អាល់បឺត អែងស្តែង (Albert Einstein)(អានតាមសំនៀងបារាំង៖ អាល់ប៊ែរ អាំងស្តាំង) (១៤ មិនា ១៨៧៩ – ១៨ មេសា ១៩៥៥) ជាអ្នករូបវិទ្យាទ្រឹស្ដី សញ្ជាតិអាមេរិក ដើមកំនើតអាល្លឺម៉ង់។ លោកត្រូវបានគេស្គាល់ច្បាស់តាមរយៈទ្រឹស្ដីរ៉ឺឡាទីវីតេរបស់លោក និងជាពិសេសតាមរយៈរូបមន្តសមមូលម៉ាស់-ថាមពល គឺ E = mc2។ អែងស្តែងបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យានៅឆ្នាំ១៩២១ សំរាប់ការបំរើការរបស់លោកក្នុងវិស័យ រូបវិទ្យាទ្រឹស្ដី និងជាពិសេសគឺការរកឃើញច្បាប់ស្ដីពីផលហ្វូតូអគ្គីសនី។
Albert Einstein | |
អាល់បឺត អែងស្តែង , ឆ្នាំ១៩២១ | |
កើតនៅ | ថ្ងៃទី ១៤ មិនា ១៨៧៩ អាល្លឺម៉ង់ |
មរណភាព | ថ្ងៃទី ១៨ មេសា ១៩៥៥ ព្រីនស្តុន , ញូចេស៊ី , អាមេរិក |
សញ្ជាតិ | អាល្លឺម៉ង់ (១៨៧៩-១៨៩៦,១៩១៤-១៩៣៣) ស្វីស(១៩០១-១៩៥៥) សហរដ្ឋអាមេរិក(១៩៤០-១៩៥៥) |
ស្នាដៃសំខាន់ៗ | រ៉ឺឡាទីវីតេទូទៅ រ៉ឺឡាទីវីតេពិសេស ចលនាប៊្រោន ផលហ្វូតូអគ្គីសនី រូបមន្តសមមូលម៉ាស់-ថាមពល សមីការដែនរបស់អែងស្តែង ទ្រឹស្ដីរួមអំពីដែន ស្ថិតិបូស-អែងស្តែង EPR paradox |
រង្វាន់ | រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩២១) មេដាយកូភ្លេយ (១៩២៥) មេដាយម៉ាក ផ្លង់ (១៩២៩) |
ហត្ថលេខា |
ការរួមចំនែករបស់អែងស្តែងក្នុងផ្នែករូបវិទ្យា មានដូចជា ទ្រឹស្ដីរ៉ឺឡាទីវីតេពិសេស (ដែលតភ្ជាប់មេកានិចនិងអេឡិចត្រូម៉ាញ៉េទិច) និង ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅ (ដែលត្រូវបានគេរំពឹងថាអាចពង្រីកគោលការណ៍រ៉ឺឡាទីវីតេ សំរាប់អនុវត្តជាមួយចលនាមិនឯកសណ្ឋាន និងសំរាប់បង្កើតទ្រឹស្ដីថ្មីស្ដីពីទំនាញសកល។ ការរួមចំនែកផ្សេងៗទៀតមាន កូស្មូឡូស៊ីរ៉ឺឡាទីវីស, ចលនាកាពីលែរ, ចំនោទក្លាស់សិចនៃមេកានិចស្ថិតិនិងបំរើបំរាស់របស់វានៅក្នុងទ្រឹស្ដីកង់ទិច (បំនកស្រាយចលនាប៊្រោននៃម៉ូលេគុល និង អាតូម), ទ្រឹស្ដីកង់ទិចនៃឧស្ម័នម៉ូណូអាតូម, លក្ខណៈទែរមិចនៃពន្លឺដែលមានដង់ស៊ីតេកាំរស្មីបន្សាយទាប (ដែលបានក្លាយជាគ្រឹះនៃទ្រឹស្ដីហ្វូតុង) -ល-។
អែងស្តែងបានបោះពុម្ភស្នាដៃផ្នែកវិទ្យាសាស្ត្រចំនួនជាង៣០០ច្បាប់ និងមិនមែនវិទ្យាសាស្ត្រចំនួនជាង១៥០ច្បាប់។ អែងស្តែងត្រូវបានសហគមន៍រូបវិទ្យាគោរពនិងស្ញើចសរសើរ ហើយនៅឆ្នាំ១៩៩៩ ទស្សនាវដ្ដីថាម បានដាក់ងារអោយលោកថា បុគ្គលប្រចាំសតវត្សរ៍។
អ៊ែនស្ទែនចាប់កំនើតនៅក្នុងគ្រួសារជនជាតិជ្វីហ្វ មួយនៅអាល្លឺម៉ង់ នៅថ្ងៃទី១៤ មិនា ១៨៧៩។ ឪពុករបស់លោកឈ្មោះ ហឺរម៉ែន អ៊ែនស្ទែន (Hermann Einstein) ជាអ្នកលក់ដូរនិងវិស្វករ។ ម្ដាយរបស់លោកឈ្មោះ ផូលីន អ៊ែនស្ទែន (Pauline Einstein)។ នៅឆ្នាំ១៨៨០ គ្រួសារនេះបានប្ដូរទីលំនៅទៅក្រុងមឿនហិន (មុយនិច) ដែលនៅទីនោះ ឪពុកលោករួមគ្នាជាមួយឪពុកមារបស់លោកបានបើកក្រុមហ៊ុនមួយឈ្មោះ Elektrotechnische Fabrik J. Einstein & Cie ដែលជាក្រុមហ៊ុនផលិតបរិក្ខារអគ្គីសនីប្រើចរន្តជាប់។
គ្រួសារអ៊ែនស្ទែនមិនមែនជាអ្នកប្រតិបត្តិសាសនាជ្វីហ្វទេ។ អ៊ែនស្ទែនបានចូលរៀននៅសាលាបឋមសិក្សាកាតូលិក ពីអាយុ៥ឆ្នាំដល់១០ឆ្នាំ។ ទោះបីជាអ៊ែនស្ទែនមានការលំបាកក្នុងការនិយាយស្ដីក៏ដោយ ក៏គាត់អាចក្លាយជាសិស្សឆ្នើមជាងគេក្នុងសាលា។
នៅពេលដែលអ៊ែនស្ទែនមានអាយុ៥ឆ្នាំ ឪពុករបស់គាត់បានបង្ហាញត្រីវិស័យដាក់តាមហោប៉ៅ ដល់គាត់។ អ៊ែនស្ទែនបានគិតឃើញថា ច្បាស់ជាមានអ្វីម្យ៉ាងដែលមើលមិនឃើញនៅក្នុងលំហ នៅចាំបង្វិលទ្រនិចត្រីវិស័យនោះ។ បទពិសោធនេះជាការចងចាំដ៏ជ្រៅនិងជានិរន្តសំរាប់អ៊ែនស្ទែន និងជាបុព្វហេតុនាំអោយគាត់មានចំនាប់អារម្មណ៍លើវិទ្យាសាស្ត្រធម្មជាតិ។
