ក្នុងទំព័រនេះបានដកស្រង់ទាំងស្រុងចេញពីវចនានុក្រមខ្មែរអេឡិចត្រូនិកកំណែទី ២ នៃ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ អត្ថបទវេយ្យាករណ៍នេះត្រូវបានរៀបរៀងចងក្រងដោយ លោក មៀច ប៉ុណ្ណ ដែលបង្ហាញត្រួសៗនូវចំណុចចាំបាច់ខ្លះ មានក្នុងវេយ្យាករណ៍ខ្មែរ។បន្តវិគីភីឌាចន្ទតារា
មុនដំបូងខ្ញុំគិតថាសរសេរអំពី “វិធីសរសេរតែងនិពន្ធ” ដោយសង្ខេបប៉ុណ្ណោះ ប៉ុន្តែពេលក្រោយមក អស់លោកជាអ្នកផ្ដួចផ្ដើមគំនិត លោកមានសំណូមពរ សូមឲ្យបន្ថែមសេចក្ដីណែនាំមួយចំនួនទាក់ទងទៅនឹងវេយ្យាករណ៍ផង នោះទើបខ្ញុំក៏ពិចារណាទៅឃើញថា ប្រសិនបើមិនចេះ ឬចេះវេយ្យាករណ៍ស្ទើរៗ សើៗ ញ្រលៗ នោះ ការសរសេរតែងនិពន្ធ ប្រាកដជាមានចំណុចខ្វះខាតច្រើនមិនខាន ។ ដូច្នេះខ្ញុំក៏យល់ស្រប ហើយសម្រេចបញ្ចូលចំណុចសំខាន់ៗ មួយចំនួននៃចំណេះខាងវេយ្យាករណ៍ខ្មែរ នៅភាគខាងដើមនៃសៀវភៅនេះ ។ ធ្វើដូច្នេះ ដោយចង់រំលឹកអ្នកចង់ចេះសរសេរតែងនិពន្ធទាំងឡាយ មិនឲ្យមើលស្រាលចំណេះខាងវេយ្យាករណ៍ ប្រសិនបើគេចង់សរសេរឲ្យបានល្អ ។ លុះកាលណាអ្នកអាន ឬអ្នកសិក្សាចាប់បាននូវផ្នែកសំខាន់ៗនៃវេយ្យាករណ៍ ធ្វើឲ្យគេទទួលបាននូវពន្លឺ និងគោលការណ៍នៃការតែងនិពន្ធហើយនោះ ទើបខ្ញុំជួយឲ្យអស់លោកទៅជួបនឹងចំណេះដឹងជាសារវន្តទាក់ទងដល់ការសរសេរតែងនិពន្ធ ។ ដើម្បីកុំឲ្យសៀវភៅនេះក្រាស់ពេក ហើយដោយយល់ឃើញថា វេយ្យាករណ៍ខ្មែរនេះ មានរៀមច្បងមួយចំនួនបានសរសេរលម្អិតហើយនោះ ដូច្នេះខ្ញុំគ្រាន់តែសូមជួយរំលឹកតែត្រង់ផ្នែកសំខាន់ខ្លះ ដែលអ្នកសរសេរតែងនិពន្ធត្រូវដឹងដោយខានពុំបាន ។ ឯនៅភាគទី II នេះទៀតសោត ក៏ខ្ញុំពុំបានធ្វើឲ្យមានការលម្អិតពិស្ដារជ្រៅជ្រះប៉ុន្មានទេ ។ សំខាន់គឺគ្រាន់តែលើកមកបង្ហាញត្រួសៗនូវចំណុចចាំបាច់ខ្លះ ដើម្បីផ្ដល់ជូនអ្នកអាន អ្នកសិក្សានូវសញ្ញាណស្តីពីរបៀបសរសេរតែងនិពន្ធ ។ របៀប និងវិធីសរសេរមានច្រើនណាស់... ។ អស់លោកត្រូវខំព្យាយាមអានសៀវភៅគ្រប់ប្រភេទឲ្យបានច្រើនទាំងបុរាណ ទាំងទំនើប ទាំងកំណាព្យកម្រងកែវ និងអត្ថបទសម្រាយធម្មតា... ។ អរគុណដែលបានចាប់អារម្មណ៍ចំពោះមុខវិជ្ជានេះ ។ សូមជូនពរការខិតខំសិក្សាទទួលបានលទ្ធផលល្អ ។
មៀច ប៉ុណ្ណ
អក្សរ តាមពាក្យសំស្រ្កឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។ អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
ព្យញ្ជនៈទាំង ៣៣ តួ ត្រូវរាប់តាមលំដាប់ពីដើមដល់ចប់៖
កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ សហឡអ
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊) មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន"សក់"ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ (Consonnes souscrites) ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡ្ឡអ្អ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូល ទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
គឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួតាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧ [1] ។
ដោយហេតុថា មានករណីដោយឡែកខ្លះ ដែលពាក់ព័ន្ធទៅនឹងជើងអក្សរព្យញ្ជនៈខ្មែរយើងនោះ ខ្ញុំសូមអនុញ្ញាតជម្រាបថា ៖
សូមគូសបញ្ជាក់ថា
បុព្វបុរសយើងផ្លាស់ប្តូរ (ពៈ) ជា (វៈ) គឺប្រើជាមួយគ្នាជំនួសគ្នាបាន ប៉ុន្តែគេមិនអាចយកជើង (ព) ទៅផ្ញើនឹងតួ (វ) ឡើយ ។
ឯតួអក្សរទាំង៨តួដែលសល់ពីវគ្គទាំង៥ខាងដើមនោះ លោកហៅថា សេសវគ្គ បានដល់ ៖ យ រ ល វ ស ហ ឡ អ ។
ព្យញ្ជនៈ ៣៣ តួនេះ ចែកចេញសំឡេងជាពីរប្រភេទគឺ អឃោសៈ បានដល់ព្យញ្ជនៈដែលមានសំឡេងតូចស្រួយ មិនលាន់ឮគឹកកង មានដូចជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។ ឃោសៈ ៖ ពួកព្យញ្ជនៈដែលមានសំឡេងធំគ្រលរ គឹកកង ដូចជា គឃង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈសំឡេងឃោសៈ ប្រទាញស្រៈនិស្ស័យ ឲ្យឮសូរគ្រលរគឹកកងដូចវាដែរ ។
ដើម្បីមានពាក្យប្រើប្រាស់គ្រប់គ្រាន់ ទៅតាមពាក្យទាំងប៉ុន្មានក្នុងភាសាខ្មែរយើង បុព្វបុរសយើងបានកែច្នៃ បំប្លែងសំឡេងព្យញ្ជនៈខ្លះៗពីឃោសៈទៅជាសំឡេងអឃោសៈ ដោយយកសញ្ញាមូសិកទន្ត “ ៉ ” មកដាក់សម្លាប់ពីលើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រីឯសញ្ញាត្រីសព្ទ (៊) នេះ លោកយកទៅដាក់ពីលើព្យញ្ជនៈអឃោសៈមួយចំនួនបំប្លែងសំឡេង ឲ្យទៅជាឃោសៈវិញ ដូចជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់សម្គាល់
អក្សរដែលដាក់សញ្ញាត្រីសព្ទ (៊) ហើយបើកាលណាមកជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើនោះគេផ្លាស់ត្រីស័ព្ទចេញហើយដាក់ (ុ) ជំនួសវិញចៀសវាងការទើសទែងដូចជាពាក្យ ស៊ី ហ៊ឺហា ។ ឯពាក្យសម្លាប់ដោយធ្មេញកណ្ដុរ ក៏យក(ុ) មកជំនួសមូសិកទន្តដែរ ដូចពាក្យ ប៉ិន ប៉ិច[3] ។
