បន្ទុកអគ្គីសនី គឺជាលក្ខណៈសំគាល់គ្រឹះរបស់រូបធាតុដែលអាចអោយយើងកំនត់អំពីលក្ខណៈអន្តរកម្មអេឡិចត្រូម៉ាញ៉េទិចរបស់វា។ បន្ទុកអគ្គីសនីបង្កើតនិងទទួលរងឥទ្ធិពលពីដែនអេឡិចត្រូម៉ាញ៉េទិច។ អន្តរកម្មរវាងបន្ទុកមានចលនានឹងដែនអេឡិចត្រូម៉ាញ៉េទិចបង្កើតជាកំលាំងអេឡិចត្រូម៉ាញ៉េទិចដែលជាកំលាំង១ក្នុងចំនោមកំលាំងគ្រឹះទាំង៤។ ចលនារបស់បន្ទុកអគ្គីសនីបង្កើតជាចរន្តអគ្គីសនី។
អេឡិចត្រូម៉ាញ៉េទិច | ||||||||||||
អគ្គីសនី · ម៉ាញ៉េទិច
| ||||||||||||
បន្ទុកអគ្គីសនីជាសញ្ញាណអរូបី ប្រហាក់ប្រហែលគ្នានឹងម៉ាស់ដែរ ដែលអាចអោយយើងពន្យល់ពីបាតុភូតមួយចំនួន។ ខុសគ្នាពីម៉ាស់ បន្ទុកអគ្គីសនីអាចមានទំរង់២ផ្ទុយគ្នាគឺ វិជ្ជមាន និង អវិជ្ជមាន។ បន្ទុកអគ្គីសនីដែលមានធម្មជាតិដូចគ្នាច្រានគ្នាចេញ ហើយបន្ទុកដែលមានធម្មជាតិ(សញ្ញា)ផ្ទុយគ្នាទាញគ្នាចូល។ យើងហៅបាតុភូតនេះថា អន្តរកម្មអេឡិចត្រូម៉ាញ៉េទិច។ បាតុភូតនេះត្រូវបានពន្យល់ដោយរូបមន្តក្នុងច្បាប់គូឡុំ ដែលបានចែងថាកំលាំងអេឡិចត្រូស្ដាទិចរវាងបន្ទុកអគ្គីសនីទាំង២សមាមាត្រនឹងផលគុណបន្ទុកទាំង២និងច្រាស់សមាមាត្រនឹងការ៉េរបស់ចំងាយរបស់វាទាំង២។ អន្តរកម្មរវាងបន្ទុកអគ្គីសនីនិងដែនអេឡិចត្រូម៉ាញ៉េទិចបង្កើតបានជាកំលាំងអេឡិចត្រូម៉ាញ៉េទិច ដែលជាកំលាំង១ក្នុងចំនោមកំលាំងគ្រឹះទាំង៤។
បន្ទុកអគ្គីសនីអាចវាស់បានដោយផ្ទាល់ដោយប្រើអេឡិចត្រូម៉ែត្រ និងដោយប្រយោលដោយហ្គាល់វ៉ាណូម៉ែត្របាលីស្ទីក។ ខ្នាតរបស់វាគឺគូឡុំ។ ១គូឡុំជាបរិមាណបន្ទុកអគ្គីសនីដែលឆ្លងកាត់ផ្ទៃមុខកាត់របស់ខ្សែចំលងដឹកនាំចរន្តអគ្គីសនី១អំពែរ ក្នុងរយៈពេល១វិនាទី។ គេនិយមប្រើអក្សរ Q ជានិមិត្តសញ្ញារបស់បន្ទុកអគ្គីសនី។ រូបធាតុទាំងអស់កើតឡើងពីបន្សំប្រូតុងនិងអេឡិចត្រុងដែលមានផ្ទុកបន្ទុកអគ្គីសនីស្មើគ្នាគឺបន្ទុកបឋមe តែមានសញ្ញាផ្ទុយគ្នា។ ខ្វក មានបន្ទុកអគ្គីសនីប្រភាគ −1⁄3 ឬ+2⁄3 e។ អង់ទីភាគល្អិតសមមូលនឹងភាគល្អិតទាំងនេះ(ប៉ូស៊ីត្រុង អង់ទីប្រូតុង អង់ទីខ្វក មានបន្ទុកផ្ទុយ។ ក្រៅពីនេះនៅមានភាគល្អិតផ្ទុកបន្ទុកអគ្គីសនីផ្សេងទៀតដែរ។
