ភាពវិជ្ជមានក្នុងអក្សរសិល្ប៍ខ្មែរ

ដោយលោក នភ ហង្សផលា

ខែមិថុនា ២០១០


មានអត្ថបទអក្សរសិល៍្បខ្មែរជាច្រើន បានឆ្លុះបញ្ចាំងនូវគំនិតអវិជ្ជមានរបស់អ្នកនិពន្ធ ដូចជាការសម្លឹង ស្វែងរកទោសរបស់បុគ្គល ឬរបស់សង្គមដែលគេកំពុងរស់នៅ ការដំអូញបង្ហាញនូវភាពសោកសៅ និងភាព ស្មុគ្រស្មាញក្នុងឆាកជីវិត ឬក្តីអស់សង្ឃឹមជាដើម។ អក្សរសិល៍្បទាំងនេះ បានក្លាយជាកញ្ចក់យ៉ាងធំ ឆ្លុះបញ្ចាំង ដល់វិស័យអក្សរសិល្ប៍របស់ជាតិយើង ថាតើអ្នកនិពន្ធខ្មែរជាច្រើនរូបនាបច្ចុប្បន្ន កំពុងឋិតនៅក្នុងការគិត អវិជ្ជមាន ដោយព្រោះអ្វី? ហើយតើយើងត្រូវធ្វើយ៉ាងណា ដើម្បីសម្រាលភាពអវិជ្ជមាន ក្នុងគំនិតរបស់អ្នកនិពន្ធទាំងឡាយអោយបានធូរស្រាល និងបានទទួលភាពភ្លឺស្វាងរមនាក្សេមក្សាន្តមកវិញ?

ភាពអវិជ្ជមានដែលមានច្រើនជាងគេ ហើយដែលត្រូវការកែសម្រួលជាបន្ទាន់នោះ គឺ ការសរសេរ ស្វែងរកទោស ដោយគ្មានផ្តល់នូវគំនិតភ្លឺស្វាង សម្រាប់ដោះស្រាយអោយធូរស្រាលអ្វីវិញឡើយ នៅទីបញ្ចាប់។ មានន័យថាស្មេរទាំងឡាយនេះ មិនសូវបានផ្ទៀងផ្ទាត់សម្លឹងមើល ហើយពិចារណានូវគំនិតរីកចម្រើន ដែលជួយបណ្តុះបណ្តាលសតិប្រាជ្ញាចិត្តគំនិតមនុស្ស អោយកាន់តែប្រសើរឡើង។

ការរិះគន់អាចផ្តល់គុណប្រយោជន៍ខ្លះៗដែរ ប្រសិនបើអ្នកនិពន្ធ អាចបង្ហាញអោយឃើញនូវអ្វីប្រសើរៗ ដែលបុគ្គលឬសង្គមមើលរំលង។ ប៉ុន្តែការរិះគន់តែម្យ៉ាង ដោយគ្មានការជួយផ្តល់មតិកែលំអ ដើម្បីស្ថាបនា អោយបានប្រសើរជាងមុន ពុំមានសារៈប្រយោជន៍អ្វីឡើយ ក្រៅពីបង្កបរិយាកាសអាប់អួរក្នុងអារម្មណ៍ អ្នកអានកាន់តែច្រើនឡើងៗ។ ដូច្នេះ ដើម្បីកែប្រែសំនួនទឹកដៃ អោយកាន់តែប្រសើរ ហើយមានសារប្រយោជន៏ មានទឹកដម និងផ្តល់កម្លាំងចិត្ត ដល់អ្នកអានទាំងឡាយ ស្មេរគួរមានស្មារតីភ្ញាក់រលឹក ចៀសវាងការសរសេរ សម្លឹងស្វែងចាប់ទោសពៃរ៍នោះច្រើនពេក ហើយគប្បីសរសេរ រិះគន់ក្នុងបែបស្ថាបនាវិញ ដោយមានផ្តល់នូវ យោបល់ល្អៗប្លែកៗ ប្រសើរ ជាច្រើនសម្រាប់កែលំអបុគ្គលឬសង្គមអោយដើរឆ្ពោះទៅរកភាពប្រសើរ ថ្កុំថ្កើង ទាំងអស់គ្នា។

