រុស្ស៊ី

ប្រទេសរុស្ស៊ី (ភាសារុស្ស៊ី៖ Россия, រ៉ូស្ស៊ីយ៉ា) ដោយមាន​ឈ្មោះ​ជាផ្លូវការថា សហព័ន្ធ​រុស្ស៊ី គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុប ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដី ហើយលាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ និងមានព្រំដែនជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦។ វាជាប្រទេសដែល មានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោក និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ ហើយក៏ត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអឺរ៉ុបផងដែរ។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈឯទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។

សហព័ន្ធរុស្ស៊ី
Российская Федерация
ទង់ជាតិ រុស្ស៊ី
ទង់ជាតិ
វរលញ្ឆកររុស្ស៊ី
វរលញ្ឆករ
ភ្លេងជាតិ
"Государственный гимн
Российской Федерации"
(ភាសាខ្មែរ៖ "ចម្រៀងជាតិនៃសហព័ន្ធរុស្ស៊ី")
ទឹកដីប្រទេសរុស្ស៊ី (ក្រហម) នៅលើភូគោល
ទឹកដីប្រទេសរុស្ស៊ី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ម៉ូស្គូ
55°45′N 37°37′E / 55.750°N 37.617°E / 55.750; 37.617
ភាសាផ្លូវការ
និង ភាសាជាតិ
ភាសារុស្ស៊ី
ភាសាទទួលស្គាល់ជាតិសូមមើល ភាសារបស់រុស្ស៊ី
ក្រុមជនជាតិ
(ឆ្នាំ ២០១០)
  • ៨០.៩% រុស្ស៊ី
  • ៣.៩% តាតារ
  • ១.៤% អ៊ុយក្រែន
  • ១.១% បាស្គារ
  • ១.០% ឈូវ៉ាស
  • ១.០% ឆេឆិន
  • ១០.៧% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០១២)
  • ៤៧.៤% គ្រិស្តសាសនា
    ៤១% អូស្សូដក់
    ៦.៤% និកាយគ្រិស្តផ្សេងៗទៀត
  • ៣៨.២% គ្មានជំនឿសាសនា
  • ៦.៥% ឥស្លាមសាសនា
  • ២.៤% សាសនាផ្សេងៗទៀត
  • ៥.៥% គ្មានចម្លើយ
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធ​ពាក់កណ្ដាល​ប្រធានាធិបតី​និយមក្រោមអំណាចផ្ដាច់ការ
- ប្រធានាធិបតី
វ៉្លាឌីមៀរ ពូទីន
- នាយករដ្ឋមន្ត្រី
មីខាអ៊ីល មីឈូសទីន
- ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ
វ៉ាលិនធីណា ម៉ាតវីយ៉េងកូ
- ប្រធាន​សភា​ឌូម៉ា
វីច្ឆេស្លាវ វ៉ូឡូឌីន
- ប្រធានតុលាការកំពូល
វីច្ឆេស្លាវ ឡេបេដេវ
នីតិបញ្ញត្តិសភា​សហព័ន្ធ
- សភាជាន់ខ្ពស់
ក្រុមប្រឹក្សា​សហព័ន្ធ
- សភាជាន់ទាប
សភា​ឌូម៉ា
និម្មិតកម្ម
- រាជវង្សរូរីគបាននិម្មិតឡើង
៨៦២
រូសកៀវ
៨៧៩
- ពញារដ្ឋម៉ូស្គូ
១២៨៣
- អាណាចក្រ​ត្សារ​រុស្ស៊ី
១៦ មករា ១៥៤៧
២ វិច្ឆិកា ១៧២១
- របបរាជាធិបតេយ្យត្រូវបានលុបបំបាត់ចោល
១៥ មីនា ១៩១៧
- សហព័ន្ធរុស្ស៊ី
១២ ធ្នូ ១៩៩១
- ប្រកាសរដ្ឋធម្មនុញ្ញ
១២ ធ្នូ ១៩៩៣
- ការទទួលស្គាល់រដ្ឋបាលនយោបាយក្រោយបំផុត
១៨ មីនា ២០១៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៧,១២៥,១៩១ គ.ម   (ទី១)
- ផ្ទៃទឹក (%)
១៣
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase ១៤៧,១៨២,១២៣ (ជំរឿនឆ្នាំ២០២១) (រាប់ទាំងតំបន់គ្រីមៀ) (ទី​៩)
- ដង់ស៊ីតេ
៨.៤ នាក់/គ.ម   (ទី​១៨១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៤.៦៥០ ទ្រីលានដុល្លារ (ទី៦)
- ក្នុងម្នាក់
increase ៣១,៩៦៧ ដុល្លារ (ទី៥៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២.១៣៣ ទ្រីលានដុល្លារ (ទី៩)
- ក្នុងម្នាក់
increase ១៤,៦៦៥ ដុល្លារ (ទី៦៥)
ជីនី (២០២០)positive decrease ៣៦.០
មធ្យម · ទី៩៨
HDI (២០១៩)០.៨២៤
ខ្ពស់ណាស់ · ទី​៥២
រូបិយវត្ថុរូប () (RUB)
ល្វែងម៉ោងUTC+២ ទៅ +១២
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៧
កូដ ISO 3166RU
ដែនកម្រិតខ្ពស់
  • .ru
  • (.рф)

តាមប្រវត្តិសាស្ត្រ ពួកស្លាវខាងកើតបានលេចខ្លួនឡើងជាក្រុមជនជាតិដ៏សំខាន់មួយនៅក្នុងទ្វីបអឺរ៉ុបរវាងសតវត្សទី៣ និងទី៨ នៃគ.ស.។ រដ្ឋមជ្ឈឹមសម័យមួយដែលមានឈ្មោះថា"រុស្ស"បានកកើតនៅអំឡុងសតវត្សទី៩។ នៅក្នុងឆ្នាំ ៩៨៨ រដ្ឋមួយនេះបានទទួលជ្រើសយកគ្រិស្តសាសនាអូស្សូដក់ជាសាសនារបស់ខ្លួនតាមរយៈចក្រភពប៊ីហ្សង់ទីនរួចបានច្របាច់បញ្ចូលវប្បធម៌ប៊ីហ្សង់ទីននិងវប្បធម៌ស្លាវចូលគ្នាដែលបង្កើតបានជាវប្បធម៌រុស្ស៊ីរហូតមកដល់សព្វថ្ងៃ។ ពីរបីសតវត្សក្រោយមក រដ្ឋរុស្សបានបែកទៅជារដ្ឋតូចៗរហូតដល់អំឡុងសតវត្សទី១៥ នៅពេលដែលពញារដ្ឋម៉ូស្គូបានបង្រួបបង្រួមរដ្ឋទាំងនោះឡើងវិញ។ នៅអំឡុងសតវត្សទី១៨ ប្រជាជាតិមួយនេះបានពង្រីកទឹកដីរបស់ខ្លួនទៅគ្រប់ទិសតំបន់ជាពិសេសគឺទៅទិសខាងកើត រួចហើយក៏បានលេចឈ្មោះឡើងថា"ចក្រភពរុស្ស៊ី"ដែលត្រូវជារដ្ឋមហាអំណាចមួយនៅអឺរ៉ុបនិងជាចក្រភពធំបំផុតទីបីក្នុងប្រវត្តិសាស្ត្រ។ ក្រោយពីបដិវត្តន៍រុស្ស៊ីបានបញ្ចប់ រដ្ឋដែលមានឈ្មោះថា សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីបានកកើតឡើងរួចក៏ក្លាយជារដ្ឋសមាជិកធំបង្អស់របស់សហភាពសូវៀតនិងត្រូវជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។ សហភាពសូវៀតបានដើរតួយ៉ាងសំខាន់នៅខាងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ រួចបានលេចខ្លួនឡើងជាប្រទេសមហាអំណាចដ៏ធំមួយនិងជាគូប្រជែងរបស់សហរដ្ឋអាមេរិកនៅអំឡុងសម័យសង្គ្រាមត្រជាក់។ នៅសម័យសូវៀត គេឃើញថារុស្ស៊ីបានសម្រេចនូវសមិទ្ធិផលបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនប្រចាំសតវត្សទី២០ ក្នុងនោះមានដូចជា៖ ការបង្ហោះតារារណប និងការបញ្ចូនមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអាកាស។ល។ បន្ទាប់ពីការរំលាយសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ សសសស រុស្ស៊ីបានធ្វើបតិដ្ឋាកម្មក្លាយជា"សហព័ន្ធរុស្ស៊ី"។ បន្ទាប់ពីព្រឹត្តិការណ៍វិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានបញ្ចប់ ប្រទេសរុស្ស៊ីក៏បានចាត់អនុម័តរដ្ឋធម្មនុញ្ញថ្មីហើយបានក្លាយជាសាធារណរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយមចាប់តាំងពីពេលនោះមក។

រុស្ស៊ីត្រូវបានគេសម្តៅមកថាជាមហាអំណាចសក្តានុភូតមួយដោយមានកម្លាំងយោធាធំជាងគេទីពីរនៅលើពិភពលោកនិងជាប្រទេសដែលចំណាយលើយោធាច្រើនបង្អស់ទីបួន។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់ខ្ពស់ខ្លាំងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយមានប្រព័ន្ធថែទាំសុខភាពសកលនិងការអប់រំនៅឯសាកលវិទ្យាល័យដោយឥតគិតថ្លៃ។ សេដ្ឋកិច្ចរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លំដាប់ទី ១១ លើពិភពលោកបើគិតតាម ផសស ក្នុងមនុស្សម្នាក់ៗ និងជាប់លំដាប់ទីប្រាំមួយបើគិតតាម យអទ។ ប្រទេសរុស្ស៊ីត្រូវគេទទួលស្គាល់ថាជារដ្ឋអាវុធនុយក្លេអ៊ែរដោយខ្លួនមានស្តុកទុកចំនួនអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក។ ធនធានរ៉ែ និងថាមពលរបស់រុស្ស៊ីគឺមានចំនួនខ្ពស់ជាងគេនៅលើពិភពលោកហើយសព្វថ្ងៃជាប្រទេសឈានមុខគេក្នុងផលិតផលប្រេងកាតនិងឧស្ម័នធម្មជាតិ។ ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រូវជាសមាជិកនៃហ្សេ ២០ ក្រុមប្រឹក្សាអឺរ៉ុប វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក អង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប ធនាគារវិនិយោគអន្តរជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក ហើយខ្លួនក៏ត្រូវជាសមាជិកនាំមុខនៃ សហគមន៍នៃរដ្ឋឯករាជ្យ អង្គការសន្ធិសញ្ញាសន្តិសុខរួម និងសហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ីផងដែរ។

និរុត្តិសាស្ត្រ

ពាក្យរុស្ស៊ីគឺមានដើមកំណើតមកពីពាក្យ"រុស្ស" ដែលជាឈ្មោះរបស់រដ្ឋឯករាជ្យមួយនៅអំឡុងមជ្ឈិមសម័យដែលមានប្រជាជនភាគច្រើនជាជនជាតិស្លាវខាងកើត។ ដើមឡើយ ជនជាតិស្លាវគឺមិនបានសម្តៅមកលើប្រជាជាតិខ្លួនថា"រុស្ស"នោះទេដោយពួកគេតែងហៅប្រទេសរបស់ខ្លួនថា "Русская земля" បកប្រែមកថា"ទឹកដីរុស្ស៊ី" ឬ"ទឹកដីនៃរុស្ស"។ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយរដ្ឋដទៃទៀត អ្នកប្រវត្តិវិទូសម័យបានសម្តៅមកលើរដ្ឋដំបូងរបស់រុស្ស៊ីនេះថារូសកៀវ។ ឈ្មោះថា"រុស្ស"នេះត្រូវបានដាក់ឱ្យដោយជនជាតិរូស (អាចសរសេរបានថា"រុស្ស") ឈ្មួញនិងយុទ្ធជនជនជាតិស៊ុយអែត ដែលបានផ្លាស់ទីលំនៅដោយឆ្លងសមុទ្របាល់ទិកមកលើទឹកដីរុស្ស៊ីបច្ចុប្បន្នរួចបង្កើតបានជារដ្ឋមួយដែលគេតែងស្គាល់ថា"រូសកៀវ"។

ប្រវត្តិសាស្ត្រ

ប្រវត្តិដើម

បុព្វបុរសនៃជនជាតិរុស្ស៊ីសព្វថ្ងៃគឺមានដើមកំណើតមកពីកុលសម្ព័ន្ធស្លាវនៅតំបន់ព្រៃភ្នំនៃទំនាបបឹងភីនស៍។ ជនជាតិស្លាវខាងកើតបានមកតាំងទីលំនៅនៅតំបន់ភាគខាងលិចរុស្ស៊ីចំនួនពីរលើក៖ លើកទីមួយគឺពីកៀវមកកាន់ក្រុងស៊ូសដាលនិងមូរ៉ម និងលើកទីពីរគឺពីផូឡូតស្គ៍មកកាន់ណូវកូរ៉តនិងរ៉ូសតូវ។ ចាប់តាំងពីសតវត្សទី៧ មក ទឹកដីភាគខាងជើងរុស្ស៊ីគឺត្រូវបានជនជាតិស្លាវខាងកើតគ្រប់គ្រងនិងបង្កបង្កើតបានជាកូនចៅតៗគ្នារហូតមកដល់សព្វថ្ងៃ។

រូសកៀវ

រុស្ស៊ី 
ទឹកដីរូសកៀវនៅអំឡុងសតវត្សទី១១

បើយោងទៅតាមកាលប្បវត្តិដើម ជនជាតិរុស្សមួយរូបឈ្មោះរូរីគត្រូវបានគេជ្រើសតាំងជាមេដឹកនាំនៃបុរីណូវកូរ៉តនៅក្នុងឆ្នាំ៨៦២។ នៅឆ្នាំ ៨៨២ អ្នកស្នងរាជ្យរបស់ទ្រង់ឈ្មោះថាអូឡេកបានដឹកនាំទ័ពធ្វើដំណើរទៅភាគខាងត្បូងហើយក៏បានវាយត្រួតត្រាបុរីកៀវ ដែលដើមឡើយត្រូវជាកម្មសិទ្ធិរបស់រដ្ឋកាហ្សារ។ ព្រះអង្គអូឡេករួមជាមួយនឹងបុត្ររបស់រូរីគព្រះនាមអ៊ីហ្គ័របានចាប់វិធានការដាក់កុលសម្ព័ន្ធក្នុងតំបន់ទាំងនោះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននិងលើកទ័ពបន្តវាយត្រួតត្រាទឹកដីកាហ្សារដែលនៅសេសសល់និងថែមទាំងវាយលុកលើពួកប៊ីហ្សាទីននិងពែរ្សទៀតផង។

នៅអំឡុងសតវត្សទី១០ និងទី១១ រូសកៀវត្រូវបានគេចាត់ទុកថាជារដ្ឋដែលធំនិងមានការរីកចម្រើនខ្លាំងបំផុតនៅទ្វីបអឺរ៉ុប។ រជ្ជកាលរបស់ព្រះអង្គវ៉្លាឌឺមៀរទី១ (៩៨០–១០១៥) និងបុត្ររបស់ទ្រង់នាមយ៉ារ៉ូស្លាវទី១ (១០១៩–១០៥៤) ត្រូវបានគេចាត់ទុកថាជាយុគសម័យមាសរបស់មហារដ្ឋរូសកៀវហើយក្នុងរជ្ជកាលរបស់ក្សត្រទាំងពីរអង្គនេះ រដ្ឋរូសកៀវបានទទួលយកនូវឥទ្ធិពលគ្រិស្តសាសនាអូស្សូដក់ពីពួកប៊ីហ្សាទីនហើយបានបង្កើតក្រមច្បាប់ដំបូងបង្អស់របស់ពួកស្លាវខាងកើត។

នៅសតវត្សទី១១ និងទី១២ រូសកៀវបានទទួលរងនូវការលុកលុយពីកុលសម្ព័ន្ធជិតខាងឥតឈប់ឥតឈរមានដូចជា ពួកគីបឆាក់ និងប៉េជ្ឆេណេកជាដើម។ ការលុកលុយទាំងអស់នោះគឺជាមូលហេតុដែលបណ្តាលឱ្យប្រជាជនស្លាវខាងកើតផ្លាស់ប្តូរទីលំនៅទៅតំបន់ព្រៃភ្នំនៃភាគខាងជើងដែលត្រូវបានគេស្គាល់ជាទូទៅថាហ្សាលេស៊ី។

ទីបំផុត រូសកៀវត្រូវបានដួលរលំនៅពេលដែលពួកម៉ុងកូលបានធ្វើការចូលឈ្លានពាននៅរវាងឆ្នាំ១២៣៧ និងឆ្នាំ១២៤០។ ជាលទ្ធផល ទីប្រជុំជនជាច្រើនត្រូវបានដុតបំផ្លាញ ហើយប្រជាជនខ្លួនជាងពាក់កណ្តាលក៏ត្រូវបានសម្លាប់ដោយពួកម៉ុងកូលផងដែរ។ ក្រោយមក ក្រុមអ្នកឈ្លានពានទាំងនោះក៏បានបង្កើតរដ្ឋមួយនៅទឹកដីភាគកណ្តាលនិងភាគខាងត្បូងដោយមានឈ្មោះថានគរហ្វូងមាស ហើយអស់រយៈពេលពីរសតវត្សទៅមុខទៀត មហានគរមួយនេះគឺតែងតែឈ្លានពានក្សត្របុរីតូចៗរបស់រុស្ស៊ីជានិច្ច។

បន្ទាប់ពីរូសកៀវបានដួលរលំ សាធារណរដ្ឋណូវកូរ៉តក៏បានបង្កើតហើយវាត្រូវជារដ្ឋស្នងតែមួយគត់ដែលមិនបានទទួលរងការឈ្លានពាននិងការលុកលុយធ្ងន់ធ្ងរពីសំណាក់ពួកម៉ុងកូល។ ក្រោមការគ្រប់គ្រងរបស់អាឡិចសាន់ដឺ ណេវស្គី នគរណូវកូរ៉តបានបង្ក្រាបការឈ្លានពានរបស់ស៊ុយអែតនៅក្នុងសមរភូមិណេវ៉ានៃឆ្នាំ១២៤០ និងពួកសាសនាភាគខាងជើងនៅក្នុងសមរភូមិទឹកកកនៃឆ្នាំ១២៤២។

ពញារដ្ឋម៉ូស្គូ

ក្រោយពីរូសកៀវបានដួលរលំ រដ្ឋអំណាចថ្មីក៏បានកកើតឡើងដោយមានឈ្មោះថាពញារដ្ឋម៉ូស្គូដែលដើមឡើយគឺជាផ្នែកនៃពញារដ្ឋវ្លាឌឺមៀរ‐ស៊ូសដាល។ ខណៈពេលដែលខ្លួនកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់ម៉ុងកូលនិងពួកតាតារហើយដោយសារតែអ្នកត្រួតត្រាមិនសូវអើពើទៀតនោះ រដ្ឋម៉ូស្គូក៏ចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងអតីតទឹកដីភាគកណ្តាលនៃរូសក្នុងអំឡុងសតវត្សទី១៤។ ហើយបន្តិចម្តងៗ ម៉ូស្គូក៏ក្លាយជាកម្លាំងដឹកនាំក្នុងដំណើរការបង្រួបបង្រួមរដ្ឋរូសឡើងវិញនិងការពង្រីកទឹកដីរបស់ប្រទេសរុស្ស៊ីនាពេលអនាគត។

