អង្គជ័យ

ត្រសក់ផ្អែម រឺ ពញាជ័យ
ព្រះបាទ
អង្គជ័យ
រូបចំលាក់ព្រះបាទត្រសក់ផ្អែមនៅសាលារចនា
រជ្ជកាលគ.ស ១២៩០-១៣៤០
រាជ្យមុនព្រះបាទសីហនុរាជ រឺ ព្រះសែណ្ណ័ករាជ (ឯកសារមហាបុរសខ្មែរ)
រាជ្យបន្តព្រះបាទបរមនិពាន្វបទ រឺ ព្រះបាទបរមរាជារាមាធិបតី (ឯកសារមហាបុរសខ្មែរ)
ស្វាមី/មហេសីព្រះ​នាងច័ន្ទតារាវត្តី
បុត្រព្រះនិព្វានចក្រ ព្រះសិទ្ធានរាជា រឺ ព្រះសិរីរតន៍ (ឯកសារមហាបុរសខ្មែរ)
ព្រះនាមពេញ
​​ព្រះបាទ​សម្ដេច​មហាបពិត្រ​ធម្មិក​រាជា​ធិរាជ​ជា​អង្គម្ចាស់​ផែនដី​ក្រុង​កម្ពុជា​ធិបតី រឺ ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមរាជាធិរាជជ័យ (ឯកសារមហាបុរសខ្មែរ)
សន្តតិវង្សព្រះទេវង្សអស្ចារ្យ រឺ ព្រះអង្គជ័យ
បិតាព្រះបទុមរាជា
មាតាព្រះនាងសុភវត្តី
ប្រសូតគ.ស ១២២១
ភូមិភ្នំជ្រាវ គោកព្រះរាជមន្ទីរ ខេត្តសំរោងទង រឺ ខាងនិរតីនៃភ្នំប្រសិទ្ធិ (ឯកសារមហាបុរសខ្មែរ)
សុគតគ.ស ១៣៤០
មហានគរ

ព្រះបាទអង្គជ័យ រឺ ត្រសក់ផ្អែម (គ.ស ១២២១-១៣៤១) រជ្ជកាល (គ.ស ១២៩០-១៣៤១) ព្រះបាទ​សីហនុរាជ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤​បាន​សុគត​នៅ​ឆ្នាំខាល​ក្នុង​ព្រះ​ជន្ម ​៧១ ​វស្សា។​ព្រះ​អង្គ​សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា​បាន​ចំនួន​៥៣ ​ឆ្នាំ។ ថ្ងៃ១១ ​កើត​ខែ​ផល្គុន​ឆ្នាំខាល​ព.ស ​១៨៣៤ ត្រូវជា​ម.ស​១២១២ ច.ស​៦៥២ និង​ត្រូវជា​គ.ស១២៩០ តា​ត្រសក់ផ្អែម​បាន​ទទួល​រាជាភិសេក សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា។​នាកាល​នោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម៧០ ​វស្សា។​ព្រះ​អង្គ​ជា​ព្រះមហាក្សត្រ​ទី ​២៥​ហើយ​ព្រះ​អង្គ​ក៏​ជា​ព្រះមហាក្សត្រ​ដែល​បើក​យុគ្គ​សន្ដតិវង្ស​ជាន់​ថ្មីមួយទៀត​ដាច់​ស្រឡះ​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ​ដែរ។​បរម​នាម​របស់​ព្រះ​អង្គ​គឺ​ព្រះបាទ​សម្ដេច​មហាបពិត្រ​ធម្មិក​រាជា​ធិរាជ​ជា​អង្គម្ចាស់​ផែនដី​ក្រុង​កម្ពុជា​ធិបតី។​ព្រះ​អង្គ​គង់នូវ​មហានគរ​ដដែល។ ព្រះ​នាង​ច័ន្ទតារាវត្តី ​ត្រូវ​បាន​ព្រះ​អង្គ​ប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសីមាន​ព្រះ​បរម​នាម​ថា​សម្ដេច​ព្រះ​ភគវត្តី​សិរីច័ន្ទតារា​មហាក្សត្រី។ព្រះបាទ​ត្រសក់ផ្អែម​ព្រះមហាក្សត្រ​ទី​២៥ ចូល​ទិវង្គត​នៅ​ឆ្នាំរោង​ក្នុង​ព្រះ​ជន្ម​១២០ ​វស្សា ក្រោយ​ដែល​បាន​សោយរាជ្យ​៥១ ​ឆ្នាំ។ តែ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​បាន​ដល់​ទៅ​៥០០ ​វស្សា។

ប្រវត្តិតាមបែបរឿងព្រេង

នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ប្រវត្ដិ​ឬ​ឫស​គល់​ដើម​កំណើត​តា​ត្រសក់ផ្អែម​គ្មាន​បញ្ជាក់​ជា​ច្បាស់លាស់​ពិតប្រាកដ​ឡើយ។

ពង្សាវតារវត្ដ​កោកកាក​មិន​បាន​សរសេរ​បញ្ជាក់​កត់ត្រា​អំពី​ពូជ​អំបូរ​សែស្រឡាយ​ស្ដេច​អង្គ​នេះ​ឡើយ។​ព្រះ​អង្គ​នព្វរតន៍​ព្រះរាជបុត្រ​ព្រះបាទ​អង្គឌួង​ក្នុង​ពង្សាវតា​របស់​ព្រះ​អង្គ​ក៏​មិន​បាន​បកស្រាយ​អំពី​ប្រវត្ដិ​តា​ត្រសក់ផ្អែម​ដែរ។​ពង្សាវតា​ររបស់​គណៈកម្មការ​សម្ដេច​សង្ឃរាជ​ទៀង​ដែល​មានសម្ដេច​សង្ឃ​សុគន្ធ​ប៉ាន់​ជា​សមាជិក​មិន​បំភ្លឺ​រៀបរាប់​អធិប្បាយ​ត្រង់​ចំណុច​នេះ​ឲ្យ​បាន​ច្បាស់លាស់ទេ។ក្នុងសាច់រឿងតាត្រសក់ផ្អែមនេះវាក៏មាននៅក្នុងរឿងនិទានរបស់ប្រទេសជាតិជិតខាងរបស់យើងដែរ ដូចជា ភូមា សៀម និង លាវ ដែរ ប្រហែលទំនងវាជាស្លាកស្នាមដែលបន្សល់ទុកក្នុងអតីតទឹកដីអាណាចក្រខ្មែរ រឺ ក៏មិនដឹង ការកត់សំគាល់មួយទៀតរាល់ប្រទេសអស់ទាំងនេះគឺកាន់ពុទ្ធសាសនាថេរវាទដូចៗគ្នា។

ពង្សាវតារសម្ដេចវាំងជួន និង ពង្សាវតារវត្តទឹកវិល

មាន​តែ​ពង្សាវតារ​ដែល​រុះរើ​រៀបចំ​សរសេរ​សា​ជា​ថ្មី​របស់​គណៈកម្មការ​សម្ដេច​វាំង​ជួន​និង​ពង្សាវតារ​វត្ដ​ទឹកវិល​ទេ​ដែល​បាន​រៀបចំ​តាក់តែង​អធិប្បាយ​បញ្ជាក់យ៉ាង​ពិស្ដារ​អំពី​ដើម​កំណើត​ពូជពង្ស​ស្ដេច​ត្រសក់ផ្អែម។​គឺ​ក្នុង​ន័យ​ហាក់បីដូចជា​ចង់​អះអាង​ថា​ស្ដេច​អង្គ​នេះ​មាន​ឈាមជ័រ​ជាប់​ពី​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ហើយ​ព្រះ​អង្គ​ក៏​ជា​អ្នកមាន​បុណ្យ​មាន​ឫទ្ធិ​អានុភាព​ខ្លាំងពូកែ​អស្ចារ្យ ​មិន​ចាញ់​ស្ដេច​ជំនាន់​មុន​ដែរ។

តែ​ការ​រៀបចំសម្របសម្រួល​ប្រទាក់ប្រទង​ពូជពង្ស​ឲ្យ​បាន​សមរម្យ​ល្អមើល​ល្អ​ស្ដាប់​របស់​ពង្សាវតារ​ទាំង​ពីរ​មិន​ស៊ី​សង្វាក់​គ្នា​ទេ។​ដូច​ជា​បញ្ហា​ឈ្មោះ​ឫស​គល់​ដើម​កំណើត​ឪពុក​និង​កាលបរិច្ឆេទ​ផ្សេងៗ​ជាដើម៘​ទោះបីជា​មាន​ការ​ច្របូកច្របល់​ដូច្នេះ​ក៏​ដោយ​ក៏​សាច់​រឿង​ក្នុង​ពង្សាវតារ​ទាំង​ពីរ​មានដំណើរ​រឿង​ប្រហាក់ប្រហែល​ដូច​គ្នា​ដែរ។

បិតារបស់​ស្ដេច​ត្រសក់ផ្អែម​មាន​ព្រះ​នាម​ព្រះបទុមរាជា។​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ព្រះ​អង្គ​ត្រូវជា​ព្រះរាជបុត្រ​ព្រះជេដ្ឋាជ័យ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៤។​ព្រះ​អង្គ​បាន​ប្រសូត​ក្នុង​ឆ្នាំរោង​ព.ស១០៧៦ ត្រូវជា​ម.ស​៤៥៤​និង​ត្រូវជា​គ.ស៥៣៣។ ព្រះ​អង្គជា​បង​របស់​ព្រះស័ង្ខចក្រ ​ឬ​ស្ដេច​គម្លង់​ព្រះមហាក្សត្រ​ទី​១៥​ក្នុង​ឆ្នាំម្សាញ់​ព.ស ​១០៧៧ ម.ស៤៥៦​ត្រូវជា​គ.ស៥៣៤ ​ជាមួយនឹង​អ្នកម្នាងមាលាវត្តី ​ព្រះបាទ​ជេដ្ឋាជ័យ​បាន​បុត្រី​មួយ​អង្គ​ព្រះ​នាមសុភវត្តី

តែបើ​ពង្សាវតារ​សម្ដេច​វាំង​ជួន​វិញ​ព្រះ​បទុមកុមារ​ត្រូវជា​បុត្រ​ច្បង​របស់​ព្រះបាទ​ចក្រព័ត្រ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ហើយ​ត្រូវជា​បង​របស់​ស្ដេច​ពញាក្រែក​ឬ​ព្រហ្មកិល​និង​ព្រះបាទ​បក្សីចាំក្រុង។​ព្រះ​អង្គ​ប្រសូត​ក្នុង​ឆ្នាំឆ្លូវ។

ថ្ងៃមួយ​ក្នុងឆ្នាំឆ្លូវ​ដោយ​តប់ប្រមល់​ខ្វល់​រសាប់រសល់​នៅ​មិន​សុខ​មិន​សាប់​ក្នុង​ព្រះ​បរមរាជវាំង​តទៅ​មុខ​ទៀត​កើត​ព្រះ​បទុមរាជា​ក៏​សុំ​ព្រះ​បិតា​ព្រះ​ជេដ្ឋាជ័យ​ទៅ​សាង​ផ្នួស​នៅ​ភ្នំ​គូលែន។

