ប្រាសាទភ្នំបាណន់

ប្រាសាទភ្នំបាណន់ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ2 ស្រុកបាណន់ដែលមានចម្ងាយប្រមាណ ២៤គម ពីទីរួមខេត្តបាត់ដំបងភាគខាងត្បូង។ ប្រាសាទភ្នំបាណន់ជាកន្លែងប្រវត្តិសាស្រ្តមួយដ៏ល្អឯក និងជាសំនង់ប្រាសាទបុរាណមួយដែលសល់តាំងពីសម័យមុនអង្គរមកម្លេះ។ «ភីមបុរ» ត្រូវបានគេស្គាល់ថាជាទឹកដីបុរាណមួយផ្នែកនៃខេត្តបាត់ដំបងបច្ចុប្បន្ន។ ឈ្មោះនេះមានតាំងពីសម័យមុនអង្គរមកម្ល៉េះនិងបន្ដប្រើរហូតមកដល់សម័យអង្គរ។ «ភីមបុរ» មួយភាគធំស្ថិតនៅខាងលិចស្ទឹងសង្កែ ដែលយ៉ាងហោចណាស់មានវិសាលភាពចាប់ពីតំបន់ភ្នំបាណន់រហូតមកតាមដងស្ទឹងសង្កែ។ ម្យ៉ាងទៀត «ភីមបុរ» ទំនងជាមានទីប្រជុំជនដំបូងនៅតំបន់ភ្នំបាណន់នេះនិងរីកចម្រើនលាតសន្ធឹងវិសាលភាពចេញពីទីនេះ។នៅសម័យអង្គរគេច្រើនចាត់ទុក «ភីមបុរ» នេះជា «វិស័យ» ផងនិងជា «ប្រមាណ» ផង និងមានខ្លះហៅជាស្រុកផងដែរ។ «វិឞយ» ឬ «វិស័យ» ជាពាក្យហៅបំណែងចែកដែនដីរដ្ឋបាល ដែលតាមន័យរបស់ពាក្យអាចហៅសំដៅដល់តំបន់ ភូមិភាគ ស្រុក ឬអាណាចក្របានផងដែរ។ ប៉ុន្ដែក្នុងសិលាចារឹកខ្មែរពុំអាចសំដៅដល់អាណាចក្របានឡើយ។ ដូចគ្នានឹង «វិស័យ» ដែរ, «ប្រមាន៑» ឬ «ប្រមាណ» ជាបំណែកចែកដែនដីរដ្ឋបាលមួយប្រភេទ ដែលតាមពាក្យមានន័យថាជាទីប្រជុំជនធំឬទីក្រុង។ ភីមមានន័យថាដែលគួរឱ្យខ្លាច ដែលគួរឱ្យកោតខ្លាច។ «ភីម» ក៏ជាឈ្មោះរបស់តួអង្គមួយក្នុងរឿងមហាភារតផងដែរ។ ដូច្នេះ តាមកម្រិតវចនសព្ទ «ភីមបុរ» អាចមានន័យថា ទីក្រុងដែលគួរឱ្យកោតខ្លាច ឬទីក្រុងរបស់ភីម។ សិលាចារឹកដែលយើងដកស្រង់មកនេះ ជាសិលាចារឹកសម័យមុនអង្គរ រកឃើញនៅជិតភ្នំបាណន់ ខេត្តបាត់ដំបង។

ប្រាសាទភ្នំបាណន់
ប្រាសាទភ្នំបាណន់
ឈ្មោះ: ប្រាសាទភ្នំបាណន់
អ្នកកសាង: ព្រះបាទឧទយាទិត្យវរ្ម័នទី១, ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ពាក់កណ្ដាលសតវត្សរ៍ទី១១ និងចុងសតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រះសិវៈ, ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាពួន និង រចនាបថបាយ័ន
ទីតាំង: ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង

ទីតាំងភូមិសាស្រ្ត

ប្រាសាទភ្នំបាណន់ 
ប្រាសាទភ្នំបាណន់

ស្ថាបត្យកម្ម

ប្រាសាទភ្នំបាណន់មានរាងចតុកោណកែងមានបណ្តោយប្រវែង៦០ម៉ែត្រនិងទទឹង៤០ម៉ែត្រ មានប្រាង្គប្រាសាទចំនួន៥ ដែលប្រាង្គ៤សងខាងតំណាងឲ្យទ្វីប ឬទិសធំៗទាំង៤ ឯប្រាង្គធំ កណ្តាលកម្ពស់២៥ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ។ ប្រាសាទភ្នំបាណន់ជាស្នាព្រះហស្ថដ៏ល្អឯកនៃព្រះបាទឧទយាទិត្យវរ្ម័នទី១ក្នុង គស១០៥០ និងបានបង្ហើយការស្ថាបនាដោយ ព្រះបាទជ័យវរ្ម័នទី៧ក្នុងគស១១១២។ ប្រាសាទនេះត្រូវបានសាងសង់លើកំពូលភ្នំធម្មជាតិ កម្ពស់៧៥ម ពីដីដោយប្រាង្គកណ្តាលធ្វើពីថ្មភក់ និងប្រាង្គជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ ។ តួប្រាសាទលើកំពូលភ្នំនេះ មានកំពូល5 គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ។ ចំណែកឯ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរ គឺល្អាងព្រះទឹក និង ល្អាងបិទមាស។ ចំណែកឯកំពូលប្រាសាទទី2 នាទិសខាងត្បូងឈ្មោះថា ប្រាសាទទម្លាក់ដូង ដែលចាស់ៗបានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោមតែពុំមានមនុស្សណាហ៊ានចុះទេ មានតែពិសោធន៍មើលពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសងែ្កដែលមានរូងមួយក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង។ នៅជើងភ្នំនោះ មានរូងជ្រៅធំទូលាយ អាចឲ្យមនុស្សចូលទៅបានដោយស្រួល ដំបូលរូងកោងដូចដំបូលទូក មានកន្លែងទឹកស្រក់មានតម្រងទឹកថ្មរាងដូចត្បាល់បុកអង្ករ ទំហំប្រហែលជាប៉ុនល្អី ។ រូងនោះមានទំហំប្រហែល ១២ ម៉ែត្របួនជ្រុង ជញ្ជាំងថ្ម ពុំមានចម្លាក់អ្វីទេ ប៉ុន្តែនៅខាងត្បូងតម្រងទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបាក់បែកជាច្រើន។ ពន្លឺព្រះអាទិត្យចូលទៅបំភ្លឺពេញរូងនោះ តាមប្រហោងមួយនៅលើដំបូល ។ ផ្លូវដែលចូលទៅក្នុងរូងនោះតូចចុះតែមនុស្សម្នាក់ងងឹតសូន្យ។ បើចូលទៅតាមផ្លូវលុះតែអុជចន្លុះបំភ្លឺ ហើយដើរជាជួរបន្តគ្នាទើបអាចចូលទៅដល់កន្លែងស្រក់ទឹកនោះបាន។