ករណីពិសេស ក្នុងការសរសេរពាក្យ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេមិនអាចអនុវត្តក្បួនខាងដើមនោះបានឡើយ ព្រោះបើយកស្រៈ “ ុ ” មកប្រើតាមក្បួនខាងលើ វាអាចច្រឡំនឹងពាក្យ “ ប៉ិច ” (ប៉ិចពន្លក) ឬទឹក “ ប៉ិម ” ហៀបនិងហូរចូលទូក ។
ផ្ញើជើង គឺជាវិធីយកជើងព្យញ្ជនៈមួយ ទៅផ្សំជាមួយនឹងព្យញ្ជនៈមួយទៀត ដើម្បីបង្កើតបានជាសំឡេងផ្សំពីរបញ្ចូលគ្នា ឲ្យលាន់ឮក្នុងព្យាង្គតែមួយ ។ នៅក្នុងភាសាខ្មែរយើង សម្បូរពាក្យដែលផ្សំសំឡេងពីររួមបញ្ចូលមកតែមួយព្យាង្គ សម្រាប់អាននិយាយចេញមកភ្ជាប់គ្នាដូចជាសំឡេងភ្លោះ ។
ឧទាហរណ៍
ក+្ប = ក្ប មានក្នុងពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មានក្នុងពាក្យ “ ខ្សត់ ”
● របៀបយកជើងទៅផ្ញើ (ផ្សំ) ជាមួយព្យញ្ជនៈ “គោល” គឺព្យញ្ជនៈមានឋានៈជាម្ចាស់មានរបៀបប្លែកគ្នា ៖
ដើម្បីអាចសម្របតម្រូវជាមួយសំណូរម្យ៉ាងតាមបែបសូរសៀងជាភាសាបរទេស ដែលយើងតែងតែខ្ចីយកមកប្រើខ្លះៗ មានភាសាបារាំង អង់គ្លេស.... គេយកតួព្យញ្ជនៈមកផ្សំជាមួយជើងព្យញ្ជនៈ ដូចជាពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។
នៅក្នុងតួព្យញ្ជនៈទាំង ៣៣ តួ ក្នុងវគ្គនីមួយៗ តែងតែមានព្យញ្ជនៈជាគូនឹងគ្នា ដែលមួយមានសំឡេង អឃោសៈ ហើយមួយទៀតមានសំឡេងឃោសៈ គឺ ៖
ចំពោះព្យញ្ជនៈសេសគូ នៅចុងវគ្គទាំង ៥ មាន ង, ញ, ណ, ន, ម និងព្យញ្ជនៈសេសវគ្គទាំង៨តួ មាន ៖ យ រ ល វ ស ហ ឡ អ នោះពុំមានគូទេ ។
ការសរសេរជាភាសាខ្មែរនូវសូរបរទេសមួយចំនួនដែល យើងតែងប្រទះតាមរយៈពាក្យកម្ចីនិងត្រូវបានអនុម័តកាលពីថ្ងៃពុធ ទី ២៨ ខែ ឧសភា ឆ្នាំ ២០០៨គណៈកម្មាធិការជាតិភាសាខ្មែរ(គ.ជ.ភ.ខ.)៖
វណ្ណយុត្តិ គឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសារបស់យើង ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។
វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖
ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។
● ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក... ។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្ដុរ ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។
ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី... លើកលែងតែពាក្យ ប៊ិក, អ៊ីចុះអ៊ីចឹង... ។
សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
● កំណត់សម្គាល់
វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្រ្កឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។
វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ” ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ ...។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប... ឱហ្ន៏ នុ៎ះហ្ន៏ ។
វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍ ៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍...។
គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
គេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ...
ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎... ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
សញ្ញានេះគេប្រើសម្រាប់
ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
● កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដូចជា ភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុលជាដើមនោះ ប្រយោគល្បះណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់ ។ នេះអាចជាទម្លាប់ភាសាគេ ឬក៏ធ្វើទៅតាមការតម្រូវចាំបាច់ នៃក្បួនវេយ្យាករណ៍ របស់គេ ។
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀសជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង[10] ។
សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖
សម្គាល់ ៖ មិនត្រូវច្រឡំយុគលពិន្ទុ (ៈ) ជាមួយនិងទ្វិពិន្ទុលេខ (៖) ទេ ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើក្រោមប៉ុណ្ណោះ, រីឯទ្វិពិន្ទុលេខ គឺមានសូន្យលើ ( ° ) សូនក្រោម (°) ហើយមានរជ្ជុសញ្ញាខណ្ឌចំកណ្តាល គឺយ៉ាងនេះ (៖) ។ សព្វថ្ងៃនេះ យើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន (font Limon) ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រើជំនួសឲ្យតែបានៗ សិន រង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទ្វិពិន្ទុលេខ នោះនឹងយកមកប្រើឲ្យបានត្រឹមត្រូវតាមវិធានវេយ្យាករណ៍។
ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ[11] ៖ ស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនយោងៈ លិខិតលេខ... ចុះថ្ងៃទី....