ចំណែកឯ​ព្រះ​នាងសុភវត្តី​កាល​បាន​ព្រះ​ជន្ម១៦ ​ឆ្នាំ​បាន​ធ្វើ​ដំណើរ​កំសាន្ដ​តាម​ព្រះ​បិតា​ទៅ​លេង​មាត់សមុទ្រ។​នៅ​ពេល​ដែល​ព្រះ​នាង​កំពុង​តែ​ដើរ​ប្រពាត​ព្រៃ​លេង​ដោយ​សប្បាយ​រីករាយ​ស្រាប់តែ​មាន​ភ្លៀង​ផ្គរ​ខ្យល់ព្យុះសង្ឃរា​បោកបក់​មក​យ៉ាង​ខ្លាំងក្លា​ចំនួន​បី​យប់​បី​ថ្ងៃ​ធ្វើ​ឲ្យ​ព្រះ​នាង​វង្វេង​ក្នុង​ព្រៃ​ជ្រៅ​ម្នាក់ឯង​រក​ផ្លូវ​ច្រកចេញ​វិល​មក​ដំណាក់​មិនឃើញ។​បាត់​កូន​គ្មាន​ដំណឹង​ព្រះរាជា​ក៏​បញ្ជា​ឲ្យ​នាម៉ឺន​ពលរេហ៍​និង​ប្រជានុរាស្ដ្រ​កាប់​ឆ្ការព្រៃ​រក​បុត្រី។​កាប់​ឆ្ការ​រក​គ្រប់​ទិសទី​ទាំង​ក្នុង​ព្រៃ​ក្រំ​ថ្ម​ទាំង​មុជទឹក​រាវរក​ក្នុង​បាតសមុទ្រ​ទៀត​ក៏​គេ​នៅ​តែ​រក​ព្រះ​នាង​សុភវត្តី​មិនឃើញ។កន្លែង​ដែល​ស្ដេច​និង​ពល​សេនា​នាំ​គ្នា​កាប់​ឆ្ការព្រៃ​ជ្រាវ​រក​បុត្រី​នេះ​បាន​ជាប់​ឈ្មោះ​ថា​ភ្នំ​ជ្រាវ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ។ព្រះ​អង្គ​ខំប្រឹង​រក​បុត្រីអស់​រយៈពេល​បី​ខែ​តែ​នៅ​តែ​រក​មិនឃើញ។​ទីបំផុត​ដោយ​ក្ដី​អស់សង្ឃឹម​ព្រះមហាក្សត្រ​ក៏​សម្រេច​ចិត្ដ​នាំ​នាម៉ឺន​មន្ដ្រី​ពល​រេហ៍​និង​បរិវារ​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​មហានគរ​វិញ។

ចំណែក​ព្រះ​នាង​សុភវត្តី​ព្រះ​នាង​វង្វេង​វង្វាន់​លែង​ដឹង​ទិស​តំបន់​អ្វី​ទាំងអស់​ក្នុង​ព្រៃ​ជ្រៅ​ស្ងាត់ជ្រងំ​ភ្នំ​ជ្រាវ។​នាង​រសាត់អណ្ដែត​ភ័យ​ព្រួយ​កំសត់​វេទនា​តែ​ម្នាក់ឯង​គ្មាន​ទិស​ដៅ​និង​គ្មាន​ទីពឹង​ពំនាក់។​ដោយ​ស្រេកឃ្លាន​ខ្លាំង​ពេក​ព្រះ​នាង​បាន​លូកដៃ​ទៅ​ក្បង់ទឹក​ដក់​ក្នុង​ដានជើង​ដំរី​យក​មក​សោយ​ចម្អែតកាយ​តែ​នេះ​ជា​ទឹកនោម​ដំរី​ស។​មិនយូរ​ប៉ុន្មាន​អស្ចារ្យ​ណាស់​ព្រះ​នាង​សុភវត្តី​ចាប់ផ្ដើម​ទ្រង់​គភ៌។​នាកាល​សម័យ​នោះ​ព្រះ​នាង​បាន​ទទួល​ការ​ទំនុកបម្រុង​ជួយ​យកអាសា​អំពី​សំណាក់​អ្នកស្រុក​អ្នក ​ភូមិ​ភ្នំ​ជ្រាវ​ដែល​បាន​សង់​សំណាក់​មួយ​ថ្វាយ​ទុក​គ្រាន់​នឹង​សម្រាក​ជ្រកកោន​សំណាក់នៅ។​កន្លែង​សំណាក់​នោះ​ជាប់​ឈ្មោះ​គោក​ព្រះរាជ​មន្ទីរ​រហូត​មក​ដល់​បច្ចុប្បន្ន។​ក្នុង​ឆ្នាំថោះ​ព្រះ​នាង​សុភវត្តី​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ដែល​ព្រះ​នាង​ដាក់​ឈ្មោះ​ឲ្យ​ថា​ពញាជ័យ។

បើ​តាមពង្សាវតារ​វត្ដ​ទឹកវិល​ដដែល​នៅ​ឆ្នាំមមែ​កាលនោះ​ព្រះ​នាង​បាន​ជន្ម​៦៥​វស្សា​ហើយ​ពញាជ័យ​បាន​អាយុ​៤៩​ឆ្នាំ​ទាំង​ពីរ​នាក់​ម្ដាយ​និង​កូន​នាំ​គ្នា​មក​រស់នៅ​ក្នុង​ម្ដុំ​ផ្សារ​នា​ជើងភ្នំ​រូង​ឬ​ភ្នំ​ប្រសិទ្ធិ។​ដើម្បី​ចិញ្ចឹមជីវិត​ពញាជ័យ​បាន​តាក់តែង​បង្កើត​ឲ្យ​មាន​ជា​ល្បែង​លេងសើច​និង​ប្រគំ​វង់ភ្លេង​តន្ដ្រី។

រី ​ព្រះ​បទុមរាជា​ឬ​បទុមកុមារ​ដែល​ទៅ​សាង​ផ្នួស​នៅ​ភ្នំ​គូលែន​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​បាន​និមន្ដ​មក​គង់នៅ​ភ្នំខ្ចោល​(ស្ថិត​នៅខេត្តកំពង់ឆ្នាំង ​ជិត​ជួរ​ភ្នំក្រវាញ)។ ថ្ងៃមួយ​ដែល​ព្រះ​អង្គ​កំពុង​តែ​ស្មឹងស្មាធិ៍​ភាវនា​ធម៌​តាំងសីល​ព្រះ​អង្គ​ស្ដាប់​សូរ​សត្វ​និយាយ​ជជែក​គ្នា​ថា​“គួរ​ឲ្យ​អាណិត​ព្រះសង្ឃ​អង្គ​នេះ​ណាស់​ព្រះ​អង្គ​គ្មាន​ប្រពន្ធ​កូន​សម្រាប់​បន្ដ​ពូជពង្ស​វង្សត្រកូល​តទៅ​អនាគត​ដូច​គេឯង​ឯទៀត​ឡើយ។​សូម្បី​ព្រះពុទ្ធ​អង្គ​បរមគ្រូ​ម្លេះ​ក៏​មាន​មហេសី​និង​កូន​ដែរ​មុន​នឹង​សាង​ព្រះ​ផ្នួស” (ត្រង់កន្លែងនេះដូចជាឈុតមួយក្នុងរឿងរាមកេរ្តិ៍ខ្មែរ ដែលឥសីបានជប់ភរិយាដោយសារតែលឺសត្វចចារដល់ឥសីហើយដែលភរិយារបស់ឥសីកើតបានជា សុគ្រីព ពាលី ត្រូវជាកូនព្រះឥន្ទ និងព្រះព្រហ្ម ហើយ នាងស្វាហាយ ជាកូនឥសី)។ ស្ដាប់​យល់​ឃើញ​ថា​សត្វ​និយាយ​ត្រឹមត្រូវ​ចំ​ល្អ​ព្រះ​បទុមរាជា​ក៏​សឹក​ចាក​សិក្ខាបទ​ហើយ​ចាកចេញ​ធ្វើ​ដំណើរ​ទៅ​រក​គូស្រករ​រៀបចំ​យក​ព្រះ​នាង​សុភវត្តី​ជា​មហេសី (បើតាម​ព្រះរាជពង្សាវតារ​ខេម្មរឡេកឱង្ការ​របស់​គណៈកម្មការ​មួយ​ទៀត តែងតាំង​ដោយ​ព្រះបាទ​នរោត្ដម ក្នុង​គ.ស ​១៩០៣ ព្រះសង្ឃ​ដែល​បាន​មក​យក​ព្រះ​នាង​សុភវត្តី​ធ្វើ​ជា​ភរិយា​ត្រូវជា​សិស្សព្រះសង្ឃ​ធុតង្គ​នៅ​ភ្នំ​ខ្ចោល)។

ត្រង់នេះ​ពង្សារតារវត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ទេវតា​បាន​បំបាំង​ខ្លួន​ចុះ​មក​និយាយ​ប្រាប់​ឲ្យ​ព្រះ​បទុមរាជា​លាចាក​សិក្ខាបទ​ហើយ​ត្រូវ​រៀប​ការ​ជាមួយនឹង​ព្រះ​នាង​សុភវត្តី​ដើម្បី​បន្ដ​ពូជពង្ស​នៅ​អនាគត (ដូច្នេះបើតាម​ពង្សាវតារ​វត្ត​ទឹកវិល ព្រះ​បទុមរាជា និង​ព្រះនាង​សុភវត្តី ត្រូវ​ជា​បង​ប្អូន​បង្កើត។ បើតាម​ពង្សាវតារ​សម្ដេច​វាំង​ជួន ព្រះនាង​សុភវត្តី​ត្រូវ​ជា​ម្ដាយមីង​បង្កើត​របស់​ព្រះ​បុទមរាជា)។​កាលណា​បំពេញ​សកម្មភាព​មាន​កូនចៅ​ហើយ​នោះ​ទើប​ព្រះ​អង្គ​អាច​យាង​ត្រលប់​មក​សាង​ផ្នួស​វិញ​បាន។​ស្ដាប់​ចង​ចាំ​គ្រប់​អស់​សេចក្ដី​ព្រះ​បទុមរាជា​មិនយឺត​យាវ​បង្អាក់​បង្អង់​យូរ​ឡើយ​ព្រះ​អង្គ​ក៏​ហោះហើរ​ជ្រែក​ទឹក​ជ្រែក​ដី​មក​រក​រួមរក្ស​មេត្រី​សោយសុខ​សប្បាយ​ជាមួយនឹង​ព្រះ​នាង​សុភវត្តី​តាម​ពាក្យ​បណ្ដាំ​របស់​ទេវតា។​បន្ទាប់​មក​កាល​ព្រះ​នាង​សុភវត្តី​ទ្រង់​គភ៌​បាន​៥​ខែព្រះ​បទុមរាជា​ក៏​រៀបចំ​ខ្លួន​ធ្វើ​ដំណើរ​ចាកចោល​ព្រះ​នាង​ត្រលប់​ទៅ​សាង​ផ្នួស​វិញ។ តែ​បើ​តាម​ពង្សារតារ​សម្ដេច​វាំង​ជួន ព្រះ​បទុមរាជា​បាន​យាង​ទៅ​សាងផ្នួស​វិញ នៅ​ពេល​ដែល​ព្រះនាង​សុភវត្តី​បាន​ប្រសូត​បុត្រ​រួចហើយ ហើយ​ព្រះរាជបុត្រ​នោះ​ក៏​បាន​ធំ​ពេញវ័យ​បន្តិច​ហើយ​ដែរ។​មុន​នឹង​ចេញដំណើរ​ព្រះ​អង្គ​បាន​ប្រគល់​ដំបង​មួយ​ឲ្យ​ទៅ​ព្រះ​នាង​ដោយ​មាន​បន្ទូល​ថា​“កាលណា​កូន​ធំ​ឡើង​ហើយ​បើ​វា​ចង់ទៅ​រក​ឪពុក​ត្រូវ​ប្រគល់​ដំបង​នេះ​ឲ្យទៅ​កូន​ដើម្បី​ទុកជា​ចំណាំ”។

