បេតុងជាសម្ភារៈសំណង់ដែលផ្សំពីស៊ីម៉ង់ត៍ (ច្រើនជាប្រភេទ ស៊ីម៉ង់ត៍ផតលែនដ៍) ជាមួយនឹងសម្ភារៈបន្ស៊ីផ្សេងទៀត ដូចជា ផ្លាយអាស់ និង slag cement, គ្រាប់ថ្ម (ជាទូទៅគ្រាប់ថ្មធំ ដូចជាក្រួស ថ្មកំបោរ ឬក៏ក្រានីត បូកនឹងគ្រាប់ថ្មល្អិត ដូចជាខ្សាច់), ទឹក និង គ្រឿងបន្ថែមគីមី។ ពាក្យបេតុង ចេញមកពីពាក្យបារាំង Béton ត្រូវនឹងពាក្យអង់គ្លេសហៅថា Concrete ដែលចេញមកពីឡាតាំង concretus មានន័យថា រឹង។ បេតុងក្លាយជាសូលីតនិងរឹងក្រោយពីការលាយបញ្ចូលគ្នានៃល្បាយបេតុង និង យកទៅចាក់ ដោយសារផលគីមីមួយ ដែលគេហៅថា អ៊ីដ្រាតកម្ម។ ទឹកមានប្រតិកម្មជាមួយស៊ីម៉ង់ត៍ ដែលតភ្ជាប់ធាតុផ្សំផ្សេងទៀតជាមួយគ្នា ដែលអាចបង្កើតបានជាសំភារៈមានលក្ខណៈរឹងដូចថ្ម។ បេតុងត្រូវបានគេប្រើដើម្បីផលិតកំរាលផ្លូវ គ្រោងឆ្អឹងស្ថាបត្យកម្ម គ្រឹះ ផ្លូវ ស្ពាន ចំនតឡាន គ្រោងឆ្អឹងសំនង់ អិដ្ឋរៀបជញ្ជាំង ជើងតាងរបងទ្វារ និងបង្គោលភ្លើង។
បេតុងត្រូវបានយកគេទៅប្រើច្រើនជាងគេបង្អស់ក្នុងចំនោមសំភារៈផលិតដោយមនុស្ស នៅលើលោកយើងនេះ។ ចាប់ពីឆ្នាំ២០០៦មក គេផលិតបេតុងបាន ម៉ែត្រគូប ជារៀងរាល់ឆ្នាំ -មានន័យថាមនុស្សម្នាក់ៗនៅលើផែនដី ប្រើបេតុងអស់ច្រើនជាងមួយម៉ែត្រគូបទៅទៀត។ បេតុងជាឧស្សាហកម្មមួយដែល មានតំលៃ៣៥ពាន់លានដុល្លា ដែលផ្តល់កាងារចំនួនច្រើនជាងពីរលាននាក់ នេះគ្រាន់តែនៅអាមេរិចប៉ុណ្ណោះ។ នៅអាមេរិច ហាយវេក្រាលដោយបេតុង ជាសរុប វែងជាង៨៩០០០គម ទៅទៀត។ សាធារណរដ្ឋប្រជាមានិតចិន សព្វថ្ងៃប្រើប្រាស់អស់៤០%នៃផលិតផលស៊ីម៉ង់ត៍/បេតុង សរុបរបស់ពិភពលោក។
អារ្យធម៌បុរាណជាច្រើន ធ្លាប់ប្រើបេតុងធ្វើអំពីដីភក់សម្ងួត, ចំបើង និងសម្ភារៈផ្សេងទៀត។ ក្នុងសម័យចក្រភពរ៉ូម៉ាំង បេតុងរ៉ូម៉ាំងធ្វើអំពី កំបោរងាយ ផេះប៉ូហ្សូឡានិច និងគ្រាប់ថ្មខាត់ វាស្រដៀងគ្នានឹងស៊ីម៉ង់ត៍ផតលែនដ៍សម័យថ្មីជាច្រើន។ ការប្រើប្រាស់បេតុងដ៏ទូលំទូលាយ នៅក្នុងសំណង់រ៉ូម៉ាំង