កំណត់សម្គាល់អំពីការប្រើ ឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា” ៖
ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា...) យ៉ាងម៉េចក៏..., អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, ... ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។
ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បះដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសំឡេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ ។
មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង (Caricature) ។
សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។
គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖
សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើនសអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។
សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ....” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“...”) ឬ («...»)[16] ។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘... ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “...” ) ។
ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ ៖
បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖
នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះយើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត(Algèbre) យើងយកមកប្រើតាមពួកអឺរ៉ុប ។
សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។
គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.) ។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេចក្តីអ្វីខ្លះទៀត ។
គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រឡះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។
ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលំហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ )
ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។
គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា. (សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre) ដូចជា ៖
ជួនកាលក្នុងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា (-) ខ្លះ ៗ ដែរ ។
បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។
គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚
តាំងពីយូរមកហើយ ខ្មែរយើងប្រើលេខ ព្រមជាមួយនឹងការបង្កើតតួអក្សរ សម្រាប់ចារឹក និងកត់ត្រាហេតុការណ៍ផ្សេងៗ ។ លេខមានសារៈសំខាន់ ជាពិសេសក្នុងការកត់ត្រាចំនួនលុយកាក់ គោក្របី ស្រែភ្លឺ ខ្ញុំកំដរ... ។ កត់ត្រា អាយុ (ចំនួនឆ្នាំ) ដែលខ្លួនរស់នៅកត់ត្រាចំនួនប្រាក់ ដែលគេមកខ្ចីបុល... ។
នៅពេលបច្ចុប្បន្ន លេខត្រូវបានប្រើប្រាស់សម្រាប់គណនាលុយកាក់ថវិកាចំណូលចំណាយ ។ ពិសេសស្ថាប័នហិរញ្ញវត្ថុ, ស្ថាប័នសេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវការប្រើប្រាស់តួលេខជាចម្បងបំផុត ។ ព្រោះតែ “លេខ” មានតួនាទីសំខាន់នៅក្នុងសង្គមនេះហើយ ទើបមានពាក្យស្លោកមួយឃ្លាចែងថា៖“សម្តីជាឯក លេខជាទោ អក្សរជាត្រី ” តាំងពីសម័យដើមមកទល់ពេលនេះ ទម្រង់បែបផែនលេខដែលខ្មែរយើងប្រើប្រាស់មាន៖
លេខប្រភេទនេះ មានតែពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ដែលប្រើក្នុងការទស្សន៍ទាយ ជោគតារាសីឲ្យមនុស្សទូទៅ និងទស្សន៍ទាយមើលសុខទុក្ខ, ព្រឹត្តិការណ៍, ទឹកភ្លៀង ឬកេណ្ឌធារាសាស្រ្តផលាផលប្រចាំឆ្នាំ សម្រាប់ចុះផ្សាយក្នុងមហាសង្រ្កាន្ត ។ គេរាប់លេខនេះថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូមបង្ហាញជូននូវរូបសញ្ញានៃលេខខ្មែរបុរាណដូចជា៖ ៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
នៅកម្ពុជាយើង គេប្រើទាំងអស់ លេខទាំងប៉ុន្មានដែលបានបង្ហាញជូនខាងលើ ។ លើកលែងតែអស់លោក“ហោរា” ទេ ដែលប្រើលេខខ្មែរបុរាណ ក្នុងការគណនាទស្សន៍ទាយ តាមលេខអត្តៈទស្សន៍ទាយ ជោគជតារាសី ។
