អាប្រាហាម លីនខូន បានកើតនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៨០៩ ដោយមានឪពុកជាជាងឈើម្នាក់ឈ្មោះ ថូម៉ាស លីនខូន (Thomas Lincoln) និង ម្តាយឈ្មោះ ណេនស៊ី (Nancy) នៅក្នុងផ្ទះឈើដ៏តូចមួយនៅ តំបន់ ហាឌីន (Hardin County) រដ្ឋខេនថាក់ឃី (Kentucky)។ ម្តាយរបស់គាត់បានស្លាប់ដោយពុលទឹកដោះគោ នៅពេលដែលគាត់ទើបតែមានអាយុ ៩ឆ្នាំ ហើយឪពុកគាត់ក៏បានរៀបការម្តងទៀត។ គាត់និងម្តាយក្រោយរបស់គាត់ ចុះសម្រុងគ្នាយ៉ាងល្អ ដែលគាត់ហៅគាត់ថា ម៉ែៗ ពេញៗមាត់។ បើទោះជាយ៉ាងនេះក្តី ទំនាក់ទំនងរបស់គាត់និងឪពុករបស់គាត់ចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា ម្តងបន្តិចៗ។ គាត់ចំណាយពេលប្រហែលតែ ១៨ ខែប៉ុណ្ណោះនៅសាលារដ្ឋ ក្រៅពីនេះគាត់បានបង្រៀនខ្លួនគាត់ពីរបៀបអាន និងសរសេរ។ គាត់ជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅជាទីបំផុត។ គាត់ធ្លាប់បាននិយាយថា ខ្ញុំមិនបានរៀនជាមួយអ្នកណាម្នាក់ទេ (I learn with no body) ។
លោក អាប្រាហាម លីងខុន | |
ជីវប្រវត្តិសង្ខេប | |
---|---|
កើតថ្ងៃទី | ១២ កុម្ភៈ ១៨០៩ |
នៅ | តំបន់ហាឌីន រដ្ឋខេនថាក់ឃី សហរដ្ឋអាមេរិក |
ជាប់ឆ្នោតនៅ | ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៨៦០ |
គាត់បានចាប់ផ្តើមទាក់ទងនារី ម្នាក់ឈ្មោះថា អាន រុទលេដជ៏ (Ann Rutledge) នៅពេលដែលគាត់មានអាយុ ២៦ឆ្នាំ តែគួរឲ្យសោកស្តាយព្រោះនារីម្នាក់នៅបានស្លាប់នៅពេលក្រោយបន្តិចមក ដោយសារ ជម្ងឺគ្រុនពោះវៀន។ បន្ទាប់មកនៅឆ្នាំ ១៨៤០ គាត់បានជួបនារីអ្នកមានម្នាក់ឈ្មោះថា ម៉ារី ថូដ (Mary Todd) ហើយបានរៀបការជាមួយគ្នានៅ ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ ១៨៤២។ ពួកគេមានកូនជាមួយគ្នា ៤នាក់សុទ្ធតែប្រុស តែ៣នាក់បានស្លាប់មុនពេលដែលគេរស់បានដល់អាយុ ១៨ឆ្នាំ ហើយកូនប្រុសតែម្នាក់ដែលនៅរស់បានកាន់តំណែងជា រដ្ឋលេខាធិការខាងសង្រ្គាម (ជាមនុស្សជំនិតម្នាក់ក្នុងខុទ្ទិការល័យប្រធានាធិបតី)។