បានធ្វើឲ្យសំណង់អស់នោះអាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។ អាងងូតទឹកការ៉ាកាល្លា នៅក្រុងរ៉ូម គ្រាន់តែជាឧទាហរណ៍មួយនៃភាពយូរអង្វែងរបស់បេតុងតែប៉ុណ្ណោះ ដែលអាចឲ្យពួករ៉ូម៉ាំង សង់សំណង់នេះ និងសំណង់ស្រដៀងគ្នាផ្សេងទៀត នៅទូទាំងចក្រភពរ៉ូម៉ាំង។ ស្ពានប្រលាយរបស់រ៉ូម៉ាំងខ្លះ មានប្រើថ្មបៀកកំបោរព័ទ្ធពីក្រៅស្នូលបេតុង ជាតិចនិចមួយ ដែលពួកគេប្រើដូចជានៅក្នុង ប៉ង់តេអុង របស់ក្រុងរ៉ូម ដែលដូមខាងក្នុងរបស់សំណង់នេះធ្វើពីបេតុងដោយគ្មានអ្វីស្រោបពីក្រៅ។
អាថ៌កំបាំងរបស់បេតុងត្រូវបានកប់បាត់អស់១៣សវ. រហូតមកដល់ឆ្នាំ ១៩៧៦ នៅពេលដែលវិស្វករចក្រភពអង់គ្លេស ចន ស្ម៊ីតុន (John Smeaton) បានប្រើដំបូងគេបង្អស់ នូវកំបោរអ៊ីដ្រូលិចនៅក្នុងបេតុង ដោយប្រើក្រួស និងផ្សៅអិដ្ឋជំនួសអោយគ្រាប់ថ្ម។ ស៊ីម៉ង់ត៍ផតលែនត្រូវបានគេប្រើជាលើកដំបូងនៅដើមទសវត្ស១៨៤០។
នាពេលបច្ចុប្បន្ននេះ ការប្រើសំភារៈកាកសំនល់ សំរាប់ប្រើជាគ្រឿងផ្សំបេតុង ទទួលបាននូវប្រជាប្រិយភាពក៏ព្រោះតែកំនើននូវបញ្ហាផ្លូវច្បាប់ទាក់ទងនឹងបរិស្ថាន។ វត្ថុដែលលេចធ្លោជាងគេគឺម្រែងភ្លើង ជាកាកសំនល់កើតចេញពីរោងចក្រថាមពលធ្យូងថ្ម។ សារធាតុនេះបានជួយកាត់បន្ថយជាច្រើនដល់កន្លែងយកថ្មនិងកន្លែងកប់សំរាម ហើយដោយវាដើរតួជំនួសអោយស៊ីម៉ង់ត៍ វាបានជួយកាត់បន្ថយបរិមាណស៊ីម៉ង់ត៍ ដែលគេប្រើប្រាស់ក្នុងបេតុង។ ដោយការផលិតស៊ីម៉ង់ត៍បានបង្កើតកាបូនឌីអុកស៊ីតយ៉ាងច្រើន តិចណូលោស៊ីក្នុងការកាត់បន្ថយការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជាតាមវិធីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ទៅអនាគត ក្នុងគោលដៅកាត់បន្ថយបន្សាយកាបូនឌីអុកស៊ីត។
សារធាតុបន្ថែមរបស់បេតុងត្រូវបានគេយកមកប្រើតាំងពីសម័យរ៉ូម៉ាំងនិងអេស៊ីបមកម្ល៉េះ នៅពេលនោះគេរកឃើញថា ដោយបន្ថែមផេះភ្នំភ្លើង ទៅក្នុងល្បាយបេតុង អាចអោយបេតុងកកនៅក្នុងទឹកបាន។ ស្រដៀងគ្នានេះដែរ ពួករ៉ូម៉ាំងបានដឹងថា សក់សេះ បានជួយបេតុងទប់មិនអោយងាយប្រេះ ក្រោយពេលរឹង ហើយដោយបន្ថែមឈាម ធ្វើអោយវាធន់បានល្អនឹងអកាសធាតុត្រជាក់។