ប៉ុន្តែដំណើរការបង្រួបបង្រួមរដ្ឋរបស់ពួកម៉ូស្គូគឺមិនងាយស្រួលនោះឡើយដោយពួកគេត្រូវទទួលរងការវាយលុកម្តងហើយម្តងទៀតពីពួកម៉ុងកូលនិងតាតារ។ រីឯវិស័យកសិកម្មវិញគឺបានទទួលរងខូចខាតតាំងពីដំបូងមកម្លេះដោយសារតែរដូវធ្លាក់ព្រិលមានរយៈពេលយូរលើសពីធម្មតា។ ម៉្យាងទៀត ទ្វីបអឺរ៉ុបទាំងមូលត្រូវប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវនៅរវាងឆ្នាំ១៣៥០ និងឆ្នាំ១៤៩០។ ជាភព្វសំណាង ទឹកដីអឺរ៉ុបខាងកើតពោលគឺទឹកដីរុស្ស៊ីមានសន្ទភាពប្រជាជនទាបហើយពួកគេមានវប្បធម៌អនាម័យស្អាត (ឧទាហរណ៍៖ ការនាំគ្នាអនុវត្តបាញ៉ា៖ ជាការត្រាំខ្លួននៅក្នុងទឹកក្តៅ) ដោយហេតុនេះហើយទើបករណីស្លាប់ដោយសារជំងឺនៅអឺរ៉ុបខាងកើតមានចំនួនតិចជាងពីអឺរ៉ុបខាងលិច ហើយចំនួនប្រជាជនក្នុងតំបន់ក៏ចាប់ផ្តើមកើនវិញនៅអំឡុងឆ្នាំ១៥០០។

កងទ័ពសហពញារដ្ឋរុស្ស៊ីដែលដឹកនាំដោយព្រះអង្គឌីមីទ្រី អ៊ីវ៉ាណូវិចនិងទទួលការគាំទ្រពីវិហារគ្រិស្តអូស្សូដក់រុស្ស៊ី បានប្រយុទ្ធឈ្នះលើទ័ពម៉ុងកូល-តាតារនៅក្នុងសមរភូមិគូលីកូវ៉ូនៅឆ្នាំ១៣៨០។ ក្នុងនាមជារដ្ឋដែលមានឥទ្ធិពលជាងគេនៅក្នុងតំបន់ ពញារដ្ឋម៉ូស្គូបានចាប់ផ្តើមលេបត្របាក់រដ្ឋជិតខាងរបស់ខ្លួនបន្តិចម្តងៗ។

ទីបំផុតនៅក្នុងរជ្ជកាលរបស់ព្រះអង្គអ៊ីវ៉ានទី៣ រុស្ស៊ី (ម៉ូស្គូ) ក៏បានយកឈ្នះហើយបានផ្តួលរំលំការគ្រប់គ្រងរបស់ពួកតាតារចោលរួចហើយរុស្ស៊ីបានបន្តបង្រួបបង្រួមតំបន់ភាគកណ្តាលនិងខាងជើងទាំងមូលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ ព្រះអង្គបានក្លាយជាអង្គក្សត្ររុស្ស៊ីដំបូងបង្អស់ដែលមានគោរម្យងារថា"សម្តេចចៅពញានៃរុស្ស៊ីរួម"។ ក្រោយការដួលរលំនៃកុងស្តង់ទីណូប៉ូលក្នុងឆ្នាំ១៤៥៣ រុស្ស៊ីបានអះអាងថាខ្លួនគឺជារដ្ឋស្នងពេញលេញរបស់ចក្រភពរ៉ូម៉ាំងខាងកើត។ ព្រះបាទអ៊ីវ៉ានទី៣ បានរៀបអភិសេកជាមួយសូហ្វីយ៉ា ប៉ាលីអូឡូកដែលត្រូវជាក្មួយស្រីរបស់អធិរាជប៊ីហ្សង់ទីនចុងក្រោយបង្អស់គឺព្រះចៅកុងស្តង់ទីនទី១១។ ព្រះអង្គអ៊ីវ៉ានបានយករូបឥន្ទ្រីក្បាលពីររបស់ប៊ីហ្សង់ទីនធ្វើជានិមិត្តរូបជាតិខ្លួនហើយមកដល់បច្ចុប្បន្នវាបានក្លាយជារូបតំណាងវរលញ្ឆករប្រទេសរុស្ស៊ី។

អាណាចក្រត្សាររុស្ស៊ី

រុស្ស៊ី 
ព្រះឆាយាល័ក្ខណ៍ត្សារអ៊ីវ៉ានទី៤

នៅឆ្នាំ១៥៤៧ សម្តេចចៅពញាអ៊ីវ៉ានទី៤ បានឡើងសោយរាជ្យជាស្តេចត្សារដំបូងបង្អស់របស់ប្រជាជាតិរុស្ស៊ី។ ស្តេចត្សារបានប្រកាសឱ្យប្រើក្រមច្បាប់ថ្មី (១៥៥០) បានបង្កើតគណៈតំណាងសក្តិភូមិ និងបានណែនាំប្រព័ន្ធគ្រប់គ្រងក្នុងតំបន់ជនបទ។

នៅក្នុងរជ្ជកាលដ៏វែងរបស់ព្រះអង្គ អ៊ីវ៉ានបានពង្រីកទឹកដីរុស្ស៊ីឱ្យធំទ្វេដងជាងមុនដោយកាត់ទឹកដីខាន់ចក្រតាតារចំនួនបី (ជាផ្នែកដែលនៅសេសសល់ពីហ្វូងនគរមាស) មាន៖ កាហ្សាន អាស្ត្រាខាន់ និងខាន់ចក្រស៊ីបេរី។ គិតត្រឹមសតវត្សទី១៦ រុស្ស៊ីបានក្លាយជារដ្ឋឆ្លងទ្វីបមួយ។

ប៉ុន្តែមិនយូរប៉ុន្មាន អំណាចនិងឥទ្ធិពលរបស់អាណាចក្រត្សាររុស្ស៊ីក៏បានថយចុះវិញដោយសារតែសង្គ្រាមដ៏មានរយៈពេលយូរមួយដែលគេតែងសម្តៅលើថាសង្គ្រាមលីវ៉ូនី។ វាគឺជាសង្គ្រាមប្រយុទ្ធរវាងមហាអំណាចរុស្ស៊ីប្រឆាំងនឹងសម្ព័ន្ធភាពប៉ូឡូញ លីទុយអានី និងស៊ុយអែតដោយភាគីទាំងសងខាងមានគោលបំណងចង់ដណ្តើមយកទឹកដីដែលនៅជាប់សមុទ្របាល់ទិក។ ក្នុងពេលដំណើរគ្នានេះដែរ ខាន់ចក្រគ្រីមៀដែលត្រូវជារដ្ឋស្នងរបស់ហ្វូងនគរមាសតែមួយគត់បានបន្តវាយលុកលើទឹកដីភាគខាងត្បូងរុស្ស៊ី។ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្តារខាន់ចក្រវ៉ុលហ្កាឡើងវិញ ពួកគ្រីមៀនិងសម្ព័ន្ធមិត្តខ្លួនគឺពួកអូតូម៉ង់បានរួមគ្នាវាយឈ្លានពានចូលទៅក្នុងទឹកដីរុស្ស៊ីភាគកណ្តាល ហើយជារឿងដែលមិនគួរឱ្យជឿ ទ័ពរបស់ពួកគេបានបុកទៅដល់ទីក្រុងម៉ូស្គូនិងថែមទាំងបានដុតផ្នែកខ្លះនៃទីក្រុងនោះទុកជាការអបអរជ័យជម្នះនិងទុកជាការគំរាមកំហែងទៅរុស្ស៊ីផង។ ប៉ុន្តែនៅឆ្នាំបន្ទាប់ ទ័ពសម្ព័ន្ធភាពទាំងពីរត្រូវបានបង្ក្រាបដោយទ័ពរុស្ស៊ីនៅក្នុងសមរភូមិម៉ូឡូឌី ហើយជាលទ្ធផលកងកម្លាំងភាគីគ្រីមៀនិងអូតូម៉ង់ក៏ត្រូវបែកបាក់ហើយយុទ្ធនាការឈ្លានពានរុស្ស៊ីក៏ត្រូវបាត់បង់ទៅវិញ។ ដោយមិនទាន់អស់ចិត្ត ពួកគ្រីមៀនូវតែបន្តវាយលុកលើទឹកដីរុស្ស៊ីប៉ុន្តែលើកនេះពួកគេបានប្រើប្រាស់កម្លាំងទាសករជាជាងកម្លាំងកងទ័ព។ ដើម្បីបញ្ឈប់ការវាយលុករបស់គ្រីមៀ រុស្ស៊ីបានចាត់សាងសង់បន្ទាយនៅតាមព្រំដែនភាគខាងត្បូងហើយការវាយលុកក៏បានបញ្ចប់នៅអំឡុងសតវត្សទី១៧។

ការចូលទិវង្គតរបស់ព្រះរាជបុត្រត្សារអ៊ីវ៉ានបានធ្វើឱ្យដាច់ពូជពង្សរាជវង្សរូរីគនៅក្នុងឆ្នាំ១៥៩៨ ហើយបូករួមជាមួយនឹងគ្រោះទុរ្ភិក្សឆ្នាំ១៦០១–០៣ ទៀតបានធ្វើឱ្យរុស្ស៊ីធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល គ្មានអង្គក្សត្រគ្រប់គ្រងច្បាស់លាស់។ គេបានសម្តៅលើសម័យនេះថា"វេលានៃភាពវឹកវរ"។ ដោយឃើញបែបនេះ សហធនរដ្ឋប៉ូឡូញ–លីទុយអានីក៏ឈ្លាតឱកាសវាយលុកឈ្លានពានទឹកដីមួយផ្នែកនៃរុស្ស៊ីនិងថែមទាំងបានចូលត្រួតត្រារាជធានីម៉ូស្គូមួយរយៈផងដែរ។ នៅក្នុងឆ្នាំ១៦១២ កងទ័ពប៉ូឡូញត្រូវបានអង្គភាពស្ម័គ្រចិត្តរុស្ស៊ីវាយថយមកវិញក្រោមការដឹកនាំរបស់វីរបុរសជាតិពីររូបគឺពាណិជ្ជករម្នាក់ឈ្មោះគូស្មា មីនីន និងព្រះអង្គម្ចាស់ឌីមីទ្រី ប៉ូស៍ហាស្គី។ នៅក្នុងឆ្នាំ១៦១៣ ប្រទេសរុស្ស៊ីក៏តែងតាំងរាជវង្សថ្មីដែលមាននាមថារាជវង្សរ៉ូម៉ាណូវហើយក្រោយៗមក រុស្ស៊ីក៏ចាប់ផ្តើមងើបខ្លួនក្លាយជាមហាអំណាចឡើងវិញ។

បន្ទាប់ពីបានយកឈ្នះលើគ្រោះចលាចលពីមុនៗហើយ ប្រទេសរុស្ស៊ីក៏បានបង្វែរមកចាប់ផ្តើមពង្រីកទឹកដីរបស់ខ្លួនតទៅទៀតនៅក្នុងសតវត្សទី១៧។ នៅក្នុងឆ្នាំ១៦៤៨ ទាសករអ៊ុយក្រែនម្នាក់បានចូលរួមក្នុងក្រុមបះបោរមួយប្រឆាំងនឹងការត្រួតត្រារបស់ប៉ូឡូញ–លីទុយអានី។ នៅឆ្នាំ១៦៥៤ មេដឹកនាំអ៊ុយក្រែនឈ្មោះបុកដាន ឃ្មែរនីតស្គីបានស្នើដាក់ជាតិខ្លួនក្រោមអាណាព្យាបាលភាពរបស់ត្សារអាឡិចស៊ីនៃរុស្ស៊ី។ ត្សារអាឡិចស៊ីបានទទួលយល់ព្រមសំណើនោះហើយសង្គ្រាមរុស្ស៊ី‐ប៉ូឡូញក៏បានផ្ទុះឡើង។ ជាលទ្ធផល ទឹកដីអ៊ុយក្រែនត្រូវបានកាត់ទៅជាពីរផ្នែកដោយផ្នែកខាងលិចគឺស្ថិតនៅក្រោមប៉ូឡូញដដែរ រីឯផ្នែកខាងកើតត្រូវធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នៅឆ្នាំ១៦៧០–៧១ មានការបះបោរអ៊ុយក្រែនមួយនៅក្នុងតំបន់វ៉ុលហ្កាប៉ុន្តែវាត្រូវបានកម្លាំងទ័ពត្សារបង្ក្រាបបានដោយជោគជ័យ។

រុស្ស៊ីបានរុញពង្រីកទឹកដីខ្លួនទៅភាគខាងកើតរហូតនិងបានគ្រប់គ្រងលើទឹកដីស៊ីបេរីដ៏ធំអស្ចារ្យដែលសម្បូរទៅដោយព្រៃភ្នំនិងព្រិលធ្លាក់ជាច្រើន។ នៅក្នុងឆ្នាំ១៦៤៨ អ្នករុករកជនជាតិរុស្ស៊ីពីររូបឈ្មោះហ្វេដុត ប៉ូពូវនិងសេមយ៉ន ដេសណេវបានរកឃើញច្រកសមុទ្របេរីងហើយអ្នកទាំងពីរក៏ក្លាយជាជនជាតិអឺរ៉ុបដំបូងបង្អស់ដែលបានធ្វើនាវាចរណ៍ទៅទ្វីបអាមេរិកខាងជើង។

អធិរាជាណាចក្ររុស្ស៊ី

រុស្ស៊ី 
ព្រះចៅពីទ័រទី១, ជាអធិរាជរុស្ស៊ីដំបូងបង្អស់ពីឆ្នាំ១៧២១ ដល់ឆ្នាំ១៧២៥។

នៅក្រោមការដឹកនាំរបស់ពីទ័រទី១ ប្រទេសរុស្ស៊ីត្រូវបានប្រកាសក្លាយជារដ្ឋចក្រភពនៅក្នុងឆ្នាំ១៧២១ ហើយត្រូវបានទទួលស្គាល់ថាជាមហាអំណាចពិភពលោកមួយផងដែរ។ នៅក្នុងរជ្ជកាលព្រះអង្គពីឆ្នាំ១៦៨២ ដល់ឆ្នាំ១៧២៥ ព្រះចៅពីទ័របានច្បាំងយកឈ្នះលើពួកស៊ុយអែតនៅក្នុងមហាសង្គ្រាមភាគខាងជើងហើយជាលទ្ធផល ទឹកដីដែលបានបាត់បង់នៅក្នុងវេលានៃភាពវឹកវរក៏បានប្រគល់មកឱ្យរុស្ស៊ីវិញ។ ពីទ័របានស្ថាបនារាជធានីថ្មីនៅក្បែរសមុទ្របាល់ទិកដែលមានឈ្មោះថាសង់ពីទ័របួរ។ រុស្ស៊ីក៏បានចាប់ផ្តើមទទួលនូវឥទ្ធិពលវប្បធម៌ខ្លះៗពីអឺរ៉ុបខាងលិចបន្ទាប់ពីព្រះអង្គបានសម្រេចអនុម័តកំណែទម្រង់រដ្ឋាភិបាល។

នៅក្នុងរជ្ជកាលរបស់ព្រះបុត្រីរបស់ពីទ័រគឺអធិរាជិនីអេលីហ្សាប៊ែត គេឃើញថាប្រទេសរុស្ស៊ីបានចូលរួមនៅក្នុងសង្គ្រាមប្រាំពីរឆ្នាំ (១៧៥៦–៦៣)។ នៅក្នុងជម្លោះនេះ រុស្ស៊ីបានចូលកាន់កាប់ទឹកដីព្រុសខាងកើតបានមួយរយៈនិងព្រមទាំងចូលទៅដល់រាជធានីប៊ែរឡាំងទៀតផង។ ក៏ប៉ុន្តែក្រោយពីអេលីហ្សាប៊ែតបានចូលទិវង្គតទៅ ទឹកដីទាំងប៉ុន្មានដែលរុស្ស៊ីដណ្តើមបាននៅក្នុងសង្គ្រាមត្រូវបានប្រគល់មកឱ្យរាជាណាចក្រព្រុសវិញដោយអធិរាជថ្មីគឺព្រះចៅពីទ័រទី៣។

ព្រះអធិរាជិនីកាតឺរីនទី២ (គ្រងរាជ្យក្នុងឆ្នាំ១៧៦២–៩៦) បានដឹកនាំប្រទេសរុស្ស៊ីទៅរកវិបុលភាពនិងវឌ្ឍនភាពស្ទើរគ្រប់វិស័យ។ ព្រះអធិរាជិនីទ្រង់បានពង្រីកឥទ្ធិពលនយោបាយរុស្ស៊ីចូលទៅក្នុងសហធនរដ្ឋប៉ូឡូញ–លីទុយអានីហើយបានកាត់បញ្ចូលទឹកដីមួយភាគធំរបស់ប៉ូឡូញ–លីទុយអានីដាក់ជាទឹកដីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍រំលែកទឹកដីប៉ូឡូញ។ ទាំងនេះបានធ្វើឱ្យទឹកដីរុស្ស៊ីកាន់តែខិតជិតទៅដល់អឺរ៉ុបកណ្តាល។ នៅភាគខាងត្បូងវិញ ជ័យជម្នះរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ី‐តួកគីបានបណ្តាលឱ្យទឹកដីខ្លួនរុញច្រានរហូតទៅដល់សមុទ្រខ្មៅនិងថែមទាំងបានវាយត្រួតត្រាខាន់ចក្រគ្រីមៀនៅក្នុងដំណើរនេះផងដែរ។ ជាលទ្ធផលនៃជ័យជម្នះនៅក្នុងសង្គ្រាមរុស្ស៊ី‐ពែរ្សនៅអំឡុងសតវត្សទី១៩៖ រុស្ស៊ីបានចូលត្រួតត្រាតំបន់ត្រង់ក័រកាស៊ីនិងតំបន់ក័រកាស៊ីខាងជើង។ បុត្ររបស់កាតឺរីននាមប៉ូលបានឡើងស្នងរាជ្យជំនួសព្រះមាតាបន្ទាប់ពីអធិរាជិនីបានសោយទិវង្គតទៅ។ ការដឹកនាំរបស់ប៉ូលគឺមានលក្ខណៈមិនទៀងទាត់ហើយព្រះអង្គច្រើនតែផ្តោតលើវិបត្តិក្នុងស្រុក។ មិនយូរប៉ុន្មាន ប៉ូលត្រូវបានគេធ្វើឃាតហើយរាជបល្ល័ងត្រូវធ្លាក់មកបុត្រារបស់ទ្រង់ព្រះនាមអាឡិចសាន់ដឺទី១។ ក្នុងរជ្ជកាលរបស់ព្រះចៅអាឡិចសាន់ដឺ រុស្ស៊ីបានវាយយកទឹកដីហ្វាំងឡង់ពីស៊ុយអែតនៅក្នុងឆ្នាំ១៨០៩ និងទឹកដីបេសារ៉ាប៊ីពីចក្រភពអូតូម៉ង់ក្នុងឆ្នាំ១៨១២។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីបានក្លាយជាប្រទេសអឺរ៉ុបដំបូងបង្អស់ដែលធ្វើនិគមកិច្ចលើទឹកដីអាឡាស្កា។

រុស្ស៊ី 
វិសាលភាពទឹកដីរុស្ស៊ីពីឆ្នាំ១៥៣៣ រហូតដល់ឆ្នាំ១៨៩៤។

នៅរវាងឆ្នាំ១៨០៣–១៨០៦ បរិនាវាចរណ៍ដំបូងរបស់រុស្ស៊ីបានប្រព្រឹត្តិទៅបានសម្រេចហើយក្រោយមក ដំណើររុករកនៅលើសមុទ្រក៏បានចាប់ផ្តើម។ នៅក្នុងឆ្នាំ១៨២០ បេសនជនរុស្ស៊ីបានដាក់ជើងលើមហាទឹកកកអង់តាកទិកជាលើកដំបូង។