គាត់ចាប់ ផ្តើមធ្វើនយោបាយនៅឆ្នាំ១៨៣២ នៅពេលដែលគាត់ធ្វើយុទ្ធនាការសម្រាប់តំណែងសភាប្រចាំ រដ្ឋអ៊ីលីណយ (Illinois)។ ដោយមិនទទួលបានជ័យជំនះ គាត់បានទៅធ្វើជា ម្ចាស់បុស្តិ័ប្រេសណិយ៍ និងជាអ្នកត្រួតពិនិត្យដីធ្លី (County Surveyor)។ ២ឆ្នាំ ក្រោយមកគាត់ក៏បានទទួលជ័យជំនះ ហើយបានធ្វើជាអ្នកតំណាងរាស្រ្តប្រចាំរដ្ឋ អ៊ីលីណយ អស់រយៈពេល ៤អាណត្តិជាប់ៗគ្នា។ នៅឆ្នាំ ១៨៤៦ គាត់ក៏ត្រូវបានជាប់ឆ្នោតឲ្យកាន់ដំណែងអ្នកតំណាងរដ្ឋនៅសភាជាន់ទាប របស់ សហរដ្ឋអាមេរិច ១អាណត្តិដែលមានរយៈពេល ២ឆ្នាំ។ គាត់បានចាកចេញពីនយោបាយហើយបានទៅប្រកបអាជីពជា មេធាវី អស់រយៈពេល ១០ឆ្នាំ ពីឆ្នាំ ១៨៤៩ ដល់ឆ្នាំ ១៨៥៩ ដែលគាត់បានឈ្នះរឿងក្តីក្តាំជាច្រើន។ ក្នុងកំឡុងពេលនោះដែល គាត់បានបង្រៀនខ្លូនឯងជាខ្លាំង ដោយបាន អាន សៀវភៅ ច្បាប់ជាច្រើន ជាពិសេសសៀវភៅច្បាប់ដ៏ល្បីល្បាញ (Commentaries on Law of England)។ នៅឆ្នាំ ១៨៦០ គាត់បានឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី ហើយក៏បានជាប់ឆ្នោតជាប្រធានាធិបតីទី ១៦ របស់សហរដ្ឋ អាមេរិច នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៨៦០ ដោយយកឈ្នះបេក្ខភាព ៣រូបទៀតមកពី គណបក្សប្រជាធិបតេយ្យ គណបក្ស ប្រជាធិបតេយ្យខាងត្បូង និង គណបក្ស វីជ (Whig)។
គោល នយោបាយចំបងរបស់គាត់ក្នុងការបំបាត់របបទាសភាព បានធ្វើឲ្យរដ្ឋខាងត្បូងដែលពឹងផ្អែកលើកសិកម្មដែលត្រូវការកម្លាំង ទាសករច្រើន ចាប់ផ្តើមដកខ្លួនម្តងមួយៗ ហើយបង្កើតជាសហព័ន្ធ មួយ ទៀតដែលហៅថា រដ្ឋសហព័ន្ធអាមេរិច (Confederates States of America)។ សង្រ្គាមក្នុងស្រុកបានចាប់ផ្តើមនៅឆ្នាំបន្ទាប់ ហើយចប់ទៅវិញនៅឆ្នាំ ១៨៦៥ ដោយខាង សហរដ្ឋអាមេរិច ទទួលបានជ័យជំនះតែទទួលនូវការខាតបង់យ៉ាងច្រើនជាទីបំផុត។ កំឡុងពេលសង្រ្គាមនៅថ្ងែទី ០១ ខែមករា ឆ្នាំ ១៨៦៣ គាត់់បានចេញសេចក្តីប្រកាសពីការលុបបំបាត់របបទាសភាព (Emancipation Proclamation) ដែលបានដោះលែងទាសករចំនួន ៣លាន ១សែននាក់ និងបន្តទៅដោះលែងឲ្យអស់សំដៅលុបបំបាត់របបនេះនៅ ពេលចប់សង្គ្រាម។ គាត់បានជាប់ឆ្នោតសម្រាប់អាណត្តិទី២ ដោយលទ្ធផលយ៉ាងភ្លួកទឹកភ្លួកដីនៅឆ្នាំ ១៨៦៤ ហើយបានស្បថចូលកាន់តំណែងនៅ ថ្ងៃទី ០៤ ខែមិនា ឆ្នាំ ១៨៦៥។
