រឿង
មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា , បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ , ប្អូនថ្លៃនោះ បានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា << មិនហ៊ានទៅស៊ីទេ >> ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបបទ ខ្មាសគេ, ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា << មិនអីទេ ទៅពីរនាក់ចុះ បើមិនដឹង ឲ្យតែធ្វើតាមខ្ញុំៗ ស៊ីអី ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ >> ។ បងក៏ព្រមទៅ, លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ , ដល់គេលើកសម្លខ្ចៅមក ប្អូនក៏យកចង្កឹះចាប់មួយមកពម រួចជញ្ជក់អស់ ខ្ជាក់សំបកខ្ចៅនោះដាក់នៅនឹងកន្លែង ហើយគេចោលសំបកនោះទៅ ។
ឯបងនោះមិនដឹង ដោយមិនបានឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់ហើយខំទាំងទំពាសំបកខ្ចៅនោះទាល់តែល្អិត ខំលេបទៅ ។ ប្អូនឃើញដូច្នេះ ក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅ ដែលគេឡៅទុកនៅចាននោះមកស៊ីៗ រួចគេយកកន្សែងខ្ចប់ដាក់ ហើយចោលទៅទៀត ។ បងឃើញគេស៊ីអំពៅ ក៏យកអំពៅនោះ មកស៊ីនឹងគេទៀត ខំទំពាអំពៅទាល់តែល្អិតកាក លេបទៅទៀត, ប្អូនលែងស៊ីអំពៅ វាទៅស៊ីសម្លមីសួរទៀត ទើបតែនឹងពមចូលក្នុងមាត់ នឹកឃើញបងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ ក៏ចេញសំឡេងមកឮតែឃឹក ។ ដោយហេតុខ្យល់ទប់ឃឹកនោះ មីសួរវាស្ទុះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ ចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់ ។ បងថ្លៃឃើញដូច្នោះ ក៏ចោលចង្កើះទៅក្នុងថាសថា << ទេ ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាម សូម្បីខ្ចៅនិងអំពៅទាំងសំបក ទាំងកាក ក៏ស៊ីបានទាំងអស់ ដល់មីសួរ ខ្លុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេ ប្អូនឯងស៊ីតែឯងចុះ បងលែងស៊ីហើយ ស៊ីទៅទៀតមិនកើតទេ >> ។
ប្រជុំរឿងព្រេងខ្មែរភាគទី១
This article uses material from the Wikipedia ភាសាខ្មែរ article រឿងបងថ្លៃនិងប្អូនថ្លៃ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.