ពិធីក្រុងពាលី

ស្ទើរតែគ្រប់ពិធីសាសនា នៅស្រុកខ្មែរ ដូចជាពិធីបញ្ចុះសីមា ពិធីឡើងផ្ទះ ពិធីរៀបមង្គលការជាដើម មានពិធីមួយ ដែលគេតែងប្រារព្ធ មុននឹងផ្តើមចូលដល់ ខ្លឹមសារសំខាន់ នៃពិធី គឺ “ពិធីប្រុងពលី ឬក្រុងពាលី”។ ពិធីនេះ គេធ្វើឡើង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ប្រារព្ធកម្មវិធី របស់គេឲ្យប្រព្រឹត្តទៅ ដោយសុខសប្បាយ មិនមានឧបសគ្គអន្តរាយណាមួយ មករារាំងរំខាន។ ពិធីនេះ មានលំនាំជាព្រហ្មញ្ញសាសនា ច្រើនជាងព្រះពុទ្ធសាសនា បើទុកណាជាមានអ្នកខ្លះ ព្យាយាមពន្យល់ បែបព្រះពុទ្ធសាសនាក៏ដោយ ដោយហេតុថា ជាទស្សនៈរួម របស់ព្រះពុទ្ធសាសនា សុខទុក្ខ ឬថាថ្ងៃមង្គល និងអពមង្គល មិនមែនសំខាន់ ទៅលើពេលវេលា ឬម្ចាស់ទឹកម្ចាស់ដី ទេវតាឥន្ទព្រហ្មណា ជាអ្នកផ្តល់ឲ្យនោះទេ តែគឺការប្រព្រឹត្តផ្ទាល់ខ្លួនហ្នឹងឯង ជាកត្តាកំណត់សុខទុក្ខ មង្គល ឬអពមង្គល ដែលយើងតែងឮជាទូទៅថា កម្មផលហ្នឹងឯង។ ទោះជាយ៉ាងនេះក៏ដោយ ការរស់នៅជាមួយគ្នា របស់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសង្គមខែ្មរ អស់ច្រើនសតវត្សកន្លងមកនេះ ពិតជាពិបាកកាត់ផ្តាច់ ជំនឿរបស់ព្រហ្មញ្ញសាសនា ចេញពីអ្នកធ្វើពិធីកម្ម របស់ព្រះពុទ្ធសាសនាណាស់ ព្រោះជំនឿខ្លះ វាបានក្លាយជាទំនៀមទម្លាប់ ឬថាជាអត្តសញ្ញាណ របស់ជនជាតិខ្មែរ ដែលបានងាកមកគោរព ព្រះពុទ្ធសាសនាហើយនោះ។ ដូច្នេះ ចង់ឬមិនចង់ ជំនឿទាំងនោះ បានចូលមកដើរតួ ក្នុងពិធីកម្មរបស់ព្រះពុទ្ធសាសនា ក្នុងនាមជាទំនៀមទម្លាប់ របស់ខ្មែរទៅវិញ ហើយដែលទំនៀមបែបនេះ ក៏មិនបានបង្កភាព ចម្រូងចម្រាស់ណាស់ណាដែរ ក្នុងផ្នត់គំនិតពុទ្ធសាសនិកជនភាគច្រើន។ ដោយគិតត្រឹមតែថា ពិធីនេះជាទំនៀមទម្លាប់របស់ខ្មែរ កាលណានិយាយដល់ពាក្យ “ប្រុងពលី ឬក្រុងពាលី” គេនឹងនឹកឃើញភ្លាម ដល់ពិធីសែនព្រេន បួងសួងដើម្បីសុំសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី។ ពាក្យប្រុងពលីអាចជាពាក្យថ្មីមួយ ដែលអ្នកស្តាប់ ឬអ្នកសរសេរភាគច្រើន មិនធ្លាប់បានឮ ឬបានឃើញ ជាពិសេសអ្នកដែលរស់នៅ ក្រៅពីតំបន់សៀមរាបអង្គរ។ សម្រាប់អ្នករស់នៅ ក្រៅតំបន់អង្គរ ពាក្យដែលប្រើសម្រាប់ពិធីសែនព្រេន