករាជ្យមក រដ្ឋាភិបាលបេឡារុសតែងតែឧបត្ថម្ភពិធីបុណ្យវប្បធម៌ប្រចាំឆ្នាំមានដូចជា បុណ្យស្លាវានស្គីបាហ្សារនៅទីក្រុងវីទិបស្កិ៍ជាដើម ដែលក្នុងពិធីបុណ្យនេះគេតែងតែបង្ហាញសិល្បៈសម្តែងមានការចូលរួមពី សិល្បករ អ្នកនិពន្ធ តន្ត្រីករ និងតារាសម្ដែងជនជាតិបេឡារុសជាច្រើន។ ថ្ងៃឈប់សម្រាករបស់រដ្ឋមានដូចជា៖ ទិវាឯករាជ្យជាតិ និងទិវាជ័យជំនះ។ល។ ទិវាទាំងនោះបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនកុះករ ហើយជារឿយៗរួមបញ្ចូលសកម្មភាពសម្តែងដូចជា ការបាញ់កាំជ្រួច និងក្បួនដង្ហែរយោធាជាដើម ជាពិសេសគឺនៅទីក្រុងវីទិបស្កិ៍ និងរដ្ឋធានីមីនស្កឹ។

ម្ហូបអាហារ

បេឡារុស 
ដ្រានិគី, ជាអាហារជាតិបេឡារុស

ម្ហូបអាហាររបស់បេឡារុសច្រើនផ្សំឡើងពីបន្លែ សាច់ (ជាពិសេសសាច់ជ្រូក) និងនំប៉័ង។ អាហារជាធម្មតាត្រូវបានចម្អិនឱ្យយូរ ឬចំហុយ។ ជាធម្មតា ជនជាតិបេឡារុសតែងទទួលទានអាហារពេលព្រឹកស្រាលៗ និងអាហារចម្អែតក្រពះពីរពេលក្រោយៗ។ ស្រូវសាលី និងនំបុ័ងរ៉ៃ ត្រូវបានគេនិយមបរិភោគនៅក្នុងប្រទេសបេឡារុស ប៉ុន្តែអាហារផលិតពីស្រូវរ៉ៃគឺគេនិយមបំផុតព្រោះតែលក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់មិនសូវជាមានអំណោយផលសម្រាប់ការដាំដុះស្រូវសាលី។ ដើម្បីបង្ហាញបដិសណ្ឋារកិច្ច ម្ចាស់ផ្ទះតែងតែប្រគល់ថ្វាយនំប៉័ង និងអំបិលទុកជាការស្វាគមន៍ភ្ញៀវ អ្នកមកលេង។

កីឡា

បាល់ទាត់គឺជាកីឡាដ៏ពេញនិយមជាងគេនៅប្រទេសបេឡារុស។ ក្រុមជម្រើសជាតិបេឡារុសមិនដែលបានចូលរួមនៅក្នុងពានរង្វាន់ធំៗនោះទេ ប៉ុន្តែសម្រាប់ក្លិបបាល់ទាត់បេតបូរីសូវរបស់ប្រទេសនេះវិញធ្លាប់បានចូលរួមប្រកួតនៅក្នុងពានរង្វាន់ឆាមពានលីគដែលជាកម្មវិធីប្រកួតកីឡាបាល់ទាត់រវាងក្លិបធំៗមកពីគ្រប់ជ្រុងជ្រោយនៃទ្វីបអឺរ៉ុប។ កីឡានិយមប្រជាប្រិយបន្ទាប់ពីបាល់ទាត់គឺកីឡាហុកគីទឹកកក។

មើលផងដែរ

ឯកសារយោង

គន្ថនិទ្ទេស

អានបន្ថែម

ជាភាសាអង់គ្លេស

តំណភ្ជាប់ក្រៅ

Tags:

បេឡារុស ឈ្មោះបេឡារុស ប្រវត្តិសាស្ត្របេឡារុស ភូមិសាស្ត្របេឡារុស រដ្ឋាភិបាលបេឡារុស សេដ្ឋកិច្ចបេឡារុស ប្រជាសាស្ត្របេឡារុស វប្បធម៌បេឡារុស មើលផងដែរបេឡារុស ឯកសារយោងបេឡារុស គន្ថនិទ្ទេសបេឡារុស អានបន្ថែមបេឡារុស តំណភ្ជាប់ក្រៅបេឡារុសប៉ូឡូញភាសារុស្ស៊ីរុស្ស៊ីអឺរ៉ុបអ៊ុយក្រែន

🔥 Trending searches on Wiki ភាសាខ្មែរ:

សមុទ្រចិនខាងត្បូងចន្ទរាជាប្រាសាទ អង្គរវត្តហ្វីលីពីនច្បាប់បទឧក្រិដ្ឋកែម ឡីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសីល ៥ប្រវត្តិសាស្ត្រល្បែងស្វាដណ្ដើមស្លឹកឈើអាស៊ីតអាមីនេគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទង់ព្រះពុទ្ធសាសនាចលនាអក្សរសិល្ប៍ខ្មែរក្រុងកំពង់ចាមបញ្ជីឈ្មោះធនាគារនៅកម្ពុជានរោត្តម សីហនុល្ខោនបាសាក់បរមរាមាទី២អង្គការពាណិជ្ជកម្មពិភពលោកគុណកិរិយាភ្នំពេញជនជាតិខ្មែរហ្គូហ្គលភាសាអង់គ្លេសជ័យវរ្ម័នទី២ផ្លូវជាតិលេខ៥ (កម្ពុជា)ស្រុកស្ទឹងត្រង់ស្រុកក្រឡាញ់អស្សាមិករណ៏ព្រះសត្ថាទី១ប្រជាធិបតេយ្យគោលការណ៍នីត្យានុកូលភាពកិមិរាទេវីគ្រោងឆ្អឹងមនុស្សសង្គ្រាមវៀតណាមហ៊ុន សែនសុវណ្ណសាមជាតកចតុកោណព្នាយប្រ៊ុយណេរដ្ឋសភាកម្ពុជាពេជ្រ ទុំក្រវិលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជា ឆ្នាំ១៩៥៥ធនាគារកណ្ដាលភូមិសាស្ត្រភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)របាំប្រពៃណីប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមស្រុកពញាឮរឿងមហាភារតយុទ្ធស៊ីសុវត្ថិ កុសមៈទិវានារីអន្តរជាតិរដ្ឋបាលសាធារណៈប្រាសាទបេងមាលាសោមាខេមរៈ សិរីមន្តបរិស្ថានអប្សរាឡាំផូស៊ីតលក្ខណៈ​នៃ​ភាសាខ្មែរស្រុកស្វាយអន្ទរសាសនាជំងឺទឹកនោមផ្អែមរបាំត្រុដិហេង សំរិនគណៈអភិបាលខេត្តវត្តត្រឡែងកែងការរស់នៅរបស់ខ្មែរបុរេប្រវត្តិគ្រោះថា្នក់ចរាចរណ៍ការសម្លាប់រង្គាលយូណេស្កូក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពណ៌តាមថ្ងៃវត្តព្រះកែវមរកតក្រុងប៉ោយប៉ែតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១🡆 More