ភាពវិជ្ជមានជាប្ញសគល់នៃការនិពន្ទប៉ិនប្រសប់ និងជាបង្អែកមូលដ្ឋាននៃការសិក្សា រីកចំរើនលូតលាស់។ ការប៉ិនប្រសប់របស់អ្នកនិពន្ធ គឺការចេះកែឆ្នៃគំនិតដើមអោយបែកមែកធាង ក្លាយជាគំនិតថ្មីៗជាច្រើនថែមទៀត ដែលអាចមានប្រសិទ្ធភាព សមស្របតាមទីកន្លែងនិងពេលវេលា ក្នុងសង្គមរស់នៅ។ ភាពវិជ្ជមានរបស់អត្ថបទ អាចទាក់ទាញអ្នកអាន អោយផ្តោតអារម្មណ៍ទៅលើអត្ថបទ យ៉ាងជក់ចិត្តផ្តិតអារម្មណ៍ មានទាំងទឹកដម អប់កម្លាំងចិត្តផង មានទាំងមនោសញ្ចេតនា អាចអោយមនុស្សត្រេកអរសោមនស្ស ដោយផោ្តតអារម្មណ៍ ទៅលើគន្លិះដោះស្រាយ ប្រកបដោយប្រាជ្ញាផង និងទៅលើគំនិតប្រសើរៗ ដែលអ្នកអានអាចយកមកប្រតិបត្តិ ដើម្បីសម្រាលទុក្ខធុរ: សៅហ្មងទាំងឡាយ ក្នុងជីវិតរបស់អ្នកអានផង។ សិល៍្បវិធីនៃការសរសេរដ៏មានប្រសិទ្ធភាពវិជ្ជមាន មានរួមបញ្ចូល នូវគន្លិះមូលដ្នានជាច្រើនដូចជា៖

សច្ចៈភាព

នោះគឺជាភាពប៉ិនប្រសប់របស់អ្នកនិពន្ធ ក្នុងការប្រឌិតសំណេររបស់ខ្លួន អោយរស់រវើកសមហេតុ សមផល ហាក់បីដូចជាជីវិតរស់នៅពិតៗ ទោះបីជាសាច់រឿងទាំងនោះគ្រាន់តែជារឿងឆ្នៃប្រឌិតសុទ្ធសាធ ក៏ដោយ មានន័យថា សំណេរអត្ថបទនោះ ហាក់ដូចជារឿងជីវិតពិតៗ បានកើតឡើងពិតៗ មានតួអង្គពិតៗ ដូច្នោះ ។ ម្យ៉ាងទៀត សច្ចៈភាពក៏សំដៅយកហេតុផលដ៏សមគួរ ដែលអ្នកអានគ្រប់រូបអាចទទួលយកបាន។ អ្នកនិពន្ធមិនត្រូវភូតភរបំផ្លើសជ្រុលពេក រហូតទាល់តែអ្នកអាន មិនអាចជឿបាននោះឡើយ។ ការរក្សាសច្ចៈភាព ក្នុងអត្ថបទ តែងទាមទារអោយស្មេរប្រមូលអារម្មណ៍ និងការគិតអោយបានមូល ដោយសិក្សាទៅលើជីវិតពិត ហើយដកស្រង់ភាពពិតនោះ មកបញ្ចូលនៅក្នុងស្នាដៃរបស់ខ្លួនផង ទើបអត្ថបទមិនមានវង្វេងពីសច្ចភាព។ ឧទាហរណ៍ដូចជា ការប្រឌិត អោយស្ទឹងសង្កែ ហូរកាត់ទីក្រុងភ្នំពេញ ឬប្រឌិតអោយតួអង្គវ័យ ១៩ឆ្នាំ ជាចៅក្រមជើងឆ្នើមដ៏ល្បីល្បាញ ប្រចាំក្រុងភ្នំពេញ ឬនារីស្រុកស្រែធ្វើការមាំមួន ក្នុងស្រែដូចបុរស ស្រាប់តែ មានម្រាមដៃទន់ល្មើយ ដូចសំឡី ជាដើមទាំងនោះ ជាការប្រឌិតដែលខ្វះសច្ចភាពទាំងស្រុងតែម្តង។