រឿងព្រេងនិទាន

តាមចាស់ៗដំណាលថា កាលពីព្រេងនាយ មានសេដ្ឋីម្នាក់មានកូនស្រីមួយឈ្មោះនាង រំសាយសក់ នាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ។ ក្រោយមកមានតាបសម្នាក់ឈ្មោះតាគ្រាម បានទទួលមើលជំងឺនាងនោះលុះត្រាតែជា កាលជាហើយមហាសេដ្ឋីជាឪពុកនាងបានផ្សំផ្គុំឲ្យជាភរិយាតាបសនោះ។ តាបស បង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម ។ តាបសនិងភរិយានៅក្នុងរូងភ្នំមួយ ហៅថា ព្រះទឹក ឬប្រទឹក តាមសំដីអ្នកស្រុក។ រូងភ្នំនោះនៅខាងត្បូង ភ្នំបាណន់ សព្វថ្ងៃ តែកាលនោះ ភ្នំបាណន់ នោះគេហៅថា ភ្នំប្រាសាទ។ ខាងក្រោយមក មានព្រះរាជបុត្រស្ដេចមួយព្រះអង្គ ព្រះនាមចៅរាជកុល មកសុំរៀនមន្តវិជ្ជាផ្សេងៗ តាគ្រាម ។ តាបសសុខចិត្តបង្ហាត់បង្រៀនព្រះរាជបុត្រនេះលុះត្រាតែចេះ ប៉ុន្តែហាមព្រះរាជកុមារមិនឲ្យមើលប្រពន្ធសោះ ដោយគាត់ខ្លាចចៅរាជកុល ស្រឡាញ់ប្រពន្ធគាត់ ព្រោះនាង រំសាយសក់រូបល្អណាស់ ។ កន្លងជាយូរខែក្រោយមក ពេលមួយ ជួននជាតាបសមិននៅ ចៅរាជកុល ទៅលួចមើលប្រពន្ធគាត់ឃើញរូបនាងល្អឆើត ក៏កើតសេចក្ដីប្រតិព័ទ្ធលួចសាកសួរចិត្តនាងៗ ស្រឡាញ់ចៅរាជកុល ដែរ ក៏ទទួលព្រម។ ថ្ងៃមួយ តាបស ចូលទៅក្នុងព្រៃដើម្បីរកវត្ថុផ្សេងៗ អ្នកទាំងពីរបានឱកាសល្អ ក៏នាំគ្នាជិះសំពៅរត់ចោលតាបសទៅ ។ កាលតាបសត្រឡប់មកពីព្រៃវិញ ពុំឃើញអ្នកទាំងពីរនៅក្នុងរូងភ្នំ គាត់ក៏ដឹងថាចៅ រាជកុលនិងភរិយាគាត់ពង្រត់គ្នាទៅ គាត់តាមទៅដល់មាត់សមុទ្រ បានឃើញសំពៅឃ្លាតឆ្ងាយទៅដល់កណ្ដាលសមុទ្រទៅហើយ។ តាបសខឹងណាស់ក៏សេកមន្តវិជ្ជាហៅខ្យល់ព្យុះដើម្បីបំផ្លាញសំពៅ នៅកណ្ដាលសាគរ ។ ប៉ុន្តែដោយនាងរំសាយសក់ចេះមន្តវិជ្ជាដែរ ក៏ធ្វើឲ្យខ្យល់បក់ផាត់ខ្យល់កំណាចនោះផុតអស់ ។ តាបសឈឺចិត្តខ្លាំងពេក ក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ។ អ្នកទាំងពីរដឹងហេតុដូច្នោះ ក៏នាំគ្នាត្រឡប់សំពៅមកកាន់រូងភ្នំប្រទឹកវិញ នៅរួមសុខទុក្ខជាមួយគ្នា ។ ខាងក្រោយមក ចៅរាជកុល ត្រឡប់មករកនាង រំសាយសក់ វិញ នាងប្រពន្ធដើមខឹងណាស់ ក៏ប្រើក្រពើនាងឈ្មោះ អាធន់ ឲ្យទៅឃាំងផ្លូវកុំឲ្យចៅរាជកុល ទៅវិញបាន ។ ឯនាង រំសាយសក់ លុះក្រឡេកឃើញសំពៅប្ដីទៀបលិច ក៏បន់ទេវតាដែលនៅរក្សាភ្នំប្រាសាទថា "សូមឲ្យតែជួយប្ដីខ្ញុំឲ្យរួចពីគ្រោះថ្នាក់ចុះ ខ្ញុំនឹងថ្វាយភ្នំនេះ" ។ ដោយអំណាចបំណន់នោះ នាងនឹងប្ដីក៏បានសុខសប្បាយ ហើយថ្វាយភ្នំនោះលាបំណន់ ។ តាំងពីនាងបន់នោះមក គេហៅភ្នំប្រាសាទនោះថា ភ្នំបំណន់ តែសព្វថ្ងៃ គេហៅក្លាយមកថា ភ្នំបាណន់ វិញ ។ រាល់ៗឆ្នាំ អ្នកស្រុកតែងធ្វើពិធីបូជានៅភ្នំបាណន់នោះ នាពេលចូលឆ្នាំថ្មី គេធ្វើខាងលើភ្នំ នូវពិធីទាំងឡាយ មានពិធីពូនភ្នំខ្សាច់ និងនិមន្តលោកឆាន់ជាដើម ហើយមានរបាំ មានប្រដាល់ និងមានចែកទានជាប្រាក់ ឬសំលៀកបំពាក់ដល់អ្នកស្រុកផង ។ នៅថ្ងៃទី១ ជាថ្ងៃចូលបុណ្យ គេតែងធ្វើពិធីបួងសួងសូមឲ្យទេវតាថ្មីជួយឲ្យអ្នកស្រុកបានសេចក្ដីសុខសប្បាយ ។ ពិធីបួងសួងនោះ ចួនកាលអ្នករាជការធ្វើ ចួនកាលអ្នកស្រុកធ្វើ ។ បើកាលណាគេភ្លេចធ្វើពិធីបួងសួងនឹងកើតជំងឺពេញទាំងភូមិ។ ពិធីបួងសួងមាន ស្លាធម៌ បាយសី និងភ្លេងលេងបទបួងសួង ។ អ្នកស្រុកបានឲ្យការណ៍ថា កាលពីដើម តែកាលណាលេងភ្លេងបទបួងសួង គេមើលទៅក្នុងស្រះ តាសែន ដែលនៅជិតជើងភ្នំ បាណន់ នោះ ឃើញក្រពើងើបជាច្រើន ។ ស្រះនោះពីដើមជ្រៅតែឥឡូវរាក់ទេ ហើយនៅពេលបួងសួងមិនឃើញក្រពើងើបឡើយ ។