ដោយមានការទទួចពីម្ដាយ គាត់បានចាប់រៀនវីយូឡុងតាំងពីអាយុ៦ឆ្នាំ។ ទោះជាគាត់មិនចូលចិត្តវា ហើយជួនកាលគេចរៀនកូតវីយូឡុងក៏ដោយ គេឃើញថាគាត់ចូលចិត្តសូណាតាវីយូឡុងរបស់ម៉ូហ្សាត។ នៅពេលអ៊ែនស្ទែនធំបន្តិចទៀត គាត់បានធ្វើម៉ូដែលនិងឧបករណ៍មេកានិចផ្សេងៗសំរាប់កំសាន្ត និងចាប់ផ្ដើមបង្ហាញទេពកោសល្យផ្នែកគណិតវិទ្យា។
នៅអាយុ៩ឆ្នាំ អ៊ែនស្ទែនបានស្គាល់ពីវត្តមានទ្រឹស្ដីបទពីតាករ។ គាត់បានគិតរកវិធីស្រាយបញ្ជាក់ទ្រឹស្ដីបទនោះបានយ៉ាងល្អ នៅពេលកំពុងដេក។
នៅឆ្នាំ១៨៨៩ សិស្សពេទ្យម្នាក់ឈ្មោះ ម៉ាក តាល់មុដ (Max Talmud) ដែលស្និទ្ធស្នាលនឹងគ្រួសារនេះបានណែនាំអ៊ែនស្ទែន(ពេលនោះមានអាយុ១០ឆ្នាំ) ពីសៀវភៅសរសេរពីវិទ្យាសាស្ត្រគន្លឹះ គណិតវិទ្យា និង ទស្សនវិជ្ជា ដែលក្នុងនោះមាន សៀវភៅ Elements របស់អឺគ្លីត (អ៊ែនស្ទែនបានហៅសៀវភៅនោះថា កូនគម្ពីរធរណីមាត្រ)។ អ៊ែនស្ទែនបានយល់ពីគោលការណ៍ទាញបញ្ជាក់តាមហេតុផល ពីអឺគ្លីត ហើយនៅអាយុ១២ឆ្នាំ គាត់បានរៀនពីធរណីមាត្រអឺគ្លីត។ មួយរយៈខ្លីក្រោយមកទៀត គាត់បានរៀនពីគណិតវិទ្យាវិភាគ។ នៅពេលនោះ គាត់ធ្វើស្វ័យសិក្សាទាំងអស់ដោយខ្លួនឯង។
នៅឆ្នាំ១៨៩៤ ពេលដែលអ៊ែនស្ទែនមានអាយុ១៥ឆ្នាំ ការរកស៊ីរបស់ឪពុកលោកបានរលាយរលំ បន្ទាប់ពីចរន្តជាប់ (DC) ចាញ់ចរន្តឆ្លាស់ (AC) ក្នុងអ្វីដែលគេហៅថាសង្គ្រាមចរន្តអគ្គីសនី។ ដើម្បីស្វែងរកមុខរបរថ្មី គ្រួសាររបស់គាត់បានរើទៅនៅ មីឡេន (អ៊ីតាលី) និងក្រោយមក ប៉ាវីយ៉ា (អ៊ីតាលី)។ ពេលដែលគ្រួសារអ៊ែនស្ទែនរើទៅនៅប៉ាវីយ៉ា អ៊ែនស្ទែនបន្តនៅមឿនហិនដើម្បីបញ្ចប់ការសិក្សាមធ្យមសិក្សានៅ Luitpold Gymnasium។ ឪពុករបស់លោកមានបំណងអោយលោកបន្តការសិក្សាផ្នែកវិស្វកម្មអគ្គីសនី ក៏ប៉ុន្តែលោកបានប៉ះទង្គិចជាមួយសាលា ដោយស្អប់វិធីបង្រៀននិងរបបគ្រប់គ្រងរបស់សាលា។ នៅពេលក្រោយ លោកបានសរសេរនៅក្នុងសៀវភៅលោកថា «ស្មារតីក្នុងការរៀនសូត្រនិងគំនិតច្នៃប្រឌិតបានបាត់បង់ ដោយសារការបង្រៀនដែលតំរូវអោយទន្ទេញរត់មាត់នោះ»។ នៅរដូវផ្ការីកឆ្នាំ១៨៩៥ គាត់បានប្រើលិខិតពិនិត្យរបស់គ្រូពេទ្រ ដើម្បីសុំសាលាឈប់ រួចរត់ទៅជួបជុំគ្រួសារនៅប៉ាវីយ៉ាវិញ។ នៅក្នុងកំលុងពេលនោះ អ៊ែនស្ទែនបានសរសេរស្នាដៃវិទ្យាសាស្ត្រដំបូងរបស់លោក៖ ការសិក្សាអំពីសភាពរបស់អេទែរនៅក្នុងដែនម៉ាញ៉េទិច។
ទោះជាមិនទាន់ចប់វិទ្យាល័យស្រួលបួលក៏ដោយ អ៊ែនស្ទែនបានដាក់ពាក្យទៅ ETH Zurich ដែលជាវិទ្យាស្ថានបច្ចេកវិទ្យាមួយនៅប្រទេសស្វីស។ ដោយខ្វះសញ្ញាប័ត្រវិទ្យាល័យ គាត់ត្រូវបានគេអោយធ្វើការប្រលងចូល ប៉ុន្តែគាត់ប្រលងធ្លាក់ ទោះជាគាត់បានទទួលពិន្ទុល្អលើមុខវិទ្យាគណិតវិទ្យានិងរូបវិទ្យាក៏ដោយ។ គ្រួសារគាត់បានបញ្ជូនគាត់ទៅ Aarau (ស្វីស) ដើម្បីរៀនបញ្ចប់មធ្យមសិក្សារបស់គាត់។ នៅទីនោះគាត់ស្នាក់នៅជាមួយគ្រួសារសាស្ត្រាចារ្យ ចូស្ត វីនថេលើរ (Jost Winteler) បានចាប់ចិត្តស្រលាញ់កូនស្រីគ្រួសារនោះឈ្មោះ ម៉ារី (Marie)។ នៅទីនោះគាត់បានរៀនពី ទ្រឹស្ដីអេឡិចត្រូម៉ាញ៉េទិចរបស់ ម៉ាកស្វែល (James Clerk Maxwell)។ នៅអាយុ១៧ឆ្នាំ គាត់បានបញ្ចប់ការសិក្សា រួចប្រកាសខ្លួនជាពលរដ្ឋអាល្លឺម៉ង់(ដោយមានការអនុញ្ញាតពីឪពុករបស់លោក) ដើម្បីគេចពីកាតព្វកិច្ចយោធា។