ផ្ដាំផ្ញើ ​រួច​ស្រេចបាច់​ហើយ​កាលណា​ព្រះ​បទុមរាជា​លា​ព្រះ​នាង​សុភវត្តី​ជា​ភរិយា​ត្រលប់​ទៅ​បួស​ជា​សង្ឃ​ដូចដើម​វិញ។ព្រះ​អង្គ​បាន​តាំងសីល​រៀនសូត្រ​ចេះ​ចង​ចាំ​មន្ដអាគម​គ្រប់មុខ​វិជ្ជាការ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​ចេះ​បំបាំង​ខ្លួន​មើល​មិនឃើញ​ចេះ​ជ្រែក​ទឹក​ជ្រែក​ដី​ហើយ​ចេះ​ប្រស់​មនុស្ស​ស្លាប់​ឲ្យ​រស់រាន​មានជីវិត​ឡើង​វិញ៘​និង ៘

ឆ្នាំវក ​ព្រះ​នាង​សុភវត្តី​ទ្រង់​គ្រប់​ខែ​គ្រប់​ថ្ងៃ​ប្រសូត​បាន​រាជបុត្រ​មួយ​ព្រះ​អង្គ​ដែល​ព្រះ​នាង​ដាក់​ឈ្មោះ​ថាពញាសួស។ ​តែ​ពង្សាវតារ​សម្ដេច​វាំង​ជួនបាន​សរសេរ​ថា​ព្រះរាជបុត្រ​នេះ​ឈ្មោះ​ចៅតា​ហើយ​បាន​ប្រសូត​ក្នុង​ឆ្នាំម្សាញ់។​ពញាសួស​ឬ​ចៅតា​មាន​រូបសម្បត្តិ​ល្អល្អាច់​និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​ឈ្លាសវៃ​ណាស់។​អាយុ​៧​ឆ្នាំ​ពញាសួស​ឬ​ចៅតា​បាន​សាកសួរ​ចង់​ដឹង​អំពី​ប្រវត្ដិ​របស់​ឪពុក។​ព្រះ​នាង​សុភវត្តី​បាន​និទាន​រៀបរាប់​ប្រាប់​ប្រវត្ដិ​ទាំង​ប៉ុន្មាន​ឲ្យកូន​សណ្ដាប់។​ព្រះ​នាង​បាន​និយាយ​អំពី​ដំបង​ដែល​ព្រះ​បទុមរាជា​ជា​ឪពុក​បាន​ទុកជា​របស់​សម្រាប់​ចំណាំ​ដែរ។​ស្ដាប់​យល់​ដឹង​ឮ​អស់​សេចក្ដី​ពញាសួស​ឬ​ចៅតា​និង​ពញាជ័យ​ជា​បង​ក៏​សុំ​លា​ម្ដាយ​ទៅ​រក​ឪពុក។​ព្រះ​អង្គ​បាន​យក​ដំបង​សំគាល់ខ្លួន​ទៅ​ជាមួយ​ដែរ។​នៅ​ទីបំផុត​អ្នក​ទាំង​ពីរ​បាន​ទៅ​ជួបនឹង​ព្រះ​បិតា​ដូច​ក្ដី​បំណង។​គ្រានោះ​គឺ​ចំ​ពេល​ដែល​ព្រះ​បទុមរាជា​កំពុង​ខឹង​ខ្ញាល់​យ៉ាង​ខ្លាំ​ង​នឹង​ព្រះ​ស័ង្ខចក្រ​ឬ​ស្ដេច​គម្លង់​ដែល​បាន​សម្លាប់​សិស្ស​ជំនិត​ព្រះ​អង្គ​ដែល​ព្រះ​អង្គ​បាន​បញ្ជូន​ឲ្យទៅ​ជួយ​ព្យាបាលជំងឺ​ឃ្លង់​ភ្លើង។​ព្រះ​បទុមរាជា​ឃើញ​យល់​ច្បាស់​ថា​ជា​កូន​ព្រះ​អង្គ​ពិតប្រាកដ​ហើយ​ព្រះ​អង្គ​ក៏​រៀបរាប់​ប្រាប់​ប្រវត្ដិ​ឲ្យ​ដឹង​អស់​នូវ​ពូជពង្ស​សែស្រឡាយព្រះ​អង្គជា​ក្សត្រ។​ព្រះ​អង្គ​បាន​ប្រដែប្រដៅ​កូន​ទាំង​ពីរ​ថា​“កូន​ទាំង​ពីរ​មិន​ត្រូវ​ទៅ​លុតក្រាប​សុំ​បុណ្យ​ស្ដេច​ពាល​អង្គ​ហ្នឹង​ទេ​! ៤០០​ឆ្នាំទៀត កូន​នឹង​បាន​ឡើង​គ្រង​រាជសម្បត្តិ​ប្រទេស​កម្ពុជា​ជា​មិន​ខាន​! ដើម្បី​បន្ដ​ព្រះរាជ​វង្ស​យើង​ទៅ​អនាគត”។ ព្រះ​បទុមរាជា​ព្រះ​អង្គ​បាន​ប្រក់ព្រំ​ប្រសិទ្ធិ​ពរជ័យ​ដល់​កូន​ទាំង​ពីរ​ឲ្យ​បានសេចក្ដីសុខ​ចម្រុងចម្រើន​មាន​អាយុ​វែង​យឺនយូរ។​ហើយ​ជា​ចំណង​ដៃ​ដល់​កូន​ព្រះ​អង្គ​បាន​ប្រគល់​ឲ្យ​ដុំ​ថ្ម​ដែក​និង​គ្រាប់​ពូជ​ត្រសក់​៧​គ្រាប់​ម្នាក់​សម្រាប់​យក​ទៅ​ដាំ​ចិញ្ចឹមជីវិត (ពង្សាវតារ​សម្ដេច​វាំង​ជួន​សរសេរ​ថា ព្រះ​បទុមរាជា​បាន​ឲ្យ​គ្រាប់​ត្រសក់​៣​គ្រាប់​ទៅ​ឲ្យ​កូន​ម្នាក់ៗ)។​ព្រះ​អង្គ​ផ្ដាំ​ទៀត​ថា​ត្រូវ​ទៅ​ធ្វើ​ចម្ការ​ដាំ​ត្រសក់​នៅ​ឯ​ខេត្ដ​គោកសេះ។ដូច្នេះ​ហើយបានជា​រៀង​រហូត​មក​មាន​ឈ្មោះ​ចម្ការសួស​ចម្ការជ័យ​ចម្ការ​ត្រសក់ផ្អែម​ដែល​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ចម្ការ​អ្នកអែម។

យូរ​ឆ្នាំ​ក្រោយមក​ព្រះ​នាង​សុភវត្តី​បាន​ចូល​ទិវង្គត​ដោយ​ជំងឺរោគាព្យាធិ​ចាស់ជរា។​បុត្រ​ទាំង​ពីរពញាជ័យ​និងពញាសួស​បាន​រៀបចំ​ធ្វើបុណ្យ​ថ្វាយ​ព្រះ​មាតា​តាម​ទំនៀមទម្លាប់​ប្រពៃណី​របៀប​ជា​រាស្ដ្រ​សាមញ្ញ។

ពញាជ័យ ​និង​ពញាសួស​ក្រោយ​ដែល​ទៅ​រស់នៅ​ខេត្ដ​គោកសេះ​អស់​រយៈពេល​បី​ឆ្នាំដោយ​ក្ដី​អផ្សុក​នឹកនា​ដល់​មិត្ដ​ភ័ក្ដិ​ជិត​ស្និទ្ធ​ញាតិសន្ដាន​ក៏​បាន​នាំ​គ្នា​វិល​ត្រលប់​មក​រស់នៅ​ភ្នំ​រូង​កន្លែង​ចាស់​វិញ។​បងប្អូន​ទាំង​ពីរ​នាក់​នាំ​គ្នា​ដាំ​ត្រសក់​លក់​ដោះ​ដូរ​រកស៊ី​ដើម្បីចិញ្ចឹមជីវិត (បើតាម​ពង្សាវតារ​សម្ដេច​វាំង​ជួន ចម្ការ​ត្រសក់​នេះ​ស្ថិត​នៅ​ភ្នំ​ជ្រាវ)។​ត្រសក់​ទាំងនោះ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា​ខុស​ប្លែក​ពី​ធម្មតា​បណ្ដាល​ឲ្យ​មនុស្សម្នា​ជិត​ឆ្ងាយ​ចូល​ចិត្ដ​និយម​មក​ទិញ​ដូរ​ហូរហែ​ជាប់​រដឹក។​ដោយសារ​ត្រសក់​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ខុស​គេ​មិន​ដែល​មាន​ទើប​បានជា​គេ​ដាក់​ងារ​ឲ្យ​ពញាជ័យ​ថា​នាយ​ត្រសក់ផ្អែម​ឬ​តា​ត្រសក់ផ្អែម។​ប្រជាពលរដ្ឋ​ជា​ច្រើន​ស្រឡាញ់​រាប់អាន​ពញាជ័យ​និង​ពញាសួស​ហើយ​ចូល​រួបរួម​ធ្វើ​បក្សពួក​ជាមួយ។​អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​បាន​បង្ហាត់បង្រៀន​អ្នកស្រុក​អ្នក​ភូមិ​ឲ្យ​ចេះ​លេងភ្លេង​ប្រគំ​តូរ្យតន្ដ្រី​ដែរ។​កេរ្ដិ៍ឈ្មោះ​នាយ​ត្រសក់ផ្អែម​ចេះ​តែ​ល្បីល្បាញ​ឮ​សូរ​ខ្ចរខ្ចាយ​បន្ដិច​ម្ដងៗ​ទៅ​គ្រប់​ទិស​ទី​ក្នុង​ខេត្ដ​ខណ្ឌ។