ភាពសមរម្យ

កត្តាសំខាន់ក្នុងការបញ្ចេញនូវគំនិតនិមួយៗ គឺចំាបាច់ត្រូវតែសមរម្យទៅតាមវ័យ តាមសង្គមអ្នកអាន តាមកាលវេលានៃហេតុការណ៍ និងតាមហេតុផលត្រឹមត្រូវ។ ចំពោះអ្នកអាន ទោះបីពួកគេ ឋិតនៅក្នុងសង្គមណា កំរិតសិក្សាណា វ័យណាក៏ដោយ ក៏តែងតែទាមទារ អោយអត្ថបទអក្សរសិល៍្ប មានភាពសមរម្យ ចាកភាព គ្រោតគ្រាតនិងភាសាអសុរស ។ បើស្មេររក្សាគុណធម៌ និងសីលធម៌នៅក្នុងចិត្តរបស់ខ្លួនបាននឹងនួនត្រឹមត្រូវ នោះអត្ថបទប្រាកដជាឋិតនៅ ក្នុងភាពសមរម្យជាប់ជានិច្ច។ ម្យ៉ាងទៀត អត្ថបទគួរមានវេយ្យាករណ៍ និងសំនួនពាក្យ ត្រឹមត្រូវសមរម្យល្មមអោយអ្នកអានទូទៅ អាចយល់បានដោយងាយ នូវគំនិតនិមួយៗ ដែលស្មេរ មានបំណងចង់អោយអ្នកអានយល់។ យើងគួរប្រើប្រាស់ពាក្យពេជន៍ពេញលក្ខណៈ ជាភាសាខ្មែរ ងាយល្មម សម្រាប់អ្នកអានគ្រប់វ័យ គ្រប់ស្រទាប់អាចអានបានគ្រប់គ្នាមិនរំលង។ ស្មេរគួរចៀសវាងប្រើភាសាឯកទេស និង ភាសាបរទេសច្រើនជ្រុលពេក ជាពិសេស សំនួនពាក្យដែលអ្នកអានភាគច្រើន មិនសូវស្គាល់ព្រោះអាចជា ហេតុបណ្តាលអោយអ្នកអាន ពិបាកយល់ពិបាកទទួលគំនិត និងសាច់រឿងដែលយើងសរសេរ។ កាលបើ អ្នកអានមានការធុញថប់ពិបាកយល់ គេក៏ស្រកស្រុតចំណង់ ក្នុងការអានសៀវភៅរបស់យើងដែរ។ នៅពេលណាដែលស្មេរ លើកនូវហេតុផលច្បាស់លាស់ សមសួន ត្រឹមត្រូវបានហើយអ្នកអានក៏អាច ទទួលយក នូវគំនិតរបស់ស្មេរ តាមសម្រួល តាមលំដាប់លំដោយ ដោយពុំសូវមានការជំទាស់អ្វី នៅក្នុងចិត្តដូចគ្នាដែរ។ ដោយប្រការហេតុផលនេះហើយ ដែលស្មេរគួរគិតពិចារណា អោយបានច្បាស់លាស់ មុនធ្វើការសម្រេចចិត្តសម្រក់ទឹកខ្មៅ ផ្តិតនូវគំនិតនិមួយៗរបស់ខ្លួន ទៅក្នុងអត្ថបទអក្សរសិល្ប៍។