នៅឆ្នាំ១៨៩៦ អ៊ែនស្ទែនក៏មានលទ្ធភាពចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលគរុកោសល្យផ្នែកគណិតវិទ្យានិងរូបវិទ្យារយៈពេល៤ឆ្នាំនៅETH។ អនាគតភរិយារបស់លោកឈ្មោះ មីលេវ៉ា ម៉ារីក (Mileva Marić) ក៏បានចុះឈ្មោះចូលរៀននៅETHនៅឆ្នាំជាមួយគ្នាដែរ។ នៅពេលនោះម៉ារីកជាស្ត្រីតែម្នាក់គត់ ក្នុងចំនោមសិស្ស៦នាក់ ដែលចូលរៀនផ្នែកគរុកោសល្យគណិតវិទ្យានិងរូបវិទ្យា។ រយៈពេលប៉ុន្មានឆ្នាំក្រោយមក មិត្តភាពរវាងអែងស្តែងនិងម៉ារីកបានក្លាយទៅជាស្នេហា។ ពួកគេទាំង២តែងតែអានសៀវភៅនិយាយពីរូបវិទ្យាក្រៅកម្មវិធីសិក្សាជាមួយគ្នា។ ពេលនៅរៀននៅមហាវិទ្យាល័យ អ៊ែនស្ទែនមិនសូវទៅរៀនទៀងទាត់ទេ។ គាត់យកចិត្តទុកដាក់ស្ដាប់តែមុខវិជ្ជាណាដែលគាត់ចូលចិត្ត។ មុខវិជ្ជាពិសោធន៍រូបវិទ្យា គាត់បានទទួលរង្វាយតំលៃកំរិត ១ (ទាបជាងគេ) តែចំពោះមុខវិជ្ជាអគ្គីសនី គាត់ទទួលបានរង្វាយតំលៃកំរិត ៦ (ខ្ពស់ជាងគេ)។ អ៊ែនស្ទែនបញ្ចប់ការសិក្សានៅឆ្នាំ១៩០០ ដោយមានសញ្ញាប័ត្រផ្នែករូបវិទ្យា។ ក្រោយពីបញ្ចប់ការសិក្សា ដោយមិនសូវត្រូវគ្នានិងប្រធានដេប៉ាតឺម៉ង់រូបវិទ្យានៅETH អ៊ែនស្ទែនមិនអាចក្លាយជាគ្រូជំនួយការនៅទីនោះបានទេ។ ជាបណ្ដោះអាសន្ន គាត់ធ្វើជាគ្រូជំនួសនិងគ្រូបង្រៀនតាមផ្ទះ ដើម្បីរកកំរៃចិញ្ចឹមជីវិត។ នៅឆ្នាំដដែល មិត្តម្នាក់របស់លោកឈ្មោះ មីហ្យែល បេសសូ (Michele Besso) បានណែនាំលោកអោយធ្វើការអោយ អឺន ម៉េច (Ernst Mach)។ នៅឆ្នាំបន្ទាប់ អ៊ែនស្ទែនបានបោះពុម្ភនិក្ខេបបទមួយស្ដីអំពីកំលាំងកាពីលែររបស់បំពង់បឺត នៅក្នុងទស្សនាវដ្ដីរូបវិទ្យាអាល្លឺម៉ង់ដ៏ល្បីឈ្មោះ Annalen der Physik (កំនត់ត្រារូបវិទ្យាប្រចាំឆ្នាំ)។ នៅថ្ងៃទី២១ កុម្ភៈ ១៩០១ គាត់បានទទួលសញ្ជាតិស្វីស។
អ៊ែនស្ទែននិងម៉ារីកមានកូនស្រីម្នាក់ឈ្មោះ លីសឺល អ៊ែនស្ទែន (Lieserl Einstein) ដែលបានកើតនៅឆ្នាំ១៩០២ (គេមិនបានដឹងអំពីជោគវាសនារបស់នាងទេ)។ អ៊ែនស្ទែននិងម៉ារីករៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៦ មករា ១៩០៣ ទោះបីជាមានការជំទាស់ពីម្ដាយរបស់អ៊ែនស្ទែនក៏ដោយ។ កូនប្រុសទី១របស់គេទាំង២ឈ្មោះ ហានស៍ អលបឺត អ៊ែនស្ទែន (Hans Albert Einstein) កើតនៅថ្ងៃទី១៤ ឧសភា ១៩០៤ នៅ ប៊ែន, ប្រទេសស្វីស ចំនែកកូនប្រុសទី២ឈ្មោះ អេឌូអាដ អ៊ែនស្ទែន (Eduard Einstein) កើតនៅថ្ងៃទី២៨ កក្កដា ១៩១០ នៅមឿនហិន, ប្រទេសអាល្លឺម៉ង់។ អ៊ែនស្ទែននិងម៉ារីកបានលែងលះគ្នាំនៅថ្ងៃទី១៤ កុម្ភៈ ១៩១៩ បន្ទាប់ពីនៅបែកគ្នារយៈពេល៥ឆ្នាំក្រោយមក។
នៅថ្ងៃទី២ មិថុនា ឆ្នាំ១៩១៩ អ៊ែនស្ទែនបានរៀបការជាមួយនាង អែលសា ឡឺវិនថាល (Elsa Löwenthal)។ គេទាំង២នាក់រួមគ្នាចិញ្ចឹមកូនដើមរបស់អែលសា ឈ្មោះ ម៉ារហ្គុត (Margot) និង អ៊ីលសេ (Ilse)។ ចំនងអាពាហ៍ពិពាហ៍ថ្មីនេះ មិនបានបង្កើតបុត្រាបុត្រីទេ។
បន្ទាប់ពីបញ្ចប់ការសិក្សា អែងស្តែងមិនអាចរកប៉ុស្តិ៍បង្រៀនបានទេ។ ដោយរកការងារ២ឆ្នាំហើយមិនបាន ឪពុករបស់អតីតមិត្តរួមថ្នាក់ម្នាក់បានជួយអោយគាត់បានធ្វើការងារជាជំនួយការវិនិច្ឆ័យ នៅការិយាល័យសហព័ន្ធសំរាប់កម្មសិទ្ធបញ្ញា (ការិយាល័យប៉ាតង់) នៅទីក្រុងប៊ែន។ ការងាររបស់គាត់គឺវាយតំលៃពាក្យសុំប៉ាតង់ទាក់ទិននឹងឧបករណ៍អេឡិចត្រូម៉ាញ៉េទិច។
ជាមួយនឹងមិត្តភក្តិនៅប៊ែន អែងស្តែងបានបង្កើតក្លឹបពិភាក្សាពីវិទ្យាសាស្ត្រនិងទស្សនវិជ្ជា រៀងរាល់សប្តាហ៍។ ក្នុងកំលុងពេលនោះ អែងស្តែងមិនសូវមានទំនាក់ទំនងជាឯកជនជាមួយសហគមន៍រូបវិទ្យាទេ។