នៅក្នុងសង្គ្រាមណាប៉ូឡេអូនីក រុស្ស៊ីគឺស្ថិតនៅក្នុងក្រុមសម្ព័ន្ធមិត្តប្រឆាំងនឹងចក្រភពបារាំងរបស់ណាប៉ូលេអុង។ ការឈ្លានពានរបស់បារាំងលើរុស្ស៊ីបានប្រព្រឹត្តិទៅដោយសម្រេចហើយកងទ័ពណាប៉ូលេអុងបានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូនៅឆ្នាំ១៨១២ ប៉ុន្តែមិនយូរប៉ុន្មាន កងទ័ពបារាំងទាំងនោះបាននាំគ្នាដកថយទៅវិញដោយសារតែការប្រយុទ្ធប្រឆាំងតទល់ដ៏ឈ្លាសវៃរបស់កងកម្លាំងរុស្ស៊ី បូករួមជាមួយនឹងសិសិររដូវដ៏ត្រជាក់លើដែនដីរុស្ស៊ី។ កងទ័ពរុស្ស៊ីបានរុញច្រានមហាទ័ពបារាំងចេញពីដែនចក្រភពខ្លួនរួចចេញពីទឹកដីប្រទេសអឺរ៉ុបផ្សេងទៀតរហូតទៅដល់ទីក្រុងប៉ារីស។ ព្រះចៅអាឡិចសាន់ដឺទី១ បានក្លាយជាគណៈប្រតិភូនាំមុខរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំសមាជក្រុងវីយែនហើយទឹកដីអឺរ៉ុបក្រោយសម័យណាប៉ូឡេអុងក៏បានកំណត់នៅក្នុងសមាជនោះ។

មន្ត្រីនៃសង្គ្រាមណាប៉ូឡេអូនីកបាននាំចូលនូវគំនិតសេរីនិយមចូលក្នុងប្រទេសវិញហើយបានបង្កើតនូវកុបកម្មដេកាប៊្រីស្ត៍ក្នុងគោលបំណងកាត់បន្ថយអំណាចរបស់ស្តេចត្សារ។ នៅចុងរជ្ជកាលរបស់ព្រះចៅនីកូឡាសទី១ (១៨២៥–៥៥) ឥទ្ធិពលនិងអំណាចរបស់រុស្ស៊ីនៅអឺរ៉ុបត្រូវបានរំខានដោយការបរាជ័យនៅក្នុងសង្គ្រាមគ្រីមៀ។ នៅរវាងឆ្នាំ១៨៤៧ ដល់ឆ្នាំ១៨៥១ ប្រជាជនរុស្ស៊ីប្រមាណ ១ លាននាក់ត្រូវបានបាត់បង់ជីវិតដោយសារតែជំងឺអាសន្នរោគ។

អ្នកស្នងរាជ្យបន្ទាប់ពីនីកូឡាសគឺព្រះចៅអាឡិចសាន់ដឺទី២ (១៨៥៥–៨១) ទ្រង់បានអនុម័តបម្លាស់ប្តូរជាច្រើននៅក្នុងប្រទេសដូចជាការធ្វើកំណែទម្រង់សេរីភាពនៃឆ្នាំ១៨៦១ ជាដើម។ កំណែទម្រង់ទាំងនេះបានជម្រុញឱ្យមានកំណើនឧស្សាហូបនីយកម្មនិងទំនើបកម្មនៅក្នុងជួរយោធា។

នៅចុងសតវត្សទី១៩ គេឃើញមានចលនាសង្គមនិយមខ្លះៗបានចាប់ផុសឡើងនៅលើទឹកដីរុស្ស៊ី។ ព្រះអង្គអាឡិចសាន់ដឺទី២ ត្រូវបានភេរវករបដិវត្តន៍ធ្វើឃាតនៅក្នុងឆ្នាំ១៨៨១ ដោយបន្សល់ទុករាជបល្ល័ងឱ្យអាឡិចសាន់ដឺទី៣។ អធិរាជរុស្ស៊ីចុងក្រោយគេគឺព្រះចៅនីកូឡាសទី២ (១៨៩៤–១៩១៧) បានជួបនូវបញ្ហាធំៗមួយចំនួនដូចជា បដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥ ដែលកើតឡើងដោយការបរាជ័យរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ី-ជប៉ុននិងឧប្បត្តិហេតុបាតុកម្មមួយដែលគេស្គាល់ថាការបង្ហូរឈាមថ្ងៃអាទិត្យ។ កុបកម្មនោះត្រូវបានបង្ក្រាបទៅវិញដោយជោគជ័យប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីត្រូវបង្ខំចិត្តទទួលធ្វើកំណែទម្រង់ដ៏ធំមួយ (គឺកំណែទម្រង់រដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩០៦) ដោយនៅក្នុងនោះមានដូចជា៖ ការផ្តល់សេរីភាពក្នុងការបញ្ចេញមតិ បង្កើតសភា ផ្តល់សិទ្ធិឱ្យមានវត្តមានគណបក្សនយោបាយ និងការបង្កើតស្ថាប័ននីតិប្បញ្ញត្តិបោះឆ្នោតគឺសភាឌូម៉ានៃចក្រភពរុស្ស៊ី។ កំណែទម្រង់កសិកម្មស្តូលីពីនបាននាំឱ្យមានការធ្វើចំណាកស្រុកជាច្រើនដោយប្រជាកសិករទៅកាន់តំបន់ស៊ីបេរី។ នៅរវាងឆ្នាំ១៩០៥ និងឆ្នាំ១៩១៤ ពលរដ្ឋប្រមាណ ៤ លាននាក់បានរត់មកតាំងទីលំនៅលើតំបន់ស៊ីបេរី។

បដិវត្តន៍ខែកុម្ភៈ និងសាធារណរដ្ឋរុស្ស៊ី

រុស្ស៊ី 
ព្រះចៅនីកូឡាសទី២ និងគ្រួសាររបស់ទ្រង់ត្រូវបានពួកបុលសេវិកបាញ់សម្លាប់នៅក្នុងឆ្នាំ១៩១៨។

នៅឆ្នាំ១៩១៤ រុស្ស៊ីបានសម្រេចលូកដៃចូលក្នុងសង្គ្រាមលោកលើកទី១ បន្ទាប់ពីចក្រភពអូទ្រីស-ហុងគ្រីបានប្រកាសសង្គ្រាមលើសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសស៊ែប៊ី។ នៅឆ្នាំ១៩១៦ ការវាយតបប៊្រូស៊ីលូវរបស់រុស្ស៊ីស្ទើរតែបំបាក់កម្លាំងយោធារបស់អូទ្រីស-ហុងគ្រីទាំងអស់ទៅហើយ។ ប៉ុន្តែអ្វីដែលបញ្ឈប់រុស្ស៊ីមិនឱ្យបន្តបុកចូលទឹកដីអូទ្រីស-ហុងគ្រីតទៅទៀតនោះគឺការមិនជឿទុកចិត្តពីសំណាក់ប្រជាជន តម្លៃខាតបង់នៃសង្គ្រាម អត្រាមរណភាពខ្ពស់ អំពើពុករលួយ និងសកម្មភាពក្បត់ជាតិ។ល។ ទាំងនេះគឺជាកត្តាចម្បងដែលបង្កឱ្យមានបដិរត្តន៍រុស្ស៊ីឆ្នាំ១៩១៧ ដែលមានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ។

បដិវត្តន៍ខែកុម្ភៈបានបង្ខំឱ្យសម្តេចនីកូឡាសដាក់រាជ្យហើយទ្រង់និងគ្រួសារទ្រង់ត្រូវបានគេចាប់ឃុំឃាំងនិងក្រោយមកសម្លាប់នៅយេកាតឺរីនប៊ឺកខណៈពេលដែលសង្គ្រាមស៊ីវិលរុស្ស៊ីកំពុងតែឆាបឆេះ។ របបរាជាធិបតេយ្យត្រូវបានជំនួសមកវិញដោយរបបនយោបាយដែលពឹងផ្អែកលើសម្ព័ន្ធភាពបក្សនយោបាយដ៏ផុយស្រួយដែលបានប្រកាសខ្លួនថាជារដ្ឋាភិបាលបណ្តោះអាសន្ន។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩១៧ សាធារណរដ្ឋរុស្ស៊ីត្រូវបានប្រកាសបង្កើតឡើងបើយោងតាមក្រឹតរបស់រដ្ឋាភិបាលបណ្តោះអាសន្ន។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩១៨ សភាធម្មនុញ្ញរុស្ស៊ីបានប្រកាសថារុស្ស៊ីគឺជាសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ។ នៅថ្ងៃបន្ទាប់ សភាធម្មនុញ្ញក៏ត្រូវបានរំលាយដោយគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃរុស្ស៊ីរួម។

សង្គ្រាមស៊ីវិលរុស្ស៊ី

រុស្ស៊ី 
រូបគំនូរឃោសនារបស់ចលនាទង់សក្នុងឆ្នាំ១៩៣២។

ជម្លោះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នចូលកាន់កាប់អំណាច។ បក្សបុលសេវិកក៏បានងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ននោះដោយគេសម្តៅលើការបះបោរនោះថាបដិវត្តន៍ខែតុលា។ នៅទីបំផុត លោកវ្លាឌឺមៀរ លេនីន និងបក្សពួកកុម្មុយនីស្តរបស់លោកបានទទួលជ័យជម្នះដោយបានផ្តួររំលំរបបសាធារណរដ្ឋចោលហើយអំណាចត្រូវបានធ្លាក់មកនៅក្នុងដៃពួកសូវៀត។ ជាលទ្ធផល ប្រទេសរុស្ស៊ីបានក្លាយជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។

ក្រោយពីពួកសូវៀតបានចូលកាន់អំណាច សង្គ្រាមស៊ីវិលរុស្ស៊ីក៏បានផ្ទុះឡើងរវាងពួកចលនាទង់សនឹងរបបកុម្មុយនីស្តថ្មី។ ជាលទ្ធផលនៃការចុះហត្ថលេខាសន្តិភាពជាមួយមហាអំណាចកណ្តាល រដ្ឋបុលសេវិករុស្ស៊ីត្រូវលះបង់ទឹកដីធំៗមួយចំនួនដូចជាតំបន់ទឹកដីអ៊ុយក្រែន ប៉ូឡូញ បាល់ទិក និងហ្វាំងឡង់។ ក្រុមសម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី១ ក៏បានព្យាយាមចូលធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ក្រុមបុលសេវិកដែរប៉ុន្តែមិនបានសម្រេច។ នៅក្នុងអំឡុងសង្គ្រាម ភាគីទាំងពីរបានប្រើប្រាស់យុទ្ធនាការនិរទេសប្រជាជននិងសម្លាប់ជនណាដែលគាំទ្រសត្រូវរៀងខ្លួន ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ជាទូទៅថា សម្បដិភ័យក្រហម និងសម្បដិភ័យស។ នៅពេលសង្គ្រាមស៊ីវិលបានបញ្ចប់ ប្រទេសរុស្ស៊ីត្រូវជួបនឹងបន្ទុកវិបត្តិសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ។ គេបានប៉ាន់ស្មានថាមានមនុស្សប្រមាណពី ៧ លានទៅ ១២ លាននាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដែលភាគច្រើនជាជនស៊ីវិល។ ប្រជាជនរាប់លាននាក់បានរត់ភៀសខ្លួន ហើយគ្រោះទុរ្ភិក្សដ៏ធំមួយ (១៩២១–២២) បានឆក់យកជីវិតមនុស្សប្រមាណជាងប្រាំលាននាក់បន្ថែមទៀត។

សហភាពសូវៀត

រុស្ស៊ី 
ទឹកដីនៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (ក្រហម) ក្នុងសហភាពសូវៀតនៅអំឡុងឆ្នាំ១៩៣៦។

រដ្ឋរុស្ស៊ី អ៊ុយក្រែន បេឡារុស និងត្រង់ក័រកាស៊ីជាមួយគ្នាបានបង្កើតចេញជាសហភាពសូវៀតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២។ ក្នុងចំណោមសាធារណរដ្ឋទាំង ១៥ នៅក្នុងសហភាពសូវៀត សាធារណរដ្ឋធំជាងគេនោះគឺ សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ហើយក៏ត្រូវជារដ្ឋដឹកនាំនៃសហភាពផងដែរ។

បន្ទាប់ពីមរណភាពរបស់លេនីននៅក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនត្រូវបានគេបោះឆ្នោតតែងតាំងជាលេខាបក្សថ្មី (តំណែងខ្ពស់បំផុតនៅក្នុងជួរគណបក្សកុម្មុយនីស្ត)។ ស្តាលីនបានឡើងគ្រប់គ្រងប្រទេសដោយប្រើអំណាចផ្តាច់ការដោយលោកបានបំបិទមាត់រាល់ក្រុមប្រឆាំងទាំងអស់នៅក្នុងបក្សនិងនៅក្នុងប្រទេស។ លីយ៉ុង ទ្រុតស្គីដែលជាអ្នកគាំទ្រគំនិតបដិវត្តន៍ពិភពលោកមួយរូបបានធ្វើនិរទេសចេញពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩២៩ ដោយបន្សល់ទុកឱ្យគំនិតសង្គមនិយមក្នុងប្រទេសមួយរបស់ស្តាលីនក្លាយជាគំនិតមនោគមវិជ្ជាគោលនៅក្នុងសហភាពសូវៀត។ ទោះជាសង្គ្រាមបានបញ្ចប់ជាច្រើនឆ្នាំក៏ដោយក៏វិបត្តិផ្ទៃក្នុងបក្សបុលសេវិកនូវតែបន្តកើតមាន ដោយឃើញបែបនេះស្តាលីនបានចាត់យុទ្ធនាការបោសសម្អាតបក្សពីឆ្នាំ១៩៣៧–៣៨។ ជាលទ្ធផល ថ្នាក់ដឹកនាំនិងមនុស្សមួយចំនួនត្រូវបានដកចេញពីតំណែងនយោបាយដោយខ្លះត្រូវបានចាប់ដាក់ពន្ធនាគារហើយខ្លះទៀតត្រូវចាប់សម្លាប់ចោលតែម្តងសម្បីតែមេយោធាក៏មិនអាចគេចខ្លួនរួចដែរ។

ក្រោមការដឹកនាំរបស់ស្តាលីន រដ្ឋាភិបាលសូវៀតបានចាប់ផ្តើមដំណើរការនៃសេដ្ឋកិច្ចផែនការ ធ្វើឧស្សាហូបនីយកម្មនៅតាមតំបន់ជនបទ និងបង្កើតសហករណ៍កសិកម្មនៅទូទាំងប្រទេស។ នៅក្នុងសម័យសេដ្ឋកិច្ចនិងសង្គមដ៏រីកចម្រើននេះមានមនុស្សជាច្រើនត្រូវបានទាហាននិងរដ្ឋាភិបាលចាប់បញ្ជូនទៅជំរុំការងារ ជាពិសេសគឺបុគ្គលដែលប្រឆាំងនឹងការដឹកនាំរបស់ស្តាលីនហើយជាលទ្ធផល មនុស្សរាប់លាននាក់ត្រូវបានចាប់ខ្លួននិងនិរទេសទៅតំបន់ជនបទនៃសហភាពសូវៀត។ គោលការណ៍កសិកម្មថ្មីនៅក្នុងប្រទេសបូករួមជាមួយនឹងគោលនយោបាយដ៏តឹងរឹងរបស់រដ្ឋនិងគ្រោះរាំងស្ងួតបានធ្វើឱ្យកើតមាននូវគ្រោះទុរ្ភិក្សដ៏ធំនៅរវាងឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៣៣។ មនុស្សប្រមាណពី ២ ទៅ ៣ លាននាក់បានក្ស័យជីវិតនៅក្នុងគ្រោះទុរ្ភិក្សមួយនេះ។ ជាមួយគ្នានេះដែរ សូវៀតបានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសឧស្សាហកម្មក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

សង្គ្រាមលោកលើកទី២

រុស្ស៊ី 
សមរភូមិស្តាលីនក្រាដ, ជាសមរភូមិប្រយុទ្ធបង្ហូរឈាមដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្រ្តសង្គ្រាម។ វាបានបញ្ចប់នៅឆ្នាំ១៩៤៣ បន្ទាប់ពីកងទ័ពសូវៀតបានទទួលជ័យជម្នះលើកងទ័ពអាល្លឺម៉ង់។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ណាស៊ីបានហែកចោលនូវសន្ធិសញ្ញាមិនឈ្លានពានរវាងខ្លួននិងសូវៀតហើយបានបញ្ជាឱ្យទ័ពដ៏ធំអស្ចារ្យរបស់ខ្លួនចូលឈ្លានពានទឹកដីសហភាពសូវៀត។ នៅក្នុងដំណើរឈ្លានពាននេះ អាល្លឺម៉ង់បានបង្កើតផែនការមួយដែលមានឈ្មោះថាផែនការស្រេកឃ្លានដោយទាហានអាល្លឺម៉ង់បានរឹបអូសស្បៀងអាហារទាំងអស់ពីប្រជាជនសូវៀត។ ត្រឹមរយៈពេល ៨ ខែក្រោយការចូលឈ្លានពានដំបូងប៉ុណ្ណោះ ទាហានអាល្លឺម៉ង់បានចាប់និងសម្លាប់ឈ្លើយសង្គ្រាមសូវៀតអស់ប្រមាណបីលាននាក់នៅរវាងឆ្នាំ១៩៤១–៤២។ ពីដំបូងៗ យុទ្ធសាស្ត្រវែរម៉ាកត៍គឺទទួលបានផលសម្រេចដូចអ្វីៗដែលខ្លួនគ្រោងទុកមែនប៉ុន្តែដំណើរឈ្លានពានរបស់ពួកគេត្រូវបានជាប់គាំងនៅឯសមរភូមិម៉ូស្គូ។ ក្រោយមកទៀត អាល្លឺម៉ង់ត្រូវទទួលរងការបរាជ័យដ៏ធំលើកទីមួយរបស់ខ្លួននៅក្នុងសមរភូមិស្តាលីនក្រាដនៅឆ្នាំ១៩៤២–៤៣ ហើយម្តងទៀតនៅក្នុងសមរភូមិគួស្ក៍នៃឆ្នាំ១៩៤៣។ ការបរាជ័យមួយទៀតរបស់អាល្លឺម៉ង់គឺការឡោមព័ទ្ធទីក្រុងលេនីនក្រាដដោយទីក្រុងរុស្ស៊ីមួយនេះត្រូវបានកងកម្លាំងអាល្លឺម៉ង់និងហ្វាំងឡង់កាត់ផ្តាច់ប្រព័ន្ធគមនាគមន៍ផ្លូវគោកដោយទុកឱ្យប្រជាជនរុស្ស៊ីរាប់លាននាក់ស្រេកឃ្លាននិងស្លាប់ជាងមួយលាននាក់ប៉ុន្តែទោះជាយ៉ាងណា ពួកគេនូវតែមិនព្រមចុះចាញ់។ ក្រោមរដ្ឋបាលលោកស្តាលីននិងភាពដឹកនាំដ៏ឈ្លាសវៃរបស់លោកចចជី ហ្ស៊ូកូវនិងកូនស្តង់ទីន រ៉ូកូសូវស្គី កងទ័ពសូវៀតបានវាយបកលើកម្លាំងអាល្លឺម៉ង់វិញហើយបានរុញច្រានពួកអាល្លឺម៉ង់ចេញពីទឹកដីអឺរ៉ុបខាងកើតនៅក្នុងឆ្នាំ១៩៤៤–៤៥ និងបានទៅដល់រដ្ឋធានីប៊ែរឡាំងនៅខែឧសភា ឆ្នាំ១៩៤៥។ នៅខែសីហា ឆ្នាំ១៩៤៥ កងទ័ពសូវៀតបានបណ្តេញកងកម្លាំងជប៉ុនចេញពីទឹកដីម៉ាន់ជូគួររបស់ប្រទេសចិននិងតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េ។