ប្រកូកប្រកាសហៅ សុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ហៅថា ពិធីក្រុងពាលី ខណៈដែលអ្នកដឹកនាំពិធីបែបនេះ នៅតំបន់អង្គរហៅថា ពិធីប្រុងពលីទៅវិញ។ ដូច្នេះ តើពិធីនេះហៅថាអ្វីឲ្យពិតប្រាកដ? ចុះប្រុងពលីជាអ្វី? ហើយក្រុងពាលីជាអ្វីដែរ? និយាយដោយភាសាវិទ្យាជាមុនសិន ប្រុងពលី ជាការរៀបចំពិធីបូជា បួងសួង អង្វរករ ព្រោះពាក្យថា ប្រុង មានន័យថា រៀបចំ ចាប់ផ្តើម ឯពលី សំដៅដល់ការបូជា ការថ្វាយ ការលះបង់ ឬវត្ថុជាគ្រឿងបូជា។ល។ ចំណែកពាក្យថា ក្រុងពាលី ជាឈ្មោះនៃស្តេចស្វាស តាមរឿងរឿងនិទានបុរាណ ទាំងខាងព្រហ្មញ្ញសាសនា (ក្នុងរឿងរាមកេរ្តិ៍ និងរឿងត្រីវិក្រម) និងខាងព្រះពុទ្ធសាសនាបុរាណ (ក្នុងរឿងសេ្តចស្វាខ្មៅ និងស្តេចស្វាស) ដែលខ្មែរសំដៅន័យថា ជាម្ចាស់ទឹកម្ចាស់ដីដំបូងបង្អស់ ដែលអ្នកធ្វើពិធីនានា នៅលើផែនដី ត្រូវសុំការអនុញ្ញាតជាមុនសិន។ ពាក្យថា ក្រុងក្នុងទីនេះ ពុំមានន័យថា បុរី រដ្ឋ ឬទីប្រជុំជន ដូចធម្មតានោះទេ តែមានន័យថា ស្តេច ដូចជាពាក្យថា ក្រុងរាពណ៍ ក្រុងអសុរា ជាដើម។ ផ្អែកតាមការបកស្រាយ របស់អ្នកស្រាវជ្រាវជាតិពន្ធុវិទ្យា លោកសាស្ត្រាចារ្យ អាំង ជូលាន បានសរសេរក្នុងសៀវភៅ “ដំណើរជីវិតមនុស្សខ្មែរ មើលតាមពិធីឆ្លងវ័យ” ក្នុងវគ្គពិធីកោរជុក បានពោលដល់ពិធីរបៀបនេះថា “កិច្ចពិធីពិតប្រាកដដំបូងបង្អស់នោះ តែងធ្វើឡើងនៅពេលរៀបព្រលប់ ទោះជាយ៉ាងណា ក៏ចុងរសៀលដែរ គឺធ្វើព្លីការចំពោះដី ត្បិតមានការសង់រោងរាននៅលើដី គេហៅថា “ប្រុងពលី” ដែលតែងឃើញអាចារ្យ ធ្វើនៅផ្ទាល់ដី ខាងត្បូងជាប់នឹងរានកោរ។ “ពលី” នោះ គឺពលីនាងគង្ហីង ជានិមិត្តរូបនៃដី ដោយកប់ពែ ដែលមានរូបស្នងធ្វើពីម្សៅអង្ករ ទៅក្នុងដីជម្រៅប្រមាណជាង មួយចំអាម។ អ្នកដែលគេឧទ្ទិសទៅនោះហៅថា “ក្រុងពាលី”។” តាមន័យទាំងពីរនេះ ឃើញថា ប្រុងពលី និងក្រុងពាលី ជាពាក្យដែលមានទំនាក់ទំនងគ្នា ក្នុងពិធីបន់ស្រន់ សុំការអនុញ្ញាតធ្វើពិធីផ្សេងៗ ពីម្ចាស់ទឹកម្ចាស់ដី ដោយប្រុងពលី សំដៅដល់ពិធីការ ហើយក្រុងពាលី សំដៅដល់អ្នកទទួលផលពីពិធីការនោះ។ ជារួមមក កាលបើយើងនិយាយពីពិធី គប្បីហៅថា ពិធីប្រុងពលី តែបើចង់ប្រើពាក្យថា ក្រុងពាលី