នៅឆ្នាំ១៩០៥ កំលុងពេលដែលអែងស្តែងធ្វើការនៅការិយាល័យប៉ាតង់ គាត់បានបោះពុម្ភនិក្ខេបបទ៤ នៅក្នុង Annalen der Physik។ និក្ខេបបទទាំងនេះត្រូវបានគេស្គាល់ថាជា និក្ខេបបទ Annus Mirabilis។
នៅអាយុ២៦ឆ្នាំ អែងស្តែងបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពី សាកលវិទ្យាល័យហ្សឺរីហ (University of Zurich)។ សារណាថ្នាក់បណ្ឌិតរបស់លោកមានចំនងជើងថា A New Determination of Molecular Dimensions (ការកំនត់ជាថ្មីនៃវិមាត្ររបស់ម៉ូលេគុល)។ ក្នុងរយៈពេលតែ១ឆ្នាំ អែងស្តែងអាចសរសេរនិក្ខេបបទបាន៥។ ឆ្នាំនោះត្រូវបានគេហៅថា ឆ្នាំអច្ឆរិយៈរបស់អែងស្តែង។
នៅឆ្នាំ១៩០៦ ការិយាល័យប៉ាតង់បានតំលើងតំនែងអែងស្តែងជាអ្នកវិនិច្ឆ័យផ្នែកបច្ចេកទេសថ្នាក់ទី២ (Technical Examiner Second Class)។ នៅឆ្នាំ១៩០៨ គាត់បានក្លាយជាព្រីវ៉ាតដូសិន (privatdozent) នៅសាកលវិទ្យាល័យប៊ែន (University of Bern)។ នៅឆ្នាំ១៩១០ គាត់បានសរសេរអំពីអូប៉ាលេសង់គ្រីទិច ដែលនិយាយពីការពង្រាយពន្លឺបណ្ដាលពីម៉ូលេគុលក្នុងបរិយាកាស។
នៅឆ្នាំ១៩០៩ អែងស្តែងបានបោះផ្សាយអត្ថបទ "Über die Entwicklung unserer Anschauungen über das Wesen und die Konstitution der Strahlung" (ការរីកចំរើននៃទស្សនៈរបស់ពួកយើង ស្ដីពីធាតុផ្សំនិងសារៈសំខាន់នៃការបញ្ចេញរស្មី)។ អត្ថបទនេះនិយាយពីការធ្វើកង់តាកម្មពន្លឺ។ អត្ថបទនេះក៏បានលើកឡើងជាលើកដំបូងនូវពាក្យ ហ្វូតុង ដែលនាំទៅដល់សញ្ញាណ ធម្មជាតិជារលកផងភាគល្អិតផងរបស់ពន្លឺ នៅក្នុងមេកានិចកង់ទិច។
នៅឆ្នាំ១៩១១ អែងស្តែងបានក្លាយជាសាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យហ្សឺរីហ។ មួយរយៈខ្លីក្រោយមក គាត់បានសិទ្ឋិជាសាស្ត្រាចារ្យពេញលេញនៅសាកលវិទ្យាល័យឆាលនៃប្រាក (Charles University of Prague)។ នៅទីនោះ អែងស្តែងបានបោះផ្សាយអត្ថបទនិយាយពីផលរបស់ទំនាញសកលលើពន្លឺ។
នៅឆ្នាំ១៩១២ អែងស្តែងត្រលប់ទៅប្រទេសស្វីសវិញ និងព្រមធ្វើជាសាស្ត្រាចារ្យនៅមាតុសាកលវិទ្យាល័យរបស់លោក គឺ ETH។ នៅទីនោះ គាត់បានជួបស្គាល់អ្នកគណិតវិទ្យា ម៉ារសែល ហ្គ្រោសម៉ាន់ (Marcel Grossmann) ដែលបានជួយណែនាំអែងស្តែងពីធរណីមាត្ររីម៉ាន់និងធរណីមាត្រឌីផេរ៉ង់ស្យែល។ ដោយមានការណែនាពីអ្នកគណិតវិទ្យាអ៊ីតាលីឈ្មោះ ទុលល្យូ លឺវី ស៊ីវីតា (Tullio Levi-Civita) អែងស្តែងបានស្វែងយល់អំពីសារៈសំខាន់របស់កូវ៉ារ្យង់ទូទៅ(ជាពិសេសបំរើបំរាស់តង់ស័រ) នៅក្នុងទ្រឹស្ដីទំនាញសកលរបស់គាត់។ នៅឆ្នាំ១៩១៥ គាត់បានបោះផ្សាយពី ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅ។ ទ្រឹស្ដីនេះពន្យល់ថាទំនាញសកលកើតឡើងពីកំហូចទ្រង់ទ្រាយរបស់លំហពេល និងថាពន្លឺអាចត្រូវបានបង្កោងដោយកំលាំងទំនាញ។
នៅឆ្នាំ១៩១៧ អែងស្តែងបានបោះផ្សាយពីលទ្ធភាពដែលអាចមានបន្សាយដោយបង្ខំ។ នេះជាចលនការក្នុងរូបវិទ្យាដែលបង្កើត ម៉ាស៊ែរ និង ឡាស៊ែរ។
នៅពេលមានសូរ្យគ្រាស នាថ្ងៃទី២៩ ឧសភាឆ្នាំ១៩១៩ នៅក្នុងដែនទំនាញរបស់ព្រះអាទិត្យ ពន្លឺត្រូវបានបង្កោង (បាតុភូតនេះគេហៅថាឡង់ទីកំលាំងទំនាញ) ត្រូវបានសង្កេតឃើញ អាធើរ អិដឌីងថុន (Sir Arthur Eddington) ដែលការណ៍នេះបានបញ្ជាក់ពីសុពលភាពរបស់ទ្រឹស្ដីរ៉ឺឡាទីវីតេរបស់អែងស្តែង។ ព្រឹត្តិការណ៍នេះត្រូវបានបណ្ដាញព័ត៌មាននានាលើកឡើង ហើយអែងស្តែងបានក្លាយជាមនុស្សល្បីម្នាក់លើពិភពលោក។