ជនជាតិរុស្ស៊ីបានសម្តៅលើសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤១–៤៥ ថា"មហាសង្គ្រាមស្នេហាជាតិ"។ សហភាពសូវៀតជាមួយនឹងសហរដ្ឋអាមេរិក សហរាជាណាចក្រ និងចិនត្រូវបានគេចាត់ទុកថាជាមហាយក្សទាំងបួននៃមហាអំណាចសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ហើយក្រោយមកទៀត មហាអំណាចទាំងបួកក៏ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅក្នុងសង្គ្រាមដែលសម្បូរទៅដោយប្រតិបត្តិការយោធាដ៏សាហាវជាច្រើននេះ ចំនួនមរណភាពរបស់ជនស៊ីវិលនិងយោធាសូវៀតបានកើនរហូតទៅដល់ ២៣ លាននាក់ដែលស្មើនឹងមួយភាគបីនៃចំនួនឧបទ្ទវហេតុសរុបនៅក្នុងសង្គ្រាម។ សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធសូវៀតត្រូវទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលជាហេតុបណ្តាលឱ្យមានគ្រោះទុរ្ភិក្សនៅឆ្នាំ១៩៤៦–៤៧ ប៉ុន្តែទោះជាយ៉ាងណា សូវៀតនូវតែលេចឡើងជាប្រទេសមហាអំណាចនៅឆ្នាំបន្ទាប់ៗ។

សង្គ្រាមត្រជាក់

ក្រោយពីមហាសង្គ្រាមបានបញ្ចប់ តំបន់អឺរ៉ុបខាងលិចនិងកណ្តាលដូចជា អាល្លឺម៉ង់ខាងកើតនិងផ្នែកខ្លះនៃប្រទេសអូទ្រីសគឺកំពុងស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពក្រហមបើយោងទៅតាមសន្និសីទទីក្រុងផតស៍ដាម។ រដ្ឋាភិបាលសង្គមនិយមត្រូវបានតម្លើងនៅតាមរដ្ឋរណបប្លុកខាងលិចទាំងនោះដោយសូវៀត។ បន្ទាប់ពីបានក្លាយជាមហាអំណាចអាវុធនុយក្លេអ៊ែរទីពីរនៅលើពិភពលោក សហភាពសូវៀតបានចាត់បង្កើតសម្ព័ន្ធភាពកតិកាសញ្ញាវ៉ាសូរីហើយបន្តចូលរួមក្នុងចលនាដើម្បីត្រួតត្រាពិភពលោក (ដោយឥទ្ធិពល) ដោយមានសហរដ្ឋអាមេរិកនិងអង្គការណាតូជាគូប្រជែង។

ក្រោយពីមរណភាពរបស់ស្តាលីន មេដឹកនាំថ្មីឈ្មោះនីគីតា គ្រូឆេវបានឡើងនិយាយប្រឆាំងរបបស្តាលីននិងចេញគោលនយោបាយថ្មីគឺអស្តាលីននីយកម្ម។ ប្រព័ន្ធការងារព្រហ្មទណ្ឌត្រូវបានធ្វើកំណែទម្រង់ហើយអ្នកទោសជាច្រើនត្រូវបានដោះលែងនិងស្តារនីតិសម្បទាឡើងវិញ។ ជាមួយគ្នានេះដែរ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកគឺកាន់តែមានសម្ពាធធ្ងន់ឡើងនៅពេលដែលអាមេរិកបានបញ្ឈរមីស៊ីលរបស់ខ្លួននៅតួកគីខណៈដែលសូវៀតបានបញ្ឈរមីស៊ីលខ្លួននៅគុយបា។

រុស្ស៊ី 
ស្ពុតនីគ ១ គឺជាផ្កាយរណបសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោក។

នៅឆ្នាំ១៩៥៧ សហភាពសូវៀតបានបង្ហោះផ្កាយរណបដំបូងបង្អស់ពីពិភពលោកគឺស្ពុតនីគ ១, សម័យអវកាសក៏បានចាប់ផ្តើមពីពេលនោះមក។ អវកាសចររុស្ស៊ីឈ្មោះយូរី ហ្គាហ្គារីនគឺជាមនុស្សដំបូងដែលបានធ្វើដំណើរគោចរជុំវិញផែនដីដោយជិះលើយានអវកាសឈ្មោះវ៉ូស្តុក ១ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។ បន្ទាប់ពីគ្រូឆេវបានចុះចេញពីតំណែងនៅក្នុងឆ្នាំ១៩៦៤ លោកឡេអូនីត ប្រេស្នេវបានឡើងកាន់អំណាចបន្ត។ ចាប់ពីអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ ដល់ដើមទសវត្ស៍ឆ្នាំ១៩៨០ សូវៀតត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលគេសម្តៅមកលើវេលានេះថាសម័យកាលជាប់គាំង ពោលគឺជាសម័យដែលកំណើនសេដ្ឋកិច្ចសូវៀតចាប់ផ្តើមធ្លាក់ចុះហើយគោលនយោបាយសង្គមប្រែជាឋិតិវន្ត។ កំណែទម្រង់កូស៊ីជីនឆ្នាំ១៩៦៥ មានគោលបំណងធ្វើវិមជ្ឈការមួយផ្នែកនៃសេដ្ឋកិច្ចសូវៀត និងផ្លាស់ប្តូរពីប្រទេសដែលផ្តោតលើឧស្សាហកម្មធន់ធ្ងន់និងគ្រឿងអាវុធទៅជាប្រទេសឧស្សាហកម្មធន់ស្រាលនិងផ្តោតលើការផ្តល់ទំនិញប្រើប្រាស់ទៅដល់ប្រជាជនវិញប៉ុន្តែវាត្រូវបានរារាំងដោយថ្នាក់ដឹកនាំកុម្មុយនីស្តអភិរក្សនិយម។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីមានព្រឹត្តិការណ៍បដិវត្តន៍កុម្មុយនីស្តនៅអាហ្វហ្កានីស្ថាន សហភាពសូវៀតបានបញ្ជាឱ្យកងកម្លាំងខ្លួនចូលឈរជើងក្នុងប្រទេសនោះ។ ការចូលកាន់កាប់នេះបានធ្វើឱ្យធនធានសេដ្ឋកិច្ចសូវៀតធ្លាក់ចុះជាលំដាប់ហើយបានអូសបន្លាយយ៉ាងយូរដោយមិនទទួលបានលទ្ធផលនយោបាយអ្វីសោះ។ ទីបំផុត កងទ័ពសូវៀតក៏បានដកថយចេញពីអាហ្វហ្កានីស្ថាននៅក្នុងឆ្នាំ១៩៨៩ ដោយសារតែមានការប្រឆាំងច្រើនពីអន្តរជាតិ សង្គ្រាមទ័ពព្រៃដ៏ពិបាកយកឈ្នះ និងកង្វះការគាំទ្រពីប្រជាពលរដ្ឋសូវៀត។

រុស្ស៊ី 
មេដឹកនាំសូវៀតលោកមីខាអ៊ីល ហ្គ័របាឆូវជាមួយប្រធានាធិបតីអាមេរិករ៉ូណាល់ រីហ្កេន

ចាប់ពីឆ្នាំ១៩៨៥ តទៅ មេដឹកនាំសូវៀតចុងក្រោយគឺលោកមីខាអ៊ីល ហ្គ័របាឆូវបានខិតខំព្យាយាមធ្វើកំណែទម្រង់សេរីភាពនៅក្នុងប្រព័ន្ធដឹកនាំសូវៀតដោយបានណែនាំនូវគោលនយោបាយពីរសំខាន់ៗគឺ ក្លាណូស (បើកចំហរ) និងប៉េរេស្ត្រយកា (កសាងរចនាសម្ព័ន្ធឡើងវិញ) ក្នុងគោលបំណងចង់បញ្ចប់នូវភាពជាប់គាំងនៃសេដ្ឋកិច្ច និងធ្វើប្រជាធិបតេយ្យូបនីយកម្មក្នុងជួររដ្ឋាភិបាល។ ប៉ុន្តែសកម្មភាពទាំងនេះបាននាំឱ្យកើតមានចលនាជាតិនិយមនិងចលនាបំបែកគ្នាទៅវិញ។ មុនឆ្នាំ១៩៩១ សេដ្ឋកិច្ចសូវៀតគឺជាសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក ប៉ុន្តែនៅឆ្នាំចុងក្រោយ វាបានទទួលរងនូវការខ្វះខាតទំនិញផលិតផល ឱនភាពថវិកា និងការផ្ទុះឡើងនៃការផ្គត់ផ្គង់ប្រាក់ដែលបង្កឱ្យមានអតិផរណា។

នៅឆ្នាំ១៩៩១ ភាពចលាចលផ្នែកសេដ្ឋកិច្ចនិងនយោបាយបានចាប់ផ្តើមពុះកញ្ជ្រោលនៅពេលដែលរដ្ឋបាល់ទិកបានជ្រើសរើសផ្តាច់ខ្លួនចេញពីសហភាពសូវៀត។ នៅថ្ងៃទី១៧ ខែមីនា ប្រជាមតិមួយបានប្រព្រឹត្តិធ្វើឡើងហើយជាលទ្ធផល ប្រជាជនដែលចូលរួមភាគច្រើនបានបោះឆ្នោតផ្លាស់ប្តូរសហភាពសូវៀតទៅជាសហព័ន្ធថ្មីមួយទៀត។ នៅខែសីហា ឆ្នាំ១៩៩១ មានការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដោយសមាជិកក្នុងរដ្ឋាភិបាលហ្គ័របាឆូវដើម្បីប្រឆាំងនឹងគោលបំណងរក្សាសហភាពសូវៀតរបស់ហ្គ័របាឆូវប៉ុន្តែផ្ទុយទៅវិញ វាបែរជានាំឱ្យបក្សកុម្មុយនីស្តសូវៀតដួលរលំ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ សហភាពសូវៀតត្រូវបានរំលាយទៅជារដ្ឋឯករាជ្យចំនួន ១៥។

រុស្ស៊ីសម័យ (១៩៩១–បច្ចុប្បន្ន)

រុស្ស៊ី 
លោកវ្ល៉ាឌីមៀរ ពូទីនកំពុងស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅក្នុងពិធីប្រគល់តំណែង ដោយមានលោកបូរីស យែលស៊ីនឈរនៅពីក្រោយ, ឆ្នាំ២០០០។

នៅខែមិថុនា ឆ្នាំ១៩៩១ លោកបូរីស យែលស៊ីនបានក្លាយជាប្រធានាធិបតីជាប់ឆ្នោតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រប្រទេសរុស្ស៊ីបន្ទាប់ពីលោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃ សសសស រុស្ស៊ី។ ការដួលរលំផ្នែកសេដ្ឋកិច្ចនិងនយោបាយនៃសហភាពសូវៀតបានបណ្តាលឱ្យមានវិបត្តិឱនភាពយ៉ាងយូរហើយផលិតផលក្នុងស្រុកសរុបនិងសេដ្ឋកិច្ចត្រូវទទួលរងការថយចុះ ៥០% នៅរវាងឆ្នាំ១៩៩០ និងឆ្នាំ១៩៩៥។ នៅអំឡុងពេលនិងក្រោយពេលបែកបាក់សហភាពសូវៀត កំណែទម្រង់ជាច្រើនត្រូវបានអនុម័តដោយមានដូចជា ការធ្វើឯកជនភាវូបនីយកម្ម និងការធ្វើសេរីភាវូបនីយកម្មទីផ្សារនិងពាណិជ្ជកម្ម។

ការធ្វើឯកជនភាវូបនីយកម្មភាគច្រើនបានផ្លាស់ប្តូរការគ្រប់គ្រងសហគ្រាសពីទីភ្នាក់ងាររបស់រដ្ឋទៅជាការគ្រប់គ្រងដោយបុគ្គលដែលមានទំនាក់ទំនងនៅខាងក្នុងជួររដ្ឋាភិបាល។ ការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ចបានបណ្តាលឱ្យមានការដួលរលំនៃសេវាកម្មសង្គម អត្រាកំណើតបានធ្លាក់ចុះខណៈពេលដែលអត្រាមរណភាពបានកើនឡើងខ្ពស់ប៉ុនភ្នំ។ ពលរដ្ឋរាប់លាននាក់បានធ្លាក់ខ្លួនក្នុងសភាពក្រីក្រដោយអត្រាជនក្រីក្របានកើនពី ១.៥% នៅក្នុងសម័យសូវៀតទៅ ៣៩–៤៩% នៅពាក់កណ្តាលឆ្នាំ១៩៩៣។ នៅទសវត្សរ៍ឆ្នាំ១៩៩០ គេឃើញមានកំណើនអំពើពុករលួយបូករួមទាំងកំណើននៃក្រុមឧក្រិដ្ឋជននិងអំពើឧក្រិដ្ឋកម្មហិង្សា។

នៅចុងឆ្នាំ១៩៩៣ ភាពតានតឹងរវាងប្រធានាធិបតីយែលស៊ីននិងសភារុស្ស៊ីបាននាំឱ្យកើតមាននូវវិបត្តិរដ្ឋធម្មនុញ្ញ។ នៅក្នុងព្រឹត្តិការណ៍នេះ លោកយែលស៊ីនបានទទួលការគាំទ្រឥតឈប់ឈរពីរដ្ឋាភិបាលលោកខាងលិចហើយមនុស្សជាង ១០០ នាក់ត្រូវបានស្លាប់ជាលទ្ធផល។ នៅខែធ្នូ ប្រជាមតិមួយត្រូវបានធ្វើឡើងដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីដែលផ្តល់អំណាចផ្តាច់មុខទៅឱ្យប្រធានាធិបតី។

រុស្ស៊ី 
ប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី ម៉េដវេដេវនិងលោកប្រធានាធិបតីបារ៉ាក អូបាម៉ា

ប្រទេសរុស្ស៊ីបានសម្រេចទទួលខុសត្រូវក្នុងការដោះស្រាយបំណុលខាងក្រៅរបស់សហភាពសូវៀតទោះបីជាប្រជាជនខ្លួនមានចំនួនត្រឹមតែពាក់កណ្តាលនៃចំនួនសរុបរបស់សហភាពសូវៀតខណៈពេលរំលាយក៏ដោយ។ នៅឆ្នាំ១៩៩២ ការគ្រប់គ្រងតម្លៃអ្នកប្រើប្រាស់ភាគច្រើនត្រូវបានគេលុបបំបាត់ដែលបណ្តាលឱ្យមានកំណើនអតិផរណាខ្ពស់ហើយតម្លៃលុយរូបបានធ្លាក់ចុះយ៉ាងដុនដាប។ ដោយសារតែការធ្លាក់ចុះនៃតម្លៃលុយរូបនេះហើយទើបរដ្ឋាភិបាលរុស្ស៊ីមានការលំបាកក្នុងការសងបំណុលទៅឱ្យម្ចាស់បំណុលក្នុងប្រទេសក៏ដូចជាស្ថាប័នអន្តរជាតិដែរដូចមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម។ រដ្ឋាភិបាលរុស្ស៊ីបានព្យាយាមអនុម័តគម្រោងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតែទោះជាយ៉ាងណាប្រាក់បំណុលប្រទេសជាតិនូវតែកើនឡើងរហូតដល់លើសផលិតផលក្នុងស្រុកសរុបទៀតផង។ ឱនភាពថវិកាខ្ពស់គួបផ្សំនឹងកំណើនដើមទុននិងអសមត្ថភាពក្នុងការសងបំណុលបាបបណ្តាលឱ្យមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៨ ហើយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ។

សម័យពូទីន

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ លោកប្រធានាធិបតីយែលស៊ីនបានលាលែងពីតំណែងជាប្រធានាធិបតីដោយបានប្រគល់អំណាចទៅឱ្យនាយករដ្ឋមន្រ្តីដែលទើបតែបានតែងតាំងថ្មីៗគឺលោកវ៉្លាឌីមៀរ ពូទីន។ បន្ទាប់ពីនេះ ពូទីនបានបន្តជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០០ និងបានបង្ក្រាបកុបកម្មរបស់ជនជាតិឆេឆិនបានយ៉ាងជោគជ័យ។ ជាលទ្ធផលនៃតម្លៃប្រេងឡើងខ្ពស់ កំណើនវិនិយោគបរទេស ហើយនិងគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសារពើពន្ធ, សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាដែលធ្វើឱ្យកម្រិតជីវភាពប្រជាជននីមួយៗមានភាពប្រសើរឡើងវិញនិងក៏បានបង្កើនឥទ្ធិពលរបស់រុស្ស៊ីលើឆាកពិភពលោកផងដែរ។ លោកពូទីនបានបន្តជាប់ឆ្នោតជាប្រធានាធិបតីជាលើកទី២ នៅក្នុងឆ្នាំ២០០៤។ សេដ្ឋកិច្ចប្រទេសរុស្ស៊ីបានជាប់គាំងនៅក្នុងឆ្នាំ២០០៩ បន្ទាប់ពីមានព្រឹត្តិការណ៍វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងការធ្លាក់ចុះនៃតម្លៃប្រេងកាត។ នៅរវាងឆ្នាំ២០១០ និងឆ្នាំ២០១៣ សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងម្តងទៀតរហូតដល់ការធ្លាក់ចុះនៃតម្លៃប្រេងកាតបូករួមទាំងទណ្ឌកម្មអន្តរជាតិបន្ទាប់ពីរុស្ស៊ីបានចូលកាន់កាប់តំបន់គ្រីមៀ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបណ្តាលឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែវាបានស្ទុះងើបឡើងម្តងទៀតនៅឆ្នាំ២០១៦ ហើយតំហយសេដ្ឋកិច្ចបានបញ្ចប់ជាផ្លូវការ។ ប្រទេសមួយចំនួនបានចោតប្រកាន់ថាកំណែទម្រង់នៅសម័យពូទីនគឺមាននិន្នាការណ៍ឆ្ពោះទៅរកភាពផ្តាច់ការប៉ុន្តែការស្តារសណ្តាប់ធ្នាប់ ស្ថេរភាព និងវិបុលភាពជូនប្រទេសជាតិឡើងវិញបានធ្វើឱ្យពូទីនក្លាយជាបុគ្គលដឹកនាំដ៏ឆ្នើមនិងពេញនិយមម្នាក់សម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៨ លោកឌីមីទ្រី ម៉េដវេដេវត្រូវបោះឆ្នោតក្លាយជាប្រធានាធិបតីរុស្ស៊ីខណៈពេលដែលពូទីនក្លាយជានាយករដ្ឋមន្ត្រី។ រដ្ឋធម្មនុញ្ញរុស្ស៊ីបានរារាំងពូទីនមិនឱ្យបម្រើការជាប្រធានាធិបតីលើសពីពីរអាណត្តិ។ ពូទីនបានត្រឡប់មកធ្វើជាប្រធានាធិបតីវិញបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១២ ចំណែកឯម៉េដវេដេវបានត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ។ បណ្តាញផ្សព្វផ្សាយបរទេសជាច្រើនបានសម្តៅលើការផ្លាស់ប្តូរតំណែងនេះថា"ការដឹកនាំឆ្លាស់គ្នា"។ អ្នកវិភាគជាច្រើនបានរិះគុណពូទីនហើយបានបន្ថែមថាសេចក្តីសម្រេចទាំងអស់របស់រដ្ឋាភិបាលរុស្ស៊ីគឺស្ថិតនៅក្រោមពូទីនទាំងស្រុង។ ការបោះឆ្នោតសភារុស្ស៊ីឆ្នាំ២០១១ ត្រូវបានគេចោទប្រកាន់ថាមានករណីក្លែងបន្លំសន្លឹកឆ្នោតដែលជាហេតុបណ្តាលឱ្យមានបាតុកម្មដ៏ធំកើតឡើងនៅឆ្នាំ២០១២។

