ច្បាប់​អរិយសត្ថា

(បទកាកគតិ)

អរិយសត្ថា-----គំនិតចែងចារ-----ចងទុកជាច្បាប់
ឲ្យអស់សិស្សផង-----ត្រងត្រាប់សណ្តាប់-----យកជាតម្រាប់
តម្រង់អាត្មា។

ឲ្យមានប្រយោជន៍-----ប្រយ័ត្នអសោចិ៍-----រាល់រូបអ្នកណា
អម្បាលមករៀន-----របៀនសាស្ត្រា-----ប្រយ័ត្នអាត្មា
ការកេរ្តិ៍លោកិយ។

ទោះនឹងចេញទៅ-----ប្រយ័ត្ននានៅ-----ផ្គាប់ផ្គុនមន្រ្តី
ឲ្យត្រូវនឹងច្បាប់-----សណ្តាប់សួស្តី-----ដូចលោកស្រដី
ប្រដៅទុកមក។

បើមិនចង់ទេ-----ចង់នៅទំនេរ-----ជួញប្រែរិះរក
ចិញ្ចឹមជីវិត-----គួរគិតរៀនយក-----របៀននោះមក
ទើបរកទ្រព្យបាន។

វាយលេខទាត់ក្បាច់-----សឹងផ្សំសម្រេច-----ឲ្យបានដឹងដាន
ដឹងដើមដឹងចុង-----ដឹងបង់ដឹងបាន-----ដឹងគិតប្រមាណ
កត់ត្រាបញ្ជី។

ឲ្យបានប្រយោជន៍-----ប្រយ័ត្នអសោចិ៍-----ជាអ្នករកស៊ី
សម្រាប់លោកិយ-----ប្រក្រតីជាទី-----សម្គាល់បញ្ជី
ស្មៀនត្រាសៀវភៅ។

គន់គិតប្រយ័ត្ន-----អស់ទ្រព្យសម្បត្តិ-----ឲ្យស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់-----ឲ្យស្រេចឃើញផ្លូវ-----សឹមថយចេញទៅ
តាមផ្លូវលោកិយ។

ល្មមដឹងតិចច្រើន-----ល្មមដឹងក្រវើន-----ទ្រព្យធនអ្វីៗ
លេខនិងអក្សរ-----កំដរស្មារតី-----សម្រាប់លោកិយ
ឯងនេះទើបត្រូវ។

បើតែវិលវេះ-----ខ្ជិលដេកស្រមេះ-----ស្រមូញស្ញូញស្ញូវ
ស្រទាងលើខ្នើយ-----កន្តើយលក់ទៅ-----នរណានឹងនៅ
ដាស់តឿនឲ្យទៀត។

មិនដឹងឬអ្វី-----ក្នុងរាជ្យលោកិយ-----រាជការចង្អៀត
នរណាទុកឯង-----លេងវាយដៃព្រាត-----ឃើញហើយគេបៀត
តម្រៀតរាជការ។

ហេតុនេះគួរគិត-----គួរកាន់គំនិត-----គួរគិតឧស្សាហ៍
សង្វាតរករៀន-----របៀនសាស្ត្រា-----តម្រិះប្រាជ្ញា
បង្ការទុកទៅ។

បើដោះខ្លួនរួច-----រាប់ជាអ្នកស្រួច-----ដឹងគិតរាក់ជ្រៅ
ក្នុងរាជ្យលោកិយ-----សេចក្តីឥឡូវ-----គិតឲ្យឃើញផ្លូវ
នឹងទៅមុខទៀត។

រីត្រង់ឯខ្លៅ-----បើថយចេញទៅ-----រកស៊ីចង្អៀត
គិតគូរម្តេចម្តា-----ប្រវាបែរបៀត-----ពឹងអ្នកកន្ទៀត
ដូចខ្លួនកាលណា។

ហេតុតែខ្លួនឯង-----ចេះគិតតាក់តែង-----ឲ្យគ្រប់ប្រការ
ទាំងលេខទាំងក្បាច់-----ស្រេចនូវអាត្មា-----ឯងឲ្យអស់ការ
គិតគូរសព្វសាយ។

បើបានគេកោត-----គេមានចំណោទ-----គេកោតប្រាជ្ញប្រាយ
គេយល់ឯងចេះ-----ចំណេះលែបខាយ-----ពុំមានក្លែងក្លាយ
បំបាត់បានឡើយ។

រីត្រង់អ្នកខ្លៅ-----ផ្តេកផ្តិតចិត្តទៅ-----យកគេជាត្រើយ
កាលម្តងគេត្រង់-----គង់ចិត្តនៅឡើយ-----ដល់ពីរដងហើយ
គេប្រែប្រាជ្ញា។

គេគិតទាយទាត់-----វាយលេខបំភ្លាត់-----បំផ្លាញអាត្មា
ចំណេញទៅគេ-----ទទេអសារ-----ខ្លួនឯងឥតការ
ខាតទុនក្រខ្លួន។