ការចុះកាលបរិច្ឆេទមានតួនាទីសំខាន់ជាចម្បង ព្រោះតាមរយៈកាលបរិច្ឆេទ គេអាចដឹងអំពីកាលវេលា ដែលព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាបានកើតឡើង ។ ឧ. កាលបរិច្ឆេទនៃការឡើងសោយរាជ្យនៃស្តេចអង្គណាមួយ, កាលបរិច្ឆេទនៃការកសាងប្រាសាទ... កាលបរិច្ឆេទនៃជ័យជម្នះរបស់ជាតិយើង ទៅលើគូសត្រូវ កាលបរិច្ឆេទនៃការចាកចោលក្រុងអង្គរ... កាលបរិច្ឆេទនៃការផ្លាស់ប្តូររាជធានី ។ល។ នៅក្នុងគ្រួសារមួយ ការសាងសង់ផ្ទះថ្មី ក៏មានចារឹកកាលបរិច្ឆេទទុកជាសម្គាល់ សម្រាប់ឲ្យសមាជិកគ្រួសារជំនាន់ក្រោយៗបានដឹង។ នៅតាមចេតិយ ម៉ុងបញ្ចុះសព ក៏គ្រួសារនីមួយៗ តែងតែសរសេរឈ្មោះ បុគ្គលជាសាច់ញាតិដែលស្លាប់ ។
ចាប់ពីរវាងសតវត្សទី១៦ រហូតមកទល់ដើមសម័យភ្នំពេញបុព្វបុរសយើងប្រើរបៀបម្យ៉ាង សម្រាប់ធ្វើជារូបមន្តនៃការចុះកាលបរិច្ឆេទ ។ គោលសំខាន់នៃរូបមន្តនោះ គឺលោកដាក់សញ្ញាខណ្ឌ (។) ទុកជាគោលសម្រាប់ធ្វើស្នូលកណ្តាល ។ យើងឃើញការចុះកាលបរិច្ឆេទរបៀបនេះ នៅលើចេតិយ នៅលើសំណង់ផ្សេងៗ ខាងពុទ្ធសាសនា ជាពិសេស យើងឃើញនៅគ្រប់តែសន្លឹកខាងដើមបំផុត ឬសន្លឹកចុងបញ្ចប់នៃសាស្រ្តាសឹ្លករឹត ។ ឧទាហរណ៍៖ ថ្ងៃអង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះគេសរសេរបែបនេះវិញ ៖
ព.ស. ២៥៤៩ ៣ ᧫ ៦ ឆ្នាំមមែ ____________ គ.ស. ២០០៥ |
នេះគឺជារបៀបចុះកាលបរិច្ឆេទបែបសង្ខេបខ្លី ។ ខ្ញុំគ្រាន់តែសូមជម្រាបថា ដើម្បីចេះចុះកាលបរិច្ឆេទរបៀបបុរាណនេះ គេត្រូវចេះចាំថ្ងៃទាំង ៧ ឲ្យស្ទាត់ គឺ អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួចហើយត្រូវចេះ រាប់ខែចន្ទគតិឲ្យស្ទាត់ ដោយដាក់លេខឲ្យខែនីមួយៗផងគឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។ ការគិត ខ្នើត រនោច គឺលោកកំណត់ឲ្យដាក់ខ្នើតនៅខាងលើសញ្ញាខណ្ឌ, ឲ្យដាក់រនោចនៅខាងក្រោមសញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃសៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវសរសេរដូចខាងក្រោម ៖
ព.ស. ២៥៤៨ ៧᧳៨ ឆ្នាំឆ្លូវ ____________ គ.ស. ២០០៤ |
អក្សរខ្មែរ មានទ្រង់ទ្រាយច្រើនបែប, មានដូចជា ៖
ករណីលើកលែង
ប៉ុន្តែដោយឡែក ហើយនេះជាករណីពិសេស ដែលជាទម្លាប់របស់ខ្មែរយើងស្រាប់ផង នៅលើស្លាក (Enseigne) យីហោផ្ទះជំនួញ ស្លាករបស់មន្ទីរក្រសួងនានា ឈ្មោះចំណងជើងសៀវភៅឈ្មោះអ្នកនិពន្ធ... នោះគេច្រើនតែសរសេរអក្សរមូលផងដែរ ។ ឧទាហរណ៍ ៖រោងចក្រម៉ុងហួត, ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល, វចនានុក្រមបារាំង-ខ្មែរ ដោយលោក តិប យក់, ថាវ-គន្ធ សម ថាំង... ។ល។
គេប្រើសរសេរអក្សរ ខម ប្រហាក់ប្រហែលគ្នានឹងអក្សរមូលដែរ តែមិនសរសេរក្នុងយ័ន្ត គាថាទេ ។ គេច្រើនសសេរចុះចំណងជើងសៀវភៅ , ចំណងជើងអត្ថបទ , ឈ្មោះជំពូក, វគ្គ, ផ្នែកនៃសៀវភៅមួយ ។ ដោយចង់ថែរក្សាទម្រង់អក្សរ បន្សល់ទុកមកដោយបុព្វបុរសខ្មែរ គេចម្លងគំរូអក្សរខមនេះ ពីសិលាចារឹក ក្រោយអង្គរខ្លះ ពីសាស្រ្តាស្លឹករឹតខ្លះ រក្សាទុកជាកេរមត៌កខាងអក្សរសាស្រ្ត កុំឲ្យបាត់បង់ ។
តាំងពីប្រទេសយើងឋិតនៅក្រោមរដ្ឋការអាណាព្យាបាលបារាំងមក ក្រៅពីប្រើកាលបរិច្ឆេទតាមបែបចន្ទគតិ ខ្មែរយើងប្រើកាលបរិច្ឆេទបែបសុរិយគតិតាមបារាំង ព្រោះរដ្ឋការរបស់បារាំងនិងខ្មែរយើង មានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ម្យ៉ាងទៀតឥទ្ធិពលបារាំង ទាំងនយោបាយ និងវប្បធម៌ តែងតែគ្របសង្កត់មកលើយើងជានិច្ច ។ សូមជម្រាបបញ្ជាក់ថា បារាំងពុំមានប្រើឈ្មោះឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង.... ដូចយើងទេ គឺគេប្រើឆ្នាំតាមគ្រិស្តសករាជ ។
ឧទាហរណ៍៖ គ្រិស្តសករាជ ២០០៧ ។ ក្រៅពីប្រើឆ្នាំតាមគ្រិស្តសករាជ បារាំងប្រើខែសុរិយគតិដូចជា Janvier (ហ្សង់វីយេ), Février (ហ្វេវ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសមប្រិ៍) ។
ក្រោយមក ក្នុងរវាងបណ្តាឆ្នាំ ទសវត្សទី៦០ គណៈកម្មការវប្បធម៌ជាតិ បានបង្កើតឈ្មោះ ខែសុរិយគតិទាំង១២ ជាភាសាបាលីជំនួសខែសុរិយគតិបារាំង ដូចខាងក្រោមនេះ ៖
នេះជាដំណាក់កាលនៃការវិវត្តន៍របស់ភាសា និងអក្សរសាស្រ្តខ្មែរយើង ក្នុងជំហានថ្មីមួយទៀត ។ ប៉ុន្តែ សូមជម្រាបថា ឈ្មោះខែថ្មីរបស់ខ្មែរយើង ដែលយកមកជំនួសខែសុរិយគតិបារាំង(ឬសកល) នេះពុំអាចយកទៅប្រើប្រាស់ក្នុងផ្នែកហោរាសាស្រ្តសម្រាប់ទស្សន៍ទាយ ជោគជតារាសី គ្រោះកាច គ្រោះជា... បាននោះឡើយ ។ ហោរាខ្មែរនៅតែប្រើខែខាងចន្ទគតិ សម្រាប់គន់គូរដដែលដូចជា
|
|
គឺជាពាក្យមានលក្ខណៈពិសេស ខុសប្លែកពីពាក្យឯទៀតៗដោយ អក្ខរាវិរុទ្ធមិនចំណុះនិងសូរសំឡេង។