នៅឆ្នាំ២០១៤ មានបដិវត្តន៍មួយបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែនដែលជាហេតុនាំឱ្យប្រធានាធិបតីអ៊ុយក្រែនលោកវីកទ័រ​ យ៉ានូកូវិចរត់ចេញពីប្រទេស ឃើញដូច្នេះលោកពូទីនក៏បានស្នើសុំហើយទទួលបានការអនុញ្ញាតពីសភារុស្ស៊ីក្នុងការដាក់ពង្រាយកងទ័ពខ្លួននៅលើទឹកដីអ៊ុយក្រែនដែលនាំទៅដល់ការកាន់កាប់តំបន់គ្រីមៀ។ បន្ទាប់ពីប្រជាមតិគ្រីមៀដែលប្រជាជនភាគច្រើនបានបោះឆ្នោតចង់ផ្តាច់ចេញពីអ៊ុយក្រែន ថ្នាក់ដឹកនាំរុស្ស៊ីបានប្រកាសកាត់តំបន់គ្រីមៀដាក់ចូលជាផ្នែកនៃសហព័ន្ធរុស្ស៊ីទោះជាប្រជាមតិនោះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិក្តី។ ជាលទ្ធផលនៃការបញ្ចូលទឹកដីគ្រីមៀ ប្រទេសលោកខាងលិចជាច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ីដូចជាទណ្ឌកម្មពាណិជ្ជកម្ម និងវិនិយោគជាដើម។

នៅខែកញ្ញា ឆ្នាំ២០១៥ រុស្ស៊ីបានលូកដៃចូលក្នុងសង្គ្រាមស៊ីវិលស៊ីរីដោយបានគាំទ្ររដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមមានដូចជា រដ្ឋឥស្លាម រណសិរ្សអាល់-នូស្សរ៉ា អាល់កៃដា កងទ័ពសញ្ជ័យ និងក្រុមបក្សពួកតូចៗមួយចំនួនទៀត។

នៅឆ្នាំ២០១៨ ពូទីនបានជាប់ឆ្នោតជាប្រធានាធិបតីជាលើកទីបួន។ នៅខែមករា ឆ្នាំ២០២០ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេសរុស្ស៊ីត្រូវបានស្នើឡើង ហើយសមាជិករដ្ឋាភិបាលរុស្ស៊ីទាំងមូលបានលាលែងពីតំណែងដែលជាហេតុនាំឱ្យលោកមីខាអ៊ីល មីឈូសទីនក្លាយជានាយករដ្ឋមន្ត្រីថ្មី។ វិសោធនកម្មរដ្ឋធម្មនុញ្ញនោះបានចូលជាធរមាននៅអំឡុងខែកក្កដាបន្ទាប់ពីការបោះឆ្នោតជាតិ ដែលអនុញ្ញាតឱ្យលោកពូទីនឈរឈ្មោះជាប្រធានាធិបតីនៅរយៈពេល ៦ ឆ្នាំខាងមុខបន្ថែមទៀតបន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកចប់។ នៅខែមេសា ឆ្នាំ២០២១ លោកពូទីនបានចុះហត្ថលេខាលើកំណែប្រែរដ្ឋធម្មនុញ្ញទៅជាច្បាប់។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបើក​ការ​ឈ្លានពានយោធាមកលើប្រទេស​អ៊ុយក្រែន។ នៅវេលាម៉ោងប្រហែល ០៦:០០ ម៉ោងនៅទីក្រុងម៉ូស្គូ លោកពូទីនបានប្រកាសអំពីប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយប៉ុន្មាននាទីក្រោយមក ទីក្រុងមួយចំនួនក្នុងប្រទេសអ៊ុយក្រែនក៏ត្រូវបានទទួលរងការវាយប្រហារដោយគ្រាប់មីស៊ីលជាបន្តបន្ទាប់។

​នយោបាយ

រុស្ស៊ី  រុស្ស៊ី 
វ៉្លាឌឺមៀរ ពូទីន
រុស្ស៊ី  ប្រធានាធិបតី
មីខាអ៊ីល មីឈូសទីន
រុស្ស៊ី  នាយករដ្ឋមន្ត្រី

យោង​តាម​រដ្ឋធម្មនុញ្ញរបស់ប្រទេស រុស្ស៊ី​គឺជា​សហព័ន្ធនិង​មាន​ទម្រង់​ជា​សាធារណរដ្ឋ​ពាក់កណ្ដាល​ប្រធានាធិបតី​និយមដែលមាន​ប្រធានាធិបតី​ជា​ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី​ជា​ប្រមុខ​រដ្ឋាភិបាល​។ សហព័ន្ធ​រុស្ស៊ីមាន​ទម្រង់​មូលដ្ឋាន​ជា​ប្រជាធិបតេយ្យ​តំណាងពហុបក្សដោយរដ្ឋាភិបាលសហព័ន្ធមានអំណាចចែកជាបីស្ថាប័នគឺ៖

  • ស្ថាប័ន​នីតិប្បញ្ញត្តិ៖ មាន​សភា​សហព័ន្ធចំនួន​ពីរគឺ៖ សភា​ឌូម៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ ដោយសភាទាំងនេះមានទំនួលខុសត្រូវផ្នែក​អនុម័ត​ច្បាប់ ប្រកាសសង្គ្រាម ធ្វើ​សច្ចាប័ន​លើ​សន្ធិសញ្ញា​ផ្សេង​ៗ មាន​អំណាច​ក្នុង​អនុម័ត​កញ្ចប់​ថវិកា និង​អំណាច​ចោទប្រកាន់ដែល​អាច​ឈាន​ទៅ​ដល់ការដក​ប្រធានាធិបតី​បាន​។
  • ស្ថាប័ន​នីតិប្រតិបត្តិ៖ ប្រធានាធិបតី​គឺជាអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ ហើយមាន​សិទ្ធិ​ច្រានចោល​រាល់​ពង្រាង​ច្បាប់​ដែល​អនុម័ត​ដោយ​សភាមុន​ពេល​ក្លាយ​ជា​ច្បាប់ផ្លូវការ និង​តែងតាំង​គណៈរដ្ឋមន្ត្រីផ្សេងៗនិងព្រមទាំង​មន្ត្រី​ដទៃ​ទៀត ដែល​គ្រប់គ្រង និង​ប្រតិបត្តិ​ច្បាប់និង​នយោបាយ​សហព័ន្ធ​។
  • ស្ថាប័ន​យុត្តិធម៌៖ តុលាការ​ធម្មនុញ្ញ តុលាការ​កំពូល តុលាការ​កំពូល​មជ្ឈត្តវិនិច្ឆ័យ និង​តុលាការ​សហព័ន្ធ​ថ្នាក់​ទាប​ជាច្រើន​ទៀត (ចៅក្រមត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សហព័ន្ធដោយ​មាន​សំណើ​ពី​ប្រធានាធិបតី) មាន​នាទី​បកស្រាយ​ច្បាប់ និង​អាច​បដិសេធ​ច្បាប់​ណាដែល​យល់​ឃើញ​ថា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។

បំណែងចែករដ្ឋបាលនយោបាយ

យោងទៅតាមរដ្ឋធម្មនុញ្ញ ប្រទេសរុស្ស៊ីមានអង្គភាពធម្មនុញ្ញចំនួន ៨៥។ នៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីបានអនុម័ត ប្រទេសរុស្ស៊ីមានអង្គភាពធម្មនុញ្ញសរុបចំនួន ៨៩ តែក្រោយៗមកអង្គភាពធម្មនុញ្ញខ្លះត្រូវបានរួមបញ្ចូលចូលគ្នា។ អង្គភាពទាំងនេះមានអ្នកតំណាងស្មើៗគ្នា (ពោលគឺប្រតិភូចំនួនពីរៗនាក់) នៅក្នុងក្រុមប្រឹក្សាសហព័ន្ធ។ ប៉ុន្តែកម្រិតស្វ័យភាពរបស់អង្គភាពនីមួយៗគឺខុសគ្នា។

រុស្ស៊ី 
អង្គភាពធម្មនុញ្ញ រដ្ឋបាល
  អូប្លាសចំនួន ៤៦
មានអភិបាលដែលបានជ្រើសតាំងក្នុងអង្គនីតិប្បញ្ញត្តិមូលដ្ឋាន។
  សាធារណរដ្ឋចំនួន ២២
ជាធម្មតាគឺមានស្វ័យភាពដោយសាធារណរដ្ឋនីមួយៗមានភារកិច្ចពង្រាងរដ្ឋធម្មនុញ្ញរៀងៗខ្លួន បោះឆ្នោតជ្រើសរើសប្រមុខនៃសាធារណរដ្ឋឬតំណែងស្រដៀងៗ និងសភាខ្លួនផ្ទាល់។ សាធារណរដ្ឋនីមួយៗគឺអនុញ្ញាតឱ្យមានភាសាផ្លូវការផ្ទាល់ៗខ្លួនជាមួយនឹងភាសារុស្ស៊ីតែក្នុងករណីកិច្ចការអន្តរជាតិពួកគេនឹងត្រូវតំណាងដោយរដ្ឋាភិបាលសហព័ន្ធ។ សាធារណរដ្ឋគឺត្រូវជាទឹកដីឬទីកំណើតរបស់ក្រុមជនជាតិភាគតិចណាមួយ។
  ក្រៃចំនួន ៩
មានលក្ខណៈដូចនឹងអូប្លាសដែរ។ ពាក្យថា"ដែនដី"គឺច្រើនប្រើនៅក្នុងប្រវត្តិសាស្ត្រដោយដើមឡើយឈ្មោះថាក្រៃគឺសម្តៅលើតំបន់ជាប់ព្រំដែនហើយក្រោយមកគឺជាបំណែងចែករដ្ឋបាលដែលចែកចេញជាអូគ្រូកស្វយ័តនិងអូប្លាសស្វយ័ត។
  អូគ្រូកស្វយ័តចំនួន ៤
ដើមឡើយគឺជាអង្គភាពស្វយ័តស្ថិតនៅក្នុងអូប្លាសឬក្រៃដែលបង្កើតឡើងសម្រាប់បញ្ជាក់ឬសម្គាល់ពីទឹកដីជនជាតិភាគតិចណាមួយ។ លើកលែងតែអូគ្រូតស្វយ័តឈូកុត្កា អូគ្រូកទាំងអស់គឺស្ថិតនៅក្រោម/ក្នុងក្រៃឬអូប្លាស។
  ទីក្រុងសហព័ន្ធចំនួន ៣
មានទីក្រុងម៉ូស្គូ សង់ពីទ័របួរ និងសេវ៉ាស្តូប៉ូល។ ទីក្រុងទាំងបីមានមុខងារជាតំបន់ដាច់ដោយឡែកពីបំណែងចែករដ្ឋបាលដទៃទៀត។
  អូប្លាសស្វយ័តចំនួន ១
ក្នុងប្រវត្តិសាស្ត្រ វាគឺជាអង្គភាពរដ្ឋបាលក្រោមក្រៃ។ នៅឆ្នាំ១៩៩០ ក្រៃទាំងអស់ត្រូវបានតម្លើងទៅជាសាធារណរដ្ឋលើកលែងតែអូប្លាសស្វយ័តជ្វីហ្វ។
    ស្រុកសហព័ន្ធ

អង្គភាពធម្មនុញ្ញគឺបែងចេញជាស្រុកសហព័ន្ធចំនួន ៨ ក្រុមដោយក្រុមនីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេសកទូតដែលតែងតាំងដោយប្រធានាធិបតីរុស្ស៊ី។ ខុសពីអង្គភាពធម្មនុញ្ញ ស្រុកសហព័ន្ធមិនមែនជាកម្រិតរដ្ឋបាលថ្នាក់ក្រោមជាតិទេតែជាកម្រិតរដ្ឋបាលនៃរដ្ឋាភិបាលសហព័ន្ធ។

ទំនាក់ទំនងបរទេស

រុស្ស៊ី 
លោកពូទីនជាមួយនឹងសមភាគី G20 នៅទីក្រុងអូសាកាក្នុងឆ្នាំ២០១៩។

គិតត្រឹមឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសដែលមានបណ្តាញការទូតធំជាងគេលំដាប់ថ្នាក់ទីប្រាំនៅលើពិភពលោក។ រុស្ស៊ីមានទំនាក់ទំនងការទូតជាមួយរដ្ឋសមាជិកអង្គការសហប្រជាជាតិចំនួន ១៩០, រដ្ឋមានការទទួលស្គាល់តិចតួចចំនួនពីរ និងរដ្ឋសង្កេតការណ៍អង្គការសហប្រជាជាតិចំនួនបីដោយមានស្ថានទូតសរុបដល់ទៅ ១៤៤។ រុស្ស៊ីគឺជារដ្ឋមហាអំណាចសក្តានុពលនិងជាសមាជិកមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រុស្ស៊ីក៏ជាសមាជិកនៃ ហ្សេ២០ ក្រុមប្រឹក្សាអឺរ៉ុប អង្គការដើម្បីសន្តិសុខ​ និងសហ​ប្រតិបត្តិការ​នៅអឺរ៉ុប វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិកផងដែរហើយត្រូវជាសមាជិកនាំមុខនៃសហគមន៍នៃរដ្ឋឯករាជ្យ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី អង្គការសន្ធិសញ្ញាសន្តិសុខរួម អង្គការសហប្រតិបត្តការសៀងហៃ និងប៊្រីកស៍។

នៅក្នុងសតវត្សទី២១ ទំនាក់ទំនងចិន-រុស្ស៊ីបានចាប់ពង្រឹងឡើងយ៉ាងខ្លាំង។ ជាមួយនឹងសន្ធិសញ្ញាមិត្តភាព និងការអភិវឌ្ឍអាជីវកម្មប្រេងកាត ទំនាក់ទំនងរវាងមហាអំណាចទាំងពីរបានឈានចូលដល់ស្ថានភាពពិសេសមួយ។ ប្រទេសឥណ្ឌាគឺជាអតិថិជនគ្រឿងសព្វាវុធធំបំផុតរបស់ប្រទេសរុស្ស៊ីហើយប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយុទ្ធសាស្ត្រនិងការទូតដ៏រឹងមាំតាំងពីដំបូងមកម្លេះ។

យោធា

រុស្ស៊ី 
នាវាផ្ទុកយន្តហោះឈ្មោះឃូសនីតសូវរបស់រុស្ស៊ី។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវបានបែងចែកជា កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអវកាស។ រុស្ស៊ីក៏មានសេវាប្រដាប់អាវុធឯករាជ្យចំនួនពីរផងដែរគឺ កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ និងកងកម្លាំងជើងអាកាស។ គិតត្រឹមឆ្នាំ២០១៩ យោធារុស្ស៊ីមានទាហានសកម្មជិតមួយលាននាក់ដែលជាប់ចំណាត់ថ្នាក់ទីបួននៅលើពិភពលោក។ លើសពីនេះ រុស្ស៊ីមានទ័ពបម្រុងសកម្មច្រើនជាង ២,៥ លាននាក់ហើយចំនួនសរុបនៃកងទ័ពបម្រុងអាចនឹងមានដល់ទៅ ២០ លាននាក់ឯណោះ។ វាគឺជាកាតព្វកិច្ចរបស់បុរសជនជាតិរុស្ស៊ីទាំងឡាយដែលមានអាយុពី ១៨–២៧ ឆ្នាំក្នុងការចូលបម្រើក្នុងជួរកងកម្លាំងប្រដាប់អាវុធយ៉ាងតិចរយៈពេលមួយឆ្នាំ។

បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសដែលមានឥទ្ធិពលយោធាខ្លាំងបំផុតទីពីរនៅលើពិភពលោកហើយជារដ្ឋមួយក្នុងចំណោមរដ្ឋនុយក្លេអ៊ែរទាំងប្រាំ និងជារដ្ឋដែលមានស្តុកអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោកផងដែរ។ ជាងពាក់កណ្តាលនៃអាវុធនុយក្លេអ៊ែរសរុបប្រមាណ ១៤,០០០ នៅលើពិភពលោកគឺជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី។ ប្រទេសនេះគឺជាម្ចាស់នាវាមុជទឹកមីស៊ីលបាលីស្ទីកធំជាងគេទីពីរហើយជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួនបីប៉ុណ្ណោះដែលមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រហើយមិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីគឺជារដ្ឋដែលមានកងកម្លាំងជើងគោកច្រើន/ខ្លាំងបំផុតលើលោក កម្លាំងជើងអាកាសខ្លាំងបំផុតទីពីរ និងកម្លាំងជើងទឹកខ្លាំងបំផុតទីបី។ រុស្ស៊ីគឺជាប្រទេសដែលចំណាយថវិកាលើយោធាខ្ពស់បំផុតទីបួនដោយបានចំណាយប្រាក់ចំនួន ៦៥,១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩។ រុស្ស៊ីមានឧស្សាហកម្មយោធាដ៏ធំដោយអាវុធភាគច្រើនរបស់ខ្លួនគឺសុទ្ធតែផលិតនៅក្នុងស្រុកទាំងអស់។ ក្នុងឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសនាំចេញអាវុធធំជាងគេលំដាប់ទីបីនៅលើពិភពលោកដោយនៅពីក្រោយសហរដ្ឋអាមេរិក និងចិន។

សិទ្ធិមនុស្ស និងអំពើពុករលួយ

ការគ្រប់គ្រងសិទ្ធិមនុស្សនៅប្រទេសរុស្ស៊ីត្រូវបានទទួលរងការរិះគន់កាន់តែខ្លាំងឡើងៗ ពីបណ្តាប្រទេសប្រជាធិបតេយ្យនិងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស។ ជាពិសេសគឺអង្គការមួយចំនួនដូចជា អង្គការលើកលែងទោសអន្តរជាតិនិងអង្គការឃ្លាំមើលសិទ្ធិមនុស្សដោយអង្គការទាំងនេះបានចាត់ទុករុស្ស៊ីថាជាប្រទេសដែលមិនមានលក្ខណៈប្រជាធិបតេយ្យពេញលេញនិងផ្តល់សិទ្ធិនយោបាយនិងសេរីភាពស៊ីវិលតិចតួចណាស់ដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០០៤ មកអង្គការ Freedom House បានដាក់ប្រទេសរុស្ស៊ីនៅក្នុងចំណាត់ថ្នាក់"គ្មានសេរីភាព"នៃការស្ទង់មតិសេរីភាពនៅលើពិភពលោករបស់ខ្លួន។ ពីឆ្នាំ២០១១ អង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបានដាក់ចំណាត់ថ្នាក់រុស្ស៊ីក្នុង"របបផ្តាច់ការ"នៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យរបស់ខ្លួនដោយឈរនៅលំដាប់ទី ១២៤ ក្នុងចំណោមប្រទេសចំនួន ១៦៧ នៃឆ្នាំ២០២០។