នៅឆ្នាំ១៩២២ អែងស្តែងបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា សំរាប់ការបំរើការរបស់លោកក្នុងវិស័យ រូបវិទ្យាទ្រឹស្ដី និងជាពិសេសគឺការរកឃើញច្បាប់ស្ដីពីផលហ្វូតូអគ្គីសនី។ នេះសំដៅទៅលើនិក្ខេបបទឆ្នា១៩០៥របស់លោកស្ដីអំពីហ្វូតូអគ្គីសនី៖ "On a Heuristic Viewpoint Concerning the Production and Transformation of Light (ស្ដីពីទស្សនៈមានប្រយោជន៍សំរាប់របកគំឃើញថ្មី ទាក់ទិននិងការផលិតនិងបំលែងពន្លឺ)" ដែលទ្រឹស្ដីនេះត្រូវបានផ្ទៀងផ្ទាត់ដោយការពិសោធន៍។ តាមការសន្យាក្នុងលិខិតលែងលះឆ្នាំ១៩១៩ អែងស្តែងបានប្រគល់ប្រាក់រង្វាន់ទាំងអស់ទៅប្រពន្ធទី១របស់លោកគឺ មីលេវ៉ា ម៉ារីក។
អែងស្តែងធ្វើដំនើរជាលើកដំបូងទៅទីក្រុងញូយ៉កនៅថ្ងៃទី២ មេសា ១៩២១ ដើម្បីប្រមូលមូលនិធិសាងសង់សាកលវិទ្យាល័យហេប៊្រូនៅយេរ៉ូសាឡឹម។
នៅឆ្នាំ១៩២២ លោកបានធ្វើដំណើរទៅកាន់អាស៊ី ក្នុងដំណើរធ្វើសុន្ទរកថារយៈពេល៦ខែ។ លោកបានទៅកាន់សិង្ហបុរី , សីឡុន (ស្រីលង្កា) និង ជប៉ុន។
ពេលត្រលប់មកវិញ អែងស្តែងបានឈៀងចូលប៉ាឡេស្ទីនរយៈពេល១២ថ្ងៃ និងប្រទេសអង់គ្លេស ដែលនៅទីនោះគាត់បានទៅធ្វើទស្សនកិច្ចផ្នូររបស់ញូតុន។
នៅឆ្នាំ១៩៣២ អែងស្តែងបានចាកចេញពីអាល្លឺម៉ង់ទៅទស្សនកិច្ចអាមេរិកជាលើកទី៣។ ប៉ុន្តែនៅឆ្នាំបន្ទាប់ របបណាស៊ីរបស់ហ៊ីត្លែរបានត្រួតត្រាអាល្លឺម៉ង់ ហើយអំពើកាប់សំលាប់ជនជនជ្វីហ្វបានរីកដាលឡើង។ អែងស្តែង (ដោយមានដើមកំនើតជាជនជាតិជ្វីហ្វ) គ្មានវាសនានឹងត្រលប់ទៅអាល្លឺម៉ង់វិញជារៀងរហូត។
នៅឆ្នាំ១៩៣៣ អែងស្តែងបានក្លាយជាសាស្ត្រាចារ្យនៅវិទ្យស្ថានសំរាប់ការសិក្សាថ្នាក់ខ្ពស់ (Institute for Advanced Study)នៅព្រីនស្តុន។
នៅឆ្នាំ១៩៣៥ អែងស្តែងរួមជាមួយ ប៊ីរីស ប៉ូដុលស្គី (Biris Podolsky) និង នេស៊ាន រ៉ូហ្សិន (Nathean Rosen) បានប្រកាសពី ប៉ារ៉ាដុក EPR (E=អែងស្តែង, P=ប៉ូដុលស្គី, R=រ៉ូហ្សិន) ដែលនិយាយពីវដ្ដ មេកានិចកង់ទិច និង ទ្រឹស្ដីរ៉ឺឡាទីវីតេ។ នៅឆ្នាំដដែល អែងស្តែងបានសុំបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅអាមេរិក និងបានដាក់ពាក្យបន្តសុំសញ្ជាតិអាមេរិក។
នៅឆ្នាំ១៩៣៦ អែងស្តែងនិងរ៉ូហ្សិន បានប្រកាសពីសញ្ញាណរន្ធដង្កូវ (Wormhole) (ស្ពានអែងស្តែង-រ៉ូហ្សិន)។ នៅឆ្នាំនោះភរិយាលោក អែលសាបានទទួលមរណភាព។
នៅរដូវក្ដៅឆ្នាំ១៩៣៩ គឺប៉ុន្មានខែមុនសង្គ្រាមលោកលើកទី២ផ្ទុះ អែងស្តែងបានចុះហត្ថលេខាលើសំបុត្រក្រើនរំលឹកដល់លោកប្រធានាធិបតីអាមេរិក ហ្វ្រេងឃ្លីន រ៉ូសវ៉ែល ថាពួកណាស៊ីអាល្លឺម៉ង់អាចកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ដំបូងឡើយ រ៉ូសវ៉ែល មិនជឿនិងមិនអើពើចំពោះសំបុត្រនេះទេ។ ប៉ុន្តែក្រោយពីជួបនិយាយជាមួយអែងស្តែង២លើកមក រ៉សវ៉ែលបានប្ដូរគំនិតភ្លាមមួយរំពេច និងចាត់អោយគេបង្កើតគំរោងម៉ាន់ហាត់ថាន់។
អែងស្តែងបានទទួលសញ្ជាតិអាមេរិក នៅឆ្នាំ១៩៤០។ អែងស្តែងវាយតំលៃទៅលើ«សមត្ថភាពនិយម»ក្នុងវប្បធម៌អាមេរិច ខ្ពស់ជាងអឺរ៉ុប។ លោកបានសរសើរទៅលើសិទ្ធរបស់បុគ្គលនីមួយៗ ដែលអាចគិតនិងបញ្ចេញយោបល់តាមដែលចិត្តគេចង់ ដោយគ្មានរបាំងសង្គម ដែលការណ៍នេះជួយលើកជំរុញពួកគេអោយមានគំនិតច្នៃប្រឌិត។
នៅឆ្នាំ១៩៤៦ អែងស្តែងបានហៅអ្នករើសអើងពូជសាសន៍នៅអាមេរិចថាជា «ជំងឺអាក្រក់បំផុត»។ លោកបានថ្លែងនាពេលក្រោយមកថា «គួរអោយស្ដាយណាស់ដែល ការអើងពូជសាសន៍បានក្លាយជាប្រពៃណីអាមេរិចទៅហើយ ហើយវាបន្តពីមួយជំនាន់ទៅមូយជំនាន់។ ថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពតែមួយគត់គឺការភ្ញាក់រលឹកនិងការអប់រំ»។