ថ្ងៃមួយ ​ក្របី​បាន​ដើរ​ចូល​មក​ស៊ី​ចម្ការ​ត្រសក់ផ្អែម​ពញាជ័យ​និង​ពញាសួស។​ឃើញ​ដូច្នោះ​ចៅតា ឬ​នាយ​ត្រសក់ផ្អែម​ក៏​ឆក់​យក​ដុំ​ថ្ម​ដែក​ដែល​ឪពុក​បាន​ចងដៃ​គប់​ចោល​ទៅ​លើ​ក្របី។រំពេច​ភ្លាម​នោះ​ក្របី​ក៏​ដួល​ងាប់​នៅ​នឹង​កន្លែង​ដោយសារ​ដុំ​ថ្ម​ដែក​បុក​ប៉ះ​ចំ​ឆ្អឹងជំនី​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។​ម្ចាស់​ក្របី​ក៏​យក​រឿង​នេះ​ទៅ​ប្ដឹង​ដល់​ចៅក្រម​ឲ្យ​ជួយ​វិនិច្ឆ័យ​រក​យុត្ដិធម៌​និង​បង្ខំ​នាយ​ត្រសក់ផ្អែម​ឲ្យ​សង​ក្របី​វិញ។​នាយ​ត្រសក់ផ្អែម​ដោះសា​ថា​នាយ​គ្មាន​បំណង​នឹង​សម្លាប់​ក្របី​នោះ​ទេ​នាយ​គ្រាន់តែ​ដេញ​និង​ចោល​ដុំ​ថ្ម​កំញើញ​ប៉ុណ្ណោះ។​ហើយ​ក្របី​ដែល​ត្រូវ​ធ្លាយ​ឆ្អឹងជំនី​ងាប់​នោះ​គឺ​បណ្ដាល​មក​ពី​កម្ម​របស់​វា​ពី​ជាតិ​មុន​តែ​ប៉ុណ្ណោះ។​ចៅក្រម​បង្គាប់​ឲ្យ​នាយ​ត្រសក់ផ្អែម​សង​ក្របី​វិញ។​តែ​នាយ​មិន​ព្រម​ហើយ​សុំ​តវ៉ា​ឡើង​ទៅ​ថ្នាក់លើ​ទៀត។

ដោយ ​បញ្ហា​ចោទប្រកាន់​និង​ដោះសា​ពិបាក​ស្មុគស្មាញ​ពេក​ចៅក្រម​និង​នាម៉ឺន​មន្ដ្រី​មិន​ហ៊ាន​កាត់​សេចក្ដី​សំណុំរឿង​នេះ​ឡើយ​ហើយ​ក៏​លើក​ទៅ​ទូល​ថ្វាយ​ព្រះរាជា​ឲ្យ​សម្រេច ។​ព្រះមហាក្សត្រ​ព្រះ​សីហនុរាជ​ទ្រង់​បញ្ជា​ឲ្យ​នាម៉ឺន​អាមាត្យ​រៀប​ធ្វើការពិសោធន៍​ជីក​អន្លង់​ហើយ​យក​ខ្មោច​ក្របី​(ពង្សាវតារ​វត្ដ​ទឹកវិល​បញ្ជាក់​ថា​គឺ​ក្របី​រស់​ទេ​ដែល​ស្ដេច​បាន​យក​មក​ពិសោធ) មក​ចង​ភ្ជាប់​នឹង​បង្គោល​ឈើ។​បន្ទាប់​មក​ព្រះ​អង្គ​បង្គាប់​ឲ្យ​នាយ​ត្រសក់ផ្អែម​យក​ដុំ​ថ្ម​ដែក​គប់​ទៅ​លើ​ពោះ​ក្របី​ពោះ​ក្របី​ក៏​ត្រូវ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ដូច​លើក​មុន​មែន។ព្រះមហាក្សត្រ​ឃើញ​ហេតុការណ៍​ដ៏​អស្ចារ្យ​កើត​មាន​ដូច្នេះ​ក៏​កាត់សេចក្ដី​ឲ្យ​នាយ​ត្រសក់ផ្អែម​រួចខ្លួនដោយ​មាន​បន្ទូល​ថា​“នេះ​ជា​កម្ម​ពី​អតីត​របស់​សត្វ​ក្របី”។

ព្រះមហាក្សត្រ ​ដែល​បាន​ភ្លក់​ត្រសក់​ពញាជ័យ​ពញាសួស​បាន​ស្គាល់​រសជាតិ​ថា​ផ្អែម​ឆ្ងាញ់​ពិសា​ខុស​ពី​ត្រសក់​ធម្មតា​មែន។ចាប់ពី​ថ្ងៃ​នោះ​មក​ព្រះ​អង្គ​បង្គាប់​ឲ្យ​បងប្អូន​ទាំង​ពីរ​នាក់​បេះ​ត្រសក់​យក​មក​ថ្វាយ​ព្រះ​អង្គ​តាម​រដូវ។​ព្រះ​អង្គ​បាន​ដាក់​ងារ​ឲ្យ​ថា​នាយ​ត្រសក់ផ្អែម​ទទួល​បេសកកម្ម​ដាំ​ថែរក្សា​ការពារ​និង​បេះ​ត្រសក់ផ្អែម​សម្រាប់​ព្រះមហាក្សត្រ។ព្រះ​អង្គ​បាន​បង្គាប់ពួក​ក្រុម​ជាង​ស្មិត​ឲ្យ​យក​ដុំ​ថ្ម​ដែក​នោះ​សិត​ធ្វើ​ជា​លំពែង​ហើយ​ប្រគល់​ទៅ​នាយ​ត្រសក់ផ្អែម​ទុក​ចាំ​យាម​ការពារ​ចម្ការ។​ព្រះ​អង្គ​ថែម​ទាំង​បញ្ញត្តិ​ប្រកាស​ផ្ដល់​អំណាច​ដល់​នាយ​ត្រសក់ផ្អែម​អាច​ប្រហារជីវិត​ជន​ណា ​ឬ​សត្វ​ណា​ដែល​ហ៊ាន​ចូល​មក​ឈ្លានពាន​ស៊ី​ចម្ការ​និង​លួច​ត្រសក់ផ្អែម​ដោយ​គ្មាន​ទោសពៃរ៍​អ្វី​ទាំងអស់។​បទបញ្ជា​ស្ដេច​នេះនាម៉ឺន​មន្ដ្រី​តូច​ធំ​និង​ប្រជានុរាស្ដ្រ​ជិត​ឆ្ងាយ​ដឹង​ឮ​គ្រប់ៗ​គ្នា។

ថ្ងៃមួយ ​មិនដឹង​ពិភាល់​មក​អំពី​ហេតុ​អ្វី​ស្រាប់តែ​ព្រះបាទ​សីហនុរាជ​បញ្ជា​ឲ្យ​សព្វ​មុខមន្ដ្រី​ពល​សេនា ​បរិវារ​រៀបចំ​ក្បួន​ដង្ហែ​ព្រះ​អង្គ​ទៅ​ក្រសាល​លំហែកាយ​តាម​ព្រៃ​ភ្នំ​ក្នុង​ខេត្ដ​សំរោង​ទង​ហើយ​បាន​ឈប់​បោះ​ពន្លាជ័យ​នៅ​ម្ដុំ​ខាងជើង​ចម្ការ​ត្រសក់​នាយត្រសក់ផ្អែម។​នៅ​គង់​ប្រថាប់​លេង​ទី​នេះ​ស្រាប់តែ​ព្រះ​អង្គ​កើត​មានចិត្ដ​មន្ទិល​សង្ស័យ​មិន​អស់ចិត្ដ​នឹង​ការ​ស្មោះត្រង់​របស់​នាយ​ត្រសក់ផ្អែម​ខ្លាចក្រែង​នាយ​បេះ​ត្រសក់​យក​ទៅ​លក់ដូរ​ឲ្យ​អ្នក​ផ្សេង​ដទៃ។ពេល​យប់ព្រះ​សីហនុរាជ​នាំ​មហាត្លឹក​ជំនិត​ពីរ​នាក់​ទៅ​ជាមួយ​ដើម្បី​ស៊ើប ​លប​លួច​ចូល​ក្នុង​ចម្ការ​ត្រសក់​រង់ចាំ​មើល​កាយវិការ​នាយ​ត្រសក់ផ្អែម។​ព្រះ​អង្គ​ចូល​ទៅ​ដល់​ទួល​មួយ​ក្នុង​ចម្ការ។​គ្រានោះ​នាយ​ត្រសក់ផ្អែម​មិន​ទាន់​ដេក​លង់លក់​នៅឡើយ​ទេ។​នាយ​កំពុង​លេងភ្លេង​លំហែកាយ។​ទោះជា​កំពុង​លេងភ្លេង​ក៏​ដោយ​ក៏​ភ្នែក​នាយ​រំពៃមើល​យាម​ចម្ការ​ត្រសក់​ដែរ។​ភ្លាម​នោះ​នាយ​មើលឃើញ​ស្រមោល​មនុស្ស​កំពុង​តែ​ដើរ​លប​លួច​ចូល​ក្នុង​ចម្ការ។​ស្មានថា​ចោរ​មិន​បង្អង់​យូរ​នាយ​ត្រសក់ផ្អែម​ចាប់​យក​លំពែង​គប់​ចោល​ភ្លែត​សំដៅ​ស្រមោល​នោះ។​ផ្លែ​លំពែង​បាន​បុក​ទម្លុះ​ធ្លាយ​ចំ​ដើមទ្រូង​ស្ដេច​សីហនុ​សុគត​ក្នុង​ពេល​នោះ​ភ្លាម​ទៅ។​នាយ​ត្រសក់ផ្អែម​ឃើញ​មនុស្ស​ដេក​ដួល​ស្លាប់​នៅ​នឹង​កន្លែង​ក៏​យក​ភ្លើង​មក​ឆ្លុះ​មើល។​ស្រាប់តែ​នាយ​ឃើញ​ជាក់ច្បាស់​ថា​ចោរ​នោះ​គ្មាន​ន​ណា​ក្រៅពី​ស្ដេច​ឡើយ។​នាយ​ភ័យ​តក់ស្លុត​ឥតឧបមា​ស្រែក​ដង្ហោយ​យំ​នឹក​ស្រណោះ​ព្រះករុណា។​កន្លែង​ដី​ទួល​ដែល​តា​ត្រសក់ផ្អែម​ចាក់​សម្លាប់​ស្ដេច​បាន​ជាប់​ឈ្មោះ​ជារៀង​រហូត​មក​ថាទួលចាក់ស្ដេច។

ព្រះបាទ​សីហនុរាជ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤​បាន​សុគត​នៅ​ឆ្នាំខាល​ក្នុង​ព្រះ​ជន្ម៧១ ​វស្សា។​ព្រះ​អង្គ​សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា​បាន​ចំនួន​៥៣ ​ឆ្នាំ។