យោងទៅតាម Transparency International គេបានវាយតម្លៃប្រទេសរុស្ស៊ីទាបបំផុតនៅក្នុងសន្ទស្សន៍សញ្ញាក្ខន្ធអំពើពុករលួយសម្រាប់ឆ្នាំ២០២០ ដោយជាប់លំដាប់ថ្នាក់ទី ១២៩ ក្នុងចំណោមប្រទេស ១៨០។ អំពើពុករលួយគឺជាបញ្ហាដ៏សំខាន់មួយនៅក្នុងប្រទេសរុស្ស៊ីដោយវាបានជះឥទ្ធិពលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រជាពលរដ្ឋម្នាក់ៗ សេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម រដ្ឋបាលសាធារណៈ ការអនុវត្តច្បាប់ ការថែទាំសុខភាព និងការអប់រំជាដើម។ល។

ភូមិសាស្ត្រ

រុស្ស៊ី 
ផែនទីឋានលេខាសាស្ត្រនៃប្រទេសរុស្ស៊ី។

ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកដោយមានក្រឡាផ្ទៃសរុប ១៧,០៧៥,២០០ គីឡូម៉ែត្រការ៉េ (ស្មើនឹង ៦,៥៩២,៨០០ ម៉ាយការ៉េ)។ វាគឺជាប្រទេសឆ្លងទ្វីបដែលគ្របដណ្តប់លើតំបន់អឺរ៉ាស៊ីមួយភាគធំ (ពោលគឺទាំងអាស៊ីនិងអឺរ៉ុប)។ ទឹកដីប៉ែកអឺរ៉ុបរបស់រុស្ស៊ីមានក្រឡាផ្ទៃប្រមាណ ៤,០០០,០០០ គម ដែលប្រហាក់ប្រហែលនឹង ៤០% នៃទឹកដីអឺរ៉ុបសរុប ដូច្នេះរុស្ស៊ីគឺជាប្រទេសធំជាងគេនៅទ្វីបអឺរ៉ុប។ ចំណែកឯខាងទ្វីបអាស៊ីវិញ រុស្ស៊ីបានគ្របដណ្តប់លើតំបន់អាស៊ីខាងជើងទាំងស្រុងដោយមានក្រឡាផ្ទៃ ១៣,១០០,០០០ គីឡូម៉ែត្រការ៉េដែលនាំឱ្យរុស្ស៊ីក្លាយជាប្រទេសធំជាងគេនៅទ្វីបអាស៊ីផងដែរ។ រុស្ស៊ីជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេទីបួននៅលើពិភពលោកដោយលាតសន្ធឹងចម្ងាយ ៣៧,៦៥៣ គីឡូម៉ែត្រ។ លើសពីនេះទៅទៀត ទឹកដីប្រទេសរុស្ស៊ីទាំងមូលគឺមានទំហំធំជាងទ្វីបអូសេអានី អឺរ៉ុប និងអង់តាកទិកផងហើយស្ថិតនៅចន្លោះរយៈទទឹង ជ ៤១°និង៨២° និងរយៈបណ្តោយ ក ១៩°និង១៦៩°។

ភាគខាងត្បូងនៃប្រទេសរុស្ស៊ីគឺសម្បូរទៅដោយជួរភ្នំជាច្រើនដោយមានជួរភ្នំក័រកាស៊ីមួយផ្នែកស្ថិតនៅក្នុងទឹកដីរបស់ខ្លួន (ក្នុងនោះគឺមានភ្នំអែលប៊្រូស ដែលមានកម្ពស់ ៥,៦៤២ ម៉ែត្រហើយត្រូវជាភ្នំខ្ពស់ជាងគេនៅប្រទេសរុស្ស៊ីនិងទ្វីបអឺរ៉ុប)។ ចំណែកនៅតំបន់ផ្សេងៗទៀតក៏មានជួរភ្នំនិងភ្នំខ្ពស់ៗសំខាន់ៗផងដែរដូចជា៖ នៅស៊ីបេរីគឺមានភ្នំអាល់តៃ នៅតំបន់ជាយខាងកើតរុស្ស៊ីមានជួរភ្នំវែគុយ៉ានស្គ៍ឬបណ្តុំភ្នំភ្លើងនៅតាមឧបទ្វីបកាំឆាត់កា។ ភ្នំអ៊ូរ៉ាល់គឺជាភ្នំដែលសម្បូរទៅដោយធនធានរ៉ែច្រើនជាងគេហើយវាបានលាតសន្ធឹងពីភាគខាងជើងទៅភាគខាងត្បូងដែលសព្វថ្ងៃភូមិសាស្ត្រាចារ្យជាទូទៅបានចាត់ទុកភ្នំនេះជាខ្សែប្រទល់បែងចែកទ្វីបអាស៊ីនិងអឺរ៉ុប។

រុស្ស៊ី 
ទន្លេវ៉ុលកា, ជាទន្លេហូរកាត់តំបន់ភាគកណ្តាលប្រទេសរុស្ស៊ីចូលទៅសមុទ្រកាសព្យែនហើយវាត្រូវជាទន្លេវែងជាងគេប្រចាំទ្វីបអឺរ៉ុប។

រុស្ស៊ីមានព្រំដែនជាប់នឹងសមុទ្រជាច្រើនមានដូចជា៖ សមុទ្របាលទិក សមុទ្របារ៉ែន សមុទ្រស សមុទ្រការ៉ា សមុទ្រឡាប់តែវ សមុទ្រស៊ីបេរីខាងកើត សមុទ្រជុកជី សមុទ្របេរីង សមុទ្រអាសូវ សមុទ្រអុកហុតស្គ៍ និងសមុទ្រជប៉ុន។ ប្រជុំកោះ និងកោះធំៗនៅរុស្ស៊ីមានដូចជា៖ ណូវ៉ាលសែមយ៉ា ប្រជុំកោះហ្រ្វង់ហ្សូសែហ្វ កោះស៊ីបេរីថ្មី ស្វែរណាយ៉ាសែមយ៉ា កោះហ្វ្រាងជែល កោះគូរៀល និងកោះសាកខាលីន។

រុស្ស៊ី 
ភ្នំអែលប៊្រូស, ជាភ្នំភ្លើងអសកម្មស្ថិតនៅភាគខាងត្បូងរុស្ស៊ីនិងត្រូវជាភ្នំខ្ពស់ជាងគេបង្អស់នៅប្រទេសរុស្ស៊ីនិងទ្វីបអឺរ៉ុប។

រុស្ស៊ីគឺជាប្រទេសដែលសម្បូរធនធានទឹកច្រើនជាងគេបង្អស់ដោយមានបឹងជាច្រើនដែលផ្ទុកទឹកសាបប្រមាណមួយភាគបួននៃទឹកសាបសរុបនៅលើពិភពលោក។ បឹងទឹកសាបដ៏ធំនិងសំខាន់ជាងគេបំផុតនៅរុស្ស៊ីគឺបឹងបៃកាលដែលត្រូវជាបឹងដ៏សំខាន់ ចំណាស់ និងធំជាងគេនៅក្នុងប្រទេសហើយបរិមាណផ្ទៃខាងលើនៃទឹកសាបនៅបឹងនេះទាំងមូលគឺស្មើរនឹងមួយភាគប្រាំនៃបរិមាណផ្ទៃលើនៃទឹកសាបទាំងអស់នៅលើភពផែនដី។ បឹងធំៗមួយចំនួនទៀតមាន បឹងឡាដូកានិងបឹងអូណេកាហើយបឹងទាំងពីរនេះគឺត្រូវជាបឹងធំបំផុតនៅទ្វីបអឺរ៉ុប (សម្គាល់៖ បឹងបៃកាលគឺស្ថិតនៅទ្វីបអាស៊ី)។ ប្រទេសរុស្ស៊ីស្ថិតនៅលំដាប់ថ្នាក់លេខពីរបន្ទាប់ពីប្រទេសប្រេស៊ីលក្នុងបរិមាណធនធានទឹកដែលអាចប្រើប្រាស់ឡើងវិញបាន។ ទន្លេចំនួនបួននៅតំបន់ស៊ីបេរីដូចជា ទន្លេអូប យេនីស៊ីយ លេណា និងអាម័រគឺសុទ្ធតែស្ថិតនៅក្នុងចំណោមទន្លេដ៏វែងជាងគេបំផុតនៅលើភពផែនដី។

អាកាសធាតុ

អាកាសធាតុទ្វីបសើមបានគ្របដណ្តប់លើទឹកដីប្រទេសរុស្ស៊ីស្ទើរទាំងអស់លើកលែងតែតំបន់ទុនដ្រានិងតំបន់និរតី នេះគឺដោយសារតែទំហំផ្ទៃដីដ៏ធំនិងតំបន់ដាច់ស្រយាលជាច្រើនពីសមុទ្រ។ បណ្តុំភ្នំនៅភាគខាងត្បូងបានរាំងស្ទះលំហូរខ្យល់ក្តៅៗពីមហាសមុទ្រឥណ្ឌាខណៈដែលវាលទំនាបនៅភាគខាងជើងទទួលឥទ្ធិពលត្រជាក់ពីតំបន់អាកទិកនិងអាត្លង់ទិក។ តំបន់ភាគពាយព្យនិងតំបន់ស៊ីបេរីមានអាកាសធាតុបែបអនុអាកទិកដោយទទួលនូវឥទ្ធិពលត្រជាក់ខ្លាំងខាងក្នុងតំបន់ស៊ីបេរី (ជាពិសេសគឺនៅក្នុងតំបន់សាខាតែម្តងដោយទទួលសីតុណ្ហភាពទាបបំផុត -៩៦.២°F ឬ -៧១.២°C) មិនត្រឹមតែប៉ុណ្ណោះ តំបន់ផ្សេងៗទៀតក៏ទទួលនូវឥទ្ធិពលត្រជាក់ដែរ។

រុស្ស៊ី 
បឹងបៃកាល ថតនៅអំឡុងសិសិររដូវ ឬហៅសាមញ្ញថារដូវត្រជាក់។

អាកាសធាតុត្រូពិចសើមដែលមានលក្ខណៈជាសិសិររដូវសើមអាចមានវត្តមាននៅតាមតំបន់ឆ្នេរនៃក្រៃក្រាសណូដារ ជាពិសេសគឺនៅទីក្រុងសូឈី។ នៅតាមតំបន់ជាច្រើននៃស៊ីបេរីខាងកើតនិងចុងបូព៌ា រដូវរងារគឺមានលក្ខណៈស្ងួតជាងរដូវក្តៅ (ពោលគឺរដូវក្តៅមានភ្លៀងធ្លាក់ច្រើនជាងរដូវរងារ) ចំណែកឯតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ីបានទទួលទឹកភ្លៀងនៅគ្រប់រដូវ។ ទឹកភ្លៀងធ្លាក់មានលក្ខណៈជាព្រិលនៅក្នុងតំបន់ដែលត្រជាក់ខ្លាំង។ នៅតាមបណ្តោយទន្លេវ៉ុលកាខាងត្បូងនិងឆ្នេរសមុទ្រកាសព្យែនក៏ដូចជាតំបន់ចុងខាងត្បូងស៊ីបេរីបានទទួលនូវអាកាសធាតុពាក់កណ្តាលស្ងួត។

នៅលើទឹកដីរុស្ស៊ីភាគច្រើនមានតែពីររដូវប៉ុណ្ណោះគឺ និទាឃរដូវ និងសិសិររដូវខណៈដែលរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះមិនសូវបានគេទទួលស្គាល់ប៉ុន្មានទេព្រោះពីររដូវនេះមានរយៈពេលខ្លីហើយមានលក្ខណៈបម្រែបម្រួលពីសីតុណ្ហភាពទាបបំផុតទៅសីតុណ្ហភាពខ្ពស់បំផុត។ ខែដែលត្រជាក់បំផុតគឺខែមករា (ខែកុម្ភៈចំពោះតំបន់ឆ្នេរ) រីឯខែក្តៅបំផុតគឺខែកក្កដា។ នៅរដូវរងារ សីតុណ្ហភាពអាចធ្លាក់ចុះកាន់តែទាបពីតំបន់ភាគខាងត្បូងទៅភាគខាងជើងនិងពីលិចទៅកើត។ សីតុណ្ហភាពអាចកើនឡើងខ្ពស់នៅអំឡុងរដូវក្តៅសូម្បីតែនៅតំបន់ស៊ីបេរីក៏ដោយ។

ជីវៈចម្រុះ

ប្រទេសរុស្ស៊ីមានថនិកសត្វចំនួន ២៦៦ ប្រភេទនិងបក្សីចំនួន ៧៨០ ប្រភេទ។ បើយោងទៅតាម RDBRF ក្នុងឆ្នាំ១៩៩៧ បានឱ្យដឹងថាប្រភេទសត្វនៅប្រទេសរុស្ស៊ីមានចំនួនសរុប ៤១៥ ប្រភេទដោយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការការពាររបស់រដ្ឋាភិបាលរុស្ស៊ីនិងអង្គការអភិរក្សមួយចំនួន។ រុស្ស៊ីមានទីបម្រុងមណ្ឌលជីវៈចំនួន ៤០ ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ឧទ្យានជាតិចំនួន ៤១ និងទីបម្រុងធម្មជាតិចំនួន ១០១។ ប្រទេសរុស្ស៊ីនូវមានប្រព័ន្ធអេកូឡូស៊ីជាច្រើនទៀតដែលមិនទាន់បានប៉ះពាល់ដោយមនុស្សដោយភាគច្រើនមាននៅតំបន់តៃកា និងព្រៃទុនដ្រានៃតំបន់ស៊ីបេរី។ ជាយូរមកហើយ ប្រទេសរុស្ស៊ីនូវតែបន្តធ្វើការកែលម្អនិងអនុវត្តច្បាប់ការពារនិងអភិវឌ្ឍបរិស្ថាន ការអនុវត្តយុទ្ធសាស្ត្រនិងកម្មវិធីនានានៅតាមសហព័ន្ធនិងតំបន់ ការសិក្សាស្រាវជ្រាវនិងធ្វើបញ្ជីសារពើភណ្ឌ និងការពាររុក្ខជាតិ សត្វ និងសត្វដែលកម្រនិងជិតផុតពូជនិងរាល់ពួកសត្វដែលមានវត្តមាននៅលើទឹកដីរបស់ខ្លួន។

សេដ្ឋកិច្ច

រុស្ស៊ី 
ទីក្រុងម៉ូស្គូគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយនៅអឺរ៉ុប
រុស្ស៊ី 
កំណើន ផសស ប្រទេសរុស្ស៊ីគិតតាមយុគភាពនៃអំណាចទិញ (យអទ) នៅរវាងឆ្នាំ១៩៩១–២០១៩ ជាដុល្លារអន្តរជាតិ

ប្រទេសរុស្ស៊ីមានសេដ្ឋកិច្ចចម្រុះចំណូលលើពាក់កណ្តាលនិងសេដ្ឋកិច្ចអន្តរកាលដោយមានធនធានធម្មជាតិជាច្រើន ពិសេសគឺរ៉ែប្រេងកាតនិងឧស្ម័នធម្មជាតិ។ ប្រទេសនេះមានវិស័យសេដ្ឋកិច្ចធំជាងគេទី ១១ នៅលើពិភពលោកបើគិតតាម ផសស ជាមធ្យម និងមានសេដ្ឋកិច្ចធំជាងគេទី ៦ បើគិតតាម យអទ។ យោងទៅតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា ផសស ក្នុងមនុស្សម្នាក់ៗ (យអទ) នៅប្រទេសរុស្ស៊ីគឺស្មើនឹង ២៩,៤៨៥ ដុល្លារគិតត្រឹមឆ្នាំ២០២១។ ប្រាក់ខែជាមធ្យមសម្រាប់មនុស្សម្នាក់ៗគឺ ₽៥១,០៨៣ នៅក្នុងឆ្នាំ២០២០ ហើយប្រជាជនរុស្ស៊ីប្រមាណ ១២.៩% កំពុងរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រលំដាប់ថ្នាក់ជាតិនៅក្នុងឆ្នាំ២០១៨។ អត្រានិកម្មភាពនៅរុស្ស៊ីមានប្រមាណ ៤.៥% នៅក្នុងឆ្នាំ២០១៩ ហើយប្រជាជនរុស្ស៊ីប្រមាណ ៧០% ស្ថិតនៅក្នុងចំណាត់ថ្នាក់វណ្ណៈកណ្តាលប៉ុន្តែទិន្នន័យមួយនេះនូវមានទំនាស់នៅឡើយ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ចំណូលពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីបានឡើងដល់ ៦៦៦,៦ ពាន់លានដុល្លារ។ ចំណូលនៃការនាំចេញសរុបរបស់រុស្ស៊ីគឺ ៤២២,៨ ពាន់លានដុល្លារខណៈដែលថវិកានាំចូលស្មើនឹង ២៤៣,៨ ពាន់លានដុល្លារ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ទុនបម្រុងបរទេសនៅរុស្ស៊ីស្មើនឹង ៤៤៤ ពាន់លានដុល្លារ។

ប្រេង ឧស្ម័នធម្មជាតិ លោហធាតុ និងឈើបានក្លាយជាផលិតផលនាំចេញរបស់រុស្ស៊ីប្រមាណ ៨០%។ នៅក្នុងឆ្នាំ២០១៦ ចំណូលថវិកាសហព័ន្ធប្រមាណ ៣៦% គឺសុទ្ធតែបានមកពីវិស័យប្រេងកាតនិងឧស្ម័ន។ នៅក្នុងឆ្នាំ២០១៩ ក្រសួងធនធានធម្មជាតិនិងបរិស្ថានរុស្ស៊ីបានធ្វើការប៉ាន់ស្មានថា តម្លៃធនធានធម្មជាតិក្នុងប្រទេសគឺស្មើនឹង ផសស ប្រមាណ ៦០%។ ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានបំណុលបរទេសទាបបំផុតនៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗដទៃ។ រុស្ស៊ីមានអត្រាពន្ធថេរ ១៣% ជាមួយនឹងប្រព័ន្ធពន្ធឯកត្តភូតដ៏គួរឱ្យចាប់អារម្មណ៍ចំពោះអ្នកចាត់ការម្នាក់ៗក្នុងលំដាប់ថ្នាក់ទីពីរនៅលើពិភពលោកដោយនៅពីក្រោយតែអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះ។ អត្រាវិសមភាពនៃប្រាក់ចំណូលគ្រួសារនិងទ្រព្យសម្បត្តិនៅរុស្ស៊ីក៏មានចំនួនគួរឱ្យកត់សម្គាល់ផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធ

ដំណឹកជញ្ជូនតាមផ្លូវដែករបស់ប្រទេសនេះភាគច្រើនតែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអយស្ម័យយានរុស្ស៊ី។ ប្រវែងផ្លូវដែកដែលប្រើប្រាស់ជាទូទៅមានលើសពី ៨៥,៥០០ គីឡូម៉ែត្រ។ ផ្លូវដែកដែលប្រជាប្រិយជាងគេនៅរុស្ស៊ីគឺផ្លូវដែកឆ្លងស៊ីបេរី វាគឺជាខ្សែផ្លូវដែកដ៏វែងជាងគេបង្អស់នៅលើពិភពលោក។ គិតត្រឹមឆ្នាំ២០១៦ បណ្តាញផ្លូវគោកនៅរុស្ស៊ីមានប្រវែង ១,៤៥២.២ គ.ម ហើយម៉្យាងទៀត រុស្ស៊ីមានសន្ទភាពផ្លូវគោកទាបបំផុតនៅក្នុងចំណោមរដ្ឋប្រទេសប៊្រីកស៍។ ផ្លូវទឹកខាងក្នុងប្រទេសរុស្ស៊ី (បឹងនិងទន្លេ) មានប្រវែងសរុប ១០២,០០០ គ.ម។ ក្នុងចំណោមអាកាសយានដ្ឋានសរុបចំនួន ១,២១៦ នៅក្នុងប្រទេស អាកាសយានដ្ឋានដែលមមាញឹកជាងគេគឺ ស៊ីរេមីទីវ៉ូ ដូម៉ូដេដូវ៉ូ វីនូកូវ៉ានៅទីក្រុងម៉ូស្គូ និងអាកាសយានដ្ឋាមពូកកូវ៉ានៅទីក្រុងសង់ពីទ័របួរ។