គប្បីប្រើថា ពិធីសែនក្រុងពាលី ព្រោះពាក្យថា សែន ក៏សំដៅដល់សកម្មភាពបូជា ថ្វាយ លះបង់ ដូចនឹងពាក្យថា ពលី ជាភាសាបាលីដែរ។ ដោយអាស្រ័យលើជំនឿយ៉ាងខ្លាំងទៅលើស្ដេចក្រុងពាលី ទើបប្រជាជនខ្មែរគ្រប់ទីកន្លែងរៀបចំពិធីនេះពុំដែលខកខាន។ បើនិយាយពីលក្ខណៈនៃពិធីប្រុងពលីនេះ មានចំណុចសំខាន់ៗដូចតទៅ ពីដំបូងគេត្រូវរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនក្រុងពាលី។ បើពិធីនោះធំ គ្រឿងរណ្ដាប់សម្រាប់សែនក្រុងពាលី រួមមាន៖ រានព្រះពិស្ណុការសម្រាប់តម្កល់គ្រឿងសក្ការបូជាមួយ ដែលមានមុខបែរទៅទិសខាងលិច (អ្នកភូមិខ្លះហៅថារាននេះ ថារានស្មេ ឬរានទេវតា)។ នៅលើរានព្រះពិស្ណុការនេះ គេតម្កល់ បាយសី៩រួតមួយគូ ៧រួតមួយគូ ៥រួតមួយគូ ៣រួតមួយគូ និងបាយសីប៉ាកឆាមមួយគូ ទៀន ធូប ផ្កាភ្ញី, ផ្លែឈើផ្សេងៗដាក់លើថាសជាគូៗចំនួនពីរបីថាស ក្បាលជ្រូកមួយ មាន់ស្ងោរមួយគូ បាយទឹកនំចំណីមួយថាស ស្រា និងភេសជ្ជៈ ហើយនិងភ្លេងសម្រាប់ប្រគំក្នុងពិធីនោះផងដែរ។ តែបើពិធីនោះ តូចសាមញ្ញទេ គ្រាន់តែមានគ្រឿងសំណែនមួយថាសប៉ុណ្ណោះ សម្រាប់សែនក្រុងពាលី។ បន្ទាប់មក លោកអាចារ្យ រៀបស្លាធម៌ បាយសី ផ្កាភ្ញីដាក់លើរានព្រះពិស្ណុការ ហើយចាប់ផ្ដើមអុជ ធូប ទៀន និងសូធ្យធម៌នមស្សការព្រះរតនត្រ័យ តាមបែបព្រះពុទ្ធសាសនា។ ក្រោយពេលសូធ្យធម៌ចប់ ទើបលោកអាចារ្យ ពោលពាក្យប្រកាសបួងសួងបីដង ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ដល់ម្ចាស់ទីកន្លែង និងអ្នកចូលរួមក្នុងពិធីនោះ។ ទន្ទឹមនឹងនោះដែរ លោកអាចារ្យ ក៏ពោលពាក្យថ្វាយគ្រឿងសក្ការបូជា ព្រមទាំងអញ្ជើញស្ដេចក្រុងពាលី មកទទួលក្រយាបូជា ដោយបង្គាប់មនុស្សម្នាក់ដែលអង្គុយនៅក្បែរគ្រឿងបូជា ច្រូចស្រាចូលទៅក្នុងកែវ។ លុះចប់ពិធីនោះហើយ លោកអាចារ្យ បង្គាប់អ្នកនៅក្បែរ ឲ្យបេះយកសាច់ក្បាលជ្រូក ក្បាលមាន់ និងបាយទឹកនំចំណី ដាក់លើពែហើយយកទៅចោល នៅទិសឦសាន។ ឯលោកអាចារ្យ ក៏សូធ្យធម៌ ផ្សាយកុសល ដល់សព្វសត្វដែលអាស្រ័យនៅទីជិតទីឆ្ងាយ ឲ្យបានទទួលកុសលផលបុណ្យទាំងអស់គ្នា។ បន្ទាប់ពីនោះមក ទើបលោកអាចារ្យអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីជ័យមង្គលសិរីសួស្ដី