ភាពរីករាយ

មនុស្សគ្រប់រូបរមែងប្រាថ្នា ចង់បាននូវភាពរីករាយស្រស់បំព្រង ក្នុងជីវិតគ្រប់ៗគ្នា។ បើសិនជាស្មេរយើង អាចបង្កភាពរីករាយ តាមរយ:ស្នាដៃដ៏ប៉ិនប្រសប់របស់ខ្លួន អ្នកអានប្រាកដជានឹងបានទទួល នូវភាពរីករាយរំភើប សប្បាយក្នុងចិត្ត ពេលអានសំណេរទាំងនោះម្តងៗ។ ផ្ទុយទៅវិញ បើសិនជាស្មេរសរសេរតែរឿង ឈឺចាប់ ខ្លោចផ្សា ព្រាត់ប្រាស់និរាសចោលគ្នា ដោយប្រការនានា ឬសរសេរបញ្ចូលតែភាពមួហ្មង ក្តៅក្រហាយ រកកលល្បិច បំផ្លិចបំផ្លាញគ្នាមិនឈប់ឈរ ដោយការរំពៃសម្លឹងចាប់ទោសអូសដំណើររបស់ជនណាមួយ ដោយគ្មានទឹកចិត្ត អនុគ្រោះ អនុលោម ឬអធ្យាស្រ័យ នោះអ្នកអានក៏ច្បាស់ជាមិនបានទទួល នូវភាពរីករាយ ក្នុងចិត្តឡើយ តែបែរជាមានអារម្មណ៍ទើសទាល់ ធុញថប់ក្នុងចិត្ត រួចហើយក៏ច្រានចោលនូវអត្ថបទរបស់យើង មិនចង់អានតទៅទៀតជាថ្មី ទោះបីជាអត្ថបទនោះមានរសខ្លឹមសារ សំខាន់យ៉ាងណាក៏ដោយ។ ដូច្នេះ អត្ថបទ អក្សរសិល្ប៍ដែលល្អប្រសើរ មិនចាំបាច់ទាល់តែមានការបង្ហាញ នូវសំណោកយំយែក ស្តាយស្រណោះ ស្រណោកក្នុងចិត្តអាណិតខ្លួន ទើបអាចហៅបានថា ល្អប្រសើរនោះឡើយ។ ថ្វីបើសភាពពិតក្នុងជីវិត តែងមានល្អមានអាក្រក់ មានសប្បាយមានកើតទុក្ខជាធម្មតា ប៉ុន្តែក្នុងឋាន:ជាស្មេរដែលមានស្នាដៃប៉ិនប្រសប់ យើងគួរចេះបង្ហាញពីសភាពពិតទាំងនេះ ដោយមិនលំអៀងជ្រុល ទៅក្នុងភាពអវិជ្ជមានច្រើនពេក រហូតដល់ ភ្លេចផ្តោតចិត្តគំនិត សម្លឹងមើលភាពវិជ្ជមាននៃជីវិតម្ខាងទៀតនោះដែរ ព្រោះថា ភាពវិជ្ជមាន ជាតំណាង ភាពរីកដុះដាលនៃជីវិត។

ក្តីសង្ឃឹម

មនុស្សគ្រប់តែងត្រូវការក្តីសង្ឃឹម ដើម្បីជាកម្លាំងចិត្តក្នុងការតស៊ូក្នុងជីវិត។ អត្ថបទណាដែលបង្កបង្កើនភាពអស់សង្ឃឹមច្រើនពេក នឹងអាចជំរុញអោយសំណេររបស់ខ្លួន បាត់បង់ប្រជាប្រិយភាពទៅវិញ យ៉ាងងាយ ព្រោះពេលណាអ្នកអាន អស់សង្ឃឹម គេនឹងអស់កម្លាំងចិត្ត លែងចង់អានតទៅទៀត។ ថ្វីបើ នៅក្នុងជីវិតពិត មនុស្សទាំងឡាយរមែងប្រទះទុក្ខក៏ពិតមែន តែគ្រប់ទុក្ខកង្វល់ទាំងប៉ុន្មាន ក៏រមែងមានដំណោះស្រាយខ្លះដែរ មិនថាតិចតួច ឬក៏ច្រើនទេ ហើយមនុស្សវិញ ក៏សំបូរអ្នកតស៊ូនឹងឆាកជីវិត ហើយបានទទួលជោគជ័យនោះ ក៏មានច្រើនរាប់មិនអស់ ដូចគ្នាដែរ។ ដូច្នេះហើយ បើស្មេរសម្រេចថា នឹងសរសេរលើកអំពី សេចក្តីទុក្ខ កង្វល់អ្វីមួយ យើងគប្បីប្រឹងអោយអស់ពីសមត្ថភាព ប្រើប្រាស់ប្រាជ្ញារបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយ បញ្ហាទាំងនោះអោយបានចប់ចុងចប់ដើមផង ដើម្បីផ្តល់ជាកម្លាំងចិត្ត ជាមធ្យោបាយអោយអ្នកអាន អាចរៀនសូត្រពីគំនិតជ្រៅជ្រះ របស់ស្មេរផងដែរ។

