ពាក្យថា បញ្ចក្ខន្ធ ផ្សំមកពីពាក្យ បញ្ច មានន័យថា ៥ និង ពាក្យថា ខន្ធ មានន័យថា កង, ដើម, គំនរ, ពួក, កង, ប្រជុំ, កំណត់ ។ ពាក្យថា ខន្ធ (khandha) គឺជាពាក្យបាលី ដែលត្រូវនឹងពាក្យថា ស្កន្ធ (skandha) នៅក្នុងភាសាសំស្រ្កឹត ។ ខន្ធ គឺជាបាតុភូត ៥ យ៉ាង ដែលជាឧបករណ៍នៅជាប់ជាមួយខ្លួន និង ជាមូលដ្ឋាននៃវិញ្ញាណឲ្យដឹងអំពីខ្លួន ។ នៅក្នុងបញ្ចក្ខន្ធគ្មានអ្វីជា អញ ឬជា របស់អញ ទេ ។ ទ្រឹស្តីពុទ្ធសាសនាថេរវាទ អះអាងថា សេចក្តីទុក្ខកើតឡើងនៅពេលណាចិត្តមនុស្សជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ។ ដូច្នេះមនុស្សមានលទ្ធភាពអាចរំលត់សេចក្តីទុក្ខបានដោយការព្យាយាមលះបង់ចោលនៅវត្ថុ,មនុស្ស ឬសត្វទាំងឡាយដែលចិត្តជាប់ជំពាក់ ។ នៅក្នុងពុទ្ធសាសនាមហាយាន អះអាងថាដើម្បីរំដោះចិត្តរបស់យើងឲ្យរួចផុតពីសេចក្តីទុក្ខ យើងត្រូវសិក្សាឈ្វេងយល់ឲ្យច្បាស់នូវធម្មជាតិពិតនៃបញ្ចក្ខន្ធ ពោលគឺពួកវាគឺជារបស់សោះសូន្យទទេ, គ្មានអ្វីជាខ្លឹមសារដែលនាំឲ្យចិត្តជាប់ជំពាក់សោះឡើយ ។
ទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ពន្យល់បញ្ចក្ខន្ធដូចខាងក្រោមនេះ ៖
វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ជាខន្ធរបស់ចិត្ត ហៅថានាមធម៌ ។ ក្នុងគម្ពីរបិដក និងគម្ពីរអាគម Āgama សេចក្តីបរិយាយភាគច្រើន ដែលផ្តោតទៅលើបញ្ចក្ខន្ធ ផ្តល់ការពិភាក្សាថា ជាគោលការណ៍នៃសេចក្តីយល់ដឹង និងការរំដោះចេញពីទុក្ខ ដោយមិនពន្យល់ពីការទាក់ទងគ្នា រវាងបញ្ចក្ខន្ធទេ ។ យ៉ាងហោចណាស់ តាមការបរិយាយខាងសាសនាខ្លះ ក៏គេអាចទាញយក ការជាប់ទាក់ទងគ្នាដោយបច្ច័យ រវាងបញ្ចក្ខន្ធដែរ ។ រូប ឬរូបក្ខន្ធ ជាធម្មជាតិកើតឡើង ហើយប្រែប្រួលនិងរលត់សាបសូន្យទៅវិញជាធម្មតា បានដល់ រូប២៨ តាមព្រះអភិធម្ម ។ រូបម្យ៉ាងទៀត គឺអ្វីៗដែលគេទទួលដឹងបានដោយសារវិញ្ញាណ ដូចជាដើមឈើ (ដោយភ្នែក) សម្លេង (ដោយត្រចៀក) ខ្លិន (ដោយច្រមុះ) រសជាតិ (ដោយអណ្តាត) ផោដ្ឋព្វ (ដោយកាយ) ។ រូប សម្លេង ក្លិន រស និងផោដ្ឋព្វ ក៏មានឈ្មោះថាជារូបដែរ (ខុសគ្នាពីរូបក្ខន្ធ) ។ អារម្មណ៍ដែលកើតឡើងជាមួយនឹងបសាទ មានចក្ខុបសាទជាដើម រួមជាមួយនឹងវិញ្ញាណ ទាំងអស់នេះហៅថាផស្សៈ ការពាល់ត្រូវ (នៃអារម្មណ៍) ។ ខន្ធ ៣ ទៀតក៏កើតឡើងបន្តបន្ទាប់គ្នា គឺសញ្ញាខន្ធ-វេទនាខន្ធ-សង្ខារខន្ធ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ខន្ធទាំង៤នេះឈ្មោះថា អរូបក្ខន្ធ ។ ដូច្នេះបញ្ចក្ខន្ធចែកជា ២ ផ្នែកគឺ នាម(អរូបក្ខន្ធ ៤) និងរូប(រូបក្ខន្ធ ១)។ នាមនិងរូបអាស្រ័យដោយគ្នានឹងគ្នា ទៅវិញទៅមកទើបស្ថិតស្ថេរបាន ។
តាមគម្ពីរសំយុត្តនិកាយ ព្រះពុទ្ធមានព្រះបន្ទូលថា រថកើតឡើងដោយសារ ការផ្តុំគ្នានៃចំណែកផ្សេងៗ ក៏ដូចគ្នានឹងគំនិតថា បុគ្គលកើតឡើងដោយសារតែខន្ធ៥ ។ ដូច្នេះរថដែលជាឧទាហរណ៍ ជាក់ស្តែង ក៏ដូចគ្នានឹងបុគ្គលដែរ ។ ការវិភាគដូចគ្នានេះ ក៏មានចំពោះចំណែកនិមួយៗរបស់រថដែរ វាមិនមានរូបរាងពិតទេ ព្រោះកើតឡើងដោយសារតែបច្ច័យ ដូចគ្នានឹងរថទាំងមូលដែរ ។ ការមិនទទួលព្រមដ៏ជាក់លាក់ ថាជារបស់ដែល មានពិត ចំពោះចំណែកផ្សេងៗរបស់បុគ្គល (ខន្ធ៥) ក្នុងគម្ពីរជំនាន់ដើម គឺរឿងមួយដែលពួកមហាយានល្បីល្បាញ ជំនាន់ក្រោយ បានពោលថា៖ រូបទាំងឡាយដូចជាពពុះទឹក វេទនាដូចពពុះខ្យល់ សញ្ញាដូចជាស្រមោលក្នុងទឹក វិញ្ញាណដូចជាការស្រមៃ ដូចព្រះពុទ្ធបានពន្យល់ ដោយឧទាហរណ៍ អំពីធម្មជាតិនៃខន្ធ ។
នៅក្នុងអរិយសច្ចៈទី១ (ទុក្ខសច្ចៈ) ដែលព្រះពុទ្ធបានសំដែង បញ្ចក្ខន្ធជា ឧបាទានក្ខន្ធ គឺខន្ធដែលប្រកបដោយ ការជាប់ជំពាក់និងសេចក្តីទុក្ខ ជាហេតុជាបច្ច័យឲ្យទុក្ខក្នុងអនាគត ។ ដើម្បីរំដោះខ្លួនឲ្យផុតពីទុក្ខទាំងពួង អ្នកបដិបត្តិធម៌ត្រូវតែហ្វឹកហាត់រំលត់ខន្ធទាំង ៥ (បញ្ចក្ខន្ធ) ។
This article uses material from the Wikipedia ភាសាខ្មែរ article បញ្ចក្ខន្ធ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.