ឧទាហរណ៍
ខ្ញុំស្រង់ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗប៉ុណ្ណេះ យកបង្ហាញជូនអស់លោក គ្រាន់បានជាគំរូប៉ុណ្ណោះ ។ នៅមានពាក្យប្រភេទនេះច្រើនទៀត ។ សូមអស់លោកជួយស្រាវជ្រាវបន្ថែម តាមការគួរ ។
សង្កេត ៖ ក្នុងចំណោមអញ្ញត្រស័ព្ទទាំងអស់នេះ យើងសង្កេត ឃើញមានលក្ខណៈពិសេស ៥ យ៉ាងគឺ ៖
នៅក្នុងការសរសេរអត្ថបទផ្សេងៗ ជួនកាលគេសរសេរពាក្យនៅក្នុងឃ្លាណាមួយដោយប្រើពាក្យពេញលេញទាំងស្រុងតែម្ដង ។ ឧ. អង្គការសុខភាពពិភពលោក (O.M.S.) ។
ជួនកាលក្នុងកាលៈទេសៈខ្លះទៀត ដោយគេចង់ចំណេញពេល ចំណេញក្រដាស គេតែងតែរិះរកវិធីបំព្រួញសង្ខេបពាក្យពេញលេញនោះឲ្យខ្លី ប៉ុន្តែនៅតែរក្សាបានអត្ថន័យខ្លឹមសារវាទាំងស្រុងដដែល ។
ឧទាហរណ៍
វិធី៖ គេជ្រើសយកព្យញ្ជានៈក្នុងពាក្យណាមួយធ្វើជាគោល ។ ពាក្យគោលនៅក្នុងឃ្លាណាមួយនោះ ត្រូវបានកំណត់ជ្រើសរើសយកមកដាក់តម្រៀបជាបន្តបន្ទាប់រហូតដល់អស់ពាក្យគោល ដូចមានបញ្ជាក់ជូននៅក្នុងឧទាហរណ៍ខាងលើស្រាប់ ។
បញ្ជាក់ ៖ ពាក្យសង្ឃស័ព្ទនិងរាជស័ព្ទ មួយចំនួន គឺជាន់គ្នាតែមួយប្រើពាក្យដូចគ្នា ដូចករណីខាងលើជាភស្តុតាងស្រាប់ ។ ព្រះរាជាឈឺ និងព្រះសង្ឃឈឺ គេអាចហៅថា “ អាពាធ ” ដូចគ្នាបាន តែចំពោះព្រះរាជា មានពាក្យម្យ៉ាងទៀតថា “ ប្រឈួន ” ។
ខ្មែរយើងប្រើពាក្យពិសេសៗ សម្រាប់តម្រូវនឹងឋានៈមនុស្សក្នុងសង្គម ។ ដូច្នេះ ព្រះសង្ឃ និងព្រះរាជា ជាជនមានឋានៈខ្ពស់ក្នុងសង្គម ដែលគេអាចសន្មតថា ជា “ ឧត្តមភេទ” ដូច្នេះត្រូវតែមានពាក្យខ្ពង់ខ្ពស់យកមកប្រើ ឲ្យត្រូវទៅតាមឋានៈនាទី ក្នុងសង្គមដូចជម្រាបខាងលើ ។
ដើម្បីកំណត់ចំនួនមនុស្សមានយសសក្តិខ្ពង់ខ្ពស់វិញ គេប្រើពាក្យ “រូប” ៖
ក្នុងការរាប់កំណត់ចំនួនមនុស្សសាមញ្ញធម្មតា គេភ្ជាប់ពាក្យ “នាក់” ៖
ក្នុងការគិតគន់គណនាចំនួនសត្វទូទៅ គេតែងប្រើពាក្យ “ក្បាល” ៖
តែដោយឡែក, បើចំពោះសៀវភៅវិញ ក៏គេហៅថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ) ។
ដំណាំដើមឈើធំៗ គេប្រើពាក្យ “ ដើម ” យកមកភ្ជាប់ពីក្រោយ ៖
ដើម្បីរាប់កំណត់ចំនួនសត្វសម្រាប់ទឹម, គេតែងយកពាក្យ “ នឹម” មកភ្ជាប់ពីក្រោយ ។
ដើម្បីគណនាចំនួនដំណាំប្រភេទនេះ គេប្រើពាក្យ “គុម្ព”មកភ្ជាប់ពីក្រោយ ។ឧ. កសិករគំរូនៅភូមិសំរោង បានដាំដំណាំបន្លែជាច្រើន សម្រាប់លក់ និងសម្រាប់បរិភោគក្នុងគ្រួសារដូចជា ៖
ក្នុងការគណនារាប់ដំណាំប្រភេទនេះ គេប្រើពាក្យ “ជន្លង់”ពីខាងក្រោយ ៖
បើរាប់ខោមួយ អាវមួយ ឬសំពត់មួយ អាវមួយ, គេថា “ប្រដាប់” ៖
បើរាប់ ឬគណនាផ្លែឈើ, គេភ្ជាប់ពាក្យ ជាច្រើនប្រភេទដូចខាងក្រោម ៖
របៀបរាប់សំណាប ដែលដកចងជាកណ្តាប់បម្រុងយកទៅស្ទូង ក៏គេគិតជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូចផ្លែឈើដែរ ។
កាលដើមឡើយ ខ្មែរយើងពុំទាន់មានវិធី ឬឧបករណ៍សម្រាប់វាស់ពេល (លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ ។ ហេតុនេះ ចាស់បុរាណ លោកកំណត់ពេលវែងខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះ នៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា ៖
ចំណាំ៖ ពេល ១ បារី គឺរយៈពេល ដែលគេជក់ថ្នាំអស់ ១ បារី ឯពេល ១ សាបស្លា គឺរយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លាហើយ ។
[1] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ មានស្រៈ ៥ ទៀត ពោលគឺ ាះ (ឧ. ច៎ាះ, អាះ) ីះ (ឧ. យីះ !) ឺះ (ឧ. អឺះ, អ៊ឺះ, វ៉ឺះ, បឺះ ៗ ! ទឺះ ៗ !) ៀះ (ឧ. វៀះវៀន) និង េះ (ឧ. ចេះ) ។
-> ចំពោះស្រៈ ួ ឿ និង ៀ ជាមួយនឹងព្យញ្ជនៈអឃោសៈនិងឃោសៈ ខ្មែរយើងបញ្ចេញសំឡេងដូចគ្នាមែន តែជនជាតិខ្មែរនៅខេត្តចន្ទបុរី (សព្វថ្ងៃនៅប្រទេសសៀម) និងនៅតំបន់ភ្នំក្រវាញ កាលណាថា កួរ និង គួរ, កឿ និង គឿ, ហើយនិង កៀ និង គៀ នៅតែបញ្ចេញសំឡេងមិនដូចគ្នាទេ ពីព្រោះជាមួយនឹងព្យញ្ជនៈអឃោសៈ បញ្ចេញសំឡេងស្រាល (ឬហៅ សំឡេងតូច) ហើយជាមួយព្យញ្ជនៈឃោសៈ បញ្ចេញសំឡេងធ្ងន់ (ឬសំឡេងធំ) ។
[2] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ពាក្យ សន្តោស, សន្តាន, ចិន្តា និង អន្តរធាន ត្រូវសរសេរនឹង ន្ត ដើម្បីរក្សាជាតិសព្ទ ព្រោះជាពាក្យមកពីសំស្ក្រឹត-បាលី ។ ពីដើម ខ្មែរយើងធ្លាប់មានជើង “ដ” មានរូបសណ្ឋានដូចខ្លួនអក្សរ ដ តែបាត់សក់ សម្រាប់តែពាក្យសំស្ក្រឹត-បាលី ។ ជើងនេះ ខ្ញុំបាទប្រទះឃើញក្នុងសិលាចារឹកនគរវត្តសម័យក្រោយអង្គរ ឧទាហរណ៍ ក្នុងសិលាចារឹកលេខ ១ និង ៣ (សូមមើល សិលាចារឹកនគរវត្ត និង បទានុក្រម រៀបរៀងដោយមហាពិទូរក្រសេម ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី២ គ.ស. ១៩៥៨ ព.ស. ២៥០១ ទំព័រទី ១២៦, ១៤០, ១៤១) និងក្នុងទស្សនាវដ្តី កម្ពុជសុរិយា លេខដំបូង ៗ លោកបានសរសេរពាក្យ « ទស្សនាវដ្តី » នឹងជើង ដ ពុំមែនជាជើង ត ទេ ។