គ្មានសេចក្តីព្យាយាមឯណា ដែលទទួលជោគជ័យបាន ដោយគ្មានក្តីសង្ឃឹម និងការប្រឹងប្រែង អស់ពីកម្លាំងកាយ កម្លាំងចិត្តនោះឡើយ។ ហេតុនេះហើយ ស្មេរគួរសរសេរលើកកម្លាំងចិត្តអ្នកអានអោយបានច្រើន ទើបអាចទទួលការស្រឡាញ់រាប់អានច្រើន ពីសមាជិកអ្នកអាន ព្រោះថាសម្តីដែលពិត ពោលត្រឹមត្រូវ សមតាមពេលវេលា និង សមចំពោះបុគ្គល អាចផ្តល់នូវកម្លាំងចិត្តចំពោះគេយ៉ាងពេញទំហឹងពោលគឺជាឧិសថទិព្ធសម្រាប់ប្រស់ព្រំជីវិតមនុស្ស អារម្មណ៍មនុស្ស ទឹកចិត្តមនុស្ស អោយត្រជាក់ក្សេមក្សាន្តត្រកុំត្រកាលគ្រប់កាលគ្រប់វេលា។

ដូច្នេះ ស្មេរដ៏ប៉ិនប្រសប់ គួរបង្កើនអនុភាពស្នាដៃរបស់ខ្លួន អោយអស្ចារ្យ ដូចជាអទិទេពដែលមាន ឬទ្ធានុភាពប្រស់ព្រំជីវិតសត្វលោកបាន ឬ យ៉ាងណា?

សតិប្រាជ្ញា

នៅក្នុងសំណេរអត្ថបទ សតិគឺជាការដាស់តឿនក្រើនរំលឹកមនុស្ស មិនអោយប្រព្រឹត្តខុសគន្លងធម៌ដ៏ប្រពៃ។ រីឯប្រាជ្ញាវិញ ជាគ្រឿងអាវុធយុទ្ធភ័ណ្ឌ របស់មនុស្សសម្រាប់តតាំង ប្រឈមមុខតស៊ូនឹងឆាកជីវិត។ តើយើងគួរប្រើប្រាស់ សតិប្រាជ្ញា របស់យើងគ្រប់ៗគ្នានោះ បានយ៉ាងល្អប្រសើរ បែបណាខ្លះ? គួរយើងរក្សា ហើយបណ្តុះបណ្តាលអោយកាន់តែរីកចំរើនលើសមុន បែបណាខ្លះ? បើយើងជាស្មេរភ្លេចខ្លួន ពុំបានពិចារណានូវសំណួរខាងលើនេះ អោយបានជាច្បាស់លាស់ភ្លឺស្វាង នោះទេ ការសរសេររបស់យើងប្រាកដជាអាចនាំអ្នកអាន អោយធ្លោយធ្លាក់ក្នុងភាពងងឹត ជាញឹកញយ ថែមទាំងទទួលបរាជ័យ ជាច្រើនលើកច្រើនសា ដោយការខ្វះសតិប្រាជ្ញាដែលជាពន្លឺដ៏ត្រចះត្រចង់ សម្រាប់ បំភ្លឺជីវិត ឆ្ពោះទៅរកសេចក្តីសុខសុភមង្គល ភាពថ្កុំថ្កើង និងជីវិតរីកចំរើន។ ដូច្នេះបើសិនជាស្មេរអាចរក្សា សតិស្មារតីយើងអោយភ្លឺស្វាង ទៅក្នុងសំណេរ អត្ថបទអក្សរសិល្ប៍របស់ខ្លួន នោះអ្នកអានទាំងឡាយ ក៏នឹងបាន ទទួលនូវពន្លឺភ្លឺស្វាងមិនលែងឡើយ នៅពេលគេអានអត្ថបទរបស់យើងម្តងៗ។