មហាត្លឹក ​ទាំង​ពីរ​ឃើញ​ដូច្នោះ​ភ័យ​ស្លន់ស្លោ​រត់​ប្រាស​យករួចខ្លួន​ហើយ​យក​រឿងរ៉ាវ​ព្រឹត្ដិការណ៍​ទាំង​ប៉ុន្មាន​ទៅ​ប្រាប់​អស់​គ្រប់​នាម៉ឺនមុខមន្ដ្រី​តូច​ធំ​ក្នុង​នគរ។​នាម៉ឺន​មុខមន្ដ្រី​តូច​ធំ​គ្រប់​ជាន់ថ្នាក់​ក្រុម​បុរោហិត​ហោរា​និងអាចារ្យ​ដែល​ដង្ហែ​តាម​ស្ដេច​បាន​នាំ​គ្នា​ទៅ​ដល់ទី​កន្លែង​ស្ដេច​សុគត​ឃើញ​ពិត​ដូចដែល​អាមាត្យ​បាន​អធិប្បាយ។​អ្នក​ទាំងនោះ​ប្រជុំ​ពិភាក្សា​វែកញែក​ប្ដូរ​យោបល់​គ្នា​ទៅ​យល់​ឃើញ​ថា​នេះ​ជា​កម្ម​របស់​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ។​កម្មនេះ​បាន​នាំ​ឲ្យ​ព្រះ​អង្គ​គិត​យល់​ខុស​ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ​អង្គ​អស់ព្រះជន្ម។​ដូច្នេះ​គេ​មិន​អាច​ទម្លាក់​កំហុស​ទៅ​លើ​នាយ​ត្រសក់ផ្អែម​បាន​ឡើយ។

នាម៉ឺន ​មន្ដ្រី​ទាំងអស់​បាន​កត់​សម្គាល់ថា​ព្រ​រាជវង្ស​ព្រះមហាក្សត្រ​ព្រះ​សីហនុ​ត្រូវ​ចប់​ដោយ​គ្មាន​អ្នក​ស្នងរាជ្យ​បន្ដ​ហើយ​ក៏​មូលមតិ​គ្នា​យល់​ថា​នាយ​ត្រសក់ផ្អែម​ជា​មនុស្ស​មានបុណ្យ​ធំ​អស្ចារ្យ​មាន​ដូច​កាល​រឿង​សម្លាប់​ក្របី​ជា​ភ័ស្ដុតាង។គាត់​មាន​មាឌធំ​ដំបង​ហើយ​កាល​គាត់​ដេក​លក់​ម្ដងៗ​គាត់​ស្រមុក​លាន់ឮ​រំពង​ដូច​ផ្គរ​(ពង្សាវតារ​របស់​ព្រះ​អម្ចាស់​នព្វរត្ន)។ ម្យ៉ាងវិញទៀត​គេ​យល់​ថាពញាជ័យ​និង​ពញាសួស​ពីរ​នាក់​បងប្អូន​នេះ​មាន​អាយុ​វែង​ជាង​មនុស្ស​ធម្មតា​មាន​លំពែង​មុតមាំ​ខ្លាំងពូកែ​ជាប់​វង្ស​ត្រកូល​ជា​ក្សត្រ​ហើយ​ប្រជាជន​ជិត​ឆ្ងាយ​ស្រឡាញ់​គោរព​រាប់អាន​ចុះចូល​ជា​ច្រើន(ពង្សាវតារ​វត្ដ​ទឹកវិល)។ ដូចនេះ​គួរ​ថ្វាយ​រាជសម្បត្តិ​នគរ​ខ្មែរ​ដល់​តា​ត្រសក់ផ្អែម។​ព្រឹក​ព្រហាម​នាម៉ឺន​មុខមន្ដ្រី​តូច​ធំ​គ្រប់​ជាន់ថ្នាក់​ព្រមទាំង​ក្រុម​បុរោហិត​ហោរា​និង​អាចារ្យ​បាន​នាំ​គ្នា​រៀបចំ​ក្បួន​មក​ដង្ហែ​សុំ​យាង​តា​ត្រសក់ផ្អែម​ឲ្យ​ឡើង​សោយរាជ្យ។​តែតា​ត្រសក់ផ្អែម​មិន​ព្រម​ទទួល​ពីព្រោះ​កាលណា​ឡើង​ធ្វើ​ស្ដេច​ទៅ​រស់នៅ​ក្នុង​វាំង​គាត់​លែង​បាន​ជួបជុំ​មិត្ដ​ភ័ក្ដិ​លែង​បាន​លេងភ្លេង​ប្រគំ​តូរ្យតន្ដ្រី​លែង​បាន​ស្ដាប់​សំឡេង​គោក្របី​បក្សាបក្សី​ហ៊ីង​កង្កែប​យំ​ទៀត​ហើយ។​នាម៉ឺន​មន្ដ្រី​ទាំងឡាយ​នាំ​គ្នា​អង្វរករ​ហើយ​សន្យា​ថា​នឹង​រៀបចំ​ឲ្យ​មាន​ប្រគំ​ភ្លេង​តូរ្យតន្ដ្រី​រៀងរាល់ថ្ងៃ​រាល់ពេល​វេលា​នៅ​ក្នុង​បរមរាជវាំង។

ល្បែង និង សិល្បៈ

ល្បែង​និង​បទភ្លេង​​ដែល​ពញាជ័យ​បាន​បង្កើត​តាក់តែង​មាន​ដូចជាៈ

  • ១-របាំ​ស្នែងទន្សោង​
  • ២-របាំ​កន្តែរ៉ែ​
  • ៣-ល្បែង​ដាំដូង​
  • ៤-ល្បែង​សួព្រ័ត្រ​
  • ​៥-ល្បែង​ចូល​ភ្លើង​
  • ៦-បទភ្លេង​ប៉ីកែវ​
  • ៧-ល្បែង​វាយ​ដំបង​
  • ​៨-ល្បែង​គ្រវែង​ត្បាល់​
  • ៩-ល្បែង​ហក់​ដាវ​
  • ១០-ល្បែង​ឡើង​ដាំដូង​
  • ១១-ល្បែង​យោលទោង​
  • ១២‑ល្បែង​របាំ
  • ១៣-ល្បែង​ស្ដេចចង់​
  • ១៤‑ល្បែង​ទល់អង្រែ​
  • ១៥-ល្បែង​ទាញព្រ័ត្រ​
  • ​១៦‑ល្បែង​អន្ទាក់​កាច់​
  • ១៧-ល្បែង​លោតអន្ទាក់​
  • ១៨‑ល្បែង​លាក់កន្សែង ​(ពង្សាវតារ​វត្ដ​ទឹកវិល)។

ការឡើងសោយរាជ្យ

នៅទីបំផុត​តា​ត្រសក់ផ្អែម​ក៏​យល់ព្រម​តាម​ការ​អង្វរ​របស់​ក្រុម​នាម៉ឺន​មន្ដ្រី​សុខចិត្ដ​ឡើង​សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា។​រាជការ​វាំង​តូច​ធំ​គ្រប់​ជាន់ថ្នាក់​ក្បួនទ័ព​សេនាបតី​សេះ​ដំរី​វង់ភ្លេង​តូរ្យតន្ដ្រី​ត្រូវ​បាន​រៀបចំ​ដើម្បី​ដង្ហែ​តា​ត្រសក់ផ្អែម​និង​ពញាសួស​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ព្រះរាជធានី​មហានគរ។​តា​ត្រសក់ផ្អែម​បាន​យក​លំពែង​ដែល​បាន​ប្រហារ​ជីវិត​ព្រះ​សីហនុរាជ​ទៅ​ជាប់​ជាមួយ​ដែរ។​លំពែង​នេះ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថាលំពែង​ជ័យ។​មិនតែប៉ុណ្ណោះ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​​នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​រៀបចំ​ឲ្យ​តា​ត្រសក់ផ្អែម​រៀប​ការ​ជាមួយនឹង​ព្រះ​នាងច័ន្ទតារាវត្តី បុត្រី​ព្រះសីហនុរាជ ព្រះមហាក្សត្រ​ទី​២៤។ថ្ងៃ​១១ ​កើត​ខែ​ផល្គុន​ឆ្នាំខាល​ព.ស ​១៨៣៤ ត្រូវជា​ម.ស​១២១២ ច.ស​៦៥២ និង​ត្រូវជា​គ.ស​១២៩០ តា​ត្រសក់ផ្អែម​បាន​ទទួល​រាជាភិសេក សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា។​នាកាល​នោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម៧០វស្សា។​ព្រះ​អង្គ​ជា​ព្រះមហាក្សត្រ​ទី​២៥​ហើយ​ព្រះ​អង្គ​ក៏​ជា​ព្រះមហាក្សត្រ​ដែល​បើក​យុគ្គ​សន្ដតិវង្ស​ជាន់​ថ្មីមួយទៀត​ដាច់​ស្រឡះ​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ​ដែរ។​បរម​នាម​របស់​ព្រះ​អង្គ​គឺ​ព្រះបាទ​សម្ដេច​មហាបពិត្រ​ធម្មិក​រាជា​ធិរាជ​ជា​អង្គម្ចាស់​ផែនដី​ក្រុង​កម្ពុជា​ធិបតី។​ព្រះ​អង្គ​គង់នូវ​មហានគរ​ដដែល ។

ព្រះ​នាង​ច័ន្ទតារាវត្តី​ត្រូវ​បាន​ព្រះ​អង្គ​ប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសីមាន​ព្រះ​បរម​នាម​ថា​សម្ដេច​ព្រះ​ភគវត្តី​សិរីច័ន្ទតារា​មហាក្សត្រី

ចំណែកឯ​ពញា​សួស​វិញ ​ព្រះបាទ​ត្រសក់ផ្អែម​បាន​តែងតាំង​ជា​ព្រះ​ឧបរាជ (ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ដំបូង​ថា​បុត្រ​ច្បង​ព្រះ​នាង​សុភវត្តី ​ដែល​កើតមក​ដោយសារ​ទឹកនោម​ដំរី​ស​ឈ្មោះ​ពញាជ័យ​ឯ​បុត្រ​ប្អូន​ជា​កូន​ជាមួយ​នឹង​ព្រះ​បទុមរាជា​ឈ្មោះ​ពញាសួស។​ពង្សាវតារ​វត្ដ​ទឹកវិល​បញ្ជាក់​ថា​គឺ​បុត្រ​របស់​ព្រះ​បទុមរាជា​ដែល​មាន​ងារ​នាយ​ត្រសក់ផ្អែម​ដែល​បាន​ឡើង​សោយរាជ្យ។​ដូច្នេះ​គឺ​កូន​ប្អូន​ដែល​បាន​ឡើង​សោយរាជ្យ។​តែ​បន្ទាប់​មក​ពង្សាវតារ​ដដែល​នេះ​បែរជា​សរសេរ​ថា​ពញាសួស​ត្រូវ​បាន​ព្រះរាជា​តែងតាំង​ជា​ឧបរាជ​ដែល​មាន​ន័យ​ថាពញាជ័យ​ទេ​ដែល​បាន​ធ្វើ​ស្ដេច។​ដូច្នេះ​ស្ដេច​ត្រសក់ផ្អែម​ត្រូវជា​កូន​របស់​ស្ដេច​ដំរី​ស។​ពង្សាវតារ​ផ្សេងៗ​ទៀត​ក៏​បាន​កំណត់​ដែរ​ថា​ស្ដេច​ត្រសក់ផ្អែម​មានឈ្មោះ​ដើម​ពញាជ័យ)។

បុត្រ

ឆ្នាំរោង ​ព្រះ​អគ្គមហេសី​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាមបរម​និព្វានបាទ។​ហើយ​ក្រោយមក​ក្នុង​ឆ្នាំមមីព្រះ​នាង​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​ទៀត​ព្រះ​នាម​សិទ្ធានរាជា