រុស្ស៊ី 
ផ្លូវដែកឆ្លងស៊ីបេរីគឺជាខ្សែផ្លូវដែកដែលមានប្រវែងវែងជាងគេនៅលើពិភពលោកដោយភ្ជាប់ពីទីក្រុងម៉ូស្គូទៅក្រុងវ្លាឌីវ៉ូស្តុក

កំពង់ផែសមុទ្រធំៗរបស់រុស្ស៊ីមាននៅក្នុងទីក្រុងដូចជា៖ រ៉ូសតូវលើដុននៅសមុទ្រអាសូវ ណូវ៉ូរ៉ូស្ស៊ីស្ក៍នៅសមុទ្រខ្មៅ អាស្ត្រាខាននិងម៉ាក៍ហាច្ឆកាឡានៅសមុទ្រកាសព្យែន កាលីនីនក្រាដនិងសង់ពីទ័របួរនៅសមុទ្របាលទិក អាខានហ្គេលនៅសមុទ្រស មួរម៉ានស្គ៍នៅសមុទ្របារ៉ែន ពេត្រូផាវឡូស្គ៍-កាំឆាតស្គីនិងវ្លាឌីវ៉ូស្តុកនៅឯមហាសមុទ្រប៉ាស៊ីហ្វិក។ រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមាននាវាបំបែកទឹកកកនុយក្លេអ៊ែរ នាវាទាំងនេះបានជួយជម្រុញវិស័យដំណឹកជញ្ជូននិងសេដ្ឋកិច្ចរុស្ស៊ីនៅតាមផ្លូវទឹកភាគខាងជើង។

រុស្ស៊ី 
ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គងប្រេងកាតនិងឧស្ម័នដ៏ធំជាងគេនៅទ្វីបអឺរ៉ុប

គេបានចាត់ទុកប្រទេសរុស្ស៊ីជា"មហាអំណាចថាមពល" នេះគឺដោយសារតែរុស្ស៊ីមានទីបម្រុងផ្ទុកឧស្ម័នធម្មជាតិធំបំផុតនៅលើលោក ទីបម្រុងផ្ទុកធ្យូងធំបំផុតទីពីរ ទីបម្រុងផ្ទុកប្រេងកាតធំបំផុតទីប្រាំបី និងមានទីបម្រុងផ្ទុកសំបកប្រេងធំជាងគេនៅអឺរ៉ុប។ ប្រទេសនេះគឺជាអ្នកនាំចេញឧស្ម័នធម្មជាតិនាំមុខគេនៅលើលោក ជាអ្នកផលិតឧស្ម័នធម្មជាតិធំបំផុតទីពីរ អ្នកនាំចេញប្រេងកាតធំបំផុតទីពីរ និងជាអ្នកផលិតប្រេងកាតធំបំផុតទីបី។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅរុស្ស៊ីច្រើនតែបង្កដោយឥន្ធនៈហ្វូស៊ីល។ លើសពីនេះទៅទៀត រុស្ស៊ីគឺជាអ្នកផលិតអគ្គិសនីធំបំផុតទីបួននៅលើពិភពលោក និងជាអ្នកផលិតថាមពលកកើតឡើងវិញបានធំបំផុតទីប្រាំបួនគិតត្រឹមឆ្នាំ២០១៩។ រុស្ស៊ីគឺជាប្រទេសដំបូងបង្អស់ដែលចាប់ផ្តើមអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរស៊ីវិលនិងជាប្រទេសដែលសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេ។ នៅក្នុងឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសដែលផលិតថាមពលនុយក្លេអ៊ែរធំជាងគេទីបួនហើយមិនត្រឹមតែប៉ុណ្ណោះ អគ្គិសនីប្រមាណ ២០% ក្នុងប្រទេសមានប្រភពមកពីថាមពលនុយក្លេអ៊ែរ។

កសិកម្ម និងនេសាទ

ប្រទេសរុស្ស៊ីមានផ្ទៃដីដាំដុះធំជាងគេទីបួននៅលើពិភពលោកដោយមានទំហំ ១,២៣៧,២៩៤ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៧,៤% នៃផ្ទៃដីដែលអាចបង្កបង្កើនផលបាននៅលើពិភពលោក។ ប្រទេសនេះគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិច្រើនបំផុតទីបី និងជាអ្នកផលិតនាំមុខគេនៃស្រូវសាលីបាលី សារ៉ាសង់ និងអូត ហើយជាអ្នកផលិតនិងនាំចេញនូវស្រូវរ៉ៃនិងគ្រាប់ផ្កាឈូករ័ត្នច្រើនជាងគេបង្អស់។ ចាប់តាំងពីឆ្នាំ២០១៦ មក រុស្ស៊ីគឺជាអ្នកនាំចេញដំណាំស្រូវធំបំផុតនៅលើពិភពលោក។

ខណៈដែលកសិដ្ឋានធំៗច្រើនតែផ្តោតលើផលិតកម្មគ្រាប់ធញ្ញជាតិនិងការចិញ្ចឹមសត្វ គ្រឿងបន្លែផ្លែឈើគឺច្រើនតែផលិតនៅតាមកសិដ្ឋានតូចៗដែលមានលក្ខណៈជាគ្រួសារនិងឯកជន។ រុស្ស៊ីគឺជាម្ចាស់ផ្ទះនៃពងត្រីកាវីយ៉ាដែលមានគុណភាពល្អបំផុតលើលោកហើយក៏ត្រូវជាម្ចាស់នៃកងនេសាទដ៏ធំបំផុតលើលោកផងដែរដោយជាប់ចំណាត់ថ្នាក់ទីប្រាំមួយក្នុងបរិមាណត្រីដែលចាប់បាន បើគិតជាតោនគឺស្មើនឹង ៤,៧៧៣,៤១៣ តោននៅក្នុងឆ្នាំ២០១៨។

វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

រុស្ស៊ី 
មីខាអ៊ីល ឡូម៉ូណូសូវ, ជាអ្នកវិទ្យាសាស្ត្រពហុវិជ្ជា ប្រឌិតករ កវី និងសិល្បករដ៏ឆ្នើមម្នាក់របស់ប្រទេសរុស្ស៊ី

ថវិកាស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ប្រទេសរុស្ស៊ីគឺស្ថិតនៅលំដាប់ថ្នាក់ទី ៩ លើពិភពលោកដោយមានការចំណាយប្រមាណ ៤២២ ពាន់លានរូបលើវិស័យស្រាវជ្រាវនិងការអភិវឌ្ឍន៍ក្នុងស្រុក។ នៅក្នុងឆ្នាំ២០១៩ រុស្ស៊ីជាប្រទេសដែលបានជាប់ចំណាត់ថ្នាក់ទីដប់នៅក្នុងចំនួនបោះពុម្ភឯកសារវិទ្យាសាស្ត្រ។ ចាប់តាំងពីឆ្នាំ១៩០៤ មក ជនជាតិរុស្ស៊ី/សូវៀតសរុបចំនួន ២៦ នាក់បានឈ្នះរង្វាន់ណូបែលខាងផ្នែកវិជ្ជាជាច្រើនមាន៖ រូបវិទ្យា គីមីវិទ្យា វេជ្ជវិជ្ជា សេដ្ឋកិច្ច អក្សរសាស្ត្រ និងសន្តិភាព។

លោកមីខាអ៊ីល ឡូម៉ូណូសូវគឺជាអ្នកបង្កើតច្បាប់នៃការអភិរក្សថាមពលឡើង។ ប្រទេសរុស្ស៊ីគឺជាស្រុកកំណើររបស់គណិតវិទូដ៏ល្បីល្បាញជាច្រើននៅលើពិភពលោកមានដូចជា លោកនីកូឡៃ ឡូបាឆេវស្គី និងលោកប៉ាហ្វនូទី ឆេប៊ីឆេវជាដើម។តារាងខួបនៃធាតុគីមីដែលមាននៅក្នុងគីមីវិទ្យាសព្វថ្ងៃក៏ត្រូវបានបង្កើតឡើងដោយជនជាតិរុស្ស៊ីផងដែរដោយលោកមានឈ្មោះថា ឌីមេទ្រី មិនដេលេយេវ។ គណិតវិទូរុស្ស៊ី/សូវៀតសរុបចំនួនប្រាំបួននាក់ធ្លាប់បានទទួលមេដៃហ្វីល (Fields Medal – ជារង្វាន់ដ៏មានតម្លៃបំផុតសម្រាប់គណិតវិទូនៅជុំវិញពិភពលោក)។ របកគំហើញនិងប្រឌិតកម្មជាច្រើនដែលត្រូវរកឃើញឬបង្កើតដោយជនជាតិរុស្ស៊ីមាន៖ ត្រង់ស្វមម៉ាទ័រ អំពូលភ្លើងអគ្គិសនី យន្តហោះ ឆ័ត្រយោងសុវត្ថិភាព តារារណបសិប្បនិម្មិតឈ្មោះថាស្ពុតនីគ វីទ្យុទទួលសម្លេង មីក្រូទស្សន៍អគ្គិសនី រូបថតពណ៌ តារាងគីមី រទេះភ្លើងអគ្គិសនី ឧបករណ៍ថតវីដេអូ ឧទ្ធម្ភាគចក្រ ចាហួយ ទូរទស្សន៍ កៅស៊ូសាំងតេទិក និងម៉ាស៊ីនច្រូត។ល។

ទីភ្ញាក់ងារអវកាសជាតិរបស់ប្រទេសរុស្ស៊ីគឺមានឈ្មោះថារ៉ូសកូសម៉ូស (Роскосмос), សមិទ្ធិផលរបស់រុស្ស៊ីក្នុងវិស័យបច្ចេកវិទ្យាអវកាសនិងការរុករុកទីអវកាសសព្វថ្ងៃគឺបានមកពីលោកកុនស្តង់ទីន ធ្សីលកូវស្គីដែលត្រូវគេចាត់ទុកលោកថាជាបិតានៃទ្រឹស្តីតារាយាន។ ស្នាដៃរបស់គាត់បានជួយឱ្យវិស្វកររ៉ុក្កែតសូវៀតកំពូលៗជាច្រើននាក់សម្រេចនូវការងាររបស់ពួកគេនៅក្នុងកម្មវិធីអវកាសសូវៀតនាដើមសម័យប្រណាំងប្រជែងផ្នែកអវកាសនិងរហូតមកដល់បច្ចុប្បន្ន។

នៅក្នុងឆ្នាំ១៩៥៧ តារារណបសិប្បនិម្មិតដំបូងគេបង្អស់ត្រូវបានបង្ហោះនិងធ្វើគោចរបានមួយជុំភពផែនដី, នៅក្នុងឆ្នាំ១៩៦១ លោកយូរី ហ្គាហ្គារីនបានក្លាយជាមនុស្សដំបូងបង្អស់ដែលបានធ្វើដំណើរនៅក្នុងទីអវកាស។ សមិទ្ធិផលនិងកំណត់ត្រារុករកទីអវកាសរបស់សូវៀតនិងរុស្ស៊ីនូវមានជាច្រើនទៀតដូចជា៖ ការសម្តែងសកម្មភាពដើរដំបូងបង្អស់នៅទីអវកាសដោយលោកអាឡិចស៊ី លីអូណូវ, លូណា ៩ គឺជាយានអវកាសដំបូងបង្អស់ដែលបានចុះចតនៅលើភពព្រះច័ន្ទ, ហ្សូន ៥ គឺជាយានអវកាសដែលដឹកភាវៈរស់ដំបូងបង្អស់ (មានសត្វអណ្តើកចំនួនពីរក្បាលនិងរុក្ខជាតិមួយចំនួន) ដែលធ្វើគោចរបានដោយជោគជ័យនៅជុំវិញព្រះច័ន្ទ, វេណេរ៉ា ៧ គឺជាយានអវកាសដំបូងដែលបានចុះចតលើភពមួយផ្សេងទៀត (ភពសុក្រ), ម៉ារស៍ ៣ គឺជាយានអវកាសដំបូងដែលចុះចតលើភពអង្គារបានសម្រេច, រ៉ូវែររុករកទីអវកាសដំបូងបង្អស់ត្រូវបានបង្កើតឡើងដោយមានឈ្មោះថាលូណូកូដ ១, ស្ថានីយ៍អវកាសដំបូងបង្អស់ឈ្មោះសាលយុត ១ ហើយនិងមៀរដែលជាស្ថានីយ៍អវកាសធំបង្អស់របស់រុស្ស៊ី។

រុស្ស៊ីបានបញ្ចប់ប្រព័ន្ធអាកាសចរណ៍ផ្កាយរណបរបស់ពួកគេហៅថាក្លាណាសនៅចុងឆ្នាំ២០២០។ សព្វថ្ងៃ រុស្ស៊ីគឺកំពុងតែផលិតយន្តហោះចម្បាំងជំនាន់ទីប្រាំរបស់ខ្លួនហើយបានកំពុងសាងសង់រោងចក្រនុយក្លេអ៊ែរចល័តស៊េរីទីមួយនៅលើពិភពលោក។ រ៉ុក្កែតស៊ូយុសគឺជាអ្នកផ្តល់សេវាដឹកដំណើរអវកាសចររុស្ស៊ីតែមួយគត់ទៅស្ថានីយ៍អវកាសអន្តរជាតិ។ លូណា-ក្លូបគឺជាកម្មវិធីអាកាសចរណ៍នៅភពព្រះច័ន្ទដោយបេសកកម្មដំបូងនឹងកំណត់ចាប់ផ្តើមនៅអំឡុងឆ្នាំ២០២១។ រ៉ូសកូសម៉ូសគឺកំពុងតែផលិតយានអវកាសថ្មីឈ្មោះថាអូរ៉ែលដើម្បីជំនួសស៊ូយុសដែលជាយានអវកាសដ៏ចំណាស់, យានអវកាសអូរ៉ែលថ្មីនេះមានសមត្ថភាពបំពេញបេសកកម្មហោះនៅគន្លងព្រះច័ន្ទហើយវាអាចប្រព្រឹត្តិទៅរួចបាននៅអំឡុងឆ្នាំ២០២៦ ខាងមុខ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ រុស្ស៊ីបានប្រកាសថាខ្លួនមានគម្រោងធ្វើបេសកកម្មយានិកដំបូងទៅចុះចតនៅភពព្រះច័ន្ទនៅអំឡុងឆ្នាំ២០៣១។

ទេសចរណ៍

រុស្ស៊ី 
វិមានពីទ័រអូហ្វនៅទីក្រុងសង់ពីទ័របួរ សព្វថ្ងៃគឺជាទីកន្លែងបេតិកភណ្ឌពិភពលោកមួយរបស់អង្គការយូណេស្កូ

បើយោងទៅតាមអង្គការទេសចរណ៍ពិភពលោកនៅក្នុងឆ្នាំ២០១៨ ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានភ្ញៀវទេសចរមកទស្សនាច្រើនបំផុតទី ១៦ នៅលើពិភពលោកហើយជាប់លំដាប់ថ្នាក់ទីដប់ប្រចាំទ្វីបអឺរ៉ុបដោយមានភ្ញៀវទេសចរសរុបចំនួន ២៤,៦ លាននាក់។ យោងទៅតាមទីភ្ញាក់ងារសហព័ន្ធទេសចរណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍បរទេសដែលធ្វើដំណើរមកប្រទេសរុស្ស៊ីមាន ២៤,៤ លាននាក់ក្នុងឆ្នាំ២០១៩។ ចំណូលទេសចរណ៍អន្តរជាតិរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០១៨ មានចំនួន ១១,៦ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២០ វិស័យទេសចរណ៍គឺស្មើនឹង ៤% នៃ ផសស នៃប្រទេសរុស្ស៊ី។ ផ្លូវទេសចរណ៍សំខាន់ៗនៅប្រទេសរុស្ស៊ីរួមមាន៖ ដំណើរជុំវិញរង្វង់មាសរុស្ស៊ី ផ្លូវទស្សនីយភាពនៃទីក្រុងបុរាណៗ ការជិះទូកឬនាវាកំសាន្តនៅតាមដងទន្លេធំៗដូចទន្លេវ៉ុលហ្កាជាដើម និងធ្វើដំណើរតាមផ្លូវដែកឆ្លងតំបន់ស៊ីបេរី។ល។ ទីកន្លែងល្បីៗនិងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរមកទស្សនារួមមាន៖ ទីលានក្រហម វិមានពីទ័រអូហ្វ គ្រែមឡាំងកាហ្សាន ឡរ៉ាព្រះត្រីឯកនៃសង់ស៊ែរជីស និងបឹងបៃកាល។ល។

ប្រជាសាស្ត្រ

រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសន្ទភាពប្រជាជនទាបបំផុតនិងជាប្រទេសដែលមានទីប្រជុំជនច្រើនជាងគេនៅលើពិភពលោក។ បើយោងតាមជំរឿនក្នុងឆ្នាំ២០១០ ប្រទេសនេះមានប្រជាជនចំនួន ១៤២,៨ លាននាក់ ហើយបើគិតត្រឹមឆ្នាំ២០២១ ចំនួននេះបានកើនឡើងដល់ ១៤៦,២ លាននាក់។ បើប្រៀបនឹងទ្វីបអឺរ៉ុប រុស្ស៊ីជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុត ហើយបើគិតនៅទូទាំងពិភពលោក រុស្ស៊ីមានចំនួនប្រជាជនច្រើនបំផុតទីប្រាំបួនដោយមានសន្ទភាពប្រជាជនចំនួន ៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

តាំងពីទស្សវត្តឆ្នាំ១៩៩០ មកអត្រាមរណភាពនៅប្រទេសរុស្ស៊ីបានកើនឡើងលើសពីអត្រាកំណើតទៅទៀត។ នៅក្នុងឆ្នាំ២០១៨ គេបានធ្វើការប៉ាន់ប្រមាណថាអត្រាលទ្ធភាពបង្កើតកូនសរុបក្នុងប្រទេសមាន ១.៦ នាក់ក្នុងស្ត្រីម្នាក់បើប្រៀបធៀបទៅនឹងអត្រាមធ្យមពិភពលោកគឺ ២.១ នាក់ ដូច្នេះ រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណើតទាបបំផុតនៅលើពិភពលោក។ ក្រៅពីនេះ រុស្ស៊ីគឺជាប្រទេសមួយដែលមានប្រជាជនចំណាស់ជាងគេនៅលើពិភពលោកដោយមានមនុស្សអាយុមធ្យមស្មើនឹង ៤០,៣ ឆ្នាំ។ នៅឆ្នាំ២០០៩ រុស្ស៊ីបានបង្ហាញពីរបាយការណ៍កំណើនប្រជាជនជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ។ ចាប់តាំងពីទស្សវត្តឆ្នាំ២០១០ មកគេបានកត់សម្គាល់ឃើញថាចំនួនប្រជាជននៅរុស្ស៊ីបានចាប់កើនឡើងបន្តិចបន្តួចហើយអត្រាមរណភាពបានកំពុងតែថយចុះវិញបូករួមជាមួយនឹងកំណើននៃអត្រាកំណើតនិងជនអន្តោប្រវេសន៍។