ប្រយោជន៍

សំណេរអក្សរសិល៍្ប ដែលមានប្រសិទ្ធភាព គឺជាអត្ថបទ ដែលបង្កប្រាជ្ញា បង្កើនចំណេះដឹង និងគំនិតប្រពៃផ្សេង ដែលមនុស្សអាចទាញយកទៅប្រតិបត្តិ នៅក្នុងជីវិតដើម្បីនាំមកសារប្រយោជន៍ មកដល់ខ្លួន ដល់ក្រុមគ្រួសារ និងសង្គមដែលគេរស់នៅ។ ទោះបីជាមាន អ្នកនិពន្ធខ្លះ សរសេរសម្រាប់តែកំសាន្តលេង ក៏ដោយ ក៏សំណេរទាំងឡាយនោះ គប្បីនាំមកនូវភាពរីករាយចម្រុងចម្រើន នូវសុខុមាលភាពផ្នែកអារម្មណ៍ ឬផ្តល់នូវសារៈប្រយោជន៍ ដល់អ្នកអានខ្លះៗដែរ។ ដើម្បីអោយអ្នកអានបានយល់ច្បាស់ ថាតើនៅក្នុង សំណេរទាំងនោះ មានភ្ជាប់មកនូវគំនិតប្រសិទ្ធៗ ដែលអ្នកនិពន្ធផ្ទាល់ខ្លួន បានប្រើប្រាស់សម្រាប់ដោះស្រាយ បញ្ហាក្នុងជីវិតមានប្រសិទ្ធភាពបែបណាខ្លះដែរ? តើស្មេរយើងបាននាំស្នាដៃល្អមុតមាំ ដោយផ្តល់ជាយោបល់ ប្លែកៗ គំនិតប្លែកៗ មធ្យោបាយប្លែកៗ ចែកអ្នកអានបានយ៉ាងទូលំទូលាយ បានប៉ុនណាដែរ?

សំណូមពរ

សរុបសេចក្តីមក ការសរសេរស្វែងចាប់កំហុសទោសពៃរ៍របស់បុគ្គល ឬសង្គម មិនមាននាំភាព ប្រសើរអ្វីក្រៅអំពីនាំនូវក្តីទើសទាល់ក្នុងចិត្ត អោយអ្នកអានគិតសៅហ្មងក្នុងចិត្តឃ្លាតចាក ពីការគិតវិជ្ជមាន តែម៉្យាងប៉ុណ្ណោះ។ ដើម្បីនឹងរំងាប់ចិត្តអវិជ្ជមានបាន អ្នកនិពន្ធត្រូវប្រកាន់ធម៌ខន្តី ដើម្បីពង្រីកអនុភាពនៃ សតិប្រាជ្ញា ក្នុងសំណេររបស់ខ្លួន អោយកាន់តែប្រសើរមកវិញ ដោយចៀសវាងការសរសេរ បង្កបង្កើន ទុក្ខទោសផ្នែកអារម្មណ៍ ចំពោះអ្នកដទៃៗទៀតទាំងឡាយ រួមទាំងអ្នកអានរបស់យើងផង។ ដូច្នេះ សេចក្តីអនុគ្រោះ អនុលោម អធ្យាស្រ័យ អត់អោនមេត្តាករុណាជាធម៌ដ៏ខ្ពង់ខ្ពស់ បំផុត ដែលមនុស្សគ្រប់រូប គួរបដិបត្តិដើម្បីសុខសន្តិភាព។ បើស្មេរមានការអនុគ្រោះច្រើន នៅក្នុងសន្តានចិត្តរបស់គេ នោះអត្ថបទ ដែលស្មេរនិពន្ធចងក្រងឡើង រមែងកកើននូវភាពវិជ្ជមានច្រើន ហើយក៏មានសោភ័ណ គួរជាទីស្រឡាញ់គាប់ចិត្ត នៃអ្នកអានគ្រប់រូបផងដែរ។ នេះគឺជាជំហានសំខាន់មហិមា ក្នុងការកែលំអវិស្ស័យអក្សរសិល្ប៍ខ្មែរ ឆ្ពោះទៅរក សេចក្តីរីកចំរើនថ្កុំថ្កើង បរិបូណ៌ ដោយប្រយោជន៍នានា ច្រើនរាប់មិនអស់។