និងជាកិច្ចបញ្ចប់នៃកម្មវិធី។ ពិធីប្រុងពលីនេះ មានការដឹកនាំធ្វើខុសប្លែកគ្នាតិចតួច ទៅតាមការនិយមរបស់អ្នកស្រុកតាមតំបន់នីមួយៗ។ ពិធីក្រុងពាលីនេះ ជាពិធីដែលខ្មែរបុរាណបានប្រារព្ធធ្វើតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។ ដោយអាស្រ័យជំនឿយ៉ាងមុតមាំ ទៅលើស្ដេចក្រុងពាលីដែលគេយល់ថាជាម្ចាស់ទឹកម្ចាស់ដី ទើបបានលោកអាចារ្យជំនាន់ក្រោយៗ យកចិត្តទុកដាក់ថែរក្សាទំនៀមទម្លាប់នេះ គង់វង្សរហូតមក។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ជីវិត និងសិទ្ធកុមារប្រជាសាស្ត្រនៃកម្ពុជាច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ភូមិសេរីនិយមស្ពានមិត្តភាពកម្ពុជា-ជប៉ុនឥណ្ឌាសិក្ខាបទ៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអាស៊ីខាងត្បូងទំព័រដើមសង្គ្រាមឥណ្ឌូចិនលើកទី១ប្រវត្តិសាស្ត្រខ្មែរដំបូងទីម័រខាងកើតទំនាក់ទំនងអន្តរជាតិបទពង្សាវតារខ្មែរធ្នាក់អំពើហិង្សាគុណនាមក្រុងរាពណ៍ខេត្តឧត្ដរមានជ័យគោលនយោបាយសាធារណៈខណ្ឌចំការមនរមណីយដ្ឋានថ្មដាទឹកឆាដើមសម័យអង្គរកម្លាំងប្រទេសចម្ប៉ាព្រហ្មវិហារធម៌ស៊ីរីព្រះនិព្វានទំនៀមទំលាប់ខ្មែរប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងព្រំ សំណាងកម្ពុជាប្រជាធិបតេយ្យក្រសួងការពារជាតិស្រុកសង្កែវប្បធម៌ហុងគ្រីអតិផរណាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារបង់ក្លាដែសសិទ្ធនារីរឿងមហាភារតយុទ្ធព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរខណ្ឌសែនសុខមេដ្យាទ័រម៉ាយន៍ក្រាហ្វត៍បទពាក្យ៧យេនឌ័រនរោត្តម សុរាម្រិតទសវត្សទសជាតកអាល្លឺម៉ង់សំណើនិយមន័យ ខៀវស្រងាត់អាស៊ីរុក្ខជាតិស្រីជេដ្ឋាខេត្តកំពង់ធំនីហ្សេរីយ៉ារឿងតាត្រសក់ផ្អែមស្រុកអង្គស្នួលការថែរក្សាបរិស្ថានធម្មជាតិស្រុកសំឡូតពិធីចូលម្លប់តំបន់ទេសចរណ៍នៅកម្ពុជាមេត្តាខេត្តក្រចេះពិធីរៀបមង្គលការបេតុងចេនឡាដីគោកសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ពិធីក្រុងពាលីសមីការដឺក្រេទី១សារពាង្គកាយសុខភាពច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​ប្រាសាទព្រះខ័ន🡆 More