ដោយគ្មាន​របស់​តឹកតាង​អ្វី​តំណាង​ព្រះ​រាជបល្លង្ក​និង​អំណាច​ព្រះបាទ​ត្រសក់ផ្អែម​បាន​កំណត់​យក​លំពែង​ជ័យ​ដាក់​បញ្ចូល​ធ្វើ​បញ្ចក្សត្រ​សម្រាប់​ព្រះមហាក្សត្រ​ដែល​ត្រូវ​តែ​គោរព​បូជា​ដូច​ព្រះ​ខ័ន​រាជ។​បើ​តាម​អ្នក​ប្រវត្ដិវិទូ​និង​អ្នក​ស្រាវជ្រាវ​ផ្សេងៗ​លំពែង​ជ័យ​នេះ​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​ក្រោយ​ថែរក្សា​ទុក​ក្នុង​ព្រះ​បរមរាជវាំង​រហូត​មក​ដល់​សព្វថ្ងៃ។

ដោយនឹក​ស្រណោះ​ទៅ​ដល់ទី​កន្លែង​ដែល​ព្រះ​អង្គ​ធ្លាប់​កើត​និង​រស់នៅ​ព្រះបាទ​ត្រសក់ផ្អែម​ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​សាងសង់​ដំណាក់​មួយ​នៅ​ភ្នំជ្រាវ។​ដំណាក់​នេះ​មានឈ្មោះ​ជាប់​មក​ថា​គោកព្រះរាជមន្ទីរ។ ព្រះ​អង្គ​បាន​សាងព្រះពុទ្ធរូប​ជា​ច្រើន​ទៀត​ដែល​ព្រះ​អង្គ​ទុក​តម្កល់​បូជា​នៅ​ក្នុង​រូង​ភ្នំព្រះ។​ចំណែក​ចម្ការ​ត្រសក់ផ្អែម​ព្រះរាជា​ជំនាន់​ក្រោយ​បាន​រក្សា​ទុកជា​ព្រះរាជទ្រព្យ​រៀង​រហូត​ត​មក។​គេ​បាន​និទាន​និយាយ​តៗ​គ្នា​មក​ថា​រហូត​មក​ដល់​សម័យ​ក្រោយ​អាណានិគម​បារាំង​ជា​រៀង​រាល់​ឆ្នាំ​ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​យាង​ទៅ​ធ្វើបុណ្យ​រំលឹក​នៅ​ទីនោះ។

ប្រាសាទ

ពង្សាវតារវត្ដ​ទឹកវិល​បាន​សរសេរ​ថា​ព្រះ​អង្គ​បាន​កសាង​ប្រាសាទ​សួព្រ័ត្រ យោលទោង​និង​បិទពួន។​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​ពួក​តន្ដ្រីករ​ធ្វើ​ឧបករណ៍​ភ្លេង​ផ្សេងៗ​ជា​ច្រើន​ដើម្បី​ធ្វើ​ត្រាប់​តាម​សំឡេងសត្វ​ដែល​ព្រះ​អង្គ​ធ្លាប់​បានឮ​បាន​ស្ដាប់​ក្នុង​ព្រៃ។​ដូច្នេះ​ហើយ​បានជា​មាន​វង់ភ្លេង​តូរ្យតន្ដ្រី​និង​បទ​ភ្លេង​ចំរៀង​តរៀង​រហូត​មក។

ក្បួនច្បាប់

ក្នុង​ឆ្នាំកុរ​ដោយ​យល់​ឃើញ​ថា​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ដែល​គ្មាន​បញ្ចក្សត្រ​ប្រចាំ​រាជ្យ​សម្រាប់​សំគាល់​ខ្លួន​ជា​ស្ដេច​(ត្រង់​ចំណុច​នេះ​ស​ឲ្យ​ឃើញ​ថា​ការ​ឡើង​សោយរាជ្យ​របស់​ព្រះបាទ​ត្រសក់ផ្អែម​មិនមែន​បាន​ប្រព្រឹត្ដ​ទៅ​ក្នុង​លក្ខណៈ​ត្រឹមត្រូវ​តាម​ក្រឹត្យ​ក្រម​ច្បាប់​វិន័យ​នគរ​ទេ) ព្រះបាទ​ត្រសក់ផ្អែម​បាន​កោះហៅ​មន្ដ្រី​តូច​ធំ​និង​អ្នកចេះ​ដឹង​ដែល​មាននៅ​សល់​ទាំង​ប៉ុន្មាន​ឲ្យ​រៀបចំ​បង្កើត​បញ្ចក្សត្រ​ស្ថាប័ន​សាសនា​និង​រក​ក្បួន​គម្ពីរ​ទុកដាក់​ឲ្យ​មាន​ឡើង​វិញ។​គឺ​មាន​ជា​អាទិ​ដូច​ជា ៖

  • ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត ដែល​ត្រូវ​យក​លោហធាតុ​១២​មុខ​មក​រំលាយ​បញ្ចូល​គ្នា​សម្រាប់​កសាង
  • ព្រះ​ត្រៃបិដក ដែល​គេ​ត្រូវ​ចម្លង​ពី​ច្បាប់​មាន​សល់​នៅ​ចម្ប៉ាស័ក្ដិ
  • បញ្ចក្សត្រ​ដែល​គេ​ត្រូវ​ស្ល​លោហធាតុ​១២​មុខ​បញ្ចូល​គ្នា​សម្រាប់​កសាង​រូបសំណាក​ផ្សេងៗ
  • ក្រុម​បុរោហិត​៧​នាក់ ក្នុង​ចំណោម​កូនចៅ​ឈាមជ័រ​បន្ដ​ពូជ​ពី​ព្រាហ្មណ៍ជ័យ​និង​ម៉រថាវ

និង​ហោរា​ហ្លួង​ក្នុង​ចំណោម​កូនចៅ​ពួក​ព្រាហ្មណ៍។

ការវិភាគ

១- ក្នុង​ប្រវត្ដិ​ស្ដេច​ត្រសក់ផ្អែម​យើង​កត់សំគាល់​ឃើញ​មាន​ភាព​ស្រពេចស្រពិល​មិន​ច្បាស់លាស់​ច្របូកច្របល់​និង​អាថ៌​កំបាំង​ច្រើន​ណាស់ដូចជា ៖ ដើម ​កំណើត​តា​ត្រសក់ផ្អែម​ដែល​គេ​បាន​អះអាង​ថា​ជា​កូន​របស់​ព្រះ​បទុមរាជា​ព្រះរាជបុត្រ​ព្រះ​ជេដ្ឋាជ័យ ​មហាក្សត្រ​ទី​១៤។​តា​ត្រសក់ផ្អែម​បាន​មាន​អាយុ​វែង​រស់​បាន​១០​ជំនាន់​ស្ដេច​រហូត​មក​ដក់​សីហនុរាជ​មហាក្សត្រ​ទី​២៤។ ព្រះ ​នាងសុភវត្តី​ដែល​ជា​បុត្រី​របស់​ព្រះ​ជេដ្ឋាជ័យ​ដែរ​នោះ​កាលបើ​បាន​ប្រសូត​បុត្រ​រួច​ហើយ​បាន​ជួប​អ្នក​ស្រុក ​អ្នក​ភូមិ​ម្ដេច​ក៏​មិន​ប្រាប់​បញ្ជាក់​គេឯង​ថា​ខ្លួន​ជា​កូន​ស្ដេច​ហើយ​ម្ដេច​ក៏​មិន​ធ្វើ​ដំណើរ​ត្រលប់​ចូល​ទៅ​ព្រះ​បរមរាជវាំង​ជួបជុំ​នឹង​ព្រះ​មាតាបិតា​វិញ ? ហើយ​បែរជា​មក​សុខចិត្ដ​នាំ​កូន​មក​រស់នៅ​រសាត់អណ្ដែត​ដូច​ចក​យ៉ាង​វេទនា​ដូច្នេះ​ទៅ​វិញ? ព្រឹត្តិការណ៍ ​តា​ត្រសក់ផ្អែម​សម្លាប់​ព្រះមហាក្សត្រ​ត្រូវ​បាន​រួចខ្លួនបាន​ឡើង​សោយរាជ្យ​ហើយ​បានកូន​ស្រី​ស្ដេច ​សីហនុ​មក​ធ្វើ​ជា​មហេសី​ទៀត​គឺ​ហាក់បី​ដូចជា​មានការ​ឃុបឃិត​រួមគំនិត​គ្នា​រវាង​តា​ត្រសក់ផ្អែម​និង​នាម៉ឺន​មុខមន្ដ្រី​ដើម្បី​ធ្វើឃាត​ស្ដេច។​នាម៉ឺន​ទាំងនោះ​បាន​ត្រឹមតែ​ពោល​ប្រកាស​ថាៈ​”នេះ​ជា​កម្ម​របស់​ស្ដេច”។ ឯ​ការពិត ​ឬ​យុត្ដិធម៌គេ​មិន​បាន​នាំ​គ្នា​រុករក​លើកយក​មក​រិះគិត​ពិចារណា​រក​ខុស​ត្រូវ​ស​ខ្មៅ​សោះឡើយ។​គេ​យក​ពាក្យ ​”កម្ម” មក​ប្រើ​ធ្វើ​ជា​ពិធី​ដោះស្រាយ​ការ​ប្រហារជីវិត​សម្លាប់​ស្ដេច​ហើយ​ប្រៀបផ្ទឹម​ព្រឹត្ដិការណ៍​នេះ​ទៅ​នឹង​កម្មពៀរ​របស់​សត្វ​ក្របី​ដែល​ងាប់​ដោយ​ស្នាដៃ​តា​ត្រសក់ផ្អែម។​មើលទៅដូច​ជា​ព្រះមហាក្សត្រ​ព្រះ​សីហនុរាជគ្មាន​តម្លៃ​អ្វី​ទាំងអស់​ហើយ​ក៏​ដូច​ជានា​ម៉ឺន​មន្ត្រី​ទាំងអស់​បន់ស្រន់​ឲ្យ​តែ​ស្ដេច​អស់​ជីវិត​ប៉ុណ្ណោះ។