នេះឯងក្មេងអើយ-----កុំប្រហែសឡើយ-----រៀនទុកជាក្បួន
ទាំងលេខទាំងក្បាច់-----អាស្រ័យនៅខ្លួន-----អក្សរឲ្យសួន
ទាន់ខ្លួននៅក្មេង។

តែចាស់បន្តិច-----វិញ្ញាណភ្លាំងភ្លេច-----គំនិតប្រែផ្សេង
គិតការច្រើនមុខ-----កើតទុក្ខចំបែង-----ប្រាប់អស់ក្មេងៗ
ចាំទុកឲ្យហើយ។

កុំអាងម៉ែឪ-----សម្បត្តិដែលនៅ-----មានច្រើននោះឡើយ
ក្រែងឥតពីម៉ែ-----ពីឪទៅហើយ-----ខ្លួនខ្លៅឆោតឆើយ
ល្ងិតល្ងង់មោហា។

ក្រែងអស់ទាំងទ្រព្យនោះវាមិនខ្ជាប់-----នៅនឹងអាត្មា
ខ្លួនឯងឆោតខ្លៅ-----កំឡៅមោហា-----មិនចេះរក្សា
មិនបានគង់ទេ។

ខូចខាតមិនខាន-----គំនិតមិនបាន-----ប្រហែសខ្ញុំគេ
គេវាយគេធាក់-----គេប្រើគេជេរ-----មិនឲ្យទំនេរ
ខ្មាសគេតិចអី។

ដូច្នេះគួរគិត-----គួរឃើញគំនិត-----គួរគិតសេចក្តី
ជាមនុស្សដូចគេ-----គួរតែឃ្មាតខ្មី-----រំឭកស្មារតី
ស្រឡាញ់របៀន។

កុំគិតខ្ជិលពេក-----កុំគិតពួនដេក-----កុំគិតវេះវៀន
កុំគិតមានពុត-----រមត់កិចកៀន-----កុំគិតអៀនប្រៀន
វេះវៀនចិត្តកាច។

ឲ្យរៀនចិត្តល្អ-----ដឹងធម៌អក្សរ-----គួរគិតកោតខ្លាច
ការកេរ្តិ៍ប្រយ័ត្ន-----គួរកាត់ចោលកាច-----គួរឲ្យខ្លួនខ្លាច
កុំឲ្យគ្រូទាយ។

ពាក្យគ្រូធ្ងន់ណាស់ដំនៀលដល់ចាស់-----ពីព្រេងមុននាយ
ឯត្រង់ពាក្យម្តាយ-----ទំនាយគ្រូទាយ-----នេះឯងមិនងាយ
អាក្រក់ណាស់ណា។

ឲ្យប្រុងប្រយ័ត្ន-----បម្រើប្រណិបតន៍-----កាន់ចិត្តស្នេហា
កុំឲ្យអន់អាក់-----ថ្នាំងថ្នាក់ចិន្តា-----គ្រូទាយហើយណា
ឆុតឆាប់ណាស់ហោង។

ឲ្យដឹងបាបបុណ្យ-----ស្គាល់ទោសនិងគុណ-----ជាទុនទៅមុខ
គុណគ្រូបាធ្យាយ-----គុណម្តាយឪពុក-----រៀមច្បងទំនុក
ឲ្យសុខអនុកូល។

គ្រូមួយផងគ្នា-----រួមរ័ក្សចិត្តជា-----ស្នេហាមិត្រមូល
កុំនាំអុជហេតុ-----បំបែកចិត្តចូល-----កាច់កិនត្រកូល
បង្កើតមាត់ក។

កុំធ្វើម៉ាក់ងាយ-----នឹងគ្រូបាធ្យាយ-----រៀនចិត្តឲ្យល្អ
ទោះអ្នកឯណា-----ណែផ្លូវអក្សរ-----អ្នកនោះឯងអរ
ដោយចិត្តមេត្រី។

កុំឲ្យសៅហ្មង-----លើកលោកកន្លង-----ពោលពាក្យស្រដី
រឹងរួសទ្រគោះ-----ឈ្លាសឈ្លោះសេចក្តី-----កើតទោសអប្រិយ
ជេរពោលប្រមាទ។

អ្នកនោះស្មើគ្រូ-----បង្កើតអភិរូហ៍-----គុណគេឱវាទ
គេជួញប្រដៅ-----គេហៅឱហាត-----ដាស់តឿនសង្វាត
ឲ្យឯងចេះឆាប់។

បើឯងចេះហើយកុំភ្លេចគុណឡើយ-----ឲ្យដឹងដោយច្បាប់
គិតគូរឲ្យខ្លាច-----ដើរតាមសណ្តាប់-----គន្លងធម៌ច្បាប់
កុំឲ្យម៉ាក់ងាយ។

នេះឯងគន្លង-----ត្រឹមត្រូវទំនង-----អំពីព្រេងនាយ
ឯករាជ្យឥឡូវ-----ច្រើនតែម៉ាក់ងាយ-----ចេះហើយជេរម្តាយ
ប្រមាទគ្រូវិញ។