[3] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ ត្រីស័ព្ទ ខ្ញុំបាទយល់ស្របជាមួយលោក តែក្នុងវចនានុក្រមខ្មែរ សរសេរថា ត្រីសព្ទ វិញ ។ តែត្រង់មេពាក្យ សព្ទ សរសេរថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
[4] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ស្រៈ œ ក្នុងភាសាបារាំងសែស ច្រើនអានថា េ មិនមែនជា ឺ ។ ក្នុង វចនានុក្រមខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យ លោកបានសរសេរឈ្មោះនេះថា ហ្ស៊ក សេដែស ។
[5] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ ត្រីស័ព្ទ ខ្ញុំបាទយល់ស្របជាមួយលោក តែក្នុងវចនានុក្រមខ្មែរ សរសេរថា ត្រីសព្ទ វិញ ។ តែត្រង់មេពាក្យ សព្ទ សរសេរថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
[6] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជាពាក្យបាលី ក្លាយជា “អាស័យ” តាមអក្ខរាវិរុទ្ធខ្មែរ ។ រីឯ “អាស្រ័យ” វិញ ជាពាក្យក្លាយមកពីសំស្ក្រឹត “អាឝ្រយ” (និងតួ ឝ ដែលខ្មែរយើងហៅថា ស-គ) ។
[7] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុងភាសាខ្មែរមាត្រដ្ឋាន (ភាសាខ្មែរស្តង់ដារ) មានតែជាមួយនឹងព្យញ្ជនៈឃោសៈ ដូចលោកបានសរសេរ ។ តែខ្ញុំបាទឃើញថា សព្វថ្ងៃនេះ (តាមពិត គឺតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០) គេច្រើនសរសេរនឹងព្យញ្ជនៈអឃោសៈវិញ ។ ឧ. ប័រ (ខ្លាញ់ទឹកដោះគោ) ទោះជាក្នុងវចនានុក្រមខ្មែរ លោកថា ត្រូវសរសេរ ប៊័រ ; បៀរម៉ាកអានឆ័រ ; សារព័ត៌មានកំបូដស័រ ។ ខ្ញុំបាទគិតថា គួរតែរំឭកកូនខ្មែរឲ្យសរសេរ ប៊័រ អានឈ័រ និងកំបូដស៊័រ វិញ ព្រោះថា ក្នុងគ្រាមភាសាខ្មែរមួយចំនួន ឧទាហរណ៍នៅស្រុករវៀងក្នុងខេត្តព្រះវិហារ ឬនៅខេត្តសុរិន្ទ ខ្ញុំបាទបានឮបងប្អូនខ្មែរ មិនច្រឡំ ័រ និង ៊័រ ឡើយ ។ ឧទាហរណ៍ គេថា « អ័រ-ក » (អារ់ក គឺ អារ-ក) ហើយពាក្យថា អ័រ គេបញ្ចេញសម្លេងខ្លី (អារ់) ខុសពី “អារ” (ឧ. ប្រពន្ធអារ) មានសូរសម្លេងវែង ។ ពាក្យទាំងនេះ ឮ “រ” ប្រកបយ៉ាងច្បាស់ ។ « ធ្វើការ » គេនិយាយថា « ធ្វើការ » (ឮទាំងស្រៈអាវែង និង រ ប្រកប) ខុសពី « មេឆ្កែក័រ (ការ់) កូន » (គឺ មេឆ្កែការកូន) ហើយខុសពី « ម៉ែមានគ័ភ៌ » (ឮថា គ័រ) គឺថា “ការ” “ក័រ” និង “គ័រ” មានសំឡេងខុសគ្នានៅក្នុងខេត្តទាំងនោះ ។
[8] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មានប្រើក្នុងពាក្យខ្មែរមួយចំនួនតូច ដូចជា រយៈ ហេៈ ឬ ហែៈ (សូរលាន់មាត់) អ៊ីថាៈ វូមវៈ ! អ្ហាៈ ! និងពាក្យមួយមកពីចិន ៖ ប៉ិកួៈ (ដំឡូងរលួស) (នេះគឺជាអក្ខរាវិរុទ្ធរបស់វចនានុក្រមខ្មែរ តែខ្ញុំបាទឃើញថា គេច្រើនសរសេរ ប៉ិគក់ វិញ ក្នុងសៀវភៅធ្វើម្ហូប) ។ ក្នុងវចនានុក្រមខ្មែរ លោកហៅយុគលពិន្ទុថា ជាវណ្ណយុត្តិ តែក្នុងវិស័យភាសាសាស្ត្រ ខ្ញុំបាទយល់ថា អាចទុកថា នៅក្នុងចំណោមស្រៈ ឬ ស្រៈនិង ក ប្រកប វិញ ។
[9] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ គួរសរសេរ កណ្កកសញ្ញា វិញ ទោះជាអានថា កណ្តក់ ក៏ដោយ ព្រោះ កណ្តក ជាពាក្យបាលី មានន័យថា បន្លា ។
[10] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ រឿងក្បៀសជារឿងសំខាន់បំផុត បើនិយាយពីរឿងតួលេខ ដែលគួរតែយកមកពិភាក្សា ដោយហេតុតែ ពីមុន ខ្មែរយើងបានទទួលឥទ្ធិពលពីបារាំងសែសយ៉ាងខ្លាំងក្លា ។ « ពីរកន្លះ » យើងសរសេរថា ២,៥ តាមទម្លាប់បារាំង (ប្រើក្បៀស) ។ តែសព្វថ្ងៃ ឥទ្ធិពលបរទេសមកពីអាមេរិកាំងវិញ ហើយពួកអាគាំងសរសេរថា ២.៥ (ប្រើចំណុច) ។ សព្វថ្ងៃ ឃើញថា មានពួកក្មេង ៗ និយមសរសេរដូចអាមេរិកាំងដែរ ។ « បីពាន់ » អាមេរិកាំង (ឬពួកអង់ក្លូសាក់សុងជាទូទៅ) សរសេរជាលេខថា ៣,០០០ (សៀមក៏សរសេរដូច្នេះដែរ ៖ ๓,๐๐๐) ឯបារាំងវិញ សរសេរថា ៣ ០០០ (ដាក់ចន្លោះភ្ជាប់ក្រោយពីខ្ទង់ពាន់) ឬ ៣០០០ ឬ ៣.០០០ ក៏បាន ។ ខ្មែរធ្លាប់ធ្វើតាមបារាំងយូរមកហើយ ជាងមួយសតវត្ស តែត្រូវសម្រេចចិត្ត យករបៀបណា របស់អាមេរិកាំង ឬ របស់បារាំង ?