២- ក្នុង​ន័យ​នេះ​គេ​ត្រូវ​តែ​នាំ​គ្នា​តាក់តែង​អួត​សរសើរ​បង្ហាញ​នូវ​ភាព​អច្ឆរិយៈបញ្ជាក់​ថា​តា​ត្រសក់ផ្អែម​ជា​អ្នកមាន​បុណ្យ​ខ្លាំងពូកែ​អស្ចារ្យ​មាន​អាយុ​វែងខុស​ប្លែក​អំពី​មនុស្ស​ធម្មតា។​ដើម្បី​ឲ្យ​ឃើញ​សម្បើម​ហើយ​សមស្រប​ទៅ​តាម​កាលបរិច្ឆេទ​ពេលវេលា​គេ​បាន​ពន្យល់​បញ្ជាក់​ថា​តា​ត្រសក់ផ្អែម​មាន​អាយុ​វែង​ដល់​ទៅ​៥០០ឆ្នាំ។​គាត់​មាន​ឈាមជ័រ​សែស្រឡាយ​ពូជពង្ស​ជា​ស្ដេច​សម័យ​មហានគរ។​ព្រះ​អង្គ​មិនមែន​ជា​អ្នក​សំរែ ​ដូចដែល​គេ​តែងតែ​និយាយ​និទាន​នោះ​ឡើយ។ ម្យ៉ាងទៀតដើម្បី​ឲ្យ​រឹង​រឹត​តែ​មានបុណ្យ​អស្ចារ្យ​ទៅ​ទៀត​គេ​បាន​រៀបចំ​អធិប្បាយ​ធ្វើ​ឲ្យ​តា​ត្រសក់ផ្អែម​ទៅ​រស់នៅ​ឯ​ភ្នំ​ប្រសិទ្ធិ ​ដូច​ព្រះបាទ​បក្សីចាំក្រុង​ព្រះមហាក្សត្រ​ទី​១៩។​ពីព្រោះ​ភ្នំ​ប្រសិទ្ធិ​ជាទឹកដី​ស័ក្ដិសិទ្ធិ។​ដូច្នេះ​នៅ​ភ្នំ​ប្រសិទ្ធិ​ទោះបីជា​គេ​មិន​បាន​ហ៊ាន​សរសេរ​អះអាង​ក៏​ដោយ​ក៏​គេ​ចង់​បង្ហាញ​បញ្ជាក់​ដែរ​ថា​បារមី​តូច​ធំ​ព្រៃ​ទាំងឡាយ​បាន​ប្រសិទ្ធិ​ពរ​ជ័យ​រៀបចំ​ឲ្យ​តា​ត្រសក់ផ្អែម ​ឡើង​សោយរាជ្យ​ប្រទេស​កម្ពុជា​ ​បន្ដ​វង្ស​ត្រកូល​តរៀង​មក។​គឺ​តា​ត្រសក់ផ្អែម​មាន​ទាំង​មនុស្ស​មាន​ទាំង​ទេវតា​វត្ថុ​ស័ក្ដិសិទ្ធ​បាន​តែងតាំង​តម្រូវ​លើក​ឡើង​ធ្វើ​ជា​ស្ដេច​ផែនដី។

៣- ទស្សនៈ​”កម្មផល” ក្នុង​ទ្រឹស្ដី​ព្រះពុទ្ធសាសនា ​ត្រូវ​អ្នក​កាន់​អំណាច​យក​មក​ប្រើ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បម្រើផលប្រយោជន៍​ក្រុម​បក្សពួក។​សាសនា​ក្លាយទៅជា​ឈ្នាន់​បម្រើ​វណ្ណៈ​ស្ដេច​វណ្ណៈ​អ្នកដឹកនាំ​ពន្យល់​បន្លំ​បំភិតបំភ័យ​បំភាន់​បំពុល​ស្មារតី​សតិអារម្មណ៍​វាយបំបាក់​ឆន្ទៈ​ប្រជាពលរដ្ឋ​តូចតាច​ទន់ខ្សោយ​ឲ្យ​បាក់ស្បាត​តក់ស្លុតខ្លបខ្លាច​សុខចិត្ដ​សុខកាយ​លែង​ហ៊ាន​ប្រឆាំង​ជំទាស់​ហើយ​ដាក់ខ្លួន​បម្រើ​ពួក​អភិជន​ទាំងនោះ​តាម​ព្រេងវាសនា​កម្មផល បុណ្យ​បាប​កសាង​ពី​អតីតជាតិ។ ក្នុង​ស្ថានភាព​នេះ​រាស្ត្រ​ខ្មែរ​ត្រូវ​ភ្លេចភ្លាំង​លែង​ចេះ​ស្គាល់​ហេតុផល​លែង​យកចិត្ដទុកដាក់​លែង​គិតគូរ​អំពី​ជីវិត​ខ្លួន​ផ្ទាល់​លែងរវីរវល់​អើពើ​អំពី​បច្ចុប្បន្នកាល​ហើយ​គិតតែ​អំពី​កម្មផល​អំពី​អតីតកាល​និង​អនាគត​កាល។​ការ​យក​ទស្សនៈ​”កម្មផល” មក​ធ្វើ​ជាមូលដ្ឋាន​សម្រាប់​ដោះស្រាយ​គ្រប់​បញ្ហា​ធំៗ​ដូចដែល​យើង​ឃើញ​មាន​ក្នុង​ប្រវត្ដិ​ស្ដេច​ត្រសក់ផ្អែម​អាច​បង្ហាញ​ឲ្យ​យើង​បាន​ស្គាល់​យ៉ាង​ច្បាស់​ណាស់​នូវ​ផ្នា​ត់​គំនិត​ខ្មែរជំនាន់​នោះ​ជា​ពិសេស​ការ​វិវឌ្ឍ​និង​គ្រប់​ផលវិបាក​ទាំង​ប៉ុន្មាន​របស់​ប្រទេស​ជាតិ​ខ្មែរ​ដែល​មាន​ជា​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

៤- ទោះបីជា​ខំ​អួត​សរសើរ​ឃោសនា​ដូចនេះ​ក៏​ដោយ​ដើម្បី​នឹង​ឡើង​សោយរាជ្យ​ជា​ម្ចាស់ផែនដី​ហើយ​ដើម្បី​សម្របសម្រួល​ទៅ​តាម​ច្បាប់​ទំនៀមទម្លាប់​នគរ​និង​តាម​កាលទេសៈ​នាយ​ត្រសក់ផ្អែម​ត្រូវ​តែ​រៀប​អភិសេក​ជាមួយនឹង​ព្រះ​អង្គ​ម្ចាស់​ក្សត្រីច័ន្ទតារាវត្តី​បុត្រី​របស់​ព្រះមហាក្សត្រ​ព្រះ​សីហនុរាជ។​ត្រង់​ចំណុច​នេះ​យើង​ធ្លាប់​ឃើញ​មក​ហើយ​ករណី​ស្ដេច​ជំនាន់​មុន​ជា​ច្រើន។បើ​តាម​ការ​កត់សំគាល់​របស់​លោក​Adhémard​Leclere​នាយ​ត្រសក់ផ្អែម​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​សំរែ​វណ្ណៈ​ទាប​ថោក​បាន​ឡើង​គ្រង​រាជសម្បត្តិ​ប្រទេស​កម្ពុជា​ប្រហែលជា​ដោយសារ​ការ​បះបោរ​ឬ​ការ​បដិវត្ដន៍​របស់​ប្រជាជន​ខ្មែរ។​សូម្បី​តែ​ព្រះមហាក្សត្រ​ព្រះបាទនរោត្តម ​ក៏​បាន​ទទួលស្គាល់​ថា​ព្រះរាជវង្ស​ព្រះ​អង្គជា​ពូជ​សំរែ​ចុះ​មក​ពី​ស្ដេច​ត្រសក់ផ្អែម​ដែរ។ឯកសារ​អ្នកដំណើរចិន​ដែល​បាន​ទៅ​ដល់​នគរ​ខ្មែរ​បាន​បញ្ជាក់​ថា​នៅ​ចុង​សតវត្ស​ទី​១៣​ប្រហែលជា​គ.ស១២៩៦ បុត្រី​ស្ដេច​ខ្មែរ​មួយអង្គ បាន​លួច​ព្រះខ័នរាជ​យក​ទៅ​ឲ្យ​ស្វាមី​របស់​ខ្លួន​ដើម្បី​ដណ្ដើម​រាជ​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​បងប្រុស​បង្កើតមួយទៀត​ដែល​ត្រូវ​ទទួល​ឋានៈ​បន្ត​ជា​ព្រះមហាក្សត្រ។​ដោយ​ត្រូវ​គេ​លួច​រាជសម្បត្តិ​ស្ដេច​អង្គ​នេះ​ក៏​រៀបចំ​ធ្វើការ​បះបោរ​ប្រឆាំង​រាំងជល​តែ​មិន​បាន​សម្រេច​ហើយ​ត្រូវ​គេ​ចាប់​យក​ទៅ​កាត់​ម្រាមជើង ​ដាក់​ឃុំឃាំង​ក្នុង​គុក​ងងឹត។ ​ឈ្មោះ​ស្ដេច​ទាំងនោះ​គេ​មិន​បាន​ស្គាល់​ទេ​ពីព្រោះ​អ្នកដំណើរ​ចិន​មិន​បាន​កត់ត្រា។​ក៏​ប៉ុន្ដែ​កាលបរិច្ឆេទ​ហាក់បី​ដូចជា​ជាន់​ចំ​ពេល​ព្រឹត្ដិការណ៍​ស្ដេច​ត្រសក់ផ្អែម​ដែរ។ព្រឹត្ដិការណ៍​នេះ​មាន​ទំហំ​ធំណាស់​ហើយ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ប្រទេស​ជាតិ​សង្គម​ខ្មែរ។​គឺជា​បដិវត្ដន៍​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​រំលំ​ព្រហ្មញ្ញសាសនា​ទូទៅ​ក្នុង​ប្រទេស​ប្ដូរ​ប្រកាន់​យក​ព្រះពុទ្ធ​សាសនា​ជា​ធំ។​បើ​និយាយ​ឲ្យ​ចំ​ទៅគេ​អាច​ប៉ាន់​ស្មានថា​ជា​សង្គ្រាម​សាសនា។​នៅ​ទី​បញ្ចប់​ក្រុម​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​បាន​ទទួល​ជោគជ័យ​ឈ្នះ​លើ​ក្រុម​ព្រហ្មញ្ញសាសនា​និយម។​អ្នកដំណើរ​ចិន​ឈ្មោះជីវ​តាក្វាន់ ​ដែល​ធ្លាប់​បាន​ទៅ​ស្រុក​ខ្មែរ​បាន​កត់ត្រា​ថា​នា​សម័យ​នោះ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​ធំ​ជាងគេ​បង្អស់​ហើយ​បាន​ជះ​ឥទ្ធិពល​ទៅ​គ្រប់​ទិសទី​ក្នុង​នគរ។​គេ​សង្កេត​ឃើញ​ព្រះសង្ឃ​និមន្ដ​ដើរ​ផ្សព្វផ្សាយ​បង្ហាត់បង្រៀន​ចំណេះ​ចេះ​ដឹង​ដល់​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​ហើយ​បង្កបង្កើត​ឲ្យ​មាន​សាលារៀន។ ​បណ្ដា​ជន​ជា​ច្រើន​បាន​ស្រឡាញ់រាប់អាន​គោរព​កោតខ្លាច​ប្រតិបត្ដិ​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ហើយ​រួបរួម​ចុះចូល​ជាមួយ។​ផ្ទុយ​ទៅ​វិញ​ពួក​វណ្ណៈ​ព្រាហ្មណ៍​តែងតែ​ឱបក្រសោប​លួចលាក់​ក្បួន​គម្ពីរ​បិទ​បាំង​មិន​បញ្ចេញ​បង្ហាត់បង្រៀន​អ្នក​ដទៃ​ឬ​វណ្ណៈ​ផ្សេង​ទៀត​ឡើយ។ចំណែកឯ​ព្រះបាទ​ត្រសក់ផ្អែម​កាល​បាន​ឡើង​សោយរាជ្យ​ក៏​ដាក់​ឈ្មោះ​ទៅ​តាម​របៀប​ព្រះពុទ្ធ​សាសនា​ដែរ​ព្រះបាទ​សម្ដេចមហាបពិត្រ​ធម្មិក​រាជាធិរាជ។​ព្រះរាជបុត្រ​ព្រះ​អង្គ​ទាំង​ប៉ុន្មាន​ក៏​មានឈ្មោះ​របៀប​ព្រះពុទ្ធ​សាសនា​ដែរ​ដូច​ជា​ព្រះ​បរម​និព្វានបាទ​និង​ព្រះ​សិទ្ធានរាជ