នៅខែវិច្ឆិកា១៩៥២ ប្រធានាធិបតីទី១របស់អ៊ីស្រាអែលឈ្មោះហែម វ៉ៃស្មាន់ (Chaim Weizmann) បានទទួលមរណភាព។ លោកនាយករដ្ឋមន្ត្រី ដាវីដ បិន ហ្គូរ្យន់ (David Ben-Gurion) បានស្នើសុំអោយអែងស្តែងធ្វើជាប្រធានាធិបតីអ៊ីស្រាអែល ប៉ុន្តែត្រូវអែងស្តែងបដិសេដ។
នៅថ្ងៃទី១៣ មេសា ១៩៥៥ អែងស្តែងបានដួល ដោយមានអារម្មណ៍ឈឺចាប់នៅត្រង់បរិវេញបេះដូង។ លោកបានចូលដេកពេទ្យនៅមន្ទីរពេទ្យព្រីនស្តុន តែបានបដិសេដមិនទទួលយកការវះកាត់ ដោយពោលថា៖ «ខ្ញុំចង់ទៅនៅពេលខ្ញុំចង់។ វាគ្មានន័យអ្វីទេក្នុងការបន្តជីវិតតាមរបៀបសិប្បនិម្មិត។ ខ្ញុំបានធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើហើយ ហេតុនេះវាល្មមដល់ពេលដែលខ្ញុំត្រូវទៅហើយ។ ខ្ញុំនឹងទៅដោយថ្លៃថ្នូរ»។ ទោះជាពេលកំពុងដេកពេទ្យក៏ដោយ អែងស្តែងនៅតែបន្តការស្រាវជ្រាវរបស់លោក ដោយបានបញ្ជាអោយលេខាលោក យកសំភារៈចាំបាច់នានាមកបន្ទប់លោក។
នៅថ្ងៃទី១៧ មេសា ១៩៥៥ អែងស្តែងបានរងនូវការដាច់សរសៃឈាមដែលបណ្ដាលអោយមានការហូរឈាមក្នុងខ្លួន។ នៅថ្ងៃទី១៨ មេសា ១៩៥៥ វេលាម៉ោងជាង១រំលងអាធ្រាត លោកបានទទួលមរណភាពនៅមន្ទីរពេទ្យព្រីនស្តុន ក្នុងជន្មាយុ៧៦ឆ្នាំ។ គេមិនដឹងអែងស្តែងបាននិយាយអ្វីជាចុងក្រោយបង្អស់ ដោយលោកនិយាយជាភាសាអាល្លឺម៉ង់ ហើយគិលានុបដ្ឋាកយិកានៅពេលនោះមិនចេះភាសាអាល្លឺម៉ង់ទេ។
សាកសពរបស់លោកត្រូវបានគេបូជា ហើយអធិធាតុរបស់លោកត្រូវបានគេបាចនៅក្នុងបរិវេណ វិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់ (Institute for Advanced Study)។
នៅមុនពេលធ្វើការបូជា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រីនស្តុនបានវះកាត់យកខួរក្បាលរបស់អែងស្តែង យកទៅរក្សាទុកដោយមិនមានការអនុញ្ញាតពីគ្រួសារលោក ក្នុងគោលបំនងរំពឹងថាវិទ្យសាស្ត្រផ្នែកសរសៃប្រសាទនាពេលអនាគតនឹងមានលទ្ធភាពរកមើលពីបុព្វហេតុដែលធ្វើអោយអែងស្តែងឆ្លាតបែបនេះ។
និក្ខេបបទដំបូងៗរបស់អែងស្តែងមានបំណងចង់បកស្រាយថាអាតូមពិតជាមានមែន ហើយមានទំហំកំណត់មួយដែលមិនសូន្យ។ នៅពេលដែលលោកបោះផ្សាយនិក្ខេបបទលើកទី១នៅឆ្នាំ១៩០២ រូបវិទូទាំងឡាយមិនទាន់ជឿទាំងស្រុងថាអាតូមពិតជាមាននៅឡើយទេ។ នេះដោយសារ នៅសតវត្សរ៍ទី១៩ មិនទាន់មានទ្រឹស្ដីណាអាចពន្យល់ពីលក្ខណៈរូបធាតុដោយប្រើលក្ខណៈអាតូមនៅឡើយ។
លុដវីក បុលស្មាន់ដែលជារូបវិទូផ្នែកអាតូមពូកែជាងគេនៅសតវត្សរ៍ទី១៩ បានខ្នះខ្នែងជាច្រើនឆ្នាំដើម្បីធ្វើអោយគេទទួលស្គាល់អត្ថិភាពអាតូម។ បុលស្មាន់បានផ្ដល់ការបកស្រាយទៅលើច្បាប់នានាក្នុងទែរម៉ូឌីណាមិច ដោយបានលើកឡើងថាច្បាប់ទី២របស់ទែរម៉ូឌីណាមិច(ច្បាប់កំណើនអង់ត្រូពី) មានលក្ខណៈស្ថិតិ។ តាមគំនិតរបស់បុលស្មាន់ អង់ត្រូពីជាលោការីតនៃចំនួនរបៀបនៃទំរង់នៅខាងក្នុងប្រព័ន្ធមួយ។ មូលហេតុដែលអង់ត្រូពីកើនឡើងគឺព្រោះតែប្រព័ន្ធមួយប្រែប្រួលពីស្ថានភាពពិសេសមួយដែលមានទំរង់តិចតៅស្ថានភាពមួយទៀតដែលមានទំរង់ច្រើន។ ការបកស្រាយរបស់បុលស្មាន់ត្រូវបានគេទទួលស្គាល់ជាទូទៅនាពេលបច្ចុប្បន្ន ប៉ុន្តែកាលពីសម័យអែងស្តែង គឺមានមនុស្សតិចណាស់ដែលជឿលើទ្រឹស្ដីនេះ។