[11] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាមយោបល់ខ្ញុំបាទ ទោះជាមានគេនិយមសរសេរ “កម្មវត្ថុៈ” “យោងៈ” ។ល។ នេះគួរមិនទុកថា ត្រឹមត្រូវ ទេ ព្រោះធ្វើឲ្យច្រឡំតួនាទីរបស់យុគលពិន្ទុនិងទ្វិពិន្ទុលេខ ។ គួរសរសេរ “កម្មវត្ថុ” ៖ “យោង” ៖ វិញ ព្រោះសព្វថ្ងៃ យើងមានយូនីកូដខ្មែរ ។
[12] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាមយោបល់ខ្ញុំបាទ កូនសិស្សខ្មែរ ដែលរៀនក្បួនខ្នាតអក្ខរាក្រមនិងវេយ្យាករណ៍ខ្មែរ មិនអាចយល់កថាខណ្ឌខាងលើ ព្រោះពួកគេមានភាសាខ្មែរជាភាសាកំណើត ហើយមិនចេះភាសាបារាំង ព្រោះហេតុថា ភាសាបារាំង ពុំសូវមានអ្នកណារៀនសព្វថ្ងៃនេះ ។ មានតែមនុស្សដែលបានទទួលការអប់រំនៅសម័យអាណាព្យាបាល ឬ សង្គមនិយម ដែលអាចយល់បាន ។ ហើយបើសិនជាត្រូវការខណ្ឌសញ្ញា គួរប្រើទ្វិពិន្ទុលេខ (ចំណុចពីរគូស ៖) ជំនួសយុគលពិន្ទុ (ៈ) វិញ ។
[13] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ខ្ញុំគិតថា គួរប្រើ (៖) វិញ ព្រោះមានចុចពីរក្នុងពាក្យថា អ៊ីថាៈហើយ អាចនាំឲ្យមានការយល់ច្រឡំ ។ ឧ. « ឯងថា មិនឲ្យគ្នាទៅអ៊ីថាៈ បានជាគ្នាមិនទៅ ! » ។[14] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅសញ្ញានេះថា វិឡារសញ្ញា, អញ្ញប្រកាស ឬ កោណសញ្ញា ហើយសរសេរថា « » មានឈ្មោះដូចគ្នា ។
[15] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅសញ្ញានេះថា អន្តរសញ្ញា ។
[16] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ប្រការនេះជាការពិបាកនិងស្មុគស្មាញបន្តិចដូចលោកបានយកមកពិភាក្សា ព្រោះខ្ញុំឃើញថា អ្នកប្រាជ្ញខ្មែរទាំងឡាយ មិនប្រើឈ្មោះដូចគ្នាទេ ។ ឧទាហរណ៍ លោក នួន ប៊ុត ហៅ “ ” និង « » ថា វិឡារសញ្ញា ហើយថា ហៅថា អញ្ញប្រកាស ក៏បាន ។ រួចលោកថា « នឹងហៅថា កោណសញ្ញា ដើម្បីឲ្យស្រួលចំណាំកុំឲ្យច្រឡំគ្នាបាន » ។ ភាសាបារាំង គេហៅសញ្ញា « » នេះថា វិឡារសញ្ញាបារាំងសែស និង “ ” ថា វិឡារសញ្ញាអង់គ្លេស អាចប្រើទាំងពីរបាន តែវិឡារសញ្ញាអង់គ្លេសទុកជាសញ្ញារង គឺមានតួនាទីខុសគ្នាបន្តិច ។ ឧ. « អ្នកកាន់បេឡា បាននិយាយមកកាន់ខ្ញុំថា ៖ “សូមមើល ‘ប៉ាស់ស្ព័រ’ របស់លោកបន្តិច ។” ខ្ញុំក៏ហុចលិខិតឆ្លងដែនរបស់ខ្ញុំឲ្យគាត់ » ។ សញ្ញា « » នេះ ពួកអង់គ្លេសនិងអាមេរិកាំងមិនដែលប្រើឡើយ ប្រើតែ “ ” ប៉ុណ្ណោះ ។ សូមអ្នកប្រាជ្ញខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ មេត្តាដាក់ឈ្មោះខុសគ្នាឲ្យខណ្ឌសញ្ញាទាំង ៣ យ៉ាងនេះ ពោលគឺ « », “ ” និង ‘ ’ កុំឲ្យកូនខ្មែរច្រឡំ ។
[17] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខរ៉ូម៉ាំងមានតួច្រើនទៀត ព្រោះមិនអនុវត្តតាមរបាប់ទសភាគ ហើយលេខរ៉ូម៉ាំងពុំមានលេខសូន្យ ។ តួលេខដទៃទៀត គឺ ៖ L (៥០) C (១០០) D (៥០០) M (១០០០) ។
[18] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ កាលខ្ញុំបាទបានរៀនអក្សរខ្មែរ ខ្ញុំបាទក៏ឮគ្រូ ៗ របស់ខ្ញុំបាទហៅអក្សរបែបនេះថា អក្សរមូល (ហើយខ្ញុំបាទកត់សម្គាល់ថា សព្វថ្ងៃនេះ ក្មេង ៗ ជាច្រើនមិនស្គាលឈ្មោះនេះ ហៅថា អក្សរឆ្លាក់វិញ) ។ តែតាមការស្រាវជ្រាវរបស់ខ្ញុំបាទ ហៅអក្សរបែបនេះថា អក្សរមូល ក៏ជាការច្រឡំដែរ ។ ទោះបីជាតួអក្សរមានរាងមូលមែនក៏ដោយ តាមពិតគឺជាអក្សរខម ។ ក ខ គ ឃ ង នេះ គឺជាអក្សរខម មិនមែនជាអក្សរមូលទេ ។ នៅស្រុកសៀម គេប្រើអក្សរបែបនេះក្នុងសាស្ត្រាស្លឹករឹត និងក្រាំង (សព្វថ្ងៃនេះ មានមនុស្សតិចណាស់ ដែលចេះអាន ព្រោះស្តេចសៀមនៅចុងសតវត្សទី ១៩ ដើម ស.វ. ទី ២០ ចង់ផ្សព្វផ្សាយតែអក្សរសៀម ដោយយកលេសថា ជាអក្សរពិបាករៀន និងពិបាកប្រើក្នុងការបោះពុម្ពសៀវភៅ តែតាមទស្សនៈខ្ញុំបាទ គឺមកពីទស្សនៈជាតិនិយម ដែលបានលេចឡើងនៅសម័យនោះ) ។ ដូចលោកមានប្រសាសន៍ ក្នុងសម័យបច្ចុប្បន្ន សៀមនៅតែប្រើអក្សរបែបនេះសម្រាប់សរសេរគាថាលើយ័ន្ត្រ ឬ សាក់លើខ្លួនមនុស្ស ព្រោះជាតួអក្សរស័ក្តិសិទ្ធិ ។ រីឯអក្សរសៀមវិញ គ្រាន់តែជាអក្សរសម្រាប់ផែនដី កិច្ចការរាជការនិងរដ្ឋបាលប៉ុណ្ណោះ ទោះបីជាព្រះត្រៃបិដកជាភាសាបាលី គេសរសេរជាអក្សរសៀមវិញ ។ ពីដើម សៀមមិនដែលសរសេរគាថាបាលី ឬ ពុទ្ធវចនាជាភាសាបាលី ជាអក្សរសៀមឡើយ ។ សៀមហៅអក្សរបែបនេះថា អក្សរខម ព្រោះខម គឺជាជនជាតិខ្មែរ ។ សៀមហៅខ្មែរសម័យអង្គរថា ខម ៗ ។
