ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែ ពិសាខ។
ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។
នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។
មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យ ក្រុងនគរធំ។
នៅថ្ងៃទី១រោច ២រោច និង៣រោចខែពិសាខ ចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។
ថ្ងៃទី៤រោចខែពិសាខចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះអង្គនិងភរិយាចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។
គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។
មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិសបូព៌មួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។
ការបូជាដល់ស្ដេចនៃពួកទេត្យឈ្មោះពលីហៅថា សែនក្រុងពលី ឬពលិការក្រុងពលី។
នៅថ្ងៃ១រោចវេលារសៀលរវាងខាងដើមយាម៦ គឺម៉ោង៥ មុនពេលធ្វើហោមពិធី ព្រហ្មណ៍អម្បាលនោះប្រជុំគ្នារៀបសែនក្រុងពលី និងព្រះភូមិនាងគង្ហីង ព្រះធរណី ដែលគេនិយមហៅថា ម្ចាស់ទឹកម្ចាស់ដីនៅត្រង់រវាងកណ្ដាលព្រះស្រែដើម្បីសុំទឹកដី ធ្វើការ។
ឯរណ្ដាប់សែនក្រុងពលី មានកំណត់ចំនួនដូច្នោះគឺ ជម៤ អង្ករមួយសៀន ឬមួយផ្ដិល សណ្ដែក ល្ង១កន្ទោង ទៀនធំ១ ប្រាក់១បាត (សម័យនោះប្រើប្រាក់មួយរៀល) សំពត់ស្លៀកពាក់១សម្រាប់គឺសំពត់ស្លៀក១ អាវ១ ក្រមា១ ទឹកអប់១គូ ស្លាបារី១គូ (ពីរជើងពាន) ចម្អាប១ថាស បង្អែម១ថាស ទឹក១ផ្ដិល កន្ទេល១ ខ្នើយ១ និងមានពែមួយរួត១ (គេហៅថាពែក្រុងពលី) ទំហំ១ហត្ថ៥ធ្នាប់បួនជ្រុងស្មើ ហើយមានពែមូលមួយតូចដាក់ត្រង់កណ្ដាល ពែធំនេះជាសម្រាប់ក្រុងពលីពែច្រមុះជ្រូក៤ ដាក់ត្រង់ជ្រុងទាំង៤ នៃពែធំជាសម្រាប់ព្រះភូមិ និងនាងគង្ហីងព្រះធរណី។
វេលាសែនគេយកកន្ទេលដែលពោលខាងលើនេះមកក្រាល យកខ្នើយដាក់នៅក្បាលរមូរកន្ទេល ហើយយកគ្រឿងសំណែនទាំងអស់នេះរៀបចំដាក់លើកន្ទេល មានក្លស់មួយបាំងពីលើនៅខាងត្បូងទីសែននោះមានជីករណ្ដៅ៤ជ្រុង ជម្រៅ១ចំអាមទំហំល្មមចុះពែដែលពោលមក។ ខណៈនោះពួកព្រាហ្មណ៍ជួបជុំរៀបសែន ព្រាហ្មណ៍ជាអធិបតីយកទៀន៤អុជបិទនៅជ្រុងពែទាំង៤ តាំងនមោ៣បទ ហើយសូត្របូជាថា បទុមុត្តរោ ច បុញ្វាយំ អត្តនិយេ ច រេវតោ ទក្ខិណេ កស្សបោ ពុទ្ធោ។
សូត្រចប់ហើយចាប់គ្រឿងសំណែនគ្រប់មុខដាក់នៅក្នុងពែ ហើយលើកពែដាក់ទៅក្នុងរណ្ដៅជាការសម្រេចកិច្ច (បើខ្នើតដាក់ពែផ្ងារក្នុងរណ្ដៅ បើខាងរនោចគេដាក់ពែផ្កាប់ក្នុងរណ្ដៅ)។
ពួកព្រាហ្មណ៍តាមធម្មតាតែងកាន់ត្រណមវៀរចាកបរិភោគសាច់សត្វជំពូក ខ្លះរហូតអស់ជីវិតដូចមានកំណត់ក្នុងសាស្ត្រាច្បាប់ព្រះកេតុមាលាគឺ សាច់គោ រមាំង ឈ្លូស ប្រើស ក្របីឃ្លៀច ជ្រូកស្រុក ក្រពើ ទន្សង មាន់ស្រុក ពស់ កង្កែប ក្ដាម អន្ទង់ ត្រីទីពោ ត្រីក្រាយ ត្រីសណ្ដាយ ត្រីផ្ទក់ លៀស ខ្ចៅ គ្រំ។ តែព្រហ្មណ៍ស្រុកខ្មែរក្នុងសម័យនេះឃើញដូចជាមិនសូវកាន់តឹងតាម វិន័យនេះប៉ុន្មានទេ។