មួយរយៈពេលក្រោយមកនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំដដែល (ពួកខាងត្បូងបានចុះចាញ់នៅថ្ងៃទី ០៩ ខែមេសា) នៅពេលយប់ប្រហែល ម៉ោង ១០ និង ១៣ នាទី នៅពេលដែលគាត់កំពុងទស្សនាល្ខោនរឿង បងប្អូនជីដូនមួយអាមេរិចកាំងរបស់យើង (Our American Cousin) នៅរោងកុន ហ្វត (Ford's Theater) គាត់ត្រូវបានឃាតករឈ្មោះ ចន វិកឃ៏ ប៊ូត John Wilkes Booth) លបបាញ់ដោយកាំភ្លើងខ្លី ត្រូវចំក្បាលផ្នែកខាងក្រោយ។ គាត់បានទទួលមរណភាពនៅព្រឹកបន្ទាប់នៅផ្ទះ ផេទធរសុន ( Peterson House ) ដែលនៅទល់មុខនឹងរោងកុន នៅម៉ោង ០៧ និង ២២ នាទី បន្ទាប់ពីសន្លប់អស់រយៈពេល ០៩ ម៉ោងមក។ សាកសពរបស់គាត់ត្រូវបានគេយកទៅកប់នៅ ស្រ្ពីងហ្វៀល (Springfield) រដ្ឋអ៊ីលីណយ ដែលក្រោយមកភរិយានិង កូនទាំង៣របស់គាត់ក៏ត្រូវបានគេយកបញ្ចុះនៅទីនេះដែល។
សម្រាប់អ្នក ដែលគាំទ្រការរំលាយរបបទាសភាព បានចាត់ទុកគាត់ជា កំពូលមនុស្សដើម្បីសេរីភាពនៃមនុស្សលោក (Champion for Human Liberty) ជាងនេះទៅទៀត គាត់ត្រូវបានគេចាត់ទុកជាប្រធានាធិបតីដ៏អស្ចារ្យទី១ ក្នុងចំណោមប្រធានាធិបតីដ៏អស្ចារ្យទាំង ៣ របស់សហរដ្ឋអាមេរិច (២នាក់ទៀតគឺ George Washington និង Franklin D. Roosevelt) ដោយប្រជាពលរដ្ឋ និង អ្នកប្រវត្តិសាស្ត្រអាមេរិចកាំង។ នៅឆ្នាំ ២០០៥ រដ្ឋ១០ បានប្រកាសយកថ្ងៃកំណើតរបស់គាត់ធ្វើជាបុណ្យជាតិ។ លើសពីនេះទៅទៀត ប្រេសណិយ៍អាមេរិចកាំង ក៏មានតែមតម្លៃ ៤សេនជារូបគាត់ រូបនិងក្រដាសប្រាក់ ៥ដុល្លារ និងកាក់ជារូបគាត់។ រូបរបស់គាត់ក៏មាននៅពាសពេញសហរដ្ឋអាមេរិចដែរ ដូចជា វិមានអនុស្សាវរីយ៍ លីនខូន (Lincoln Memorial) នៅរដ្ឋធានី វ៉ាស៊ីនថុន ឌីស៊ី ( Washington D.C ) និងល្បីបំផុតនៅភ្នំរ៉ាសម័រ (Mount Rushmore) ដែលផ្ទៃមុខរបស់គាត់ត្រូវបានដាប់ជាប់នឹងជញ្ជាំងភ្នំ។ រឿងអស្ចារ្យរបស់គាត់ជាចុងក្រោយនោះគឺ គាត់ជាប្រធានាធិបតីអាមេរិក ដែលខ្ពស់បំផុត (១៩៥ សង់ទីម៉ែត)។
This article uses material from the Wikipedia ភាសាខ្មែរ article អាប្រាហាម លីនខូន, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.