ម៉្យាងវិញទៀត ការមានទឹកចិត្តអធ្យាស្រ័យតែម៉្យាង ក៏អត្ថបទមិនបាននាំនូវសុខុមាលភាពផ្លូវចិត្ត និងភាពភ្លឺស្វាងក្នុងសតិប្រាជ្ញា ចំពោះអ្នកអានគ្រប់រូបដែរ បើប្រសិនជាអ្នកនិពន្ធ ខ្វះភាពប៉ិនប្រសប់ក្នុងសិល្ប: ប្រើប្រាជ្ញានិងគំនិត ដើម្បីប្រលែងលេងជាមួយគំនិត និងសតិប្រាជ្ញារបស់អ្នកអាន ក្នុងការស្វែងរកវិធីដោះស្រាយ ចំណុចបញ្ហានៅក្នុងសាច់រឿង ទៅតាមសន្ទេហវិធីដ៏ប្រសើរៗ ដែលអ្នកអានទូទៅធម្មតា មិនអាចគិតឃើញ ដល់កម្រិតនោះបាន។ នោះហើយជាសិល្ប៍វិធីជំនាញ ប៉ិនប្រសប់ដ៏ប្រសិទ្ធ របស់អ្នកនិពន្ធស្លាបប៉ាកាទេព ដ៏មានវេទមន្ត អាចជួយជប់មនុស្សល្ងង់អោយក្លាយទៅជាឆ្លាត ជប់មនុស្សងងិតអោយភ្លឺស្វាង ជប់មនុស្ស ទាល់ច្រក អោយមើលឃើញផ្លូវដើរ ជប់មនុស្សកើតទុក្ខអោយឃ្លាតសោក ជប់មនុស្សបរាជ័យ អោយមានកម្លាំងចិត្ត ងើបឡើងតស៊ូក្នុងជីវិត ដើម្បីស្វែងរកជោគជ័យភ្លឺស្វាង តាមរយ:ជំនួយសតិប្រាជ្ញា ក្នុងសំណេរអក្សរសិល្ប៍ដ៏ប្រសិទ្ធ នៃម្ចាស់ប៉ាកាទេពនោះតែម្តង។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រុងរាពណ៍បុណ្យជាតិនាងគង្ហីងបុរេប្រវត្តិកម្ពុជាសមីការដឺក្រេទី២ខណ្ឌពោធិ៍សែនជ័យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវត្តភ្នំដូនពេញស្រុកមង្គលបូរីសង្គ្រាមកម្ពុជា-វៀតណាមមហាសមុទ្រប្រទេសMicrosoft word 2007ខណ្ឌកំបូលយេនឌ័រចលនាអក្សរសិល្ប៍ខ្មែរម៉ាយន៍ក្រាហ្វត៍ទូរទស្សន៍ជាតិកម្ពុជាស្ពានគីហ្សូណាកោះត្រល់បណ្ដាំក្រមង៉ុយហេង សំរិនប្រវត្តិសាស្ត្រភូមាសូរ្យវរ្ម័ន​ទី១សង្គ្រាមវៀតណាមរឿងចចកវេយ្យាករណ៍ភាសាខ្មែររូបិយវត្ថុបញ្ជីឈ្មោះធនាគារនៅកម្ពុជារបាំព្រះរាជទ្រព្យស្រុកឯកភ្នំប្រាសាទបាគងឥណ្ឌូណេស៊ីស៊ូកាណូសង្គមរាស្រ្តនិយមគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាសម្លៀកបំពាក់ប្រពៃណីខ្មែរស្តៅសប្ដាហ៍នរោត្តម សុរាម្រិតក្រុមប្រឹក្សាក្រុង-ស្រុកបញ្ជីរាយនាម វិទ្យាល័យនៅកម្ពុជាវិធី​កម្លាយទិវាមាតាដើមសម័យអង្គរប្រទេសប៉ូឡូញស្រុកព្រះស្ដេចក្រុងកំពតគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧គង្គ ប៊ុនឈឿនសត្វឆ្អឹងកងប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមរឿងផ្កាស្រពោនខេត្តកំពង់ធំពន្ធលើប្រាក់បៀវត្សបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាចក្រភពអាណានិគមបារាំងអរិយសច្ចហ្វេសប៊ុកភូមិកាណាដារាជធានីភ្នំពេញជយបរិត្តគាថាធម៌សូត្រថ្វាយបង្គំព្រះប្រដាប់រំលាយអាហារបុណ្យឯករាជ្យជាតិកម្ពុជានិមិត្តសញ្ញាគីមីជំងឺរបេងស៊ីសុវត្ថិ កុសមៈព្រះយេស៊ូប្រមូល​ភាសិត​ខ្មែរ​ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យមុខងារប្រាសាទបំណែងចែករដ្ឋបាលនៃកម្ពុជាតំបន់អាកាសធាតុ🡆 More