ក្នុងឱកាសចូលហោមពិធីត្រូវកាន់តែត្រណមតឹងធម្មតា គឺកាន់សីលវៀរមេថុនធម្ម រៀរបរិភោគសាច់សព្វគ្រប់ជំពូក កំណត់ឲ្យបរិភោគបាយលាយនឹងល្ងលីង សណ្ដែកលីង អំបិលលីង សម្លសាបដែលស្លដោយត្រឡាច ល្ពៅជាបន្លែដាក់ខ្ទិះដូងនិងស្ករបន្តិចផង សម្ដេចឥសីភទ្ធាធិបតី (ម៉ាំង) ថា បើស្លឲ្យត្រូវមែនទែនត្រូវលាយមីសួ និងពពុះសណ្ដែកផង។ លុះចេញពីពិធីហើយទើបបរិភោគអាហារធម្មតាបាន។
ពួកព្រាហ្មណ៍អ្នកធ្វើហោមពិធីត្រូវបានទទួលគ្រឿងស៊ីព្រត(ស៊ីបួស)តាមលទ្ធិព្រាហ្មណ៍គឺដូងទុំ១៥ផ្លែ សណ្ដែកបាយ១០នាឡិ ល្ង១០នាឡិ ស្ករស១០នាទ្បិ តែ៥កញ្ចប់ ហើយនិងជើងក្រាន (ដីដុត) ៥ទៀត។ របស់អម្បាលនេះព្រាហ្មណ៍តែងបើកអំពីឃ្លាំង ហើយបែងជា៥ភាគស្មើគ្នា ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់ធ្វើបរិភោគដូចមានពោលមកខាងលើ។
ក្រោយពេលសែនក្រុងពលីរួចហើយ វេលាព្រលប់ដល់ពេលត្រូវពលិការបូជាទេវរូបក្នុងរោងពិធី ព្រាហ្មណ៍បុរោហិតនិមន្តព្រះបញ្ចក្សេត្រ(ទេវរូបផ្សេងៗ)ទៅតាំងនៅក្នុងរោងពិធីទាំង៥ន្លើ ហើយនឹងធ្វើកិច្ចបូជាតាមទំនៀមដូចមានក្នុងព្រះរាជកំណត់(កម្មវិធី)ដូច្នេះ។
រណ្ដាប់សម័យបុរាណចម្លងតាមក្បួនព្រះរាជពិធីទ្វារទសមាសមួយ ច្បាប់ ដែលគេស្មានថារៀបរៀងឡើងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះជ័យចេស្ដាដូច្នេះ៖
របៀបសម័យបច្ចុប្បន្ន តាមបែបដែលបានសួរ និងកត់អំពីសម្ដេចឥសីភទ្វាធិបតី(ម៉ាំង) មានចំនួនដូច្នេះ៖
របស់អម្បាលនេះបែងចែកជា៥ភាគ ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់បូជាទេវតា (របស់តង្វាយទេវតាទាំងប៉ុន្មាន របស់ណាដែលនៅប្រើការបានវេលាលើកលែងធ្វើ ត្រូវបានព្រាហ្មណ៍អ្នកធ្វើពិធីទាំងអស់) កាលរៀបពលិការថ្វាយទេវតារួចដូច្នេះហើយ ពួកព្រាហ្មណ៍អ្នកធ្វើពិធីដែលក្នុងរោងមណ្ឌលទាំង៥អន្លើ ក៏ផ្ដើមសូត្រមន្តបូជាទេវតា។
ដំបូងគ្រប់រោងពិធីឲ្យសូត្រមន្តឈ្មោះព្រះស្រីរតនត្រ័យ១ ព្រះភូមិ១ ព្រះពិស្ណុការ១ ស្រេចហើយក្នុងរោងពិធីនីមួយៗត្រូវសូត្រផ្សេងគ្នាដូចតទៅគឺ៖
រោងពិធីទិសឦសាន សូត្រមន្តរតនជង្គុលី
អស់វេលាក៏សមគួរហើយ ដល់យប់ជ្រៅស្ងាត់ ទើបផ្ដើមធ្វើហោមពិធីក្នុងមួយយប់ម្ដងរៀងរាល់យប់។
តែសូមជ្រាបថា ហោមពិធីនោះពួកព្រាហ្មណ៍ក្នុងកម្ពុជរដ្ឋបានលើកលែងធ្វើមកយូរ ឆ្នាំហើយ ពួកព្រាហ្មណ៍ដែលមានជីវិតនៅសព្វថ្ងៃនេះ គ្មានអ្នកណាមកធ្លាប់ធ្វើហោមពិធីនេះទេ ក្នុងសម័យនេះគេធ្វើសង្ខេបត្រឹមតែពលីការទេវរូប និងសូត្រមន្តប៉ុណ្ណោះជាការស្រេច ឯហោមពិធីសូម្បីមានចេញឈ្មោះនៅក្នុងព្រះរាជកំណត់ (កម្មវិធី) ដូចពោលមកខាងលើក៏ពិត តែឥតមានធ្វើដល់ទេ គឺគេសំដៅយកពិធីសូត្រមន្តនោះឯងជាហោមពិធី។
អ្នកមិនដឹងអាចសន្និដ្ឋានថា របៀបនេះហើយជាហោមពិធី តែសេចក្ដីពិតហោមពិធីនៅមានផ្សេងចេញទៅទៀត។