[19] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក ខ គ ឃ ង នេះ គឺជាអក្សរមូល មិនមែនជាអក្សរខមទេ ។ ខ្ញុំបានមើលគម្ពីរសៀមជាភាសាសៀមនិងបាលី តែសរសេរជាអក្សរខម (អក្សរខ្មែរ) (រហូតដល់ចុង ស.វ. ទី ១៩ សៀមសរសេរសៀវភៅទេសន៍ភាសាសៀមជាអក្សរខម) ។ ក្នុងសាស្ត្រាទាំងនេះ ខ្ញុំបាទមិនដែលឃើញសៀមសរសេរ ក មានរូបសណ្ឋានជា ក ឬ ង ជា ង ឡើយ ។ គេសរសេរដូចតទៅជានិច្ច ៖ ក និង ង ។ ខ្ញុំបាទបានសាកសួរនិស្សិតជាតិដាណឺម៉ាកម្នាក់ សព្វថ្ងៃ កំពុងធ្វើសរណាស្រាវជ្រាវស្តីពីរឿង ព្រះមាល័យ របស់សៀម ជាភាសាសៀម តែសរសេរជាអក្សរខ្មែរ ។ គាត់បានប្រាប់ខ្ញុំថា គាត់បានអានក្រាំងនិងសាស្ត្រាស្លឹករឹតច្រើនច្បាប់ ច្រើនខ្សែ មកពីប្រទេសសៀម បានប្រទះឃើញ តួ ក តែម្តងគត់ ក្នុងឃ្លាចុងបញ្ចប់រឿងមួយ (សរសេរជាភាសាសៀម) ។ ចំណែកឯរបៀបសរសេរតួ ក ខ គ ឃ ង ខ្ញុំបាទបានប្រទះឃើញជាញឹកញាប់បំផុតក្នុងសាស្ត្រាស្លឹករឹត វាន និងសៀវភៅសរសេរដែលពួកបារាំងបាននាំមកប្រើនៅប្រទេសកម្ពុជានៅចុងសតវត្សទី ១៩ ។ ដែលអ្នកប្រាជ្ញសព្វថ្ងៃ ច្រឡំអក្សរមូលនិងអក្សរខម ខ្ញុំបាទគិតថា មានមូលហេតុ ២ ។ ទី ១ នៅប្រទេសកម្ពុជា អក្សរខមមានប្រជាប្រិយភាពខ្លាំងនៅ ស.វ. ទី ២០ ហើយគេបានយកអក្សរនេះសម្រាប់យីហោ ស្លាក ។ល។ ទី ២ ដល់ពេលយកបែបអក្សរនេះ ធ្វើជាសំណអក្សរពុម្ព គេបានធ្វើឲ្យតួអក្សរបែបនេះ មានរាងថ្លោស និងមូលទៀត ។ ឯអក្សរមូលវិញ គេមិនបានធ្វើឲ្យសំណពុម្ពមានរាងថ្លោស ។ ម្យ៉ាងទៀត គេបានធ្វើឲ្យមានរូបជ្រុងបន្តិច ។ដែលខ្ញុំបានរៀបរាប់នេះ ប្រហែលជាការយល់ខុសពីខ្ញុំបាទ តែខ្ញុំបាទបានប្រមូលឯកសារជាភស្តុតាង ដែលខ្ញុំបានស្កេន និងសូមជូនក្នុងឯកសារមួយទៀត ។
[20] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ឞ តួនេះ ពុំមែនជាព្យញ្ជនៈ ម (ម) ទេ គឺជាតួព្យញ្ជនៈ ឞ (ហៅ សប) ជាព្យញ្ជនៈសម្រាប់តែភាសាសំស្ក្រឹត ពុំមានក្នុងភាសាបាលីនិងខ្មែរទេ ។ ភាសាសំស្ក្រឹតមានព្យញ្ជនៈ “ស” បីតួ (បញ្ចេញសម្លេងខុសគ្នា) គឺ ឝ (ហៅ សក) ឞ (ហៅ សប) និង ស (អាចហៅ សល) បាន ។ រីឯភាសាបាលី មានតែតួ ស ប៉ុណ្ណោះ ។ ខ្មែរធ្លាប់ប្រើ ឝ និង ឞ តាំងពីសម័យមុនអង្គររហូតដល់សម័យក្រោយអង្គរ ។ ឧ. សូមមើល សិលាចារឹកនគរវត្ត និង បទានុក្រម រៀបរៀងដោយមហាពិទូរក្រសេម ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ។
[21] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅក្នុងសៀវភៅបោះពុម្ពផ្សាយនៅស្រុកខ្មែររហូតដល់សម័យសង្គមរាស្ត្រនិយម ស្រៈ ែ នេះ ក៏មានរូបសណ្ឋានដូចនេះ ែ ផងដែរ ។
[22] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅភាគកណ្តាលនៃប្រទេសកម្ពុជា គេបញ្ចេញសម្លេងថា ព្រះធរនី តែនៅសុរិន្ទ គេបញ្ចេញសម្លេងថា ព្រះធរណី មិនបញ្ចេញសម្លេងថា ព្រះធរនី (ហើយចំពោះខ្មែរសុរិន្ទ សម្លេងនេះមិនមែនជាឥទ្ធិពលសៀម ព្រោះសៀមមិនអាចបញ្ចេញខ្យល់ ី (អី) ដូចខ្មែរទេ ។
[23] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក្នុងចម្រៀងមួយចំនួន ខ្ញុំបាទបានឮគេថា ប្រពៃណី តាមអក្ខរាវិរុទ្ធ ទោះជាខ្មែរភាគច្រើនថា ប្រពៃនី ដូចលោកមានប្រសាសន៍ ។
១- មូលវិជ្ជា ខេមរភាសា ។
២- វេយ្យាករណ៍ ធន់ ហ៊ិន ។
៣- ភាសាខ្មែរថ្នាក់ទី ១០ ក្រសួងអប់រំ ។
៤- វេយ្យាករណ៍ខ្មែរពិស្តារ ពូវ - អ៊ុម ។
៥- មូលភាពនៃការបង្កើតពាក្យ កេង វ៉ាន់សាក់ ។
៦- វេយ្យាករណ៍ខ្មែរ ឃឹន សុខ ។
៧- វេយ្យាករណ៍ខ្មែរ ក្រសួងអប់រំ ។
៨- វេយ្យាករណ៍ ទម្រង់និយមនៃភាសាខ្មែរទំនើប ព្រុំ ម៉ល់ ។
៩- ការតែងនិពន្ធ ជួរ គារី ។
១០- និពន្ធសេចក្តីខ្មែរ វិជ្ជានិពន្ធ គិត ហ៊ាង ។
១១- ផ្កាស្រពោន នូ ហាច ។
១២- កុលាបប៉ៃលិន ញ៉ុក ថែម ។
១៣- វេស្សន្តរជាតក ព្រះអង្គដួង ។
១៤- រឿងរតនាវង្ស ។
១៥- អក្សរសិល្ប៍ខ្មែរ លី ធាមតេង ។
១៦- ជិនវង្ស អរិយគាមុនី ហ៊ីង ។
១៧- កាកី ព្រះអង្គដួង ។
១៨- វេស្សន្ដរជាតក ។
១៩- វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
This article uses material from the Wikipedia ភាសាខ្មែរ article វេយ្យាករណ៍ភាសាខ្មែរ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.