គំនិតខាងស្ថិតិបានបកស្រាយពីលក្ខណៈឧស្ម័នបានយ៉ាងល្អបំផុត។ ចេម ឃ្លើក ម៉ាកស៊្វែល ដែលជារូបវិទូផ្នែកអាតូមដ៏ល្បីម្នាក់ទៀត បានរកឃើញរបាយល្បឿនរបស់អាតូមនៅក្នុងឧស្ម័ន។ គាត់បានទាញសម្មតិកម្មថាវីស្កូស៊ីតេ (ភាពស្អិត) របស់ឧស្ម័នអាចមិនអាស្រ័យនិងកំហាប់ទេ។ បើយើងគិតធម្មតា កំលាំងកកិតនៅក្នុងឧស្ម័នគួរតែខិតទៅរកសូន្យប្រសិនបើកំហាប់ខិតទៅរកសូន្យ។ ប៉ុន្តែតាមពិតវាខុសពីនោះ ព្រោះចំងាយចរសេរីមធ្យមរបស់អាតូមកើនឡើងនៅក្នុងកំហាប់ទាប។ ម៉ាកស៊្វែលនិងភរិយាបានធ្វើពិសោធន៍សំរេចបញ្ជាក់ពីសម្មតិកម្មនេះ។ ពិសោធន៍ដទៃទៀតលើឧស្ម័ននិងសុញ្ញកាស ដោយបង្វិលធុងមានចោះប្រហោងវែងៗ ក៏បានបញ្ជាក់ផងដែរថាល្បឿនអាតូមនៅក្នុងឧស្ម័នគោរពតាមច្បាប់របាយរបស់ម៉ាកស៊្វែល។
នៅក្នុងនិក្ខេបបទស្ដីអំពីអេឡិចត្រូឌីណាមិចនៃអង្គធាតុមានចលនា នៅឆ្នាំ១៩០៥របស់អែងស្តែង គាត់បានលើកឡើងពីទ្រឹស្ដីរ៉ឺឡាទីវីតេពិសេស។ ទ្រឹស្ដីនេះភាពមិនប្រើប្រួលរបស់ល្បឿនពន្លឺ តំរូវអោយមានកំនែសំរួលលើសញ្ញាណនៃភាពព្រមគ្នា។ ជាលទ្ធផលតំរុយលំហ-ពេលរបស់អង្គធាតុមានចលនា អាចបន្ថយល្បឿននិងរួញខ្លី (ក្នុងទិសដៅចលនា) បើប្រៀបធៀបនឹងតំរុយរបស់អ្នកសង្កេត។ ពីទ្រឹស្ដីរ៉ឺឡាទីវីតេ អែងស្តែងបានទាញបានរូបមន្តដ៏ល្បីគឺ E = mc2 ដែលជារូបមន្តសមមូលម៉ាស-ថាមពល។ រូបមន្តនេះបញ្ញាក់ថាបរិមាណដ៏តិចតូចរបស់ម៉ាសរូបធាតុអាចបំលែងជាថាមពលយ៉ាងធំ។ គេប្រើរូបមន្តនេះដើម្បីគណនាថាមពលបានពីប្រតិកម្មបំបែកនុយក្លេអ៊ែរ។
នៅក្នុងនិក្ខេបបទឆ្នាំ១៩០៥ អែងស្តែងបានធ្វើសម្មតិកម្មថាពន្លឺកើតឡើងពីបណ្ដុំភាពល្អិតកង់តូមជាច្រើន។ នាសម័យនោះ សម្មតិកម្មនេះត្រូវបានរូបវិទូជាច្រើនរួមមានម៉ាក ផ្លង់និងណែល បរ ច្រានចោល។ គំនិតនេះត្រូវបានគេទទួលស្គាល់ជាទូទៅនៅឆ្នាំ១៩១៩ បន្ទាប់ពីរ៉ូបឺត មីល្លីកាន់ធ្វើពិសោធន៍សំរេចលើផលហ្វូតូអគ្គីសនីនិងផលកុងតុង។
គិនិតរបស់អែងស្តែងលើទ្រឹស្ដីនេះផ្អែកស្ទើទាំងស្រុងលើគំនិតក្នុងទែរម៉ូឌីណាមិច មិនមែនផលហ្វូតូអគ្គីសនីដែលរកឃើញ១៥ឆ្នាំក្រោយមកនោះទេ។ អែងស្តែងបានគិតពិអង់ត្រូពីរបស់ពន្លឺនៅសីតុណ្ហភាព T និងបានបំបែកវាជា២ផ្នែក គឺផ្នែកហ្វ្រេកង់ទាប និងផ្នែកហ្វ្រេកង់ខ្ពស់។ ផ្នែកហ្វ្រេកង់ខ្ពស់មានអង់ត្រូពីស្រដៀងគ្នានឹងអង់ត្រូពីរបស់ឧស្ម័នរបស់ភាគល្អិតក្លាស់សិច។
ដោយអង់ត្រូពីជាលោការីតនៃចំនួនស្ថានភាពដែលអាចមាន អែងស្តែងបានទាញសន្និដ្ឋានថា ចំនួនស្ថានភាពរបស់ពន្លឺដែលមានជំហានរលកខ្លីនៅក្នុងប្រអប់បិទជិតមួយដែលមានមាឌ V គឺស្មើនឹងចំនួនស្ថានភាពរបស់ក្រុមភាគល្អិតនៅក្នុងប្រអប់នោះដែរ។ អែង ស្តែងបានសន្និដ្ឋានទៀតថា រលកដែលមានហ្វ្រេកង់ f ជាបណ្ដុំហ្វូតុងដែលមានថាមពល hf ក្នុងមួយគ្រាប់ (h ជាថេរផ្លង់)។ គាត់មិនថាននិយាយអ្វីលើសពីនេះទេ ដោយសារគាត់មិនសូវជឿច្បាស់ថាតែភាគល្អិតនិងរលកទាក់ទិនគ្នាដោយរបៀបណា។ ប៉ុន្តែគាត់បានបញ្ជាក់ថាគំនិតនេះអាចអោយគេពន្យល់បាតុភូតជាច្រើនរួមមានផលហ្វូតូអគ្គីសនីជាដើម។
អែងស្តែងបានសិក្សាពីលំយោលទែរម៉ូឌីណាមិច ដោយសិក្សាពីបំរែបំរួលដង់ស៊ីតេក្នុងសន្ទនីយ៍មួយនៅចំនុចគ្រីទិចរបស់វា។ ជាធម្មតា ភាពឡើងចុះរបស់ដង់ស៊ីតេ (លំយោល) កំនត់ដោយដេរីវេទី២ ថាមពលសេរីធៀបនឹងដង់ស៊ីតេ។ នៅចំនុចគ្រីទិច តំលៃដេរីវេនេះស្មើនឹងសូន្យ ដែលនាំអោយមានលំយោលយ៉ាងខ្លាំងក្លាមួយ។ លំយោលដង់ស៊ីតេនេះ បណ្ដាលអោយពន្លឺនៅគ្រប់ជំហានរលក រាយប៉ាយ និងធ្វើអោយសន្ទនីយ៍នោះមើលទៅមានពណ៌សទឹកដោះគោ។ អែងស្តែងបានភ្ជាប់បាតុភូតនេះទៅបាតុភូត សំនាយរ៉េយលី ដែលពន្យល់ពីផ្ទៃមេឃមានពណ៌ខៀវ។