ក្នុងវេលាមុនច្រត់ព្រះនង្គ័ល៣ថ្ងៃ គឺក្នុងពេលដែលព្រាហ្មណ៍ធ្វើពិធី៣ថ្ងៃ ព្រះគោទាំងគូ និងព្រះនង្គ័លនោះតាមទំនៀមពីដើម គេយកទៅតាំងក្នុងរោងមួយដែលទើបសង់ថ្មី នៅក្នុងទីព្រះស្រែនោះ ដោយមានភ្នាក់ងារក្រុមព្រះស្រែមើលថែរក្សា ដាក់ស្មៅ ដាក់ទឹកឲ្យព្រះគោស៊ី ផឹក ឆ្អែតឆ្អន់រាល់ថ្ងៃ ក្នុងរវាង៣ថ្ងៃនោះ ហាមមិនឲ្យយកចេញទៅក្រៅទីព្រះស្រែ សម្ដេចឥសីភទ្ទាធិបតីម៉ាំងថា ព្រះគោ និងព្រះនង្គ័លនេះធ្លាប់មានជារបស់ព្រះរាជទ្រព្យមកតាំងពី បុរាណ ទើបមកលើកលែងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដោយលុបមិនឲ្យមានក្រុមក្សត្រ និងមិនឲ្យមានគោព្រះរាជទ្រព្យឡើយ ដល់ពេលធ្វើព្រះរាជពិធី គេយកតែនង្គ័លទៅតាំងនៅរោងទិសនិរតី រហូតដល់សព្វឆ្នាំនេះការតាំងដូច្នោះដើម្បីឲ្យព្រះគោ និងព្រះនង្គ័លចូលក្នុងពិធីរបស់ព្រាហ្មណ៍ផង។
កាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯង ឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។
របៀបតែងខ្លួនបែបបុរាណមានរបៀបដូចម្ដេចខ្លះ មិនដែលប្រទះតម្រារាយការណ៍ទុកសព្វគ្រប់ទេ តែបើពោលចំពោះប្រការដែលសំខាន់ៗតាមមតិរបស់អ្នករៀបរៀងថា អ្នកតំណាងព្រះអង្គនោះតែងខ្លួនពេញយស សមស័ក្ដិជាអ្នកតំណាងព្រះអង្គ គឺតែងបែបព្រះរាជវង្សជាន់ខ្ពស់។ ក្នុងការតែងខ្លួននេះ ជាងារគ្រូស្រីល្ខោនព្រះរាជទ្រព្យ រៀបចំតែងឲ្យគ្រឿងតែងខ្លួន និងគ្រឿងដែលពួកបរិពារប្រុស ស្រី កាន់ហែទាំងប៉ុន្មានជារបស់ព្រះរាជទ្រព្យ។
អ្នកតំណាងព្រះអង្គ(ស្ដេចមេឃ) តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖
មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។
ឯចំណែកជំទាវ(មេហួ) ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះ ៖
មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិះសករាជ១៩០៥ថា ៖
មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖
ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។
របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។
ការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃ និងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។
មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។
លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌។
លំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោ ឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ ក៏ឯទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រា នឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។
លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត(ជាទីតាំងព្រះកច្ជាយនទេវរូប នោះពួកបាគូក៏ចូលផ្លុំស័ង្ខ ព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័ល ហើយ៕
This article uses material from the Wikipedia ភាសាខ្មែរ article ព្រះរាជពិធីច្រត់ព្រះនង្គ័ល, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.