រុស្ស៊ីគឺជារដ្ឋពហុជាតិដោយមានក្រុមជនជាតិជាង ១៩៣ ក្រុមរស់នៅក្នុងប្រទេសនេះ។ នៅក្នុងជំរឿនឆ្នាំ២០១០ ប្រជាជនប្រមាណ ៨១% គឺជាជនជាតិរុស្ស៊ី ហើយប្រជាជនប្រមាណ ១៩% ទៀតគឺជាប្រជាជនដែលមានដើមកំណើតចម្រុះ, ៨៥% នៃប្រជាជនរុស្ស៊ីគឺមានដើមកំណើតនៅអឺរ៉ុបដោយភាគច្រើនជាជនជាតិស្លាវ។ សាធារណរដ្ឋចំនួន ២២ នៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេកំណត់ថាមានជនជាតិ វប្បធម៌ និងភាសារៀងៗខ្លួន។ នៅក្នុងចំណោមប្រជាជនរុស្ស៊ីចំនួន ១៣ នាក់ វាអាចមានមួយនាក់ជាជនជាតិភាគតិច។ យោងតាមអង្គការសហប្រជាជាតិ៖ ចំនួនជនអន្តោប្រវេសន៍នៅប្រទេសរុស្ស៊ីគឺមានទំហំធំជាងគេទីបីនៅលើពិភពលោកដោយមានជនអន្តោប្រវេសន៍សរុបជាង ១១,៦ លាននាក់ដែលភាគច្រើនគឺមកពីអតីតរដ្ឋសូវៀតជាពិសេសគឺជនជាតិអ៊ុយក្រែន។

ភាសា

ភាសារុស្ស៊ីគឺជាភាសាផ្លូវការរបស់ប្រទេសរុស្ស៊ី។ មិនតែប៉ុណ្ណោះ ជនជាតិភាគតិចជាង ១៩៣ ក្រុមបានប្រើប្រាស់ភាសាផ្សេងៗគ្នាជាង ១០០ ភាសា។ បើយោងតាមជំរឿនឆ្នាំ២០០២ បានឱ្យយើងដឹងថា ប្រជាជនរុស្ស៊ីចំនួន ១២៤,៦ លាននាក់គឺនិយាយភាសារុស្ស៊ី រីឯភាសាបន្ទាប់គឺភាសាតាតារដែលនិយាយដោយមនុស្សចំនួន ៥,៣ លាននាក់ ហើយចំណែកភាសាអ៊ុយក្រែនវិញត្រូវបានប្រើប្រាស់ដោយមនុស្សចំនួន ១,៨ លាននាក់។ រដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យសាធារណរដ្ឋនីមួយៗមានសិទ្ធិនិយាយភាសារដ្ឋរបស់ខ្លួនបន្ថែមលើភាសារុស្ស៊ី។

ភាសារុស្ស៊ីគឺជាភាសាកំណើតមួយដែលមានចំនួនមនុស្សនិយាយច្រើនជាងគេនៅអឺរ៉ុប ជាភាសាដែលពេញនិយមបំផុតនៅអឺរ៉ាស៊ី និងជាភាសាស្លាវមួយដែលប្រជាប្រិយជាងគេ។ ភាសារុស្ស៊ីគឺកើតចេញមកពីក្រុមភាសាឥណ្ឌូ-អឺរ៉ុប និងជាភាសាស្លាវមួយដែលនូវមានមនុស្សអនុវត្តនិយាយរហូតដល់សព្វថ្ងៃ ហើយជាភាសាធំបំផុតនៅក្នុងក្រុមភាសាបាលតូ-ស្លាវ។ ភាសារុស្ស៊ីក៏ជាភាសាដែលមានអ្នកប្រើប្រាស់ច្រើនបំផុតទីពីរនៅលើបណ្តាញអ៊ីនធឺណិតផងដែរបន្ទាប់ពីភាសាអង់គ្លេស ហើយសព្វថ្ងៃជាភាសាមួយក្នុងចំណោមភាសាផ្លូវការចំនួនពីរនៅលើស្ថានីយ៍អវកាសអន្តរជាតិ និងជាភាសាមួយក្នុងចំណោមភាសាផ្លូវការទាំងប្រាំមួយរបស់អង្គការសហប្រជាជាតិ។

សាសនា

រុស្ស៊ី 
ព្រះវិហារសង់បាស៊ីលនៅរដ្ឋធានីម៉ូស្គូ, ជាអគារដ៏ប្រជាប្រិយមួយដែលតំណាងឱ្យប្រទេសរុស្ស៊ី

យោងតាមរដ្ឋធម្មនុញ្ញបានចែងថា ប្រទេសរុស្ស៊ីគឺជារដ្ឋដែលគ្មានទំនាក់ទំនងជាមួយនឹងសាសនាអ្វីនោះឡើយ ពោលគឺគ្មានសាសនារដ្ឋនោះទេ។ សាសនាដ៏ប្រជាប្រិយបំផុតនៅក្នុងប្រទេសនេះគឺគ្រិស្តសាសនា។ រុស្ស៊ីមានចំនួនអ្នកកាន់គ្រិស្តសាសនានិកាយអូស្សូដក់ច្រើនជាងគេនៅលើលោក។ យោងទៅតាមការស្ទង់មតិសង្គមវិទ្យាផ្សេងៗគ្នាលើការប្រកាន់សាសនាបានឱ្យយើងដឹងថា៖ ប្រជាជនរុស្ស៊ីប្រមាណពី ៤១% ទៅ ៨០% គឺជាអ្នកគោរពប្រកាន់ព្រះសហគមន៍អូស្សូដក់។

នៅឆ្នាំ២០១៧ ការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវភ្ជូ (Pew Research Center) បានបង្ហាញថា ប្រជាជនរុស្ស៊ីប្រមាណ ៧៣% បានប្រកាសខ្លួនថាជាគ្រិស្តសាសនិក (អ្នកប្រកាន់និកាយអូស្សូដក់មាន ៧១%, កាតូលិក ១% និង ២% ជាអ្នកកាន់និកាយផ្សេងទៀត), ១៥% ជាអ្នកដែលគ្មានជំនឿសាសនា, ១០% ជាមូស្លីម និង ១% ជាអ្នកប្រកាន់សាសនាដទៃទៀត។ យោងតាមរបាយការណ៍មួយចំនួនទៀតបានថ្លែងថា សមាមាត្រនៃអ្នកគ្មានជំនឿសាសនានៅរុស្ស៊ីមានចន្លោះពី ១៦% ទៅ ៤៨% នៃប្រជាជនសរុប។

ឥស្លាមសាសនាគឺជាសាសនាធំបំផុតទីពីរនៅរុស្ស៊ី។ វាគឺជាសាសនាប្រពៃណីនិងពេញនិយមបំផុតនៅតាមតំបន់រុស្ស៊ីភាគកណ្តាល។ ព្រះពុទ្ធសាសនាគឺត្រូវបានគេគោរពនៅក្នុងសាធារណរដ្ឋចំនួនបួនគឺ៖ បួរយ៉ាធ្យា ទូវ៉ា ក្រៃសាបាយកាលស្គី និងកាលមីគៀ, តំបន់ទាំងបួនគឺជាតំបន់ដែលមានចំនួនប្រជាជនប្រកាន់សាសនាព្រះពុទ្ធច្រើនគួរសមនៅទ្វីបអឺរ៉ុប។ ជ្វីហ្វសាសនាគឺជាសាសនាដែលមានចំនួនអ្នកកាន់តិចតួចបំផុតបើប្រៀបធៀបទៅនឹងសាសនាដទៃក្នុងប្រទេសប៉ុន្តែបើប្រៀបធៀបនឹងបណ្តាប្រទេសអឺរ៉ុបផ្សេងៗវិញ សមាគមអ្នកកាន់សាសនាជ្វីហ្វនៅរុស្ស៊ីគឺមានចំនួនធំអស្ចារ្យ។ ថ្មីៗនេះ គេឃើញថាចំនួនអ្នកកាន់ព្រហ្មញ្ញសាសនាបានទទួលការកើនឡើងគួរឱ្យកត់សម្គាល់។

ការអប់រំ

រុស្ស៊ី 
សាកលវិទ្យាល័យរដ្ឋម៉ូស្គូ, ជាស្ថាប័នអប់រំដ៏ប្រជាប្រិយបំផុតនៅក្នុងប្រទេសរុស្ស៊ី។

ប្រទេសរុស្ស៊ីមានកម្រិតមហាវិទ្យាល័យ ឬនិស្សិតបញ្ចប់ការសិក្សាខ្ពស់ជាងគេបើគិតជាភាគរយនៃចំនួនប្រជាជននៅលើពិភពលោកគឺស្មើនឹង ៥៤%។ ប្រទេសនេះមានប្រព័ន្ធអប់រំឥតគិតថ្លៃដែលត្រូវបានធានាផ្តល់ឱ្យប្រជាពលរដ្ឋគ្រប់រូបបើយោងទៅតាមរដ្ឋធម្មនុញ្ញ។ ចាប់តាំងពីឆ្នាំ១៩៩០ មកប្រព័ន្ធអប់រំនៅតាមសាលារយៈពេលត្រឹម ១១ ឆ្នាំត្រូវបានចាប់អនុវត្ត។ ការអប់រំនៅតាមអនុវិទ្យាល័យរដ្ឋគឺឥតគិតថ្លៃនោះទេ។ ការអប់រំកម្រិតសាកលវិទ្យាល័យគឺមិនគិតថ្លៃទេលើកលែងតែនិស្សិតដែលចុះឈ្មោះចូលរៀនដោយបង់ថ្លៃពេញ (ស្ថាប័នរដ្ឋជាច្រើនបានចាប់ផ្តើមបើកមុខងារពាណិជ្ជកម្មនៅប៉ុន្មានឆ្នាំចុងក្រោយនេះ)។

សាកលវិទ្យាល័យដ៏ធំនិងចំណាស់បំផុតនៅប្រទេសរុស្ស៊ីគឺ សាកលវិទ្យាល័យរដ្ឋម៉ូស្គូ និងសាកលវិទ្យាល័យរដ្ឋសង់ពីទ័របួរ។ នៅទស្សវត្តឆ្នាំ២០០០ ដើម្បីបង្កើតវិទ្យាស្ថានឧត្តមសិក្សានិងស្រាវជ្រាវដែលមានទំហំប្រហាក់ប្រហែលគ្នានៅក្នុងប្រទេស រដ្ឋាភិបាលរុស្ស៊ីបានរៀបចំកម្មវិធីបង្កើតសាកលវិទ្យាល័យសហព័ន្ធដោយភាគច្រើនបានបញ្ចូលសាកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវធំៗនៅគ្រប់តំបន់ដែលមានស្រាប់ហើយផ្តល់ឱ្យពួកគេនូវមូលនិធិពិសេស។ ស្ថាប័នអប់រំថ្មីទាំងនោះរួមមាន៖ សាកលវិទ្យាល័យសហព័ន្ធខាងត្បូង សាកលវិទ្យាល័យសហព័ន្ធស៊ីបេរី សាកលវិទ្យាល័យសហព័ន្ធកាហ្សានវ៉ុលកា សកលវិទ្យាល័យសហព័ន្ធទិសឥសាន្ត និងសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ា។

សុខភាព

រដ្ឋធម្មនុញ្ញរុស្ស៊ីបានធានាថាប្រព័ន្ធថែទាំសុខភាពគឺឥតគិតថ្លៃនិងមានលក្ខណៈជាការថែទាំសុខភាពបែបសកលតាមរយៈកម្មវិធីធានារ៉ាប់រងសុខភាពរបស់រដ្ឋ។ ក្រសួងសុខាភិបាលនៃសហព័ន្ធរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវលើប្រព័ន្ធសុខភាពនៅក្នុងប្រទេសហើយវិស័យមួយនេះបានផ្តល់ការងារជូនប្រជាពលរដ្ឋជាងពីរលាននាក់។ តំបន់សហព័ន្ធក៏មាននាយកដ្ឋានសុខភាពផ្ទាល់ខ្លួនដែរដោយគ្រប់គ្រងលើរដ្ឋបាលមូលដ្ឋាន។ ប្រទេសរុស្ស៊ីមានចំនួនគ្រូពេទ្យ មន្ទីរពេទ្យ និងបុគ្គលិកថែទាំសុខភាពច្រើនបំផុតនៅលើពិភពលោកបើគិតលើចំនួនមនុស្សម្នាក់ៗ។

យោងទៅតាមធនាគារពិភពលោក រុស្ស៊ីបានចំណាយថវិកា ៥,៣២% នៃ ផសស របស់ខ្លួនលើវិស័យសុខភាពនៅក្នុងឆ្នាំ២០១៨។ ចំពោះអត្រាភេទវិញ ស្ត្រីគឺមានចំនួនច្រើនជាងបុរសដោយស្ត្រីម្នាក់ស្មើនឹងបុរស ០.៨៥៩។ ភាពរំពឹងនៃអាយុនៅរុស្ស៊ីគឺ ៧៣.២ ឆ្នាំ (៦៨.២ ឆ្នាំចំពោះបុរស និង ៧៨.០ ឆ្នាំចំពោះស្ត្រី) ហើយអត្រាមរណភាពទារកគឺមានចំនួនទាបបំផុត (៥ នាក់ក្នុងស្ត្រីផ្តល់កំណើតចំនួន ១,០០០ នាក់)។ ភាពធាត់គឺជាបញ្ហាសុខភាពចម្បងមួយនៅក្នុងប្រទេសនេះ។ នៅឆ្នាំ២០១៦, ៦១.១% នៃមនុស្សពេញវ័យគឺមានសភាពធាត់លើសទម្ងន់ខណៈដែល ២៣.១% គឺធាត់ធម្មតា (ល្មម)។ នៅក្នុងឆ្នាំ២០១៧ អត្រាមរណភាពប្រមាណ ១៦% គឺបណ្តាលមកពីភាពធាត់ហើយក្នុងចំណោមប្រជាជន ១០០,០០០ នាក់អាចមាន ១២៣ នាក់ស្លាប់ដោយសារភាពធាត់លើសទម្ងន់នេះឯង។

វប្បធម៌

ឯកសារយោង

អានបន្ថែម

  • Bartlett, Roger P. A history of Russia (2005) online
  • Brown, Archie et al. eds. The Cambridge Encyclopedia of Russia and the Former Soviet Union (2nd ed. 1994) 664 pages online
  • Dutkiewicz, Piotr et al. The Social History of Post-Communist Russia (Routledge, 2016) online
  • Florinsky, Michael T. ed. McGraw-Hill Encyclopedia of Russia and the Soviet Union (1961).
  • Frye, Timothy. Weak Strongman: The Limits of Power in Putin's Russia (2021) excerpt
  • Greene, by Samuel A. and Graeme B. Robertson. Putin v. the People: the Perilous Politics of a Divided Russia (Yale UP, 2019) excerpt
  • Hosking, Geoffrey A. Russia and the Russians: a history (2011) online
  • Gill, Graeme and James Young, eds. Routledge Handbook of Russian Politics and Society (2008)
  • Kort, Michael. A brief history of Russia (2008) online
  • Lowe, Norman. Mastering Twentieth Century Russian History (2002) excerpt
  • Millar, James R. ed. Encyclopedia of Russian History (4 vol 2003). online
  • Paxton, John. Encyclopedia of Russian History (1993) online
  • Riasanovsky, Nicholas V., and Mark D. Steinberg. A History of Russia (9th ed. 2018) 9th edition 1993 online
  • Rosefielde, Steven. Putin's Russia: Economy, Defence and Foreign Policy (2020) excerpt
  • Sakwa, Richard. Russian Politics and Society (4th ed. 2008).
  • Service, Robert. A History of Modern Russia: From Tsarism to the Twenty-First Century (Harvard UP, 3rd ed., 2009) excerpt _
  • Smorodinskaya, Tatiana, and Karen Evans-Romaine, eds. Encyclopedia of Contemporary Russian Culture (2014) excerpt; 800 pp covering art, literature, music, film, media, crime, politics, business, and economics.
  • Walker, Shauin. Long hangover: Putin's new Russia and the ghosts of the past (2018, Oxford UP) excerpt

តំណភ្ជាប់ក្រៅ

រដ្ឋាភិបាល

ផ្សេងៗ

Tags:

រុស្ស៊ី និរុត្តិសាស្ត្ររុស្ស៊ី ប្រវត្តិសាស្ត្ររុស្ស៊ី ​នយោបាយរុស្ស៊ី ភូមិសាស្ត្ររុស្ស៊ី សេដ្ឋកិច្ចរុស្ស៊ី ប្រជាសាស្ត្ររុស្ស៊ី វប្បធម៌រុស្ស៊ី ឯកសារយោងរុស្ស៊ី អានបន្ថែមរុស្ស៊ី តំណភ្ជាប់ក្រៅរុស្ស៊ីបញ្ជីប្រទេសតាមចំនួនប្រជាជនបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបភាសារុស្ស៊ីម៉ូស្គូ

🔥 Trending searches on Wiki ភាសាខ្មែរ:

ភ្លេងពិណពាទ្យបទពាក្យ៧ផ្លូវជាតិលេខ៥ (កម្ពុជា)ទន្លេសាបព្រះរាជពិធីច្រត់ព្រះនង្គ័លក្រសួងអប់រំ យុវជន និងកីឡាស្រុកសៀមរាបស៊ីហ្គេមការប្រាស្រ័យទាក់ទងអន្តរបុគ្គលសង្រ្កាន្ត (ថៃ)សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចចលនានៅក្នុងរូបវិទ្យាម៉ង់តេរីយើប្រវត្តិសាស្ត្ររឿង ភូមិតិរច្ឆានប្រជុំរឿងព្រេងខ្មែរក្រុងតាខ្មៅលិខិតឆ្លងដែនកម្ពុជាក្សត្រីអង្គម៉ីព្រះព្រហ្មគោលនយោបាយសាធារណៈបក្សីចាំក្រុងស្រុកស្រីសន្ធរជំងឺកូរ៉ូណាវីរុស២០១៩ទសជាតកឈាមសាធារណរដ្ឋខ្មែរព្រះវិស្ណុអង្គរធំប្រភេទចម្លាក់ធម៌សហភាពអឺរ៉ុបបណ្ដាំក្រមង៉ុយខេត្តកំពង់ធំទូច ស៊ុននិចធម្មរាជាទី១សេដ្ឋកិច្ចនាយករដ្ឋមន្ត្រីថៃធនាគារអេស៊ីលីដាអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំហូ ជីមិញហ៊្វូណនល្បែងទាញព្រ័ត្រនគរហង្សាវត្តីប្រាសាទបេងមាលាទស្សនវិជ្ជារាមាកៀនបទនគររាជសករាជព្រះបរមរាជវាំងកូរ៉េខាងត្បូងខេត្តមណ្ឌលគិរីស្ពានអ្នកលឿងមុខងារប្រាសាទគុណធម៌អាស៊ីអាគ្នេយ៍ដីគោករាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអង់គ្លេសហ៊ុន សែនចក្រភពអាណានិគមបារាំងមហោទរាទេវីមហាសមុទ្រអ្វីដែលហៅថាភាសាឥទ្ធិពល​នៃ​វប្បធម៌ឥណ្ឌា​លើ​ខឿន​វប្បធម៌​ខ្មែរភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យបន្លែផ្លែឈើអភិបាលកិច្ចល្អការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកហ៊ុន ម៉ាណែតលក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្តភពសៅរ៍ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីសតវត្សផែនដីទេសចរណ៍សហគមន៍ការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣សត្វឥតឆ្អឹងកង🡆 More