ហេតុដូច្នេះឯង-----លោកិយយល់ស្តែង-----តែងឃើញម្តេចមិញ
ហិនហោចសូន្យសុងលិចលង់ទៅវិញ-----ទោសនោះឯងវិញ
កើតពីឯណា។

កើតពីចិត្តឯង-----បង្កើតស្វះស្វែង-----បំផ្លាញអាត្មា
រោលរាលក្នុងពោះ-----ឆេះក្នុងឱរា-----បង្កើតទោសា
ឲ្យទុក្ខរូបឯង។

ចេះតែបន្តិច-----លើកខ្លួនកំប៉ិច-----កំប៉ោងឥតក្រែង
តែងឃើញរៀងមកយ៉ាងដូច្នេះឯង-----ម៉្លោះហើយវាតែង
ខុសនឹងទេព្តា។

រីអ្នកចិត្តល្អ-----ដឹងខ្មៅដឹងស-----ចេះពិចារណា
ស្គាល់គុណនិងទោសសន្តោសអាត្មា-----អត់ឱនចិន្តា
ពុំដែលសៅហ្មង។

អ្នកនោះឯងនៃ-----សោតសឹងប្រពៃ-----សួស្តីកន្លង
បរលោកលោកិយឥតបីសៅហ្មង-----ទាំងទេព្តាផង
ចម្រើនឲ្យសុខ។

ដរាបរៀងទៅ-----សុខពីឥឡូវ-----រៀងទៅឯមុខ
ចៀសចាកប្រាសប្រាណពីឋាននរក-----រៀនរួចបានសុខ
ដល់សួគ៌ាល័យ។

អរិយសត្ថា-----គន់គិតចែងចារ-----ចងជាសេចក្តី
តម្រង់តម្រាប់-----ជាច្បាប់យ៉ាងថ្មី-----ដាស់តឿនស្រដី
សិស្សសព្វប្រការ។

គួរគិតរករៀន-----កិច្ចការរបៀន-----របបសាស្ត្រា
តាមច្បាប់និទាន-----ទូន្មានអាត្មា-----រៀងរាល់រូបា
សូរេចចប់ហោង៕

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ចេនឡាហ្គូហ្គលសង្គមរាស្រ្តនិយមសុវណ្ណសាមជាតកសង្គ្រាមលោកលើកទី២ខណ្ឌពោធិ៍សែនជ័យរ៉យទ័រឃុំ សង្កាត់នៃកម្ពុជាអភិប្រាយ​មង្គលសូត្រ ៣៨ ប្រការសារមន្ទីរជាតិសង្រ្គាមលោកលើកទី១កូរ៉េខាងជើងសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤គ្រោងឆ្អឹងមនុស្សរឿងឳពុកក្មេករើសកូនប្រសារជម្លោះព្រំដែនកម្ពុជា-ថៃធម្មរាជាទី២អ៊ីដ្រូសែនទុំ (តួអង្គ)ក្រុមប្រជាជនសព្វនាមកំណើនសេដ្ឋកិច្ចអភិបាលកិច្ចល្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយក្រុងដូនកែវវេស្សន្ដរជាតកក្រមង៉ុយអរិយដ្ឋង្គិកមគ្គហេដ្ឋារចនាសម្ព័ន្ធបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាគណៈរដ្ឋមន្ត្រីពាក្យកម្ចីជំងឺអេដស៍ប្រាសាទព្រះវិហារស្រុកថ្ពងប្រវត្តិសាស្ត្រអ៊ីស្រាអែលបញ្ជីរាយនាម ប្រាសាទខ្មែរប្រវត្តិសាស្ត្រចិនសង្គមវិទ្យាប្រវត្តិសាស្ត្រថៃមជ្ឈិមបូព៌ាប្រមូល​ភាសិត​ខ្មែរ​ប្លូកនិយមន័យ​សាសនាស្រុកពញាឮសតវត្សទឹកព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ក្រុងសៀមរាបស្រុកត្រាំកក់ភ្លេងក្លងឆ្នក់(ខ្លងខែក)ចេនឡាដីគោកប្រាសាទបាពួនកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាការប្រើប្រាស់ភាសាពិធីបុណ្យអុំទូកដើមត្នោតព្រះនិព្វាន៤ថ្នាក់ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ព្រះបរមរាជវាំងកម្ពុជាចុងសម័យអង្គរប្រាសាទសំបូរព្រៃគុករឿងព្រេងទាក់ទងនិងពិធីបញ្ចូលម្លប់កូនស្រីមេឌាវិគីសិក្ខាបទ៥ព្រះរាជាណាចក្រកម្ពុជាល្ខោនខ្មែរបច្ចេកវិទ្យាដុល្លារ​អាមេរិកបន្លែផ្លែឈើខេត្តកំពង់ចាមប្រាសាទភ្នំបូកព្រះមហាក្សត្រកម្ពុជាព្រែកជីក(ព្រែកយួន)🡆 More