៥- ប៉ុន្ដែបើ​យើងសំអាង​ទៅ​លើ​ការ​វិវត្ដ​របស់​ប្រវត្ដិសាស្ដ្រ​យើង​អាច​អះអាង​បាន​ថា​ព្រឹត្ដិការណ៍​ស្ដេច​ត្រសក់ផ្អែម​ជា​រដ្ឋប្រហារ​មួយដែល​ពឹងផ្អែក​យក​កម្លាំង​អ្នក​កាន់​ពុទ្ធសាសនា​និង​ទ្រឹស្ដី​ព្រះពុទ្ធ​មក​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ទៅ​វាយប្រហារ​រំលំ​ព្រះមហាក្សត្រ​ដណ្ដើម​យក​រាជបល្ល័ង្ក​និង​អំណាច។​គឺ​នាយ​ត្រសក់ផ្អែម​បាន​ឆ្លៀតពេល​ដែល​ស្ដេច​អស់​ប្រជាប្រិយភាព​អស់អំណាច​រាស្ដ្រ​ស្អប់ខ្ពើម​មិន​សប្បាយចិត្ដ​ដើម្បី​ធ្វើឃាត​ស្ដេច​ផ្ដាច់​ពូជ​តែ​ម្ដង។​ដូចដែល​យើង​ឃើញ​ស្រាប់​មក​ហើយ​ការ​ក្ដៅក្រហាយ​ចលាចល​រំជើបរំជួល​ក្នុង​នគរ​ទុក្ខ​ព្រួយ​វេទនា​របស់​ប្រជានុរាស្ដ្រ​ខ្មែរ​បាន​កើត​កម្រើក​មាន​តាំងពី​រាជស្ដេច​ពាល​ព្រះ​បិតា​ព្រះ​សីហនុ​មក​ម្លេះ។​ខ្មែរ​ម្នាក់ៗ​ចាំតែ​ឱកាសល្អ​ហុច​ឲ្យមក​ដល់​ដើម្បី​ងើប​ប្រឆាំង​នឹង​ស្ដេច។​ព្រះពុទ្ធ​សាសនា​ក្លាយជា​ឧបករណ៍​ជា​ទ្រឹស្ដី​សម្រាប់​បំបះបំបោរ​ប្រជារាស្ដ្រ​សម្រាប់​គ្រប់គ្រង​ផែនដី​ជំនួស​ស្ថាប័ន​របៀប​ព្រហ្មញ្ញសាសនា។​ពីព្រោះ​ជា​យូរយា​ណាស់​មក​ហើយ​ព្រហ្មញ្ញសាសនា​ដែល​ជា​មូលដ្ឋាន​ស្ថាប័ន​និង​នយោបាយ​ជាតិ​បាន​បែងចែកវណ្ណៈ​ធ្វើការ​គៀបសង្កត់​សង្កិន​ប្រើ​កម្លាំងបាយ ​និង​អំណាច​ផ្ដាច់ការ​ជាន់ឈ្លី​មើលងាយ​មើលថោក​ប្រជានុរាស្ដ្រ។​ការ​គ្រប់គ្រង​រដ្ឋ​របៀប​ព្រហ្មញ្ញសាសនា​មិន​បាន​វិវត្ដទៅ​តាម​ពេលវេលា​កាលៈទេសៈ​ឡើយ។ ​ដូច្នេះ​ព្រះពុទ្ធ​សាសនា​ដែល​ជា​ទ្រឹស្ដី​ជា​ទស្សនៈ​និង​ជា​មនោគម​វិជ្ជា​ថ្មីគ្មាន​ការ​បែងចែក​វណ្ណៈ​គ្មាន​ការ​ជិះជាន់​សង្កត់សង្កិន​ហើយ​ដែល​មាន​តែ​ការ​ខំ​កសាង​ធ្វើ​ទាន ​ធ្វើបុណ្យ​​មាន​មេត្ដាធម៌​សន្ដោស​ប្រោសប្រណី​បាន​ក្លាយទៅជា​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។​ទិដ្ឋភាព​និង​បរិយាកាស​នយោបាយ​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ស្ដេច​ត្រសក់ផ្អែម​និង​បក្សពួក​អាច​សម្រេច​គោលបំណង​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើឃាត​ស្ដេច​សីហនុរាជ។ ការ​ផ្លាស់​ប្ដូរ​របៀប​គ្រប់គ្រង​រដ្ឋ​ក៏​ចាប់ផ្ដើម​មាន​ពី​ពេល​នោះ​មក​ដែរ។​ហើយ​ឆ្លៀតឱកាស​ដែល​ខ្មែរ​កំពុង​តែ​មាន​បញ្ហា​ផ្ទៃក្នុង​ស្រុក​តូច​ធំ​ដែល​ធ្លាប់​ចំណុះ​ទាំង​ប៉ុន្មាន​ក៏​រើបង្រះ​យក​ឯករាជភាពផ្ដាច់ខ្លួន​ពី​នគរ​ខ្មែរ​ដែរ។​មហា​ប្រទេស​ខ្មែរ​ត្រូវ​រួម​រួញ​រៀវ​តូច​ទៅៗ​ជា​លំដាប់លំដោយ។

៦- មួយ​ចំណែក​ទៀត​យើង​ឃើញ​រឿងព្រេង​និទាន​បរទេស​ខ្លះ​មាន​លំនាំ​ប្រហាក់ប្រហែល​នឹង​ប្រវត្ដិ​នាយ​ត្រសក់ផ្អែម​ដែរ ​នៅ​ប្រទេស​ភូមា​ក៏​ដូច​ជា​នៅ​ប្រទេស​ឥណ្ឌា​ជំនាន់​ដើម​​ដែល​ជា​ហេតុ​បញ្ជាក់​ថា​ប្រវត្ដិ​ស្ដេច​ត្រសក់ផ្អែម​ពិតប្រាកដ​យើង​មិន​អាច​ដឹង​និង​ស្គាល់​បាន​ឡើយ។​ប្រវត្ដិ​ដែល​យើង​មាននៅ​ក្នុង​ពង្សាវតារ​ខ្មែរ​អាច​ជា​ការ​ប្រឌិត​ដែល​គេ​នាំ​គ្នា​តាក់តែង​ចងក្រង​សម្រាប់​បិទ​បាំង​ការ​ពិត​និង​បោកប្រាស់​ភូតភរ​កុហក​រាស្ដ្រ​តែ​ប៉ុណ្ណោះ។​យើង​សង្កេត​ឃើញ​ថា​វិធី​និពន្ធ​មាន​បែបផែន​ដូច​ព្រេង​និទាន​ខ្មែរ​មានរឿង​ចៅ​កាំបិតបន្ទោះ​រឿង​ពាក្យ​សុភាសិត​តម្លៃ៣០​តម្លឹង​ដែល​ស្ដេច​សុទ្ធតែ​ចេញ​មុខ​ទៅ​តាម​ស៊ើប​លួច​ចាំ​ឃ្លាំចាំ​មើល​សមត្ថភាព​និង​ការ​ស្មោះត្រង់​របស់​នាម៉ឺន​មន្ដ្រី​ក្រោម​បង្គាប់​និង​រឿងកឹងកន្ដ្រៃ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​ជា​ចៅក្រម​កំពូល​វិនិច្ឆ័យ​រក​ការ​ពិត​រក​យុត្ដិធម៌​ជូន​ប្រជាជន​ដូច​ស្ដេច​សីហនុរាជ​ដែល​បាន​កាត់​ក្ដី​ឲ្យ​នាយ​ត្រសក់ផ្អែម​រួចខ្លួន។

ឯកសារយោង

  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទជយវម៌្មទី១០
ព្រះបាទសីហនុរាជ (ពង្សាវតារ)
ព្រះបាទសែណ្ណ័ករាជ (ពង្សាវតារ)
មហានគរ
គ.ស ១២៩០-១៣៤១
តដោយ
ព្រះបាទនិព្វានបាទ រឺ ព្រះបាទ

Tags:

អង្គជ័យ ប្រវត្តិតាមបែបរឿងព្រេងអង្គជ័យ ការវិភាគអង្គជ័យ ឯកសារយោងអង្គជ័យ

🔥 Trending searches on Wiki ភាសាខ្មែរ:

ផលិតផលក្នុងស្រុកសរុបVlad&Nikiចក្រភពអាណានិគមបារាំងស្វីសស្រុកព្រៃកប្បាសសង្កាត់អូរបែកក្អមនូ ហាចញ៉ុក ថែមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទុំ (តួអង្គ)ភ្នំក្រាំងរមាសច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនស្រុកបាកានសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីខេត្តតាកែវបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍អ៊ីរ៉ង់កសិកម្មនៅប្រទេសកម្ពុជានមស្ការព្រះពុទ្ធរតនៈសង្កាត់ភ្នំពេញថ្មីទុំទាវអ៊ុយក្រែនប្រព័ន្ធសេដ្ឋកិច្ចសង្គ្រាមឥណ្ឌូចិនលើកទី១ត្រឹង ងាបារីអេឡិចត្រូនិចលោកុត្តរបដិច្ចសមុប្បាទ១១ពន្ធលើប្រាក់បៀវត្សការត្រួតត្រារបស់ជប៉ុននៅកម្ពុជាសីល១០ប្រព័ន្ធខ្នាតអន្តរជាតិប្រដាប់រំលាយអាហារហ្វីលីពីនរដ្ឋាភិបាលកម្ពុជាក្រោមសហភាពអឺរ៉ុបទេសចរណ៍នៅប្រទេសកម្ពុជាម៉ាយន៍ក្រាហ្វត៍ប្រវត្តិវិទ្យាប្លូករូបវិទ្យាស្ថាប័នសង្ឃស័ព្ទធម្មបទទំនាក់ទំនងសីលធម៌គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពហិណ្ឌូសាសនាភ្នំបូកគោអាម៉ុកត្រីម៉ាឡេស៊ីពុទ្ធសករាជខេត្តព្រះសីហនុគោលនយោបាយរូបិយវត្ថុវេស្សន្ដរជាតករាជធានីឧដុង្គអាមេរិកខាងជើងចក្រភពរ៉ូមអរិយធម៌អង្គរម៉ូនីទ័រកុំព្យូទ័រសម័យមហានគរពុទ្ធសាសនា​ដូច​ម្តេចស្រុកចំកាលើខណ្ឌដូនពេញគណបក្សប្រជាធិបតេយ្យ (កម្ពុជា)គោលការណ៍នីត្យានុកូលភាពបរមរាមាទី២បឹងទន្លេសាបខេត្តស្ទឹងត្រែងក្រុងកំពតស្រុកអង្គរជ័យស្រុកត្រាំកក់ផ្លូវទឹកកម្ពុជាទស្សនវិជ្ជាអេមីរ៉ាតអារ៉ាប់រួម🡆 More