ពេលគេសិក្សាពីអង្គធាតុផ្ទុកបន្ទុកអគ្គីសនីនៅនឹងថ្កល់មួយ គេនិយាយពីអេឡិចត្រូស្តាទិច។ ពេលដែលបន្ទុកសរុបរបស់វាសូន្យ វាអាចមានរាយប៉ាយមិនស្មើសាច់(ឧទាហរណ៍ដោយសារដែនអគ្គីសនីខាងក្រៅ ឬចលនាម៉ូលេគុល) គេនិយាយថាអង្គធាតុនោះរងប៉ូលកម្មអេឡិចត្រូស្តាទិច។ បន្ទុកដែលកើតឡើងពីប៉ូលកម្មនេះត្រូវបានគេស្គាល់ថាជាសំព័ន្ធបន្ទុកអគ្គីសនី។ ចលនារបស់បន្ទុកអគ្គីសនី(ឧទាហរណ៍ចលនារបស់អេឡិចត្រុងក្នុងលោហៈ)តាមទិសដៅកំនត់មួយត្រូវបានគេអោយឈ្មោះថាចរន្តអគ្គីសនី។ ធម្មជាតិពិតរបស់បន្ទុកអគ្គីសនីត្រូវបានស្នើដោយម៉ៃឃើល ហ្វារ៉ាដេយ នៅក្នុងពិសោធអគ្គីសនីវិភាគរបស់គាត់ និងត្រូវបានស្រាវបញ្ជាក់ដោយលោក រ៉ូបឺត អាន់ឌ្រូ មីលីខាន់(Robert Andrews Millikan) នៅក្នុងពិសោធន៍របស់គាត់ (ពិសោធន៍លើតំនក់ខ្លាញ់)។
បន្ទុកអគ្គីសនីត្រូវបានរកឃើញដោយជនជាតិក្រិចបុរាណ ដែលបានសង្កេតឃើញថាការកកិតរបស់រោមសត្វ ជាមួយសារធាតុផ្សេងៗ បង្កើតជាភាពអលំនឹងរបស់បន្ទុកអគ្គីសនី (បាតុភូតអគ្គីសនីកម្មដោយកកិត) ។ ជនជាតិក្រិចក៏បានសំគាល់ឃើញថាឡេវធ្វើអំពីអំប៊្រឹ ផ្ទុកបន្ទុកអគ្គីសនីអាចឆក់ទាញវត្ថុស្រាលៗដូចជាសរសៃសក់បាន។ ពួកគេក៏ឃើញផងដែរថាបើសិនជាគេកកិតអំប៊្រឹ រយៈពេលយូរ គេអាចបានបន្សាយផ្កាភ្លើង។
នៅឆ្នាំ១៦៧៥ រ៉ូបឺត បូយ(Robert Boyle) បានពោលថាមានការទាញចូលរឺច្រានដោយអគ្គីសនីអាចឆ្លងកាត់សុញ្ញកាស។ នៅឆ្នាំ១៧២៩ ស្ទេហ្វិន ហ្គ្រេយ(Stephen Gray) បានចាត់ថ្នាក់រូបធាតុជាកុងឌុចទ័រនិងអ៊ីសូឡង់។ នៅឆ្នាំ១៧៣៣ សាល ហ្វ្រង់ស័រ ឌុយ ហ្វាយ(Charles François du Fay) បានលើកសំនើថាអគ្គីសនីមាន២ប្រភេទដែលអាចលុបគ្នាទៅវិញទៅមក។ នៅឆ្នាំ១៨៣៨ ម៉ៃឃើល ហ្វារ៉ាដេយបានបង្ហាញថា ការបែកចែកប្រភេទអគ្គីសនីជា អគ្គីសនីស្តាទិច អគ្គីសនីចរន្ត និង ជីវអគ្គីសនី មិនត្រឹមត្រូវទេ និងបានថាអ្វីៗទាំងអស់នោះមានបុព្វហេតុពីអគ្គីសនីតែមួយប្រភេទ ដែលមានប៉ូលកម្មផ្ទុយគ្នា២៖ វិជ្ជមាន និង អវិជ្ជមាន។ បាតុភូតប្រចាំថ្ងៃ យកក្រាសជ័រទៅសិតសក់(ស្ងួត) នៅពេលមានអាកាសធាតុស្ងួត ក្រាសនោះនឹងផ្ទុកបន្ទុកអគ្គិសនី។ នៅពេលដែលអ្នកដោះស្បែកជេីង(ជេីងស្ងួត) ចេញរួចដេីរកាត់កម្រាលព្រំនីឡុង ជេីងរបស់អ្នកនឹងផ្ទុកបន្ទុកអគ្គិសនី។
នៅស.វទី១៨ អគ្គីសនីត្រូវបានគេនិយមសិក្សា។។
This article uses material from the Wikipedia ភាសាខ្មែរ article បន្ទុកអគ្គីសនី, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.