វិចារណញ្ញាណផ្នែករូបវិទ្យារបស់អែងស្តែង បានធ្វើអោយគាត់កត់សំគាល់ឃើញថាថាមពលប៉ោលរបស់ផ្លង់មានចំនុចសូន្យមិនត្រឹមត្រូវ។ គាត់បានកែសំរួលសម្មតិកម្មរបស់ផ្លង់ដោយពោលថាស្ថានភាពថាមពលទាបបំផុតរបស់ប៉ោលស្មើនឹង 1⁄2hf គឺស្មើនឹងពាក់កណ្ដាលគំលាតរវាងកំរិតថាមពល។ ការតវ៉ានេះធ្វើឡើងនៅឆ្នាំ១៩១៣ ដោយសហការជាមួយ អុតតូ ស្ទែន (Otto Stern) ដោយសំអាងលើទ្រឹស្ដីទែរម៉ូឌីណាមិចរបស់ម៉ូលេគុលឌីអាតូមិច ដែលអាចផ្ដាច់ចេញពីគ្នាជាអាតូមសេរី២។
នៅឆ្នាំ១៩២៤ អែងស្តែងបានទទួលអត្ថបទបកស្រាយពីគំរូស្ថិតិពីអ្នករូបវិទ្យាឥណ្ឌា សាតយិនដ្រា ណាត បូស (Satyendra Nath Bose) ដែលបានអះអាងថាពន្លឺអាចចាត់ទុកជាឧស្ម័ននៃភាគល្អិតមិនអាចញែកចេញពីគ្នាបាន។ អែងស្តែងបានដាក់ការបកប្រែអត្ថបទរបស់បូសទៅ Zeitschrift für Physik។ អែងស្តែងក៏បានបោះពុម្ភអត្ថបទខ្លួនឯង និយាយពីគំរូម៉ូដែលនេះ និង ផលរបស់វាដូចជា បាតុភូតកំនរបូស-អែងស្តែង ដែលកើតមាននៅសីតុណ្ហភាពដ៏សែនទាប។
បន្ទាប់ពីទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅ អែងស្តែងស្រាវជ្រាវជាចំបងលើការនិយាយជាទូទៅចំពោះទ្រឹស្ដីទំនាញសកលរបស់គាត់ ដើម្បីបង្រួមនិងសំរួលច្បាប់គ្រឹះក្នុងរូបវិទ្យា ជាពិសេសទំនាញសាកលនិងអេឡិចត្រូម៉ាញ៉េទិច។ នៅឆ្នាំ១៩៥០ គាត់បានពិពណ៌នាពីទ្រឹស្ដីរួមអំពីដែននេះនៅក្នុងអត្ថបទរបស់ទស្សនាវដ្ដីវិទ្យាសាស្ត្រអាមេរិច Scientific American ក្រោមចំនងជើងថា "ស្ដីពីទ្រឹស្ដីទូទៅនៃទំនាញសកល"។
អែងស្តែងបានផ្ដល់ដំបូន្មានដល់ អើរវីន ស៊្រើឌីងហ្គើរ (Erwin Schrödinger) អោយអនុវត្តគំនិតរបស់ ម៉ាក ផ្លង់ ក្នុងការចាត់ទុកកំរិតថាមពលរបស់ឧស្ម័នជាតែរួមទាំងមូល ជាជាងរបស់ម៉ូលេគុលមួយៗ។ ស៊្រើឌីងហ្គើរបានអនុវត្តគំនិតនេះដោយប្រើប្រាស់ របាយបុល្តស្មាន់ ដើម្បីទាញរកលក្ខណៈទែរម៉ូឌីណាមិចរបស់ឧស្ម័នពាក់កណ្ដាលបរិសុទ្ធ។ ស៊្រើឌីងហ្គើរបានសុំអោយអែងស្តែងដាក់បន្ថែមឈ្មោះគាត់ជាអ្នកនិពន្ធរួម ប៉ុន្តែអែងស្តែងបានបដិសេដ។
នៅឆ្នាំ១៩២៦ អែងស្តែងនិងអតីតសិស្សរបស់គាត់ឈ្មោះ លីអូ ស៊ីឡាដ (Leó Szilárd) (អ្នករូបវិទ្យាហុងគ្រី ដែលក្រោយមកចូលធ្វើការក្នុងគំរោងម៉ាន់ហាត់ថាន់ និងមានស្នាដៃក្នុងការរកឃើញច្រវាក់ប្រតិកម្ម) បានរួមគ្នាបង្កើត ទូរទឹកកកអែងស្តែង ដែលប្រើប្រាស់កំដៅ។
នៅទសវត្សរ៍ឆ្នាំ២០ មេកានិចកង់ទិច បានអភិវឌ្ឍខ្លួនជាទ្រឹស្ដីស្ទើរពេញលេញ។ អែងស្តែងមិនសប្បាយចិត្តនឹង បំនកស្រាយកូពិនហាក (Copenhagen interpretation) ស្ដីពីទ្រឹស្ដីកង់ទិច ដែលសរសេរឡើងដោយ ណែល បរ (Niels Bohr) និង វើណឺ ហៃសិនបឺក (Werner Heisenberg)។ កិច្ចចរចារជាសាធារណៈ(រួមមានសន្និសិតសុលវ៉ាយ) រវាងអែងស្តែងនិងបរ បានអូសបន្លាយជាច្រើនឆ្នាំ។
នៅឆ្នាំ១៩៩៩ ទស្សនាវដ្ដីថាម បានហៅអែងស្តែងថាជាបុគ្គលប្រចាំសតវត្សរ៍។ យោងទៅតាម The 100: A Ranking of the Most Influential Persons in History (ចំនាត់ថ្នាក់បុគ្គលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រ) អែងស្តែងជាប់ជា «អ្នកវិទ្យាសាស្ត្រអស្ចារ្យជាងគេនៅស.តទី២០ និងជាអ្នកមានប្រាជ្ញាកំពូលម្នាក់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ ខាតក្រោមនេះជាបញ្ជីរាយនាមរបស់ សំរាប់ជាការចងចាំចំពោះអែងស្តែង៖
ខាងក្រោមនេះជាការបោះពុម្ភផ្សាយ និងសៀវភៅមួយចំនួនសរសេរដោយអែងស្តែង។
ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA
This article uses material from the Wikipedia ភាសាខ្មែរ article អាល់បឺត អែងស្តែង, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.