នៅក្នុងសម័យទំនើបនេះ អ្នកស្រាវជ្រាវ បានពិសោធដោយបន្ថែមសំភារៈផ្សេងទៀត ដើម្បីបង្កើតបេតុង ដែលមានលក្ខណៈប្រសើរជាងមុន ដូចជាមានរេស៊ីស្តង់ខ្ពស់ រឺ ភាពចំលងអគ្គិសនី។
មានបេតុងច្រើនប្រភេទខុសៗគ្នា បង្កើតដោយសមមាត្រផ្សេងៗគ្នានៃគ្រឿងផ្សំសំខាន់ៗខាងក្រោម។ ការឌិសាញល្បាយបេតុង អាស្រ័យលើប្រភេទគ្រោងឆ្អឹងសំនង់ដែលត្រូវសង់ អាស្រ័យនឹងរបៀបលាយបេតុង និងដឹកជញ្ជូន និងអាស្រ័យនឹងរបៀបចាក់បេតុងបង្កើតជាគ្រោងឆ្អឹងសំនង់នេះ។
ស៊ីម៉ង់ត៍ផតលែន ជាប្រភេទ ដែលគេប្រើជាទូទៅជាងគេ។ វាជាសារធាតុផ្សំសំខាន់បំផុតរបស់បេតុង បាយអ និងបាយអសិតរូប។ វិស្វករអង់គ្លេស យ៉ូសិប អាសប្ឌីន បានទទួលប៉ាតង់បង្កើតស៊ីម៉ង់ត៍ផតលែននៅឆ្នាំ១៨២៤ ស៊ីម៉ង់ត៍នេះមានឈ្មោះដូចនេះដោយសារវាមានពណ៌ស្រដៀងនឹងពណ៌របស់ថ្មកំបោរផតលែន ដែលគេយកមកពីកោះផតលែនរបស់អង់គ្លេស ហើយត្រូវបានយកមកប្រើយ៉ាងទូលំទូលាយនៅក្នុងស្ថាបត្យកម្មក្រុងឡុង។
ស៊ីម៉ង់ត៍ផតលែនផ្សំពីកាល់ស្យូមអុកស៊ីត ស៊ីលីកូន និង អាលុយមីញ៉ូម។ ស៊ីម៉ង់ត៍ផតលែន និងសំភារៈស្រដៀងគ្នា ត្រូវបានផលិតដោយដុតកំដៅថ្មកំបោរ (ប្រភពនៃកាល់ស្យូម) ជាមួយដីអិដ្ឋ និង កិនផលិតផលនេះអោយម៉ត់ (ហៅថា ក្លាំងគែរ) ជាមួយនឹងវត្ថុធាតុដើមនៃស៊ុលផាត (ជាទូទៅជាស៊ីបសូម)។
បន្សំរវាងទឹកជាមួយនឹងសំភារៈបន្ស៊ី បង្កើតបានជា កាវស៊ីម៉ង់ត៍ តាមរយៈរបៀបអ៊ីដ្រាតកម្ម។ កាវស៊ីម៉ង់ត៍ តភ្ជាប់គ្រាប់ថ្មជាមួយគ្នា បំពេញចន្លោះប្រហោងរវាងគ្រាប់ថ្ម ហើយអាចអោយគ្រាប់ថ្មហូរបានយ៉ាងងាយ។ ទឹកតិចក្នុងកាវស៊ីម៉ង់ត៍ នឹងបង្កើតបានបេតុងកាន់តែរឹងខ្លាំង ធន់បានយូរ; ប្រើទឹកច្រើននឹងបង្កើតបានជាបេតុងងាយហូរ មានស្លាំខ្ពស់។
ទឹកមិនល្អប្រើដើម្បីផលិតបេតុង អាចបង្កជាបញ្ហា នៅពេលដែលកកហើយ រឺអាចបណ្តាលអោយគ្រោងឆ្អឹងសំនង់ខូចខាតមុនកំនត់។