ឯកសារយោង

Tags:

ប្រាសាទភ្នំបាណន់ ទីតាំងភូមិសាស្រ្តប្រាសាទភ្នំបាណន់ [២]ស្ថាបត្យកម្មប្រាសាទភ្នំបាណន់ រឿងព្រេងនិទាន[២]ប្រាសាទភ្នំបាណន់ ឯកសារយោងប្រាសាទភ្នំបាណន់ឃុំកន្ទឺ2ស្រុកបាណន់

🔥 Trending searches on Wiki ភាសាខ្មែរ:

បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាវិគីភីឌាអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ការប្រើប្រាស់ អ៊ីម៉ែលព្រះសិវៈមីក្រូសេដ្ឋកិច្ចវចនានុក្រមខ្មែររបាំប្រពៃណីទេសចរណ៍នៅប្រទេសកម្ពុជាខណ្ឌដូនពេញអ៊ីតាលីបញ្ចក្ខន្ធអតិផរណាចក្រភពអង្គរ(៨០២-១២១៨)ទុំ (តួអង្គ)ប្រាសាទអង្គរអាស៊ានមហាសមុទ្រពណ៌តាមថ្ងៃភាសាអង់គ្លេសនីតិរដ្ឋបឹងទន្លេសាបប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីក្រុងកំពតប្រាសាទសំបូរព្រៃគុកសិលាចារឹកខុងជឺលក្ខណៈសម្បត្តិនៃអ្នកដឹកនាំវីតាមីនស្រុកស្អាងសង្កាត់ស្វាយដង្គំអេឡិចត្រុងវ៉ាឡង់ជប៉ុនភ្នំក្រាំងរមាសមេកានិចកោសិកាជីវវិទ្យាល្ខោននិយាយខេត្តព្រះសីហនុស្រុកអង្គរជ័យអេស្ប៉ាញឧទ្យានជាតិនៅកម្ពុជារបាំត្រុដិចិត្តវិទ្យាបញ្ជីឈ្មោះធនាគារនៅកម្ពុជាដើមសម័យអង្គរសមីការដឺក្រេទី២ហេដ្ឋារចនាសម្ព័ន្ធចក្រភពអាល្លឺម៉ង់រឿងគ្រូ និង សិស្សល្បែងប្រជាប្រិយខ្មែរអប្សរារឿងភ្នំប្រុសភ្នំស្រីទិវាមាតារូបិយវត្ថុប្រវត្តិសាស្ត្រថៃស្រុកក្រឡាញ់គោលការណ៍នីត្យានុកូលភាពច្បាប់​អរិយសត្ថាការស្ដាប់រឿងផ្កាស្រពោនភិក្ខុសោមស៊ីហ្គេមសុជីវធម៌ជំងឺលើសឈាមស្រុកស្ទឹងត្រង់សិល្បៈស្រុកសំរោង(ខេត្តតាកែវ)គណបក្សហ៊្វុនស៊ិនប៉ិចសូរ្យវរ្ម័នទី២ស្រុកព្រះនេត្រព្រះបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជារុស្ស៊ីស្រុកខ្សាច់កណ្ដាលហ៊ុន ម៉ាណែតពិធីបុណ្យអុំទូកខេត្តព្រះវិហារពិធីរៀបមង្គលការ🡆 More