អ៊ីដ្រាតកម្ម ទាក់ទងនឹងប្រតិកម្មផ្សេងៗជាច្រើន ជាទូទៅកើតនៅពេលព្រមគ្នា។ នៅពេលដែលប្រតិកម្មកំពុងតែមាន អ៊ីដ្រាតកម្មនៃស៊ីម៉ង់ត៍ បានបន្ស៊ីម្តងបន្តិចៗរវាងខ្សាច់ និងគ្រាប់ថ្ម ជាមួយនឹងសារធាតុផ្សំផ្សេងទៀត ដើម្បីបង្កើតបានជាម៉ាសរឹងមួយ។
ប្រតិកម្ម
គ្រាប់ថ្មល្អិត និង ធំ ធ្វើអោយបេតុងមានមាឌធំ។ ខ្សាច់, គ្រាប់ថ្មធម្មជាតិ និង គ្រាប់ថ្មបំបែក ត្រូវបានគេយកមកប្រើជាសំខាន់ក្នុងវត្ថុបំនងនេះ។ គ្រាប់ថ្មយកមកប្រើសាឡើងវិញ(មកពីសំនង់មួយ កាកសំនល់ពីការកំទេច និងកាយ) ត្រូវបានយកមកប្រើច្រើនឡើងៗ ជំនួសអោយគ្រាប់ថ្មធម្មជាតិមួយផ្នែក ព្រមជាមួយនឹងគ្រាប់ថ្មផលិតមកមួយចំនួន រួមទាំង ម្រែងភ្លើងក្នុងបំពង់ផ្សែងឡដែក និង កាកផេះ ក៏ត្រូវបានគេយកមកប្រើដែរ។
ថ្មតែងលំអខ្លះ ដូចក្វាតស៊ីត គ្រួស រឺក៏អំបែងកញ្ចក់ ជួនកាលត្រូវបានគេបន្ថែមទៅលើផ្ទៃបេតុងសំរាប់ធ្វើជាគ្រាប់ថ្មតែងលំអពីក្រៅ លក្ខណៈនេះមានការនិយមពីសំនាក់អ្នកឌិសាញសោភណ្ឌភាព។
បេតុងខ្លាំងផ្នែកសង្កត់ ដោយមានគ្រាប់ថ្មជាអ្នកទ្របន្ទុកសង្កត់។ ប៉ុន្តែវាខ្សោយពេលរងកំលាំងទាញ ដោយសារស៊ីម៉ង់ត៍ដែលជាអ្នករក្សាគ្រាប់ថ្មអាចប្រេះ បណ្តាលអោយបេតុងខូច។ បេតុងអារមេ ដោះស្រាយបញ្ហានេះ ដោយបន្ថែមដែកសរសៃ សរសៃកញ្ចក់ រឺសរសៃប្លាស្ទិច អោយជួយទប់ទល់នឹងកំលាំងទាញ។
សារធាតុគីមីបន្ថែម ជាសំភារៈមានទំរង់ជាម្សៅរឺវត្ថុរាវ ដែលគេបន្ថែមទៅលើល្បាយបេតុង ដើម្បីទទួលបានលក្ខណៈខ្លះដែលមិនមានចំពោះបេតុងធម្មតា។ ក្នុងបំរើបំរាស់ធម្មតា ដូសរបស់សារធាតុគីមីបន្ថែម មានបរិមាណតិចជាង5% នៃម៉ាសស៊ីម៉ង់ត៍ ហើយគេលាយវាជាមួយនឹងបេតុងនៅពេល កូរល្បាយបេតុង។ ប្រភេទសារធាតុគីមីបន្ថែមសំខាន់ៗមានដូចតទៅ :
This article uses material from the Wikipedia ភាសាខ្មែរ article បេតុង, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.